ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (Nagaworld) កំពុងប្រមូលលុយរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗតាមរយៈវិស័យបនល្បែង និងសេវាកម្មបម្រើភ្ញៀវទេសចរអន្តរជាតិ។ ទោះជាយ៉ាងណា កូដករថា ថៅកែក្រុមហ៊ុននេះ គ្មានដំណោះស្រាយជូនកម្មករ និងបានកម្ទេចសហជីពឯករាជ្យណាដែលហ៊ានតវ៉ាការពារសិទ្ធកម្មករ។
ក្រុមកូដករដែលកំពុងទាមទារដំណោះស្រាយការងារយល់ថា នៅពីក្រោយខ្នងនៃការទទួលបានប្រាក់ចំណេញកប់ក្ដោងរបស់ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ មួយផ្នែកបានមកដោយសារ ការលះបង់កម្លាំងកាយរបស់កម្មករទ្រាំរងការរំលោភសិទ្ធិការងារ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។ តំណាងកូដករណាហ្គាវើលដ៍លោកស្រី ណុប ទិត្យបូរ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែសីហាថា ចំណូលដែលក្រុមហ៊ុនបន្តរកបានរាប់សិបលានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំគឺជាការរួមចំណែកយ៉ាងសំខាន់របស់កម្មករ។ លោកស្រីបន្ថែមថា ក្រុមកម្មករ និងសហជីពពុំមានដែលមានបំណងណាមួយរំលោភបំពាន និងបង្កជម្លោះជាមួយក្រុមហ៊ុនទេ ប៉ុន្តែវត្តមានសហជីពគឺមានសារសំខាន់ក្នុងការការពារសិទ្ធិកម្មករពីសំណាក់ក្រុមថៅកែ។
លោកស្រី ណុប ទិត្យបូរ៉ាវី៖ «ខ្ញុំមិនដឹងថា ចេតនារបស់ក្រុមហ៊ុនគិតអីលើសហជីពឯករាជ្យទេ ព្រោះគាត់គិតថា ឱ្យតែមានសហជីពឯករាជ្យធ្វើការទាមទារ គឺមានចេតនាបំផ្លាញក្រុមហ៊ុន តែចេតនាពិតរបស់សហជីព យើងគ្រាន់តែចង់ទាមទារស្នើសុំមិនឱ្យលើសពីសមត្ថភាពរបស់ក្រុមហ៊ុន ហើយអ្វីដែលយើងធ្វើអត់មានបំផ្លាញក្រុមហ៊ុនអ្វីទាំងអស់ គឺយើងដើរផ្លូវជាមួយគ្នារកចំណូលឱ្យគ្នា ក្រុមហ៊ុនអ្នកផ្ដល់ប្រាក់ខែ ចំណែកកម្មករប្រើកម្លាំងសម្រាប់ដោះដូរប្រាក់ខែ។ ពីដើមមកប្រសិនបើគ្មានសហជីពឯករាជ្យ ដូចជាការបៀតបៀន ការប្រើអំពើហិង្សាលើកម្មករ ប្រសិនបើគ្មានសហជីពទៅនិយាយ ឬជួយសម្រួលជាមួយក្រុមហ៊ុនទេ គឺគ្មានការចាត់វិធានការអី ដើម្បីដោះស្រាយដល់បុគ្គលិកក្នុងកន្លែងហ្នឹងទេ»។
ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះក្នុងគ្រាដែលក្រុមកម្មករជាច្រើននាក់ដែលភាគច្រើនជាសមាជិកសហជីពឯករាជ្យត្រូវបានថៅកែក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ពីការងារ ក្រុមហ៊ុនបានពង្រីកគម្រោងអាជីវកម្មបនល្បែងរបស់ខ្លួននៅក្រៅប្រទេស និងបង្កើនការរកបានប្រាក់ចំណូលរបស់ខ្លួននៅរាជធានីភ្នំពេញចំណេញរាប់សិបលានដុល្លារ។
កាលពីឆ្នាំ២០២៣ ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ប្រកាសថា ក្រុមហ៊ុនរកបានប្រាក់ចំណូលជាង ៥រយលានដុល្លារ (៥៣៣.២ដុល្លារ) និងទទួលបានប្រាក់ចំណូលសុទ្ធក្នុងទំហំទឹកប្រាក់ជាង ៤រយលានដុល្លារ (៤២១.៦លានដុល្លារ) ពីវិស័យបនល្បែង សណ្ឋាគារ និងសេវាបម្រើវិស័យទេសចរណ៍ជាដើម។
ទោះបីជាយ៉ាងណា កាលពីអំឡុងឆ្នាំ២០១៩ ក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍សម្រេចបញ្ឈប់បុគ្គលិកជាង ១ពាន់នាក់ដែលភាគច្រើនជាសមាជិកសហជីពឯករាជ្យ។ ក្រុមហ៊ុនបកស្រាយថា ការកាត់បន្ថយចំនួនបុគ្គលិកនេះ ដោយសារតែក្រុមហ៊ុនធ្លាក់ចំណូលដោយសារតែមានវិបត្តិជំងឺកូវីដ-១៩ (Covid-19)។ ក្រុមកម្មករចាត់ទុកការបកស្រាយនេះថា គ្រាន់ជាលេស ដើម្បីលុបបំបាត់សំឡេងសហជីពឯករាជ្យតែប៉ុណ្ណោះ ព្រោះអំឡុងឆ្នាំ២០១៩ ក្រុមហ៊ុនរកបានប្រាក់ចំណេញកប់ក្ដោង។
ក្នុងឆ្នាំ២០១៩ ចំណូលដែលក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបានពីវិស័យបនល្បែងកាស៊ីណូ និងអាជីវកម្មផ្សេងៗទៀតមានទំហំទឹកប្រាក់ជាង ១ពាន់ ៧រយលានដុល្លារ (១,៧៥៥.៥លានដុល្លារ) និងទទួលបានប្រាក់ចំណេញសុទ្ធក្នុងទំហំជាង ៨រយ ៤០លានដុល្លារ (៨៤៦.៣លានដុល្លារ)។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្ដា អ៊ន ដើម្បីបកស្រាយបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១៥ ខែសីហា។ ចំណែក តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរដល់ពេលគិតគូរផ្ដល់ដំណោះស្រាយសមស្របមួយលើវិវាទការងារដ៏រ៉ាំរ៉ៃមួយនេះ ដើម្បីបញ្ចៀសការរិះគន់បន្ថែមពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិចំពោះថៅកែដែលមានចេតនាលុបបំបាត់ និងរើសអើងសហជីពឯករាជ្យ។
លោក អំ សំអាត៖ «យើងឃើញហើយថា សហគមន៍អន្តរជាតិ សហគមន៍ជាតិគេលើកឡើងវាជាការរើសអើងនៃសហជីពឯករាជ្យមួយដែលធានាក្នុងកិច្ចការពារលើសិទ្ធការងារ ឬផលប្រយោជន៍របស់បុគ្គលិកកម្មករនិយោជិក។ វាជាលើកទីមួយហើយក្នុងប្រទេសកម្ពុជាដែលកម្មករនិយោជិកធ្វើកូដកម្មទាមទាររយៈពេលយូរជាង ៣ឆ្នាំមិនទាន់មានយុត្តិធម៌សម្រាប់ពួកគាត់។ បញ្ហាណាហ្គាវើលដ៍នេះធ្វើឱ្យមានការរិះគន់ច្រើនពីសហគមន៍អន្តរជាតិ ជាពិសេសទាក់ទងវិស័យការងារដែលគេលើកឡើងទាក់ទងអំពីការរំលោភបំពានសិទ្ធសហជីព»។
មកទល់ពេលនេះ ក្រៅពីគ្មានដំណោះស្រាយវិវាទការងារ ប្រធានសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកាលពីខែឧសភា ឆ្នាំ២០២៣ ពីបទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម» ពាក់ព័ន្ធនឹងសកម្មភាពចូលរួមទាមទារជាមួយក្រុមបុគ្គលិក ដើម្បីឱ្យថៅកែផ្ដល់ដំណោះស្រាយ និងគោរពច្បាប់ការងារនៅកម្ពុជា។ ចំណែក សមាជិកសហជីព ៧នាក់ផ្សេងទៀតនៅតែបន្តរងបទចោទប្រកាន់ ញុះញង់ ឱ្យជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ២ឆ្នាំ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំក្រោមការឃ្លាំមើលរបស់តុលាការ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការជាតិ និងអន្តជាតិ រួមទាំងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្កោលទោសចំពោះការកាត់ទោសប្រធានសហជីព និងសមាជិកនេះ ដោយទុកថា ជាការបង្ក្រាប និងបំបិទសំឡេងសហជីពឯករាជ្យការពារផលប្រយោជន៍កម្មករដែលស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ ពួកគេអំពាវនាវដល់រដ្ឋាភិបាលដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ និងស្នើដល់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយរួមមួយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
