សង្គម​ស៊ីវិល​បារម្ភ​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រង​ការ​រឹតត្បិត​ខ្លាំង​ពី​រដ្ឋាភិបាល

ដោយ មាន ឫទ្ធិ
2021.07.26
សង្គម​ស៊ីវិល​បារម្ភ​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រង​ការ​រឹតត្បិត​ខ្លាំង​ពី​រដ្ឋាភិបាល នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា (Cambo Ja) លោក ណុប វី។
Photo Open Cyber Talk

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​អំពី​សេរីភាព​អ្នកប្រើប្រាស់​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រង​ការ​រឹតត្បិត​ខ្លាំង​ពី​រដ្ឋាភិបាល។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា ច្បាប់​ដែល​រដ្ឋាភិបាល​បង្កើត​ឡើង​មិន​គោរព​តាម​គោលការណ៍ ឬ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ឡើយ ស្រប​ពេល​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន កំពុង​រង​ការ​តាម​តាន​ឃ្លាំមើល ជាពិសេស​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល មាន​ក្ដី​កង្វល់​ជា​ខ្លាំង​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ចុងក្រោយ​នេះ ដែល​បាន​បង្កើន​ការ​ឃ្លាំមើល ការ​ត្រួតពិនិត្យ និង​ការ​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​ទៅលើ​ការ​សម្ដែង​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ដែល​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។

ការ​បង្ហាញ​ក្តី​ព្រួយបារម្ភ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ក្រុម​អង្គការ សមាគម សហជីព​ជាង​១០​ស្ថាប័ន រៀបចំ​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើកទូលាយ (Open Cyber Talk ) ដែល​មាន​អ្នកចូលរួម​តាម​តាម​ប្រព័ន្ធ​ស្សូម (Zoom) ជាង​២​រយ​នាក់ និង​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​អង្គការ សមាគម សហជីព​ជាច្រើន​ទៀត នៅ​ថ្ងៃទី​២៥ ខែកក្កដា​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ បាន​លើកយក​ទស្សនៈ​ពី​បទ​ល្មើស​បច្ចេកវិទ្យា​នៅ​កម្ពុជា ដំណោះស្រាយ​បញ្ហា​សន្តិសុខ​ឌីជីថល ច្បាប់ និង​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​ជាដើម។

ព្រឹត្តិការណ៍​នេះ ជា​លើក​ទី​៦​ហើយ ដែល​អង្គការ​សង្គម​ស៊ីវិល​រៀបចំ​ឡើង ក្នុង​គោល​បំណង​បង្កើន​ការ​យល់ដឹង​ឱ្យ​ទូលំទូលាយ និង​ប្រសិទ្ធភាព​សម្រាប់​ការប្រើប្រាស់​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​ដោយ​សុវត្ថិភាព ដើម្បី​លើក​កម្ពស់​យុត្តិធម៌​សង្គម សិទ្ធិមនុស្ស សេរីភាព ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា (Cambo Ja) លោក ណុប វី មាន​ប្រសាសន៍ថា បច្ចុប្បន្ន​អ្នក​ប្រើ​អ៊ីនធឺណិត មួយ​ចំនួន​មិន​ទាន់​យល់​ដឹង​ពី​របៀប​ប្រើប្រាស់ និង​ក្រម​សីលធម៌​ត្រឹមត្រូវ​នៅ​ឡើយ​ទេ​។ លោក​មើល​ឃើញ​ថា សេរីភាព​បញ្ចេញមតិ​លើ​អ៊ីនធឺណិត ក៏​កំពុង​ទទួលរង​ការ​គំរាមកំហែង​ដែល​បណ្តាល​ឱ្យ​រាំងស្ទះ​ដល់​ដំណើរ​អភិវឌ្ឍន៍ និង​ដំណើរការ​ប្រជាធិបតេយ្យ​។ លោក​យល់​ថា រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​ធានា​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ ក្រោម​រូបភាព ឬ​ទម្រង់​បញ្ចេញមតិ ដោយ​មិន​ត្រូវ​គំរាមកំហែង ប្តឹង​ផ្តល់ ធ្វើ​ទុក្ខបុកម្នេញ​ទៅ​ដល់​អ្នក​ដែល​បាន​ប្រើប្រាស់​សេរីភាព​ទាំង​នោះ​ទេ៖ «ផ្តល់​ការ​ការពារ ការ​ធានា​ថា សិទ្ធ​ឯកជន​របស់​អ្នក​បញ្ចេញមតិ​គឺ​មិន​ត្រូវ​បាន​បំពាន​ទីមួយ ទី​ពីរ​ធានា​ថា ការ​បញ្ចេញមតិ​គ្រប់​រូបភាព​ទម្រង់​នៃ​ការ​បញ្ចេញ​មតិ គឺ​មិន​ទទួលរង​ការ​ប្តឹងផ្តល់ ការវាយប្រហារ ឬមួយ​ការ​គំរាមកំហែង​ណាមួយ ហើយ​អាជ្ញាធរ​សាធារណៈ​ត្រូវ​ធានា​ថា អ្នក​ធ្វើទុក្ខបុកម្នេញ​ទៅដល់​អ្នក​ដែល​បាន​ប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​គឺ​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់»

ជាមួយ​គ្នា​នេះ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព លើកឡើង​ថា សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​រង​ការ​រឹតត្បិត​ជាពិសេស​អំឡុង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ ដែល​សង្គម​ស៊ីវិល​ព្រួយបារម្ភ​សុវត្ថិភាព និង​ឯកជន​ភាព​នៃ​ការ​បញ្ចេញមតិ​លើ​អ៊ីនធឺណិត។​អ្នកស្រី​ថា ច្បាប់​ដែល​បង្កើត​ឡើង ក៏​បាន​ផ្តល់​អំណាច​លើសលប់ ឱ្យ​រដ្ឋាភិបាល​ដើម្បី​គ្រប់គ្រង​អ៊ីនធឺណិត។ អ្នកស្រី​មើល​ឃើញ​ថា សិទ្ធិ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​អ៊ីនធឺណិត​កំពុង​ប្រឈម​បញ្ហា​ខ្លាំង ព្រោះ​ច្បាប់​មិន​អនុលោម​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ៖ «ខ្ញុំ​មិន​បង្ហាញ​ថា យើង​ប្រឆាំង​ច្បាប់​ទាំងស្រុង តែ​ច្បាប់​ត្រូវតែ​មាន​ភាព​ច្បាស់លាស់ ហើយ​យើង​ឃើញ​ថា ច្បាប់​ចុង​ក្រោយ​នេះ​ភាគច្រើន​យើង​យក​សំអាង​នៅ​ពេល​ណា​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម សីលធម៌ វប្បធម៌ ប្រពៃណី កន្លែង​នេះ​គឺ​មាន​លក្ខណៈ​ទូលាយ​មែនទែន អ៊ីចឹង​អាជ្ញាធរ​លោក​អាច​នឹង​ងាយស្រួល​បក​ស្រាយ អូ​ឃើញ​ហើយ​ថា ប៉ះពាល់​ប្រពៃណី តើ​ប្រពៃណី​យ៉ាង​មិច វប្បធម៌​យ៉ាង​មិច​ព្រោះ​កន្លែង​នឹង​រសើប​ណាស់​សូម្បីតែ​យើង​និយាយ​ដល់»

ស្រដៀង​គ្នា​នេះ​ដែរ ទីប្រឹក្សា​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ថ្លែង​ថា​សម័យ​អ៊ីនធឺណិត​នេះ​អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ដើម្បី​ចែក​រំលែក​ព័ត៌មាន ប៉ុន្តែ​សង្គម​ស៊ីវិល​បារម្ភ​ការ​ធ្វើទុក្ខបុកម្នេញ ការ​តាម​តាន និង​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​ជា​ដើម​។ លោក​មើល​ឃើញ​ថា និន្នាការ​នៃ​ការអនុវត្ត​ច្បាប់ ការ​រៀបចំ​ច្បាប់​របស់​រដ្ឋាភិបាល​ពុំ​មាន​តុល្យភាព​ហើយ​មិន​ធានា​នូវ​សុវត្ថិភាព ដល់​សិទ្ធិ​ពលរដ្ឋ​នោះ​ទេ៖ «ទាំង​ប្រកាស​ទាំង​អនុក្រឹត្យ​នឹង​គឺ​ធ្វើ​ឱ្យ​អំណាច​រដ្ឋ​ជា​ពិសេស​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មាន​អំណាច​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នានា​អាច​បង្កើត​ការ​ត្រួត​ពិនិត្យ​ខ្លួនឯង​ហើយ​ធ្វើការ​តាម​ឃ្លាំមើល តាម​ឈ្លប​មើល​អំពី​ការ​បញ្ចេញ​មតិ​នានា​ទៅ​លើ​ផ្លាតហ្វូម​នានា​ដែល​គេ​ប្រើប្រាស់​ដើម្បី​អប់រំ​ខាង​នយោបាយ ឬក៏​អប់រំ​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​ឬក៏​មានការ​ទិតៀន​រដ្ឋាភិបាល​ដោយមាន​ការ​ត្រួត​ពិនិត្យ​កាន់តែ​ខ្លាំង​ដែល​នេះ​ជា​ការ​ព្រួយបារម្ភ​ហើយ​បើសិន​រឿង​នេះ​កើតឡើង​ប្រាកដ​ជា​ប៉ះពាល់​ទៅ​លើ​ដំណើរការ​លើក​ស្ទួយ​សិទ្ធិ និង​ជាពិសេស​ទៅ​លើ​ការបោះឆ្នោត​តែម្តង»

ឆ្លើយតប​ជុំវិញ​រឿង​នេះ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃ​ស​ណី លោក ជុន វ៉ាត ការ​លើកឡើង​ថា រដ្ឋាភិបាល​មិនបាន​រំលោភសិទ្ធិ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នោះ​ទេ ហើយ​ការ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​គឺជា​សិទ្ធិ តែ​លោក​មិន​ឆ្លើយ​នឹង​សំណួរ​បន្ថែម​ទៀត​ទេ ដោយ​លោក​រុញ​ឱ្យទៅ​សួរ​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ផ្សេង​ទៀត​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ផៃ ស៊ីផាន ដើម្បី​បកស្រាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី​២៥ កក្កដា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះជា​យ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តែងតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​ប្រកាស និង​អនុក្រឹត្យ​ផ្សេងៗ​ដូចជា អនុក្រឹត្យ​ស្ដីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​(National internet gateway ) ជាដើម ដែល​មិន​ស្របតាម​បទដ្ឋាន​សិទ្ធិមនុស្ស ដោយ​ពួកគេ​ពិនិត្យ​ឃើញ​ថា​វា គឺ​ក្លាយ​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ចំណែក​មេធាវី​នៃ​ការិយាល័យ​អអិល (R&L) លោក សេក សោភ័ណ្ឌ លើកឡើង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៤០ ចែងថា ការ​រក្សា​សិទ្ធិ មិន​ឱ្យ​រំលោភ​លើ​លំនៅឋាន និង​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លងតាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព និង​តាម​ទូរស័ព្ទ ត្រូវ​បាន​ធានា។ លោក​បញ្ជាក់​ថា តាមច្បាប់​ការ​និយាយ​ជា​លក្ខណៈ​ឯកជន​មិនមែន​ជា​បទល្មើស​នោះ​ទេ ប៉ុន្តែ​វា​ជា​សិទ្ធិ​និង​សេរីភាព​របស់​ពលរដ្ឋ៖ «ដោយសារ​រដ្ឋធម្មនុញ្ញ​គឺជា​គោល​សំខាន់​នៅ​ក្នុង​ធានា​ឯកជន​ភាព អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​ហ្នឹង​គឺជា​ការធានា​តាម​អាណត្តិ​តាម​តួនាទី​និង​កាតព្វកិច្ច​រដ្ឋធម្មនុញ្ញ​ដាក់​ឱ្យ​រដ្ឋ​ត្រូវ​ធានា នៅក្នុង​ក្រម​ព្រហ្មទណ្ឌ​ក៏​ធានា​ដែរ ការណ៍​ដែល​ប៉ះពាល់​ទៅដល់​ការ​ទំនាក់ទំនង​របស់​ឯកជន គេ​ហៅ​ការ​ប៉ះពាល់​ការសម្ងាត់​ការ​ឆ្លង​ឆ្លើយ​តាម​លិខិត ឬក៏​គមនាគមន៍​នេះ​ត្រូវ​បាន​ចែង​នៅក្នុង​ក្រម​ព្រហ្មទណ្ឌ»

ស្ថិតិ​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា បង្ហាញ​ថា ចំនួន​អ្នក​ប្រើប្រាស់​សេវា​អ៊ីនធឺណិត គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២០ មាន​ជាង ១៥​លាន​នាក់ (១៥.២៦២.៥២៦) ដែល​ជា​តួលេខ​កើនឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល​ប្រមាណ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​នោះ​រដ្ឋ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​សរុប ៣៨​ក្រុមហ៊ុន។

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​មក​នេះ កម្ពុជា​ជាប់​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​សេរីភាព​តិចតួច​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិ​ត របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House​។ រដ្ឋាភិបាល បាន​បង្កើន​យុទ្ធនាការ​ចាប់ខ្លួន និង​បំភិតបំភ័យ​ក្រុម​អ្នក​រិះគន់ និង​សំឡេង​ប្រឆាំង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។ ចំណែក​ពេល​ថ្មី អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចូល​យក​សារ​ទំនាក់ទំនង​ឯកជន​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ ក្រោយ​មក​សារ​ឯកជន​នោះ​ក៏​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របប​ក្រុង​ភ្នំពេញ​បង្ហាញ​សាធារណៈ​ទៀត​ផង។

កន្លង​ទៅ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ គូស​បញ្ជាក់​ថា ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​អំណាច​ក្នុង​ការ​បិទ​ខ្ទប់ និង​កាត់ផ្ដាច់​គេហទំព័រ ឬ​អាសយដ្ឋាន​អ៊ីនធឺណិត​ជាក់លាក់​ណាមួយ​បាន​តាម​ទំនើង​ចិត្ត ដោយសារតែ​រាល់​ទិន្នន័យ​ទាំងអស់​ត្រូវ​ឆ្លងកាត់​តាម​ច្រក​កណ្ដាល​មួយ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។ លើស​ពី​នេះ​ទៀត ពួកគេ​ថា អនុក្រឹត្យ​នេះ ក៏​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាមដាន និង​ឈ្លបយកការណ៍​រាល់​សកម្មភាព​នៅ​លើ​អ៊ីនធឺណិត ស្រង់​យក​ព័ត៌មាន និង​រឹតត្បិត​ការទាក់ទង​តាម​ប្រព័ន្ធ​ឌីជីថល ព្រមទាំង​ប្រមូល និង​ចែករំលែក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។