ជនរងគ្រោះ​ខ្មែរ​ពី​ការ​ជួញដូរ​មនុស្ស​នៅ​ចិន មាន​តួលេខ​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២៤

ដោយ ជាតិ ចំណាន
2024.08.30
ជនរងគ្រោះ​ខ្មែរ​ពី​ការ​ជួញដូរ​មនុស្ស​នៅ​ចិន មាន​តួលេខ​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២៤ ក្រុម​គ្រួសារ​របស់​អ្នក​នារី​រងគ្រោះ​ចាញ់​បោក​រៀបការ​ទៅ​ប្រទេស​ចិន យំ​ឱប​គ្នា​នៅ​ពេល​ដែល​កូនស្រី​របស់​គាត់​ត្រូវ​ជួយ​សង្គ្រោះ​ឱ្យ​វិល​ត្រឡប់​មក​ស្រុកកំណើត​ជួបជុំ​គ្រួសារ​វិញ។
រូប៖ សមាគម​អាដហុក

ក្រុម​អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស នៅតែ​បង្ហាញ​ការ​ព្រួយ​បារម្ភ ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ ជាច្រើន ដែល​រងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស​ទៅ​ក្រៅ​ប្រទេស។

ការ​បារម្ភ​នេះ ក្រោយពី​អង្គការ​ទាំងនោះ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជា​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​ទៅ​ក្រៅប្រទេស នៅតែ​កើតមានឡើង​ច្រើន ដូចជា​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) អារ៉ាប៊ី សាអូឌីត​(Saudi Arabia) និង​ជាពិសេស​នៅ​ប្រទេស​ចិន (China)

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC) បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២៤​នេះ ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​ចិន គឺ​មាន​តួលេខ​ខ្ពស់​ជាងគេ ក្នុង​ចំណោម​ប្រទេស​ខ្លះ​ទៀត។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក នី សុខា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី២៧ ខែ​សីហា​ថា ក្នុង​រយៈពេល​៧​ខែ មាន​ពលរដ្ឋ​ខ្មែរ រងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស នៅ​ប្រទេស​ចិន មាន​តួលេខ​ខ្ពស់​ជាងគេ បន្ទាប់​មក​គឺ​ប្រទេស​អារ៉ាប៊ី សាអូឌីត។

លោក​ថា ថ្វីត្បិតតែ​អង្គការ​របស់​លោក មិន​មាន​ទិន្នន័យ​នៃ​អំពើ​ជួញដូរ​មនុស្ស ឱ្យ​បាន​ច្បាស់លាស់​ទាំងអស់​ក្តី ក៏ប៉ុន្តែ​តាមរយៈ ការ​ជួយ​សង្គ្រោះ ជនរងគ្រោះ គឺ​បង្ហាញ​ថា ចំនួន​ពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិន មាន​តួលេខ​នាំ​មុខ​គេ គួរ​ឱ្យ​កត់​សំគាល់។

លោក នី សុខា៖ «យើង​ទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ​ដែល​ទៅ​ប្រទេស​ចិន ហើយ​ចាញ់​បោក​មេខ្យល់ ក៏ដូចជា​តាមរយៈ​ក្រុមហ៊ុន គឺ​មាន​ចំនួន​ច្រើន ប៉ុន្តែ​យើង​មិន​បាន​ស៊ីជម្រៅ​ក្នុង​រឿង​ហ្នឹង​ទេ។ ដូច្នេះ​យើង​មិន​ដឹង​ច្បាស់​ថា តើ​វា​បណ្ដាលមកពី​មូលហេតុ​អ្វី​ឱ្យ​ច្បាស់លាស់​ទេ ប៉ុន្តែ​យើង​គ្រាន់តែ​កត់សំគាល់​ថា ប្រហែលជា​អាច​មាន​ក្រុមហ៊ុន ឬក៏​មេខ្យល់​មួយចំនួន​យក​ប្រទេស​ចិន​ធ្វើជា​មូលដ្ឋាន។ នៅ​ប្រទេស​ចិន​គឺ​មិនសូវ​គោរព​សិទ្ធិមនុស្ស និង​អនុវត្ត​គោលការណ៍​ការពារ​ជនរងគ្រោះ ឱ្យ​បាន​ហ្មត់ចត់​ទើប មាន​ករណី​ជួញដូរ​មនុស្ស​ច្រើន»

របាយការណ៍​ផ្នែក​ការងារ​ស្ត្រី របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ឱ្យ​ដឹង​ថា រយៈពេល​៧​ខែ​ឆ្នាំ​២០២៤ អាដហុក​បាន​ជួយ​ពលរដ្ឋ​ខ្មែរ ពី​អំពើ​ជួញដូរ​មនុស្ស​ចំនួន​៤៤​ករណី ដែល​ជនរងគ្រោះ​សរុប​ចំនួន ៧៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៦៣​នាក់។

ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​នេះ គឺ​សង្គ្រោះ​ពី​ប្រទេស​ចិន​ចំនួន​៤៨​ភាគរយ ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត ៤០​ភាគរយ និង​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី​ចំនួន​១២​ភាគរយ។

ចំណែក ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​(CENTRAL) លោក ឌី ថេហូយ៉ា ឱ្យ​ដឹង​ដែរ​ថា រយៈពេល​៧​ខែ​ឆ្នាំ​២០២៤​អង្គការ​របស់​លោក ក៏បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ចិន អារ៉ាប៊ី សាអូឌីត និង​ពី​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) ចូល​មក​កម្ពុជា បាន​ចំនួន​៣០​ករណី ហើយ​មាន​ជនរងគ្រោះ​ចំនួន​ពី​៥០-៦០​នាក់។

លោក​ថា ពេល​បច្ចុប្បន្ន រូបភាព​នៃ​អំពើ​ជួញដូរ​មនុស្ស ទៅ​ប្រទេស​ចិន មាន​ចំនួន​ពីរ​ប្រភេទ គឺ​ប្រភេទ​ទី​១ មាន​មេខ្យល់​ដើរ​បោក​បញ្ឆោត​ពលរដ្ឋ​ខ្មែរ នៅ​តាម​ភូមិ ឱ្យ​ទៅ​ធ្វើការ ដោយ​សន្យា​ឱ្យ​ប្រាក់ខែ​ខ្ពស់។ ប្រភេទ​មួយ​ទៀត គឺ​ក្រុម​មេខ្យល់ បាន​ដើររក​ស្ត្រី​ណា ដែល​ចង់​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន រួចហើយ​នាំ​ចាក​ចេញពី​គ្រួសារ​ទៅ​ប្រទេស​ចិន​តែម្ដង។

លោក ឌី ថេហូយ៉ា៖ «នៅ​ប្រទេស​ចិន​គឺថា​គ្រួសារ​កូនប្រុស ដែល​គ្មាន​លទ្ធភាព មិន​មាន​លុយកាក់​ច្រើន ក្រ គឺ​រកប្រពន្ធ​ជនជាតិ​ចិន​មិន​សូវ​បាន​ទេ ។ ដូច្នេះហើយ​បានជា​មាន​មេខ្យល់​មក​បោក​បញ្ឆោត​ស្ត្រី​ខ្មែរ​ខ្លះ ឱ្យទៅ​រៀបការ​ជាមួយ​បុរស​ចិន​ដែល​ក្រីក្រ ហើយ​ស្ត្រី​ខ្មែរ​ខ្លះ​ទៀត​បាន​ប្ដី​ជនជាតិ​ចិន ជា​មនុស្ស​មិន​គ្រប់​លក្ខណៈ​ជា​មនុស្ស​វិកលចរិត​ជាដើម​។ ចំណែកឯ​ស្ត្រី​ខ្លះទៀត ក៏​ចាញ់​បោក​គេ ក្នុង​ន័យ​គេ​យក​ទៅ​លក់ ឱ្យ​បំរើ​ផ្លូវភេទ នៅ​ក្នុង​បន​ពេស្យា​ជាដើម»

ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល បាន​រក​ឃើញ​ថា មូលហេតុ​ដែល​ពលរដ្ឋ​កម្ពុជា​នៅតែ​រងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស នៅ​ក្រៅ​ប្រទេស ដោយសារតែ​ពលរដ្ឋ​ខ្លះ​ចង់បាន​ប្រាក់ខែ​ខ្ពស់​នៅ​ក្រៅ​ប្រទេស ពលរដ្ឋ​ខ្លះ​ក្រីក្រ​ជំពាក់​បំណុល​ធនាគារ ពលរដ្ឋ​ខ្លះ អត់​មាន​ការងារ​ធ្វើ​ក្នុងស្រុក និង​បញ្ហា​គ្មាន​ដី​ធ្វើ​កសិកម្ម​គ្រប់គ្រាន់ ដើម្បី​ចិញ្ចឹម​ជីវិត​ជាដើម។

អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ការ​ជួញដូរ​មនុស្ស នៃ​ក្រសួង​មហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ទទួលស្គាល់​ថា បច្ចុប្បន្ន​កម្ពុជា ពិត​ជា​មាន​អំពើ​ជួញដូរ​មនុស្ស ទៅ​ក្រៅ​ប្រទេស​និង​ជួញដូរ​ពី​ប្រទេស​ផ្សេង ចូល​មក​កម្ពុជា​មែន។

លោក ស្រី ជូ ប៊ុនអេង បញ្ជាក់​ទៀត​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និង​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ណា​ក្តី ក៏​មិនអាច​លុប​បំបាត់​បាន​ទាំងស្រុង​ទេ ខណៈ​ដែល​ប្រទេស​ជាច្រើន កំពុង​រីក​រាលដាល​នៃ​សកម្មភាព​ជួញដូរ​មនុស្ស​ដែរ​នោះ។

លោកស្រី ជូ ប៊ុនអេង៖ «បើសិនជា​រឿង​ជួញដូរ​មនុស្ស​កើត​តែ​ក្នុង​ប្រទេស​កម្ពុជា គឺ​រដ្ឋាភិបាល អាច​អះអាង​ថា នឹង​ធ្វើ​បាន​ជោគជ័យ​។ ប៉ុន្តែ​ដរាបណា​អំពើ​ជួញដូរ​មនុស្ស មាន​ការ​រាយ​បណ្ដាញ​ចេញ​ពី​តាម​បណ្ដា​ប្រទេស​ផ្សេងៗ ហើយ​បែប​សព្វថ្ងៃ​នេះ មាន​តាម​ប្រព័ន្ធ​អនឡាញ​(Online)​ទៀត​នោះ យើង​កំពុងតែ​យល់​ថា កម្ពុជា​ម្នាក់ឯង មិន​អាច​ប្រយុទ្ធ​ប្រឆាំង​ឱ្យ​ជោគជ័យ​បាន​ទេ​។ ហើយ​ប្រទេស​ណា​ក៏​មិន​អាច​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​បាន​ដែរ ប្រសិនបើ​មិន​មាន​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ឱ្យ​ល្អ​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ​ទៀត»

រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ រហូត​មក​ដល់​ឆ្នាំ​២០២៤ សហរដ្ឋអាមេរិក បាន​វាយតម្លៃ​ឱ្យ​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដែល​ជា​ចំណាត់​ថ្នាក់ទាប​បំផុត ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស។

សហរដ្ឋអាមេរិក បាន​ចោទ​ប្រកាន់​ថា ដោយសារតែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ខ្លះ បាន​ឃុបឃិត នៅក្នុង​បទល្មើស និង​អំពើពុករលួយ ជាហេតុ​នាំ​ឱ្យ​អំពើ​ជួញដូរ​មនុស្ស​នៅតែ​រីក​រាលដាល។

តាម​របាយការណ៍ របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ការ​ជួញដូរ​មនុស្ស នៃ​ក្រសួង​មហាផ្ទៃ ឱ្យ​ដឹង​ថា រយៈពេល ៦​ខែ​ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ សរុប​ចំនួន ១០៤​ករណី។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនល្មើស​ចំនួន​១៣៤​នាក់ បញ្ជូន​ទៅ​តុលាការ និង​សង្គ្រោះ​ជនរងគ្រោះ បាន​ចំនួន​២៩០​នាក់។ សកម្មភាព​ជួញដូរ​មនុស្ស មានការ​កើនឡើង​ចំនួន​១៧​ករណី បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២៣៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។