សាលក្រមផ្ដន្ទាទោសលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត បានក្លាយជាចំណោទដ៏ធំជុំវិញឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា។ តំណាងប្រទេសប្រជាធិបតេយ្យធំៗ បានប្រៀបធៀបសាលក្រមនេះទៅនឹងការដាក់ទោសលើសិទ្ធិសេរីភាពបញ្ចេញមតិ។ ពួកគេបានដាស់តឿនរបបលោក ហ៊ុន សែន ឱ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទសំឡេងសកម្មជនអហិង្សានិយមតទៅទៀត ពីព្រោះវាផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (CENTRAL) លោក មឿន តុលា យល់ថា មូលហេតុដែលអង្គទូតបរទេសថ្លែងការណ៍ព្រមៗគ្នាបែបនេះ គឺដោយសារពួកគេពិនិត្យឃើញថា លោក រ៉ុង ឈុន មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ ផ្ទុយទៅវិញសកម្មភាពរបស់គាត់ជាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ។ លោកកត់សម្គាល់ថា បញ្ហាសំខាន់នៅក្នុងរឿងនេះ គឺភាគីដើមបណ្ដឹងជាស្ថាប័នមួយដែលដឹកនាំដោយសមាជិកសំខាន់នៃគណបក្សកាន់អំណាច ខណៈមន្ត្រីតុលាការខ្លះក៏ជាសមាជិកគណបក្សនេះដូចគ្នា ដូច្នេះសេចក្តីសម្រេចរបស់តុលាការប្រាកដជាការពារបក្សរបស់ខ្លួន ជាជាងការពារសិទ្ធិរបស់ពលរដ្ឋ។
លោក មឿន តុលា បន្ថែមថា ការផ្ដន្ទាទោសលោក រ៉ុង ឈុន និងសកម្មជនដទៃទៀតនារយៈពេលចុងក្រោយនេះ គ្មានផលចំណេញសម្រាប់រដ្ឋាភិបាលកម្ពុជាឡើយ ផ្ទុយទៅវិញវាអាចនឹងប៉ះពាល់ដល់ដំណើរការចរចារបស់រដ្ឋាភិបាលកម្ពុជា និងក្រុមប្រទេសលោកខាងលិចជុំវិញការទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម៖« វាជាឧបសគ្គមួយធ្វើឱ្យប្រទេសទាំងអស់ហ្នឹងពិបាកក្នុងការបិទភ្នែក ឬក៏សម្របសម្រួលជាមួយកម្ពុជា។ អ៊ីចឹងខ្ញុំថា ករណីនេះបើ ( រដ្ឋាភិបាល ) កម្ពុជាអត់ដោះ ( ស្រាយ ) ទេ ប្រហែលជាគោលបំណងនៃការបញ្ចុះបញ្ចូលឱ្យគេផ្តល់ប្រព័ន្ធអនុគ្រោះពន្ធឱ្យយើង ឬក៏រក្សាប្រព័ន្ធអនុគ្រោះពន្ធឱ្យយើងតទៀតហ្នឹង គឺជួបនូវផលលំបាកហើយ » ។
ជាមួយគ្នានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍ និងការចោទសួររបស់អង្គទូតបរទេសជុំវិញការដាក់ទោសលោក រ៉ុង ឈុន នេះ បង្ហាញថា ក្រុមប្រទេសទាំងនោះព្រួយបារម្ភអំពីឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
មន្ត្រីសិទ្ធិមនុស្សរូបនេះសង្កត់ធ្ងន់ថា តុលាការមានកាតព្វកិច្ចការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ មិនមែនដាក់ទោសលើការអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់របស់ពលរដ្ឋបែបនេះទេ។ លោក នី សុខា បន្ថែមថា ការផ្ដន្ទាទោសលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតនេះ នឹងធ្វើឱ្យសាធារណជនកាន់តែបាត់ជំនឿលើប្រព័ន្ធតុលាការ ជាពិសេសវានឹងបង្កើនកំណត់ត្រាអាក្រក់ផ្នែកសិទ្ធិមនុស្សបន្ថែមទៀត៖ « ខ្ញុំជឿថា ប្រហែលជាសហភាពអឺរ៉ុបគេមិនដកថយទេចំពោះបញ្ហាហ្នឹង ពីព្រោះថា នេះវានៅក្នុងលក្ខខណ្ឌរបស់សហភាពអឺរ៉ុបជាមួយនឹងរដ្ឋាភិបាល ដែលរដ្ឋាភិបាលអះអាងថា ខ្លួននឹងធានា និងគោរពសិទ្ធិសេរីភាពមួយចំនួន។ អ៊ីចឹងសហភាពអឺរ៉ុបនឹងបន្តទៅទៀតនូវអ្វីដែលជាការដាក់សម្ពាធ បើរដ្ឋាភិបាលយើងមិនព្រមដោះស្រាយបញ្ហាហ្នឹងឱ្យបានទាន់ពេលវេលា » ។
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសសកម្មជនសិទ្ធិមនុស្ស និងជាអ្នកឃ្លាំមើលព្រំដែន លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារលោកបានបញ្ចេញមតិរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ក្នុងសំណុំរឿងតែមួយនេះ តុលាការបានផ្ដន្ទាទោសសកម្មជនពីរនាក់ទៀត គឺកញ្ញា ស កណិការ និងលោក តុន និមល ឱ្យជាប់ពន្ធនាគារម្នាក់ ២០ខែ។ សាលក្រមនេះ ក៏តម្រូវឱ្យពួកគេបង់សំណងរួមគ្នាដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរហូតដល់ ១០ម៉ឺនដុល្លារអាមេរិកថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ ក្រោយការប្រកាសសាលក្រមផ្ដន្ទាទោសនេះ អង្គទូតបរទេសធំៗនៅកម្ពុជា រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី ចក្រភពអង់គ្លេស ស៊ុយអែត និងបារាំង ជាដើម បាននាំគ្នាបង្ហោះសាររិះគន់ និងចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិរបស់ពលរដ្ឋ។ សាររបស់អង្គទូតបរទេសទាំងនោះ មានលក្ខណៈប្រហាក់ប្រហែលគ្នា គឺពួកគេចោទសួរអំពីឯករាជ្យរបស់ប្រព័ន្ធតុលាការកម្ពុជាជុំវិញសេចក្តីសម្រេចនេះ។ ម្យ៉ាងវិញទៀត ពួកគេក្រើនរំឭកអាជ្ញាធរកម្ពុជាថា តុលាការមិនគួរត្រូវបានប្រើប្រាស់ដើម្បីបំបិទសំឡេងសកម្មជនអហិង្សានិយមនោះទេ។ ទន្ទឹមនឹងនេះ ពួកគេទទូចដល់រដ្ឋាភិបាលកម្ពុជាឱ្យបើកចំហទទួលយកទស្សនៈពីគ្រប់ភាគី ព្រមទាំងគោរពការប្ដេជ្ញាចិត្តរបស់ខ្លួនជាអន្តរជាតិស្ដីពីការគោរពសិទ្ធិមនុស្សថែមទៀតផង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងប្រធានតុលាការក្រុងភ្នំពេញលោក តាំង ស៊ុន ឡាយ ដើម្បីឆ្លើយតបរឿងនេះបានទេ។ ប៉ុន្តែតំណាងរដ្ឋាភិបាលថ្លែងការពារសេចក្តីសម្រេចរបស់តុលាការនេះថា ធ្វើឡើងស្របតាមច្បាប់របស់កម្ពុជា មិនមែនតាមការចង់បានរបស់ភាគីណាមួយនោះទេ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថា មតិរិះគន់របស់អង្គទូតបរទេសទាំងឡាយ គឺជារឿងដដែលៗ ដែលមិនមានឥទ្ធិពលលើដំណើរការយុត្តិធម៌របស់កម្ពុជានោះឡើយ។ លោកជឿថា ការលើកឡើងរបស់អង្គទូតបរទេសទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសទាំងនោះឡើយ ព្រោះលោកយល់ថា នេះជាទស្សនៈផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួន។ លោក ផៃ ស៊ីផាន បន្ថែមថា រដ្ឋាភិបាលកម្ពុជាមិនបារម្ភពីការដាក់សម្ពាធ ឬទណ្ឌកម្មរបស់បរទេសនោះទេ៖ «កង្វល់របស់កម្ពុជា គឺពង្រឹងនីតិរដ្ឋ ហើយពង្រឹងផលប្រយោជន៍របស់កម្ពុជា ដើម្បីរក្សាសន្តិភាព និងសន្តិសុខជាតិ។ នេះហើយជាអធិបតេយ្យភាពរបស់ប្រទេសមួយ។ ហើយប្រសិនបើយើងរវល់តែសរសេរច្បាប់ដែលឱ្យតុលាការ ចៅក្រមដែលគាត់វិនិច្ឆ័យដើម្បីផលប្រយោជន៍បរទេស គឺមិនត្រូវទេ » ។
ការបកស្រាយបែបនេះរបស់តំណាងរដ្ឋាភិបាលកម្ពុជា ត្រូវបានអង្គការសិទ្ធិមនុស្សចាត់ទុកថា ជាការដោះសាក្នុងន័យការពារខ្លួនប៉ុណ្ណោះ។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ (CENTRAL)លោក មឿន តុលា ថ្លែងថា នីតិរដ្ឋបែបនេះ ជានីតិរដ្ឋក្លែងក្លាយ ហើយសហគមន៍ជាតិ និងអន្តរជាតិនឹងមិនជឿលើការបកស្រាយបែបនេះឡើយ។ លោកគូសបញ្ជាក់ថា អង្គទូតទាំងឡាយប្រចាំនៅកម្ពុជា ជាតំណាងរបស់ប្រទេសគេនីមួយៗ ដូច្នេះការលើកឡើងរបស់ពួកគេឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលប្រទេសទាំងនោះ។ លោកបន្ថែមថា ករណីរំលោភសិទ្ធិមនុស្សគ្រប់រូបភាពនៅកម្ពុជា ប្រសិនបើគ្មានការដោះស្រាយ ឬកែលម្អទេ នោះសហគមន៍អន្តរជាតិអាចនឹងបន្ថែមសម្ពាធ ឬទណ្ឌកម្មលើកម្ពុជាបន្តទៀត៖ «ទូតឬក៏រដ្ឋាភិបាលនៃប្រទេសទាំងអស់ហ្នឹង គេមានការទទួលខុសត្រូវមួយជាមួយនឹងម្ចាស់ពន្ធគេ គឺប្រជាពលរដ្ឋ។ អ៊ីចឹងការបន្តជំរុញឱ្យកម្ពុជាងាកមករកគន្លងប្រជាធិបតេយ្យ ងាកមករកគន្លងនៃការគោរពសិទ្ធិមនុស្សផ្សេងៗហ្នឹង គឺគេនៅតែធ្វើអ៊ីចឹង។ ហើយបើ ( រដ្ឋាភិបាល ) កម្ពុជាយើងអត់ងាកទេ ខ្ញុំជឿថា ពិបាកឱ្យរដ្ឋាភិបាលនៃអង្គទូតទាំងអស់ហ្នឹងគេបញ្ចុះបញ្ចូលទៅប្រជាពលរដ្ឋគេ ដែលជាម្ចាស់ពន្ធហ្នឹងដែរ » ។
សហភាពអឺរ៉ុបបានដកហូតឋានៈអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជារួចទៅហើយ បន្ទាប់ពីរកឃើញថា កម្ពុជាក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។ រីឯសហរដ្ឋអាមេរិកវិញ ប្រទេសមហាអំណាចមួយនេះមិនទាន់បន្តសុពលភាពនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជាជាថ្មីទៀតនៅឡើយទេ បន្ទាប់ពីផុតសុពលភាពកាលពីដំណាច់ឆ្នាំ២០២០ កន្លងទៅ។ ក្រៅពីសម្ពាធផ្នែកសេដ្ឋកិច្ចទាំងនេះហើយ មន្ត្រីរដ្ឋាភិបាលកម្ពុជា និងឈ្មួញរកស៊ីធំៗមួយចំនួន ក៏បានរងទណ្ឌកម្មជាលក្ខណៈបុគ្គលផងដែរ ក្រោមច្បាប់សាកលគ្លូបល មែគនីតស្គី (Global Magnitsky Act) របស់សហរដ្ឋអាមេរិក។ ជាងនេះទៅទៀត អ្នកនយោបាយជាន់ខ្ពស់នៅតាមប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក កំពុងស្វះស្វែងបង្កើតច្បាប់ថ្មីៗបន្ថែមទៀតដើម្បីឈានទៅដាក់ទណ្ឌកម្មក្រុមមេដឹកនាំដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាក្រុមលោក ហ៊ុន សែន ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលមិនចង់ឃើញសម្ពាធ ឬទណ្ឌកម្មរបស់សហគមន៍អន្តរជាតិមកលើប្រទេសកម្ពុជាទៀតនោះទេ ពីព្រោះវាបណ្តាលឱ្យខាតបង់ដល់ប្រយោជន៍ជាតិទាំងមូល។ ពួកគេអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលបច្ចុប្បន្ន ឱ្យងាកមកគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ពីព្រោះនេះជាកាតព្វកិច្ច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិទាំងឡាយដែលកម្ពុជាបានសន្យាអនុវត្តតាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។