សង្គម​ស៊ីវិល​គាំទ្រ​ប្រមុខ ​UN ​ដែល​ជំរុញ​ឱ្យ​មេដឹកនាំ​បង្ហាញ​សាមគ្គីភាព​​ដើម្បី​ប្រឆាំង​កូវីដ​ និង​ការ​ស្អប់​ខ្ពើម​គ្នា​

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិលយល់ស្រប​ជាមួយ​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​លើក​ឡើងថា សាមគ្គីភាព​ និង​ការ​រួប​រួម​គ្នា ជា​គន្លឺះ​​ក្នុង​ការ​បញ្ចប់​នូវ​វប្បធម៌ស្អប់ខ្ពើម ដែល​កើត​ចេញមក​ពី​ការ​រាតត្បាត​ជំងឺកូវីដ-១៩។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅកាត់​ថា ខេមបូចា (CamboJA) លោក ណុប វី កត់​សម្គាល់​​ថា ជំងឺឆ្លងកូវីដ-១៩ ពិត​ជា​បង្កើត​ឱ្យ​មាន​នូវ​ការ​​ចោទប្រកាន់ ការ​លាបពណ៌ ការ​រើសអើង និង​ការ​ស្អប់ខ្ពើមគ្នា​​នៅក្នុង​សង្គម​កម្ពុជា​មែន។ លោក​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​មនុស្ស​មួយ​ចំនួន​ ក្លាយ​ជា​គោល​ដៅនៃ​ការ​យាយី និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ មាន​ជាអាទិ៍ អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស ​អ្នក​បញ្ចេញ​មតិ​រិះគន់ និង​សកម្មជន​នយោបាយ ជាដើម។ លោកបន្ថែម​ថា ក្នុងស្ថានភាព​បច្ចុប្បន្ន​ ការ​បើក​លំហសេរីភាព​បញ្ចេញមតិ និង​លំហូរ​​ព័ត៌មានដោយសេរី គឺ​ជារឿង​ចាំបាច់ ជាជាង​វិធានការ​ផ្លូវច្បាប់។

« កាល​ណា​ការ​បញ្ចេញ​មតិ​យោបល់​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត ហើយ​វិធានការ​ចេះ​តែ​បន្ត​ប្រឆាំង​ជាមួយ​នឹង​អ្នក​ហ៊ាន​រិះគន់ដើម្បីស្ថាបនា ខ្ញុំ​យល់ឃើញ​ថា ចំណុច​ដែល​ឈាន​ទៅរក​ការ​ឯកភាព​ជាតិ ការ​កសាង​ ការ​ស្ថាបនាសង្គម​មួយ​ប្រកប​ដោយ​និរន្តរភាព ហើយ​ធានា​ថាមិន​មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​នោះ គឺ​ពិបាក​​ក្នុង​ការ​សម្រេច​​បាន​ជោគជ័យ​ណាស់ »

ការថ្លែង​របស់មន្ត្រីសង្គម​ស៊ីវិល និង​ជា​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​​រូបនេះ ជាមតិ​យល់ស្របទៅនឹង​ប្រសាសន៍​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres)។

លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) មាន​ប្រសាសន៍ក្នុង​វីដេអូខ្លី​ចេញផ្សាយ​នៅថ្ងៃទី២៦ មីនាថា ជំងឺរាតត្បាត​ជាសាកល​កូវីដ-១៩ បាន​បង្កើត​ឱ្យ​មាន​រលក​យក្ស​នៃ​ការ​ស្អប់ខ្ពើម ​ការ​ជះសម្អប់ដាក់​គ្នា ការ​ចោទ​ប្រកាន់គ្នា និងការ​បំភិតបំភ័យ​​គ្នា​ទៅវិញទៅមក។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិរូបនេះ អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ឱ្យ​រួម​គ្នា​លុប​បំបាត់​ការ​ស្អប់ខ្ពើម​ដែល​ផ្តើម​ចេញពីការ​រាតត្បាត​ជំងឺកូវីដ-១៩។ ជាពិសេស​លោក​ស្នើដល់​មេដឹកនាំប្រទេស​នីមួយៗ ឱ្យ​បង្ហាញ​សាមគ្គីភាព​ជាមួយ​តួអង្គដទៃទៀតក្នុង​សង្គម​ និង​កសាងនូវការ​រួប​រួម​ជាតិពិត​ប្រាកដ។

« អាកប្បកិរិយា​បែប​ស្អប់ខ្ពើម​​បាន​ផុសឡើង និង​កាន់​តែ​រីករាល​ដាល។ អ្នក​សារព័ត៌មាន​ អ្នក​ផ្តល់​ព័ត៌មាន​សម្ងាត់ អ្នក​ជំនាញ​ខាងសុខាភិបាល អ្នកធ្វើ​ការផ្នែក​​មនុស្សធម៌ និង​អ្នក​ការពារ​សិទ្ធិមនុស្ស បាន​ក្លាយ​ជា​មុខសញ្ញា និង​ជា​អ្នក​ងាយ​រងគ្រោះ ​ដោយសារ​តែ​ការ​បំពេញ​ការងារ​របស់​ខ្លួន។ ខ្ញុំ​អំពាវនាវ​ដល់​មេដឹកនាំ​នយោបាយ​ទាំងអស់ សូម​បង្ហាញនូវ​សាមគ្គីភាព​ជាមួយ​សមាជិក​គ្រប់​គ្នា​នៅក្នុង​សង្គម ហើយត្រូវ​​កសាង​ និង​ពង្រឹង​ការ​រួបរួ​ម​ក្នុង​សង្គម។ ខ្ញុំ​សូម​ឱ្យ​អ្នក​គ្រប់​គ្នា​​នៅគ្រប់​ទីកន្លែង ក្រោយ​ឈរ​ឡើង​ប្រឆាំង​នឹង​ពាក្យ​សម្តី​ស្អប់ខ្ពើម រាប់អាន​គ្នា​ដោយ​សេចក្តីថ្លៃថ្នូរ និង​ឆ្លៀត​ឱកាស​ផ្សាយ​មេត្តាធម៌ផង »

ជុំវិញរឿងនេះ អ្នក​នាំពាក្យគណបក្ស​កាន់​អំណាច លោក សុខ ឥសាន ទទួល​ស្គាល់​ថា សារ​អំពាវនាវនេះ ជា​រឿង​ល្អ ហើយ​សក្តិសម​ទៅនឹង​តួនាទី​របស់​លោក អង់តូនីញ៉ូ ហ្គូទែរ៉េស ដែល​ជាថ្នាក់ដឹកនាំ​អង្គការ​សហប្រជាជាតិ។ លោកអះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​អនុវត្ត​ស្រប​ទៅតាម​គោល​គំនិត​បែបនេះហើយ។ លោក​បញ្ជាក់​​ថា ការ​បង្កើតច្បាប់ និង​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​នាពេល​ថ្មីៗនេះ គឺ​ជាផ្នែក​មួយ​នៃ​វិធានការ​ថែរក្សា​​ស្ថេរភាពសង្គម។

« ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ហើយ​និង​ជន​អគតិ​មួយ​ចំនួន ឆ្លៀត​ឱកាស​ដែល​មាន​ការ​រាតត្បាត​នៃ​ជំងឺកូវីដ - ១៩ ដើម្បី​យក​សិទ្ធិបញ្ចេញ​មតិ​ ដើម្បីញុះញង់ឱ្យ​មាន​ការ​រំជើប​រំជួល​នៅក្នុង​សង្គម​កម្ពុជា។ អាហ្នឹង​រាជរដ្ឋាភិបាល​អត់​អនុញ្ញាត​​ឱ្យ​បាន​ទេ គឺ​ត្រូវ​តែ​ទប់​ស្កាត់​ ដើម្បី​ការពារ​​ឱ្យ​បាន​សន្តិភាព ស្ថេរភាព​នយោបាយ និង​សុវត្ថិភាព​សង្គម »

ចាប់​តាំងពីការ​ផ្ទុះ​ជំងឺកូវីដ-១៩​ មក​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​ដាក់​ពន្ធនាគារ ក្នុងនោះ​អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​តែ​ជំហរ និងសកម្មភាពនយោបាយរបស់​ពួក​គេ និង​ខ្លះ​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​បញ្ចេញមតិ​រិះគន់​ភាពអយុត្តិធម៌​ក្នុង​សង្គម។ នៅក្នុង​ដំណាក់​កាល​ចុងក្រោយ​នេះវិញ អ្នក​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​​ការ​គ្រប់គ្រងជំងឺកូវីដ-១៩ របស់​រដ្ឋាភិបាល បាន​ក្លាយ​ជា​មុខ​សញ្ញានៃ​ការ​ចាប់​ខ្លួន​។ ​ត្រឹម​រយៈពេល​មួយ​ខែ អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស៣ នាក់ ដែលថ្លែង​ពី​ហានិភ័យ​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ របស់​ចិន ដែល​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​គុណភាព​ពី​អង្គការ​សុខ​ភាព​ពិភពលោក (WHO)។ ជាមួយ​គ្នានេះ រ​បបក្រុង​ភ្នំពេញ​បាន​បង្កើត​ក្របខណ្ឌច្បាប់​ជា​បន្តបន្ទាប់ ដែល​មាន​លក្ខណៈគាប​សង្កត់ធ្ងន់ធ្ងរ​លើ​សិទ្ធិសេរីភាព​ពលរដ្ឋ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វាយ​តម្លៃថា ទង្វើ​ទាំងអស់​នេះបញ្ជាក់​យ៉ាង​ច្បាស់​ថា របប​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​វិបត្តិ​ជំងឺកូវីដ-១៩ ជាលេស​ ​ដើម្បី​បង្ក្រាប​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង ​​និង​បន្ត​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងន់។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍ថា ជំងឺកូវីដ-១៩ ប៉ះពាល់ដល់​​គ្រប់​វិស័យ​ និង​មនុស្សគ្រប់គ្នា​នៅក្នុងសង្គម ដូច្នេះវិធានការ​ទាំងឡាយ​របស់​អាជ្ញាធរ​ក៏​ត្រូវ​មាន​ធាតុ​ចូល​ពី​តួអង្គពាក់​ព័ន្ធ​ដទៃទៀតដែរ។ ម្យ៉ាង​វិញទៀត លោក​ថា​ ពលរដ្ឋ​មួយ​ចំនួនទំនង​ជា​ព្រួយ​បារម្ភខ្លាំង​​ចំពោះការ​រាតត្បាត​ជំងឺកូវីដ-១៩ ហេតុដូច្នេះ​រដ្ឋាភិបាល​មិន​គួរ​យក​ទោស​អូសដំណើរ​នោះទេ បើ​​គាត់​បញ្ចេញ​មតិ​លើសលស់ត្រង់កន្លែងណានោះ។

« បើរដ្ឋាភិបាល​សម្រេច​អ្វីៗ​តែ​ម្នាក់ឯង គ្មាន​ការ​ចូល​រួម អាហ្នឹង​ប្រសិទ្ធភាពនៃ​ការ​អនុវត្ត​ទេ។ ខ្ញុំ​គិតថា វា​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ទៅដល់​ការ​អនុវត្ត​ដែរ ព្រោះ​អ្នក​ដែល​គោរព​ច្បាប់ទាំងអស់​ហ្នឹង គឺ​ជា​ប្រជាពលរដ្ឋ។ អ៊ីចឹង​ហើយ​វា​ត្រូវ​ការ​ឱ្យ​មាន​ការ​ចូល​រួម​ ជាការ​ប្រសើរ​ជាជាង​​យើង​មិន​ឱ្យ​មាន​ការ​ចូល​រួម »

​សហគមន៍​ជាតិ និង​អន្តរជាតិ នៅ​តែ​ទទូច​ដល់របបលោក ហ៊ុន សែន ​ឱ្យ​ដោះលែង​អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ទំនើងចិត្ត​នោះ ឱ្យ​មាន​សេរីភាពវិញ ព្រម​ទាំង​​បើក​លំហសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​បញ្ចៀសទណ្ឌកម្ម​ទាំងឡាយ​នៅពេល​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។