អ្នកឃ្លាំមើល​បារម្ភ​ថា​កម្ពុជា​អាច​ជួប​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ បើ​ប្រទេស​លោក​សេរី​បន្ត​ដាក់​ទណ្ឌកម្ម​រឿង​រំលោភ​សិទ្ធិមនុស្ស

អ្នកឃ្លាំមើល​បារម្ភ​ថា កម្ពុជា​អាច​ជួប​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ បើ​ប្រទេស​លោកសេរី​បន្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ជុំវិញ​រដ្ឋាភិបាល​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ពួកគេ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការ​កែ​លម្អ​នោះ​ទេ កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​សេដ្ឋកិច្ច ការទូត និង​អាច​ទទួល​រង​ទណ្ឌកម្ម​ជាពិសេស​ពី​អាមេរិក សហភាព​អឺរ៉ុប​បន្ថែម​ទៀត ហើយ​អ្នក​ដែល​រងគ្រោះ​មុន​គេ​គឺ​កម្មករ និង​ពលរដ្ឋ​ស្លូតត្រង់។

អ្នកឃ្លាំមើល និង​សង្គម​ស៊ីវិល​ជំរុញ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពិចារណា​ក្នុង​ការ​ដោះលែង​អ្នកជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ រួម​ទាំង​សកម្មជន​ចលនា​មាតាធម្មជាតិ​ឲ្យ​មាន​សេរីភាព ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស និង​សង្គម​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី​ក្រោយ​ត្រូវ​បាន​មេធាវី​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ផ្តល់​ទៅ​កាន់​តុលាការ​ដោយសារ​ការ​បញ្ចេញមតិ​លោក ស៊ឹង សែនករុណា ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត មិន​ត្រឹម​មិន​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ដូចជា​វិបត្តិ​នយោបាយ បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នោះ​ទេ រដ្ឋាភិបាល​បាន​បង្កើន​ការ​បង្ក្រាប​លើ​សំឡេង​បក្ស​ជំទាស់ សង្គម​ស៊ីវិល កាន់តែ​ខ្លាំង​ឡើង ជាពិសេស​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​នៅ​រយៈពេល​ចុងក្រោយ​នេះ។ លោក​ថា​ការរំលោភ​សិទ្ធិមនុស្ស​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិបត្តិសេដ្ឋកិច្ច​ដោយសារ​ទណ្ឌកម្ម​បន្ថែម​របស់​ប្រទេស​លោក​សេរី។

លោក ស៊ឹង សែនករុណា៖«អ៊ីចឹង​គប្បី​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ ដោះស្រាយ​បញ្ហា​ហ្នឹង ហើយ​ចាប់ផ្តើម​ជជែក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ពាក់ព័ន្ធ​ទាំងអស់ ជាមួយ​សហគមន៍​អន្តរជាតិ យើង​រក​ដំណោះស្រាយ​ជា​រួម​ទើប​បាន​សេចក្តី​សុខ​ទាំងអស់​គ្នា។ ប៉ុន្តែ​បើសិន​រដ្ឋាភិបាល​នៅតែ​អនុវត្ត​បែប​ជិះ​សះ​លែងដៃ​ដោយ​អត់​ខ្វល់​ពី​អ្នកណា ដែល​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ ការ​ធ្វើ​ទុក្ខបុកម្នេញ​ដូច​បច្ចុប្បន្ន ខ្ញុំ​យល់​ថា​គ្មានអ្វី​ដោះស្រាយ​ចេញ​ទេ ស្ថានភាព​នៅក្នុង​ប្រទេសជាតិកាន់តែ​ធ្លាក់ចុះ​ដុនដាប​ទៅៗ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​វិញ»។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ស្រប​ពេល​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​បន្ត​ចេញ​សារ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បន្ត​ធ្វើទុក្ខបុកម្នេញ​ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ រួមមាន​ការ​ដាក់កំហិត​លើ​សិទ្ធិ​ចូលរួម​នយោបាយ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​អង្គការ​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ចុងក្រោយ​នេះ​តុលាការ​ដែល​​គេ​មើលឃើញ​ថា ជា​ឧបករណ៍​នយោបាយ​របស់​អ្នកកាន់អំណាច បាន​កាត់​ទោស​ដោយ​អយុត្តិធម៌​ទៅលើ​សកម្មជន​បរិស្ថាន​ចំនួន​១០រូប ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៦ទៅ​៨ឆ្នាំ ពី​បទ​«រួមគំនិតក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ»ហើយ​ក្នុង​នោះ សកម្មជន​ចំនួន​៥រូបត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​គ្នា។ ការរំលោភ​សិទ្ធិមនុស្ស និង​នយោបាយ​ធ្ងន់ធ្ងរ​បែបនេះ​ហើយ ទើប​សហគមន៍​អន្តរជាតិ មាន​សហភាព​អឺរ៉ុប​ជាដើម​បាន​រំលឹក​កម្ពុជា​ជាថ្មី​ អំពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ពីលើ​២០ភាគរយ​ដែល​សហភាព​អឺរ៉ុប​បាន​ដក​ពី​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​សម្រេចចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA) ២០ភាគរយ​កាល​ពី​ខែសីហា ឆ្នាំ២០២០ ពី​កម្ពុជា​នោះ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១១ កក្កដា។

អ្នក​នយោបាយ អ្នកវិភាគ និង​មេដឹកនាំ​សហជីព​ជំរុញ​ដល់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែតបន្ធូរបន្ថយ​កម្តៅ​នយោបាយដោយ​ដោះលែង​សកម្មជន​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​បញ្ចៀស​សម្ពាធ​ការទូត និង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ។

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុអាស៊ីសេរី​ថា បក្ស​កម្លាំងជាតិ​បាន​ផ្ញើ​លិខិត​ជាច្រើន​លើក ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកជាប់ឃុំ​ដោយសារ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ ព្រមទាំង​ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​ជីវភាព និង​ដីធ្លី​របស់​ពលរដ្ឋ​ដែល​ជា​ចំណុច​គន្លឹះ​ក្នុង​ការ​ទាញ​យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​បាត់បង់ ការ​ទាក់ទាញ​អ្នក​វិនិយោគ​ល្អៗ បង្កើត​ការងារ​នៅ​ក្នុង​ស្រុក តែ​រដ្ឋាភិបាល​មិន​បាន​ឆ្លើយតប​នៅឡើយ​ទេ​មក​ដល់ពេល​នេះ។ លោក រ៉ុង ឈុន យល់​ថា ការ​ចាប់​អ្នក​ដែល​មាន​មតិ ឬ​ទស្សនៈ​ផ្ទុយ​ដាក់​ពន្ធនាគារ មិន​បាន​ធ្វើ​ឱ្យ​សង្គម​រីក​ចម្រើន ឬ​សេដ្ឋកិច្ច​មាន​កំណើន​ទៅ​តាម​គោល​នយោបាយ​រដ្ឋាភិបាល​នោះ​ទេ។ ដូច្នេះ​លោក​ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ស្តារ​ប្រជាធិបតេយ្យ​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​កុំ​ឱ្យ​បញ្ហា​ទាំងនេះ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​បង្ក​ឱ្យ​មាន​វិបត្តិ​សង្គម​ជាដើម។

លោក រ៉ុង ឈុន៖«ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​សេដ្ឋកិច្ច ការ​អត់​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ កម្មករ សំខាន់​យើង​ត្រូវ​ស្តារ​ឡើង​វិញ ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ត្រូវ​មាន​ការ​ដោះលែង​ប្អូនៗ​យុវជន អ្នកនយោបាយ មេ​សហជីព សមាគម ​ឱ្យ​ពួកគាត់​មាន​សេរីភាព​ឡើងវិញ ហើយ​មួយទៀត​យើង​ត្រូវ​បោស​សំអាត​នូវ​ការ​ជួញដូរ​មនុស្ស ការ​ចាប់​ជំរិត​តាម​អនឡាញ​ក្តី គឺ​យើង​ត្រូវ​បោស​សំអាត​ដើម្បី​ស្ដារ​នូវ​កិត្តិយស កេរ្តិ៍​ឈ្មោះ​ក្នុង​ការ​ស្រូប​បាន​នូវ​អ្នក​ទេសចរ ក៏​ដូច​ជា​អ្នក​វិនិយោគ​ល្អៗ»។

ចំណែក​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា​ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ លើកឡើង​ថា​កម្មវិធី​អនុគ្រោះ​ពន្ធ​លើ​មុខ​ទំនិញ​នាំចេញ​អ៊ី.ប៊ី.អេ (EBA) របស់​អឺរ៉ុប និង​ជី.អេស.ភី​(GSP) របស់​អាមេរិក នៅតែ​មាន​សារៈសំខាន់​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ការបង្កើត​ឱកាស​ការងារ​នៅ​ក្នុង​ប្រទេស និង​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ជីវភាព​រស់នៅ​សមរម្យ។ លោក​ថា​បើ​សហភាព​អឺរ៉ុប​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម ដោយសារ​សិទ្ធិមនុស្ស​ធ្លាក់​ចុះ​ទៀត​នោះ​លោក​បារម្ភ​ថា កម្ពុជា​អាច​ខាត​បង់​ផល​ចំណេញ​ពី​ការ​អនុគ្រោះ​ពន្ធ​ជា​ច្រើន ​នឹង​នាំ​ឱ្យ​អ្នក​បញ្ជា​ទិញ​ទំនិញ​ពី​រោងចក្រ​ថយ​ចុះ បាត់បង់​ទាំង​អ្នក​វិនិយោគ ​ហើយ​កម្មករ​រាប់​ម៉ឺន​នាក់​ប្រឈម​បាត់បង់​ការងារ និង​គ្មាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ជាដើម។

លោក អាត់ ធន់៖«កាលណា​អត់​មាន​ប្រព័ន្ធ​អនុគ្រោះ​ គឺ​ខាត​ច្រើន​ហើយ ខ្ញុំ​ក្នុង​នាម​ជា​អ្នក​សហជីព​គឺ​យើង​ចង់​បាន​ការងារ​ធ្វើ មាន​ប្រាក់​ចំណូល មាន​សិទ្ធិ​ដល់​កម្មករ ឬ​មាន​និរន្តរភាព​ការងារ អ៊ីចឹង​នៅពេល​មាន​កិច្ចព្រមព្រៀង​យើង​សប្បាយចិត្ត តែ​នៅពេល​ដែល​យើង​ ឮ​ព័ត៌មាន​ថា​គេ​ផ្តាច់ ឬ​គេ​ព្រមាន​គឺ​យើង​ព្រួយបារម្ភ​ដូច​គ្នា ពីព្រោះ​កាលណា​គេ​ផ្តាច់ ឬ​ព្រមាន​យើង​អាច​នាំ​ចេញ​បាន តែ​ក្នុង​កម្រិត​បង់ពន្ធ ប្រសិន​បើ​កន្លែង​ខ្លះ​គេ​មិន​វិនិយោគ​នៅ​ហ្នឹង​គឺ​បាត់បង់​ការងារ បាត់​ប្រាក់​​ចំណូល កម្មករ​របស់​យើង​ពិបាក អ៊ីចឹង​យើង​អត់​ចង់​ឃើញ​បែប​ហ្នឹង​ទេ»។

អ្នកឃ្លាំមើល​លើកឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅតែ​បន្ត​រំលោភ​សិទ្ធិមនុស្ស មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ វា​បង្ហាញ​ឱ្យ​ឃើញ​ថា​មេដឹកនាំ​ក្រុងភ្នំពេញ​គិតគូរ​តែ​ពី​រឿង​ក្រាញ​អំណាច​ជាជាង​ការ​ផ្សះផ្សា​ជាតិ និង​សុខទុក្ខ​របស់​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ។ ពួកគាត់​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ និង​អ្នក​ពាក់ព័ន្ធ​ទៅ​កែ​លម្អ​បញ្ហា​ប្រជាធិបតេយ្យ និង​បើក​លំហ​សេរីភាព​ពលរដ្ឋ​ឡើងវិញ​ដើម្បី​ប្រយោជន៍ជាតិ និង​ពលរដ្ឋខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។