អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​គួរ​លើក​ទឹកចិត្ត​ស្ត្រី​វ័យ​ក្មេង ដែល​ចូលរួម​ការងារ​សង្គម ជា​ជាង​ចាប់​ពួក​គាត់​ដាក់​គុក​បំបាក់​ស្មារតី

អ្នក​ឃ្លាំមើល​ថា រដ្ឋាភិបាល​គួរ​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​វ័យ​ក្មេង ដែល​ចូលរួម​ការងារ​សង្គម​ឱ្យ​បាន​ច្រើន ជា​ជាង​ចាប់​ពួក​គាត់​ដាក់​គុក ដើម្បី​បំបាក់​ស្មារតី។ ពួក​គាត់​ថា ការ​ធ្វើ​បែប​នេះ ពុំ​ផ្ដល់​ផល​ចំណេញ អ្វី​ដល់​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅ​វិញ កម្ពុជា​កាន់​តែ​មាន​ឈ្មោះ​មិន​ល្អ ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស។

បើ​ទោះ​ជា​កម្ពុជា​ដឹកនាំ​តាម​របប​ប្រជាធិបតេយ្យ ក៏​ការ​អនុវត្ត​ជាក់ស្ដែង រដ្ឋាភិបាល​មិន​បាន​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​ឡើយ។ រដ្ឋាភិបាល បាន​ចាប់​ពលរដ្ឋ​ដាក់​គុក​តាម​ទំនើង​ចិត្ត​ដោយសារ​តែ​ការ​បញ្ចេញ​មតិ ឈឺឆ្អាល​រឿង​សង្គម នយោបាយ និង​បញ្ហា​បរិស្ថាន ជា​ដើម ក្នុង​នោះ​ស្ត្រី​វ័យ​ក្មេង​ចំនួន ៩នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» និង​បទ «ញុះញង់» ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ២ឆ្នាំ ដល់ ១០ឆ្នាំ បើសិនជា​តុលាការ​រក​ឃើញ​ថា ពួក​គេ​បាន​ប្រព្រឹត្ត​ល្មើស។

អ្នកប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ បណ្ឌិត សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៦ ខែសីហា ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម និង​យុវជន​ជា​ស្ត្រី គឺ​ជា​រូបភាព​គំរាម​កំហែង បំបាក់​ស្មារតី ព្រោះថា ពួក​គាត់​ទាំង​នោះ​ពុំ​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ បើ​ពិនិត្យ​មើល​បទ​ចោទ​ព្រហ្មទណ្ឌ «រួម​គំនិត​ក្បត់» នេះ​ទៀត​សោត ជា​បទ​ចោទ​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​យុវជន​ជា​ស្ត្រី ដែល​ភាគ​ច្រើន​មាន​វ័យ​ក្មេង ហើយ​កំពុង​តែ​សិក្សា​នៅ​សាកលវិទ្យាល័យ​នៅ​ឡើយ។

គិត​ត្រឹម​ខែកក្កដា ដល់​ខែសីហា មាន​យុវជន​ជា​ស្ត្រី​វ័យ​ក្មេង ចំនួន ៩នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្នុង​នោះ មាន សកម្មជន​បរិស្ថាន​នៃ​ចលនាមាតាធម្មជាតិចំនួន២នាក់ គឺ កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៦ឆ្នាំ អំពី​បទ រួម​គំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ។ ចំណែក សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស កញ្ញា ភឹង សោភា ក៏​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​អំពី​បទ​ញុះញង់ កាល​ពី​ថ្ងៃ​ទី២៣ កក្កដា ក្រោយ​ពី​បញ្ចេញ​មតិ អំពី​គុណសម្បត្តិ និង​គុណវិបត្តិ នៃ គម្រោង​កិច្ច​សហប្រតិបត្តិ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

បន្ថែមពីនេះ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ខែសីហា មានយុវជនជាស្ត្រី ៧នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ។ ក្នុង​នោះ សមាជិក​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ៥នាក់ រួមមាន កញ្ញា រៀម ស្រី ពេជ្ររតនា កញ្ញា កាត់ ស៊ីណាត កញ្ញា នឿន ស្រីណែត កញ្ញា សើន ស្រីម៉ៃ និង​យុវតី​ម្នាក់​ទៀត គឺ​កញ្ញា ឡាច ធីណា ត្រូវ​បាន​ដោះ​លែង ក្រោយ​ពេល​សុំ​ទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។ ចំណែក​បុគ្គលិក​អង្គការ កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) គឺ​អ្នកស្រី សាក់ កន្និការ និង​យុវជន​ស្ម័គ្រ​ចិត្ត លើ​កិច្ចការ​សង្គម កញ្ញា ចៀន សុណា ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ។ អ្នក​ទាំង​នេះ គឺ​ជា​ស្ត្រី​វ័យ​ក្មេង ដែល​មាន​វ័យ​ចន្លោះ ២១ឆ្នាំ ដល់ ៣៣ឆ្នាំ ។

កាល​នៅ​មាន​សេរីភាព ពួក​គាត់​តែងតែ​ឆ្លៀត​ពេល​ចូលរួម​កិច្ចការ​សង្គម​ក្រោយ​ទំនេរ​ពី​ការ​សិក្សា និង​ការងារ​រក​ប្រាក់បំណុល ដូចជា ការ​រៀបចំ​សិក្ខាសាលា វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស បរិស្ថាន និង​ប្រជាធិបតេយ្យ​ជា​ដើម រួម​ទាំង​ដឹកនាំ​យុវជន​ផ្សេង​ទៀត ចុះ​សិក្សា​ស្វែងយល់ អំពី​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃឡង់ និង​តំបន់​ការពារ​ផ្សេងៗ។

ការចាប់ខ្លួនយុវជនស្ត្រីវ័យក្មេង៧ នាក់ ខាង​លើ​នេះ ធ្វើ​ឡើង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​បើក​យុទ្ធនាការ​បង្ក្រាប និង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ ឬ​យុវជន​ណា ដែល​ចូលរួម​តវ៉ា និង​ទាមទារ​រដ្ឋាភិបាល ឱ្យ​ដក​ខេត្ត​ខ្មែរ៤ ចេញ​ពី​គម្រោង​កិច្ច​សហប្រតិបត្តិ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) កាល​ពី​ថ្ងៃ​ទី១៨ ខែសីហា។ ទោះ​ជា​យ៉ាង​ណា​ក្ដី យុវជន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ពុំ​បាន​ពាក់ព័ន្ធ​នឹង​គម្រោង​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រឿង CLV នោះ​ឡើយ។

វិទ្យុអាស៊ីសេរីពុំអាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា រួមនឹង អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែត ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ ខែសីហា។

គិតត្រឹមថ្ងៃទី២៧ ខែសីហា យុវជន​ជា​ស្ត្រី​ទាំង ៩នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ជាក់ស្ដែង សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា ជាប់​ពន្ធនាគារ​នៅ​ខេត្តព្រះវិហារ ចំណែក​កញ្ញា ភួន កែវរស្មី នៅខេត្តពោធិ៍សាត់។ រីឯ​សមាជិក​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ រួមមាន កញ្ញា រៀម ស្រីពេជ្ររតនា កញ្ញា កាត់ ស៊ីណាត កញ្ញា នឿន ស្រីណែត កញ្ញា សើន ស្រីម៉ៃ និង បុគ្គល​អង្គការ​កម្មវិធី​អភិវឌ្ឃន៍​ធនធាន​យុវជន អ្នកស្រី សាក់ កន្និការ និង​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស កញ្ញា ភឹង សោភា កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ម២ រាជធានី​ភ្នំពេញ។ ចំណែក កញ្ញា ចៀន សុណា ជាប់​ពន្ធនាគារ​នៅ​ខេត្តកណ្ដាល។

អ្នកឃ្លាំមើល សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​យុវជន​សង្គម និង​យុវជន​ជា​ស្ត្រី នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​កម្ពុជា​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ។ លោក​បន្ត​ថា កម្ពុជា​ពុំ​ទទួល​បាន​ផល​ចំណេញ​អ្វី ដល់​ប្រទេស​ជាតិ ក្រោយពី ការ​បង្ក្រាប ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​យុវជន​ជា​ស្ត្រី​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ បន្សល់​នូវ​ភាព​អាត្មានិយម​របស់​មេ​ដឹកនាំ​បច្ចុប្បន្ន។

លោក ស៊ឹង សែនករុណា លើក​ឡើង​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​សង្កេត​ឃើញ​ថា ការ​ចូលរួម​ការងារ​សង្គម​របស់​ស្ត្រី​ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​តស៊ូ​មតិ ដើម្បី​យុត្តិធម៌​សង្គម និង ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ថា យុវជន​ទាំង​នេះ ភាគ​ច្រើន ជា​អ្នក​កើត​ចេញ​ពី​គ្រួសារ​ក្រីក្រ ដែល​យល់​ពី​ទុក្ខ​លំបាក និង​មាន​សក្ដានុពល ខ្វល់ខ្វាយ​រឿង​ជាតិ មាន ក្រមសីលធម៌​ខ្ពស់ ប្រកាន់​នូវ​គោលការណ៍​អហិង្សា​និយម ដូច្នេះ ការ​ដែល​តុលាការ ចោទប្រកាន់ ពាក់ព័ន្ធ​បទ​រួម​គំនិត​ណា​មួយ​នោះ វា​ពុំ​ឆ្លុះ​បញ្ចាំង​ស្មារតី​ច្បាប់​ពិត​ប្រាកដ​ឡើយ។

រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ទោស​មនសិការ ចំនួន ៧២នាក់ ត្រូវ​បាន​ចាប់​ខ្លួន។ ក្នុង​នោះ​ស្ត្រី ១៦នាក់។ អ្នក​ការពារ​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះលែង​ពលរដ្ឋ ដែល​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ រួម​ទាំង​យុវជន​ជា​ស្ត្រី​ទាំង ៩នាក់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។