ក្រសួងមហាផ្ទៃឲ្យដឹងថា អត្រាជួញដូរមនុស្ស ធ្លាក់ចុះក្នុងអំឡុងពេល ៦ខែដើមឆ្នាំ២០២២ បើធៀបទៅនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០២១។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ សមត្ថកិច្ចបានបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទបានចំនួន៧៤ករណី ថយចុះ១២៤ករណី បើធៀបក្នុងអំឡុងពេល ៦ខែ ដើមឆ្នាំ២០២១។ បន្ថែមពីនេះ អាជ្ញាធរក៏បានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨៣នាក់ អនីតិជន៧នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសមាន១២នាក់ ដែលមាន ៤សញ្ជាតិ។ សមត្ថកិច្ចក៏បានជួយសង្គ្រោះជនរងគ្រោះចំនួន ១៥៦នាក់ ក្នុងនោះ ក្មេងស្រីអាយុក្រោម១៥ឆ្នាំ មានចំនួន ៦០នាក់។
ការបញ្ជាក់របស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែសីហា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃក្រុមការងារអន្តរក្រសួង និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ ឆ្នាំ២០២២ ដឹកនាំដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ស ខេង ក៏បានគូសបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្នុងតំបន់និងអន្តរជាតិ។ បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងកម្ពុជា និងអាមេរិក ព្រមទាំងណែនាំឱ្យតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដែលអាចពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប។
របាយការណ៍ជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញផ្សាយកាលពីខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាពីក្រុមលេខ ២ មកជាក្រុមលេខ៣វិញ ដោយសារប្រទេសកម្ពុជា ពុំបានចាត់វិធានការគ្រប់គ្រាន់ និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទ និងពលកម្មកុមារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
