តំណាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា បដិសេធទទួលញត្តិរបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយរយៈពេលជិត៣ឆ្នាំមកហើយនោះ។ ការបដិសេធនេះ តំណាងខុទ្ទកាល័យនាយករដ្ឋមន្ត្រី លើកហេតុផលថា ដោយសារតែញត្តិនោះ ខ្វះឯកសារយោងមួយចំនួន។ មន្ត្រីអង្គការសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌ក្រុមកូដករ និងដោះស្រាយបញ្ចប់វិវាទការងារនេះដោយសន្តិវិធី។
តំណាងខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានបដិសេធមិនទទួលយកញត្តិស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ របស់ក្រុមកូដករណាហ្គាវើលដ៍ ក្រោយពីអនុញ្ញាតឲ្យតំណាងសហជីព៣នាក់ ជួប និងជជែកអំពីគោលបំណងនៃការដាក់ញត្តិ។
ប៉ុន្តែតំណាងខុទ្ទកាល័យនោះ មិនទទួលញត្តិរបស់ក្រុមកូដករនោះទេ ក្រោមហេតុផលថា ញត្តិនោះខ្វះឯកសារយោង និងឈ្មោះអ្នកស្នើសុំកិច្ចអន្តរាគមន៍។
តំណាង៖ «នៅក្នុងកម្មវត្ថុអ្នកសរសេរឲ្យច្បាស់នូវគោលបំណង ដែលអ្នកចង់បាន បើ១១នាក់ ដាក់១១នាក់ បើ១២នាក់ ដាក់១២នាក់ អត់មានស្រមើស្រមៃ ថា ថ្ងៃនេះដាក់២០នាក់ ខានស្អែកមួយដាក់២១នាក់ ខានស្អែកមួយទៀតដាក់២២នាក់ ជាធរមាន មានប៉ុន្មាននាក់ ដាក់ប៉ុណ្ណឹងឲ្យច្បាស់នៅក្នុងកម្មវត្ថុ»។
ការដាក់ញត្តិនៅលើកនេះ ក្រុមកូដករជិត៦០នាក់បានជួបជុំគ្នានៅសួនច្បារវត្តបទុមវតី នៅក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ ដើម្បីដង្ហែញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
តំណាងសហជីពណាហ្គាវើលដ៍ លោកស្រី រី សុវណ្ណឌី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ វិច្ឆិកាថា មូលហេតុ ដែលពួកគាត់មិនដាក់ឈ្មោះអ្នកស្នើសុំនៅលើញត្តិ ដោយសារតែមានសំណុំរឿងព្រហ្មទណ្ឌ ដែលថៅកែក្រុមហ៊ុនណាហ្គាវើលដ៍បានប្ដឹងសហជីព នៅតែកើតមានជាបន្តបន្ទាប់។
លោកស្រី រី សុវណ្ឌឌី៖ «ថ្ងៃហ្នឹងខ្ញុំសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកំពុងតែកាន់អំណាចស្នើសុំឲ្យលោកជួយដោះស្រាយពួកយើងផង ពីព្រោះពួកយើងឃើញគាត់ដើរសួរសុខទុក្ខកម្មករផ្សេងៗប៉ុន្តែលើកលែងតែកម្មករណាហ្គា ដែលត្រូវថៅកែរំលោភបំពានហ្នឹង គាត់អត់ ដែលបានមកសួរសុខទុក្ខយើងទេ ហើយក៏មិនដែលមកដោះស្រាយ ឬក៏ប្រាប់ទៅក្រសួងពាក់ព័ន្ធឲ្យដោះស្រាយឲ្យពួកយើងដែរ»។
វិវាទការងារនៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ បានអូសបន្លាយជាច្រើនឆ្នាំគ្មានដំណោះស្រាយ ហើយការដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅពេលនេះ គឺបន្ទាប់ពីរដ្ឋបាលក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ឈប់បុគ្គលិក ដែលជាសហជីពជាង៧០(៧២)នាក់បន្ថែមទៀត ក្រោមហេតុផលក្រុមហ៊ុនមិនត្រូវការពួកគាត់។
អនុប្រធានសហជីពណាហ្គាវើលដ៍កញ្ញា ឈឹម សុខន ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាខកចិត្តចំពោះតំណាងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមិនទទួលយកញត្តិនេះ ។ កញ្ញាបន្ថែមថា គោលបំណង នៃការដាក់ញត្តិ គឺដើម្បីឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាល បានដឹងពីរឿងរ៉ាវវិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍។
កញ្ញា ឈឹម សុខន៖ «ចៀសវាងកុំឲ្យគាត់ឮតាមអ្នកនេះ ឮតាមអ្នកនោះ ហើយធ្វើការចោទប្រកាន់មកលើពួកខ្ញុំ អីចឹងខ្ញុំអត់បាននិយាយរឿងជាក់ស្ដែង ដែលពួកខ្ញុំកើតមានហ្នឹងប្រាប់គាត់ ហើយគាត់ក៏អត់បានទទួលរឿងពិតពីពួកខ្ញុំដែរ ខ្ញុំចង់ឲ្យគាត់បើកការពិភាក្សាមួយ ដែលមានកម្មករទាំងអស់ហ្នឹងចូលរួម ដើម្បីដោះស្រាយបញ្ចប់វិវាទនេះ ហើយបង្ហាញទៅកម្មករទាំងអស់ ឥឡូវកម្មករទាំងអស់គេចាំមើលដំណោះស្រាយរបស់កម្មករណាហ្គាហ្នឹង»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសិទ្ធិការងារនៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ប្រាប់អាស៊ីសេរីថា វិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ មិនត្រឹមតែជាករណីរំលោភសិទ្ធិការងារ និងផលប្រយោជន៍កម្មករប៉ុណ្ណោះទេ តែវិវាទនេះ មានលក្ខណៈជាប្រព័ន្ធ ដែលធ្វើឲ្យការទាមទាររកដំណោះស្រាយរបស់កម្មករ ជួបការលំបាក។ លោកសង្ឃឹមថា ក្រុមកម្មករនឹងទទួលបានយុត្តិធម៌ ប្រសិនបើរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
លោក ឃុន ថារ៉ូ៖ «ខណៈដែលក្រុមហ៊ុនចំណេញរាប់រយលានដុល្លារ កម្មករនិយោជិត ទាមទារចូលធ្វើការងារវិញ កំពុងតែសាងសង់ណាហ្គា៣ ហើយក្រុមហ៊ុនប្រកាសថា វាគឺជាវិបត្តិកូវីដ វាអត់ត្រូវ វាអត់ឆ្លើយតប។ អ៊ីចឹងយើងមានការសោកស្ដាយ ដែលគោលជំហរ ហើយការបកស្រាយរបស់អាជ្ញាធរពាក់ព័ន្ធជាពិសេសក្រសួងការងារ គឺបានលើកយកទឡ្ហីករណ៍ថា ក្រុមហ៊ុនជួបវិបត្តិសេដ្ឋកិច្ច ដែលក្រុមហ៊ុនផ្សេងទៀត គេបញ្ឈប់ដែរម៉េចណាហ្គាមិនអាចបញ្ឈប់បាន ប៉ុន្តែសំណួរសួរថា រោងចក្រសហគ្រាសមួយចំនួន គាត់មានវិបត្តិសេដ្ឋកិច្ច នៃការបញ្ជាទិញ ប៉ុន្តែណាហ្គាអត់មានវិបត្តិ នៃការបញ្ជាទិញទេ ណាហ្គានៅតែចំណេញ»។
អស់រយៈពេលជិត៣ឆ្នាំហើយ ដែលសហជីពណាហ្គាវើលដ៍ ស្វែងរកដំណោះស្រាយវិវាទការងារ ប៉ុន្តែពួកគាត់នៅពុំទាន់ទទួលបានដំណោះស្រាយ ដែលអាចទទួលយកបាននៅឡើយទេ។ ជាងនេះទៅទៀត ក្រុមកូដករ ថែមទាំងត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាល លាបពណ៌ថា ជាអ្នកស៊ីឈ្នួលធ្វើបាតុកម្ម បម្រើផលប្រយោជន៍បរទេស រងការចោទប្រកាន់ពីតុលាការ និងកាត់ទោសដាក់ពន្ធនាគារ។
សហជីពណាហ្គាវើលដ៍ និងមន្ត្រីអង្គការសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌ និងទម្លាក់ការចោទប្រកាន់លើតំណាងសហជីពណាហ្គាវើលដ៍ និងដោះស្រាយបញ្ចប់វិវាទការងារនេះដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។