ស្ត្រី​រងគ្រោះ​ទៅ​ប្រទេស​ចិន​រៀបរាប់​ពី​ការ​បង្ខំ​ឱ្យ​រៀបការ​ប្តី​ជា​មនុស្ស​គ និង​ក្រុម​គ្រួសារ​ចិន​ធ្វើ​បាប

ដោយ សេក បណ្ឌិត
2024.11.03
ស្ត្រី​រងគ្រោះ​ទៅ​ប្រទេស​ចិន​រៀបរាប់​ពី​ការ​បង្ខំ​ឱ្យ​រៀបការ​ប្តី​ជា​មនុស្ស​គ និង​ក្រុម​គ្រួសារ​ចិន​ធ្វើ​បាប ស្ត្រី​រងគ្រោះ​ទៅ​ប្រទេស​ចិន​រៀបរាប់​ពី​ការ​បង្ខំ​ឱ្យ​រៀបការ​ប្តី​ជា​មនុស្ស​គ និង​ក្រុម​គ្រួសារ​ចិន​ធ្វើ​បាប។
RFA

ស្ត្រី​ខ្មែរ​ម្នាក់​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​នៅ​ប្រទេស​ចិន​ បង្ហាញ​ការ​ឈឺ​ចាប់ អស់​សង្ឃឹម និង​បាក់​ទឹក​ចិត្ត​ខ្លាំង​ បន្ទាប់​ពី​បាន​នាង​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ ​ហើយ​ត្រឡប់​មក​ជួបជុំ​គ្រួសារ​នៅ​ស្រុក​កំណើត​វិញ។

ស្ត្រី​​រងគ្រោះ​ថា នាង​រង​ការ​ធ្វើ​បាប​ទាំង​រាង​កាយ និង​ផ្លូវ​ចិត្ត បើ​ទោះបីជា ​នាង​បាន​បង្កើត​កូន​ឱ្យ​គ្រួសារ​ចិន​ក៏​ដោយ។

នាង សុខ សួស្ដី ​គឺ​ជា​ឈ្មោះ ​ដែល​អ្នក​និពន្ធ​ដាក់​ឱ្យ​ស្ត្រី​ខ្មែរ​ម្នាក់​ ធ្លាប់​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​ចិន ហើយ​ទើប​តែ​វិល​មក​ជួបជុំ​គ្រួសារ​នៅ​កម្ពុជា​​វិញ កាល​ពី​ជិត ៣​ខែ​មុន។

នាង សុខ សួស្ដី អាយុ​៣៥​ឆ្នាំ ​កំពុង​រស់​នៅ​ខេត្ត​ឧត្តរមានជ័យ​ ជាប់​និង​ព្រំដែន​នៃ​ប្រទេស​ថៃ ​បាន​ប្រាប់​ថា ​ជីវិត​របស់​នាង​កាល​ពី​រស់​នៅ​ក្នុង​ប្រទេស​ចិន​ គឺ​ប្រៀប​បាន​និង​ទាសករ ​ដែល​ទទួល​រង​តែ​ការ​ជេរ​ប្រមាថ និង​ការ​មើលងាយ​ពី​ក្រុម​គ្រួសារ​​ចិន។

កាល​ពី​ឆ្នាំ​២០១៦ ​ក្នុង​ពេល​ដែល​ស្ថានភាព​គ្រួសារ​ក្រីក្រ​ខ្លាំង និង​ជំពាក់​បំណុល​ធនាគារ​ផង​ រូប​នាង​ត្រូវ​បាន​ស្ត្រី​ម្នាក់​ដែល​នៅ​ផ្ទះ​ជិត​គ្នា​ បោកបញ្ឆោត​នាំ​ទៅ​ប្រទេស​ចិន ​ដើម្បី​ធ្វើការ​បាន​ប្រាក់​ខែ​ច្រើន។ ក៏​ប៉ុន្តែ​ពេល​ទៅ​ដល់​ទីក្រុង​សៀងហៃ (Shanghai) បាន ១​ខែ​ គឺ​ស្ត្រី​ដែល​នាំ​ទៅ​ បាន​បង្ខំ​ឱ្យ​នាង​រៀបការ​ជាមួយ​បុរស​ចិន​ម្នាក់ ​ដែល​ជា​មនុស្ស​គ។ គេ​គំរាម​ថា ប្រសិន​បើ​នាង​មិន​ព្រម​រៀបការ​ទេ​ គឺ​គេ​នឹង​ឱ្យ​នាង​សង​ប្រាក់​ថ្លៃ​រត់ការ​ឯកសារ​មក​ប្រទេស​ចិន​ទាំង​អស់។

បន្ទាប់​ពី​រៀបការ​រួច សុខ សួស្ដី បាន​ក្លាយ​ជា​ទាសករ​នៅ​ក្នុង​គ្រួសារ​របស់​ប្ដី។

នាង​និយាយ​ថា ជា​រៀងរាល់​ថ្ងៃ​ម្ដាយ​ក្មេក ​តែង​បង្ខំ​ឱ្យ​នាង​ចេញ​ទៅ​ធ្វើ​ការ​ខាង​ក្រៅ ហើយ​ពេល​ចូល​មក​ដល់​ផ្ទះ ​ក៏​ត្រូវ​ធ្វើ​ការងារ​ជា​ច្រើន​ទៀត​គ្មាន​ពេល​សម្រាក។

នាង សុខ សួស្ដី៖ «ថ្ងៃ​ណា​ក៏​ម្ដាយ​ក្មេក​ដេញ​ឱ្យ​ទៅ​ធ្វើការ​ម៉ោង​១០-១១​យប់ ​ពេល​ខ្លះ​ធ្វើការ​រហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ ទើប​បាន​មក​ដល់​ផ្ទះ។ ​ក្នុង​១​ថ្ងៃ​គឺ​ខ្ញុំ​ដេក​បាន​តែ ៣​ម៉ោង​ទេ​ ក្រៅ​ពី​នោះ​គឺ​ខំ​ប្រឹង​ធ្វើ​ការ។ ពេល​នៅ​ផ្ទះ​ក៏​ធ្វើការ​ជួន​កាល​ខ្ញុំ​ដេរ​ខោអាវ ​ជួន​កាល​ស៊ីឈ្នួល​ដាក់​រឺស័រ​កាំភ្លើង​បាញ់​ទឹក​របស់​ក្មេងៗ​។ ​បើ​ខោអាវ​ចង់​បាន​ថ្មី​ទាល់​តែ​រក​លុយ​ទិញ​ខ្លួន​ឯង ​បើ​រក​មិន​បាន​ទេ​គឺ​អត់។ ​ចំណែក​បញ្ហា​មិត្ត​ភក្តិ​វិញ​គឺ​ម្ដាយ​​ក្មេក​មិន​ឱ្យ​ទាក់ទង​ជាមួយ​ជនជាតិ​ខ្មែរ​ទេ ​គឺ​ខ្លាច​ខ្ញុំ​រត់​ចេញ​ពី​ផ្ទះ។ ​ម្ដាយ​ក្មេក​ជនជាតិ​ចិន ​ជេរ​តិះដៀល​ខ្ញុំ ​ធ្វើ​ឱ្យ​ខ្ញុំ​ឆ្អែត​និង​ឈឺ​ចាប់​ខ្លាំង​ណាស់»

រយៈពេល​ជាង ៧​ឆ្នាំ ​នាង​បង្កើត​បាន​កូន​ប្រុស​១ ​ជាមួយ​ប្តី​ចិន​ដែល​ជា​មនុស្ស​គ។ បើ​ទោះ​បី​ជា​នាង​បង្កើត​កូន​ឱ្យ​គ្រួសារ​ចិន​ក្តី ​ក៏​ម្ដាយក្មេក​ជនជាតិ​ចិន​ មិន​ឱ្យ​តម្លៃ​លើ​នាង​ទេ ​គឺ​តែង​ជេរ​ប្រមាថ ​មិន​ឱ្យ​នាង​ទាក់ទង​មក​គ្រួសារ​នៅ​កម្ពុជា​ ព្រមទាំង​មិន​អនុញ្ញាត​ឱ្យ​នាង​មើល​ថែ និង​ប៉ះពាល់​កូន ​ព្រម​ទាំង​ប្តី​ផង។

នាង សុខ សួស្ដី៖ «ការ​ឈឺ​ចាប់​បំផុត​គឺ​បន្ទាប់​ពី​ខ្ញុំ​បង្កើត​បាន​កូន​ប្រុស​១ ហើយ ​ប៉ុន្តែ​ម្ដាយ​ក្មេក​មិន​ឱ្យ​ខ្ញុំ​ទទួល​ស្គាល់​កូន​របស់​ខ្លួន​ឯង។ ម្ដាយ​ក្មេក​មិន​ឱ្យ​ខ្ញុំ​​ទៅ​ស្និទ្ធ​ស្នាល​ជាមួយ​ប្តី ​និង​មិន​ឱ្យ​ប្តី​មក​ស្និទ្ធស្នាល​ជា​មួយ​ខ្ញុំ។ ​សូម្បី​តែ​ខ្ញុំ​កើត​កូន​ប្រុស​មក​ ក៏​ម្ដាយ​ក្មេក​មិន​ឱ្យ​ខ្ញុំ​មើល​មុខ​កូន ​គាត់​មិន​ឱ្យ​មើល​ថែ​កូន​និង​ជូន​កូន​ទៅ​សាលា​រៀន​ទេ។ ពេល​ខ្ញុំ​ជូន​កូន​ប្រុស​ទៅ​សាលា​រៀន​ម្ដងៗ ​ម្ដាយ​ក្មេក​តែង​ប្រាប់​ប៉ូលិស ​ឱ្យ​​ឃាត់​ខ្ញុំ ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​សាលា​ទេ។ សូម្បី​តែ​ឌុប​កូន​មក​ផ្ទះ ​ក៏​គាត់​មិន​ឱ្យ​ខ្ញុំ​ឌុប​ដែរ»។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ឱ្យ​ដឹង​ថា រយៈពេល​៩​ខែ​ឆ្នាំ​២០២៤​នេះ ​មាន​ស្ត្រី​ខ្មែរ​ចំនួន ២៩​នាក់ ​ដែល​គេ​ជួញដូរ​នៅ​ក្នុង​ប្រទេស​ចិន។ ​ក្នុង​ចំណោម​ស្រ្តី​ខ្មែរ ​ដែល​គេ​ជួញដូរ​នោះ ​គឺ​ចំនួន​២៨​នាក់​ ត្រូវ​គេ​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​បុរស​ចិន ​ដោយ​មិន​ស្ម័គ្រ​ចិត្ត។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០២៣​ គេ​បាន​ទទួល​និង​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ ​ពី​អំពើ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​ចិន​ចំនួន ២៨​នាក់។

អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា តាម​របាយការណ៍​ដែល​គេ​ទទួល​បាន​ គឺ​មាន​ស្ត្រី​ខ្មែរ​ខ្លះ ​ដែល​ទៅ​រៀបការ​ជាមួយ​បុរស​ចិន ​ត្រូវ​ប្តី​និង​ក្រុម​គ្រួសារ​វាយ​ធ្វើ​បាប​ ជេរ​ប្រមាថ និង​បង្ខំ​ឱ្យ​ធ្វើការ​ធ្ងន់ធ្ងរ​ប្រៀប​បាន​និង​ទាសករ។ ចំណែក​ស្ត្រី​ខ្មែរ​ខ្លះ​ ទៀត​ក្រៅ​តែ​ពី​ទទួល​រង​ការ​វាយ​ធ្វើ​បាប​លើ​រាង​កាយ​និង​ផ្លូវ​ចិត្ត ​ក៏​ត្រូវ​គ្រួសារ​ខាង​ប្តី​យក​ធ្វើ​ជា​អ្នក​បំរើ​ផ្លូវ​ភេទ​រួម​គ្នា ​ធ្វើ​ឱ្យ​អ្នក​ខ្លះ ​ពេល​វិល​ត្រឡប់​មក​ប្រទេស​វិញ មាន​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ មាន​សតិ​មិន​ប្រក្រតី ​ព្រម​ទាំង​បាត់បង់​ការ​ចងចាំ​ផង។

ងាក​មក​នាង សុខ សួស្ដី វិញ​ដោយសារ​តែ​​ទ្រាំ​និង​ការ​ធ្វើ​បាប​លើ​រាង​កាយ​និង​ផ្លូវ​ចិត្ត​មិន​បាន ក៏​ចាប់ផ្ដើម​សន្សំ​លុយ​ទិញ​ទូរស័ព្ទ​ដៃ​១​គ្រឿង​ ក្នុង​តម្លៃ​ប្រមាណ ៦០​ម៉ឺន​រៀល​លុយ​ខ្មែរ ​ឬ​១៥០​ដុល្លារ ​ហើយ​ចាប់ផ្ដើម​ស្វែងរក​អន្តរាគមន៍​ជួយ​សង្គ្រោះ ​តាម​រយៈ​បណ្ដាញ​សង្គម (Facebook) ហើយ​នាង​ត្រូវ​បាន​ជួយ​សង្គ្រោះ​មក​កម្ពុជា​វិញ​ កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៤។

ប្រធាន​ផ្នែក​ការងារ​ស្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អ្នក​ស្រី ស៊ុន ម៉ាលី ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ស្ថានភាព​គ្រួសារ​របស់​នាង​ សុខ សួស្ដី ​កំពុង​ប្រឈម​និង​បញ្ហា​ជា​ច្រើន ​ដោយ​រស់នៅ​ជាមួយ​ម្ដាយ​ចាស់​ជរា ​ឪពុក​ជា​ជនពិការ​ភ្នែក​ដោយ​សារ​សង្គ្រាម ​និង​ប្អូន​ប្រុស​ម្នាក់​ ក៏​មាន​សតិ​មិន​ល្អ។

បន្ទាប់​ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​ឱ្យ​ស្នាក់​នៅ​ក្នុង​មណ្ឌល​​របស់​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា ​ដើម្បី​ជួយ​ស្ដារ​ផ្នែក​សុខភាព​ វិបត្តិ​ផ្លូវ​ចិត្ត និង​អារម្មណ៍​មួយ​រយៈ​រួច​មក​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​កំពុង​ជួយ​ស្ដារ​នីតិសម្បទា​បន្ថែម​​ទៀត​ ព្រម​ទាំង​ជួយ​លើកស្ទួយ​ផ្នែក​ជីវភាព​ប្រចាំ​ថ្ងៃ​ ដល់​ស្ត្រី​រងគ្រោះ​នោះ​ តាមរយៈ​ការ​ផ្ដល់​ម៉ាស៊ីន​ឱ្យ​នាង​ប្រកប​មុខ​របរ​កាត់ដេរ​នៅ​ផ្ទះ។

អ្នកស្រី ស៊ុន ម៉ាលី៖ «វា​ជា​អំណោយ​ផល​មួយ​ដែល​ Case Manager ខាង​ខ្ញុំ​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ទៅ​រក​ឃើញ​ជំនាញ​ដែល​ជា​អំណោយ​ផល​សម្រាប់​ស្ត្រី​រង​គ្រោះ​នោះ ​គឺ​មុខ​របរ​កាត់ដេរ។ ពីព្រោះ​កាល​ពី​មុន​នៅ​ក្នុង​ភូមិ​នោះ មាន​ជាង​កាត់​ដេរ​ម្នាក់​នៅ​ក្នុង​ភូមិ​នោះ ​ប៉ុន្តែ​បច្ចុប្បន្ន​ជាង​កាត់​ដេរ​នោះ ​បាន​ជរា​ទៅ​ហើយ​ ដូច្នេះ​ស្ត្រី​រងគ្រោះ​ក៏​ចេះ​ជំនាញ​កាត់​ដេរ​ដែរ​ ​ធ្វើ​ឱ្យ​នាង​អាច​ចាប់​មុខ​របរ​កាត់​ដេរ​នៅ​ក្នុង​ភូមិ​នោះ​បាន ​ដើម្បី​ទទួល​ប្រយោជន៍​ពី​​តម្រូវការ​របស់​​អ្នក​ភូមិ»។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ពី​ស្ត្រី​ខ្មែរ​ខ្លះ​បែប​នេះ​ក្តី ​ក៏​មន្ត្រី​រដ្ឋាភិបាល​ បដិសេធ​ថា គេ​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទាំង​នោះ​នៅ​ឡើយ​ទេ។

អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ នៃ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា​ថា កន្លង​ទៅ​អ្នក​ស្រី ​ក៏​ធ្លាប់​ជួប​ពិភាក្សា​ជាមួយ​សមត្ថកិច្ច​ចិន​ជុំវិញ​បញ្ហា​នេះ ។ ក៏​ប៉ុន្តែ​សមត្ថកិច្ច​ចិន​បដិសេធ​ថា ​មិន​មាន​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ​ បង្ខំ​ឱ្យ​រៀបការ​នៅ​ប្រទេស​ចិន​ទេ​ គឺ​មាន​តែ​ស្ត្រី​ខ្មែរ ស្ម័គ្រ​ចិត្ត​ទៅ​រៀបការ​និង​ព្រម​ធ្វើ​លិខិត​អាពាហ៍ពិពាហ៍​ជា​មួយ​បុរស​ជនជាតិ​ចិន​ដោយ​ខ្លួន​ឯង។ ចំណែក​ឯ​អំពើ​ហិង្សា​វិញ​គឺ​គ្រាន់​តែ​ជា​ជម្លោះ​នៅ​ក្នុង​គ្រួសារ។

អ្នកស្រី ជូ ប៊ុនអេង៖ «ខ្ញុំ​មិន​និយាយ​ថា​អត់​មាន​ទាំង​អស់​នោះ​ទេ។ មួយ​ចំនួន​ក៏​អាច​មាន​គេ​នាំ​ស្រ្តី​ខ្មែរ​​ទៅ​ប្រទេស​ចិន​តាម​រយៈ​ការ​ជួល​ជា​លុយ​ដែរ។ ក៏​ប៉ុន្តែ​ក្នុង​ករណី​ជា​ទូទៅ​គឺ​ស្ត្រី​ខ្មែរ​ដែល​ទៅ​ប្រទេស​ចិន ​ភាគ​ច្រើន​តែង​មាន​គ្នា​ សាច់​ញាតិ​ឬ​ក៏​បង​ប្អូន​នៅ​ឯ​ប្រទេស​ចិន​ស្រាប់ ​បាន​ហៅ​ឱ្យ​ទៅ​ដោយ​គេ​បាន​សន្យា​ថា នឹង​ជួយ​រក​ប្ដី​ក្នុង​គ្រួសារ​ណា​ល្អ​ឱ្យ​ជា​ដើម។ បន្ទាប់​ពី​រៀបការ​និង​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ជាមួយ​គ្រួសារ​ចិន​រួច​ហើយ ​ដល់​តែ​ពេល​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​គឺ​សមត្ថកិច្ច​ចិន គេ​ប្រើ​ពាក្យ​ថា គឺ​ជា​បញ្ហា​ជម្លោះ​គ្រួសារ​ប៉ុណ្ណោះ»

ក្រសួង​ការបរទេស​អាមេរិក ​បាន​ដាក់​ចំណាត់​ថ្នាក់​លេខ​​៣ ​ឱ្យ​កម្ពុជា​​ដែល​ជា​ចំណាត់​​ថ្នាក់​​ទាប ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​អំពើ​ជួញដូរ​មនុស្ស​ ពីរ​ឆ្នាំ​ជាប់​​គ្នា ​ក្នុង​​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤​​។​

កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០២៤​កន្លង​ទៅ  ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​របាយការណ៍​ដោយ​​ចាត់​ទុក​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​តាម​ស្តង់ដារ​ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​​ការ​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​ទេ ដោយសារ​តែ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន ​បាន​បង្កើត​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ដែល​នៅ​តែ​ផ្ដល់​ឱកាស​ឱ្យ​អំពើ​ឧក្រិដ្ឋកម្ម ​ជួញដូរ​មនុស្ស​​នៅ​តែ​រីក​រាលដាល​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។