អ្នក​ការពារ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​អ្នក​នយោបាយ​បញ្ឈប់​ការ​ចោទប្រកាន់​គ្នា​ជុំ​វិញ​ករណី​ឃាតកម្មលោក​ ជា វិជ្ជា​

0:00 / 0:00

អ្នក​ការពារសិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​អ្នក​នយោបាយ​បញ្ឈប់​ការ​ចោទប្រកាន់​គ្នាជុំ​វិញ​ករណី​ឃាតកម្ម​ លោក​ ជា វិជ្ជា ដោយ​ត្រូវ​ផ្តោត​សំខាន់​លើ​ការ​រក​យុត្តិធម៌​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​សហជីពរូប​នេះ​វិញ​ ទើប​ជា​រឿង​ត្រឹម​ត្រូវ។ ការ​ស្នើនេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច បាន​ថ្លែងថា​ វា​ជា​រឿង​សមហេតុផល​ ដែល​ថា​លោក​ ជា វិជ្ជា អាច​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​អ្នក​ប្រឆាំង ក្នុង​គោល​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របបក្រុង​ភ្នំពេញ។

អ្នក​ការពារសិទ្ធិមនុស្ស​អះអាង​ថា រឿង​ធំ​បំផុត​នៅ​ពេល​នេះ គឺ​ជា​ការ​រក​យុត្តិធម៌​ជូន​លោក​ ជា វិជ្ជា និង​ក្រុម​គ្រួសារ​របស់​គាត់ ដែល​រង​ភាព​អយុត្តិធម៌ និង​ការ​វិនាស​ព្រាត់ប្រាស់​គ្នា​អស់រយៈពេល ១៥ ឆ្នាំ​កន្លង​ទៅ​ មិន​មែន​ជា​ការ​ចោទប្រកាន់ ឬ​ទម្លាក់​កំហុស​ទៅលើ​ក្រុម​ណាមួយ​នោះឡើយ។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក​ អំ សំអាត ថ្លែងថា របបក្រុង​ភ្នំពេញ​នឹង​មិន​អាច​លាង​ជម្រះ​នូវ​មន្ទិល​សង្ស័យ​របស់​សាធារជន​បាន​ឡើយ​ទាក់ទង​នឹង​អំពើ​ឃាត​​កម្ម​​លើ​លោក​ ជា វិជ្ជា​ ដរាបណា​របបនេះនៅ​តែ​​មិនអាច​​នាំខ្លួន​ជន​ដៃដល់​ពិត​ប្រាកដ និង​អ្នក​ពាក់ព័ន្ធ យក​មក​ផ្តន្ទាទោសតាម​ផ្លូវ​ច្បាប់​បាន​ទេនោះ។ លោក​ជឿជាក់​ថា សមត្ថកិច្ច​កម្ពុជា​មាន​ជំនាញ​គ្រប់​គ្រាន់​ក្នុង​ការ​បំបែករឿង​​ក្តី​នេះ ក៏​ប៉ុន្តែទំនង​ដោយសារ​រឿង​នេះ​មាន​អាថ៌​កំបាំងធំ​នៅ​ពីក្រោយ​ ទើបត្រូវ​អូស​បន្លាយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន៖ «ខ្ញុំ​គិត​ថា ដើម្បី​ឱ្យ​វា​មាន​តម្លាភាព និង​មិន​ចង់​ឱ្យ​មាន​ការ​រិះគន់​បន្ត​ទៀតទៅលើ​អាជ្ញាធរ ឬ​ក៏​រដ្ឋាភិបាល​ទេ អ្វី​ដែល​សំខាន់​ត្រូវ​រក​ឱ្យ​ឃើញ​ថា ជន​ដៃ​ដល់​ហ្នឹង​ជា​នរណា អ្នក​ណា​ខ្លះ​ដែល​ពាក់ព័ន្ធ អ្នក​ណា​ខ្លះ​ដែល​នៅ​ពីក្រោយ​ខ្នង។ នេះ​វា​ជា​ការ​​ល្អជាង ដែល​យើង​គ្រាន់​តែលើក​ បោះពាក្យ​សម្តី​ ឬក៏​បង្វិល​ករណី​នេះ​អ៊ីចេះអ៊ីចុះ ដើម្បី​គេច​ពីការ​ស្វែង​រក​ការ​ពិត និងរក​យុត្តិធម៌សម្រាប់​ជន​រងគ្រោះ​ និង​ក្រុមគ្រួសារ ពីព្រោះ​រឿង​ទាំង​អស់​នេះ​ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស៊ើប​អង្កេត​​រក​អ្នក​​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ គឺ​រដ្ឋាភិបាល»

ប្រតិកម្ម​របស់​អ្នក​ការពារសិទ្ធិមនុស្ស​នេះ ដោយ​សារ​មន្ត្រី​ជាន់ខ្ពស់​ និង​ជា​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ បាន​បញ្ចេញ​វោហារស័ព្ទ បែប​បញ្ឆិត​បញ្ឆៀងថា គណបក្ស​ប្រឆាំង​ជា​អ្នកនៅ​ពីក្រោយ​ខ្នង​អំពើ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ដូច​ទៅនឹង​អ្វី​ដែល​របបនេះ​បាន​ថ្លែង​ក្រោយ​ពេល​អំពើឃាតកម្ម​លើ​បណ្ឌិត កែម ឡី យ៉ាងដូច្នេះដែរ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ​ ឥសាន បាន​សរសេរនៅ​ក្នុង​បណ្តា​ញ​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី១៤ មករា ដោយអះអាងថា មហាជន​​​សង្ស័យ​ថា ឃាតកម្ម​លើ​លោក​ ជា វិជ្ជា កើត​ចេញ​ពី​មជ្ឈដ្ឋាន​ប្រឆាំង​ ដោយសារ​តែ​ក្រុម​មេដឹកនាំបក្សប្រឆាំងកាល​ពី​ឆ្នាំ ១៩៩៨ បាន​ជំរុញ​ឱ្យ​លោក​ ជា វិជ្ជា ដឹក​នាំ​បាតុកម្ម​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត និង​ទាម​ទារ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​ ជាថ្នូរ​នឹង​ការ​ឱ្យ​រូប​លោក​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​អាណត្តិ​បន្ទាប់។ លោក​បន្ត​អះអាង​ទៀត​ថា ក៏​ប៉ុន្តែនៅ​ពេល​រៀប​ចំ​បញ្ជី​បេក្ខ​ជន​ឈរឈ្មោះ​តំណា​ងរាស្ត្រ​សម្រាប់​នីតិកាល​ទី៣ លោក​ ជា វិជ្ជា​ មិន​មាន​ឈ្មោះ​នោះ​ឡើយ​ ទើប​មេ​សហជីព​រូប​នេះ​​លែង​ដឹក​នាំ​បាតុកម្ម​ធំ​ដូច​កាល​ពី​មុន​ទៀត។

លោក​ សុខ ឥសាន សរសេរ​ដោយ​ដាក់​សញ្ញា​សួរ​ថា ការ​ឈប់​ដឹក​នាំ​បាតុកម្ម​ និង​ការ​ដឹង​រឿង​បក្ស​ប្រឆាំង​ច្រើន​ ទើប​កើត​មាន​ករណី​ឃាតកម្ម​នេះនៅ​ដើម​ឆ្នាំ ២០០៤ ដូច្នេះ​តើ​អំពើ​ឃាតកម្ម​នេះ​អាច​ចេញ​មក​ពី​ប្រភព​ណា? លោក​សរសេរ​បន្ថែម​ថា តាម​ការ​ប៉ាន់ស្មាន​របស់​មហាជន​ ឃាតកម្ម​នេះ​មាន​ប្រភព​ចេញ​ពី​មជ្ឈដ្ឋាន​ប្រឆាំង​ ដើម្បី​បំបិទ​មាត់​ និង​ដាក់​កំហុស​លើ​រដ្ឋាភិបាល​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សន្តិសុខ​ និង​សុវត្ថិភាព​សង្គម​ តាម​បែប​ស្វា​ស៊ី​បាយ​លាបមាត់​ពពែ។ លោក​បន្ត​អះអាង​ថា ដោយសារ​តែមូល​ហេតុ​នេះ​ហើយ ទើប​រឿង​នេះ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ស៊ើប​អង្កេត ហើយ​សូម្បី​តែ​ប្រពន្ធ​កូន​របស់​លោក​ ជា វិជ្ជា ក៏​ត្រូវ​បាន​គេ​បំបរ​បង់​ឱ្យ​ទៅ​នៅ​ប្រទេស​ឆ្ងាយ​ដាច់​សង្វែង​ផង​ដែរ។

អាស៊ីសេរី​បាន​សាកសួរ​ទៅ​លោក សុខ ឥសាន បន្ថែម​ថា តើ​លោក​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា គណបក្ស​​ប្រឆាំង​ជាអ្នក​នៅ​ពីក្រោ​យខ្នង​ឃាតកម្ម​ដ៏​រសើប​មួយ​នេះ លោក​បាន​ឆ្លើយ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។ លោក​បញ្ជាក់​ថា ការ​សរសេររៀប​រាប់​នេះ​ គឺ​​ជា​ការ​លើក​ឡើង​របស់​មហាជន​ដែល​លោក​ធ្លាប់​បាន​ឮ ក៏​ប៉ុន្តែខ្លួន​លោក​ផ្ទាល់​​យល់​ថា នេះ​ជារឿង​សមហេតុ​ផល៖ «ខ្ញុំ​មើល​ទៅ​វា​ដូច​សមហេតុ​ផល​ខ្លះ​ដែរ ព្រោះ​ថាឆ្នាំ ( ១៩ ) ៩៨ នោះគឺ សម រង្ស៊ី បាន​សន្យា​ជាមួយ​លោក​ ជា វិជ្ជា ដើម្បី​ឱ្យ​ខំ​ធ្វើ​បាតុ​កម្ម​ខ្លាំង​ក្លា​មែន​ទែន​ទៅ ដល់​ឆ្នាំ ២០០៣ ឱ្យ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​។ អ៊ីចឹងយើង​ឃើញ​ហើយ​ថា នៅ​ចន្លោះ​ឆ្នាំ ( ១៩ ) ៩៨ ដល់ ២០០៣ ធ្វើ​បាតុកម្ម​ខ្លាំង​មែន​ទែន​ ដល់​ពេល​រៀប​បញ្ជី​ឈ្មោះ​មក​ វា​អត់​មាន​ឈ្មោះ​ ជា វិជ្ជា។ អ៊ីចឹង​ក្រោយ​ឆ្នាំ ២០០៣ គាត់​មាន​ធ្វើ​បាតុកម្ម​ឯណា អត់​ទេ។ នេះ​ជា​ហេតុផល​ដែល​ឱ្យ​យើង​ពិចារណា»

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) ​និង​ជា​អតីត​សមាជិក​ គ.ជ.ប ​កូតា​គណបក្ស​ សង្គ្រោះ​ជាតិ​ លោក រ៉ុង ឈុន ថ្លែងថា ការ​រៀប​រាប់​ទាំង​អម្បាលម៉ាន​របស់​លោក​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​នេះ គឺ​ជា​រឿង​បំផ្លើស​​ខុស​ពី​ការ​ពិត។ លោក​​អះអាង ឃាតកម្ម​លើ​អតីត​សហការី​របស់​លោក​ មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​ទៅ​វិញ​ទេ ដោយសារ​​​លោក​ ជា វិជ្ជា ធ្លាប់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​នៅ​ពេល​ទទួល​បាន​សារគំរាម​សម្លាប់​តាម​ទូរស័ព្ទ ប៉ុន្តែ​សមត្ថកិច្ច​បាន​ប្រាប់​ទៅ​លោក ជា វិជ្ជា វិញ​ថា ពួក​គេ​មិន​អាច​ចាត់​ការ​រឿង​នេះ​បាន​ឡើយ​ ដោយសារ​ម្ចាស់​លេខ​ទូរស័ព្ទ​នោះ​ជា​មន្ត្រី​ដែល​មាន​អំណាច​ខ្លាំង​ក្នុង​​ជួរ​រដ្ឋាភិបាល។ លោក​ជឿ​ជាក់​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ករណី​​ឃាតកម្ម​នេះ​មែន​ អាជ្ញាធរ​​របប​លោក ហ៊ុន សែន ​នឹង​មិន​ទុក​អូស​បន្លាយ​ដល់​ពេល​បច្ចុប្បន្ន​នេះ​ឡើយ៖ «យើង​បាន​ប្តឹង​ប៉ូលីស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់រាជធានី​ភ្នំពេញ។ ពីរ​បី​ថ្ងៃ​ក្រោយ​មក​ ប៉ូលីស​ហ្នឹង​ក៏​បាន​ផ្តល់​ចម្លើយ​មក​វិញ​ថា គាត់​មិន​អាច​ប៉ះពាល់​ម្ចាស់​លេខ​ទូរស័ព្ទហ្នឹង​បាន​ទេ ពី​ព្រោះ​មាន​ឋានៈ​តួនាទី​ធំ​នៅ​ក្នុង​រដ្ឋាភិបាល។ ហើយ​ភ្ជាប់​ជាមួយ​នោះ​ផង នគរបាល​ហ្នឹង​ក៏​បាន​សុំឱ្យ​លោក​ ជា វិជ្ជា រក​កន្លែង​សុវត្ថិភាព​ ព្រោះ​គាត់​មិន​អាច​ជួយ​បាន​ទេ ពីព្រោះ​គេ​ធំ។ អ៊ីចឹង​អំពើ​ឃាតកម្ម​ហ្នឹង វា​ទាក់ទង​ទៅ​នឹង​អ្នក​ដែល​មាន​ឋានៈតួនាទី​នៅក្នុង​ជួរ​រដ្ឋាភិបាល ហើយ​អ្វី​ដែល​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ គ្រាន់តែ​ជា​ការ​លាង​ខ្លួន​ បង្វែរ​ការ​ពិត​តែប៉ុណ្ណឹង​ទេ»

ប្រធានសហជីពសេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ ក្នុង​ពេល​ដែល​​កម្ពុជា​កំពុង​ជួប​វិបត្តិជាប់​គាំង​​នយោបាយនៅ​​ក្រោយ​ពេល​បោះ​ឆ្នោត ឆ្នាំ​២០០៣។

ក្រៅពី​ជា​​​មេ​​សហជីពការ​ពារសិទ្ធិ​កម្មករ​នោះ លោក​ ជា វិជ្ជា ក៏​ជា​​​សកម្មជន​គណបក្ស សម រង្ស៊ី និង​មាន​ទំនាក់​​ទំនង​ជិត​ស្និទ្ធ​​ជាមួយ​លោក​​ សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​ផងដែរ។ លោក​តែងតែ​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ ប្រជាជន​កម្ពុជា ដើម្បី​ទាមទារ​ផល​ប្រយោជន៍​ផ្សេងៗ ​ជូន​កម្មករ។

នៅមុន​ពេល​ធ្វើឃាត​ លោក ជា វិជ្ជា ត្រូវ​បាន​គេ​គំរាម​សម្លាប់នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៣ បន្ទាប់ពី​លោកបាន​​ប្រកាស​ឲ្យ​សមាជិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ ឱ្យ​​គាំទ្រ​គណបក្ស សម រង្ស៉ី។ ទោះ​បី​មាន​សារ​គំរាម​សម្លាប់​ក្តី មេសហជីព​រូប​នេះ​មិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឡើយ ព្រោះ​លោក​ចង់​បន្ត​ការ​​តស៊ូ​ដើម្បី​ផលប្រយោជន៍​កម្មករ សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ភាពយន្ត​ឯកសារស៊ើបអង្កេត​ដែល​មាន​ចំណងជើង​ថា “នរណាសម្លាប់​ ជា វិជ្ជា?” បាន​បង្ហាញ​ថា អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​អំពើ​ឃាតកម្ម​នេះ គឺ​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ហុក ឡង់ឌី ហើយ​អតីត​ស្នងការ​​នគរបាល​ក្រុង​​ភ្នំពេញ លោក ហេង ពៅ ដែល​ធ្លាប់​ជា​កូន​ចៅ​របស់​លោក​ ហុក ឡង់ឌី ផ្ទាល់​ ក៏​ធ្លាប់បាន​អះ​អាង​ដែរ​ថា ដន្លង​របស់​លោក​ ហ៊ុន សែន រូប​នេះ គឺ​ជា​អ្នក​បញ្ជា​ឲ្យ​លោក​ចាប់​​ខ្លួន​ឃាតករ​សិប្បនិម្មិត​​ពីរ​នាក់ គឺ​ ប៊ន សំណាង និង សុខ សំអឿន ឱ្យ​មក​ទទួល​ខុស​ត្រូវ​លើ​អំពើ​ឃាតកម្ម​នេះ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ចាត់​ទុក​ចម្លើយ​របស់​លោក​ ហេង ពៅ នេះ​ថា មិន​អាច​យក​ជា​ការ​បាន​ ព្រោះ​អតីត​ស្នងការ​ក្រុង​ភ្នំពេញ​រូប​នេះ មិន​ត្រូវ​គ្នា​ជាមួយ​លោក​ ហុក ឡង់ឌី នោះឡើយ៖ «ខ្ញុំ​មិន​មែន​សមត្ថកិច្ច​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ហុក ឡង់ឌី ជាមួយ​នឹង ហេង ពៅ ហ្នឹង​មិន​ត្រូវ​គ្នា​ទេ អ៊ីចឹង​ការ​និយាយ​នេះ​ គឺ​ការ​ដែល​គាត់​អស់​សង្ឃឹម​នៅ​ក្នុង​ឆាក​ជីវិត​របស់​គាត់ ដែល​គាត់​ត្រូវ​ជាប់​ពិរុទ្ធ​នៅ​ក្នុង​ពន្ធនាគារ។ គាត់​ចេះ​តែ​ឆ្លើយ​ ចេះ​តែ​ថា ដាក់​អ្នក​នេះ អ្នក​នោះ​ទៅ»

កាលពី​ឆ្នាំ​២០១៥ កន្លងទៅ លោក ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ ដើម្បី​​ស៊ើប​អង្កេតជា​ពិសេស​លើករណី​​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ប៉ុន្តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន មិន​ទាន់​បាន បង្ហាញ​តម្រុយ​ណា​មួយ​​ពី​ការ​ស៊ើប​អង្កេត​នេះ​នៅ​ឡើយ​ទេ។ មក​ដល់​ឆ្នាំ ២០១៩ ដែល​ជា​ខួប​ ១៥ ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា នេះ អាជ្ញាធរ​របបក្រុង​ភ្នំពេញ​នៅ​តែ​អះអាង​ដដែលៗ ថា ករណី​នេះ​នៅតែ​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​នៅឡើយ​ ហើយ​សមត្ថកិច្ច​នឹង​មិន​បិទ​សំណុំ​រឿង​នេះ​ជាដាច់​ខាត ដរាបណា​ជនល្មើស​មិន​ត្រូវ​បាន​នាំខ្លួន​យក​មក​ផ្តន្ទាទោស​នោះ។

ប្អូន​ប្រុស​បង្កើត​លោក ជា វិជ្ជា លោក ជា មុន្នី ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយ​សារ​ការ​តាម​ធ្វើ​​ទុក្ខ​បុក​ម្នេញ​ពី​លោក ហ៊ុន សែន ផង​នោះ បាន​អះអាង​ថា គណៈកម្មាការ​អន្តរ​ក្រសួង ដែល​បាន​បង្កើត​ឡើង​ដោយ​​របប​លោក ហ៊ុន សែន នេះ គ្មាន​ប្រយោជន៍​ឡើយ ពី​ព្រោះ​ថា​របប​នេះ គ្មាន​ឆន្ទៈ​ស៊ើប​អង្កេត​រក​ឃាតករពិត​ និង​អ្នក​ជាប់​ពាក់​ព័ន្ធ​ឡើយ។ លោក ជា មុន្នី អះអាង​ថា អ្នក​ដែល​បញ្ជា​ឲ្យ​សម្លាប់​លោក ជា វិជ្ជា គឺ​ជាមន្រ្តី​មាន​អំណាច​ធំ​នៅ​ក្នុង​របប​លោក ហ៊ុន សែន ព្រោះ​ថាមាន​ភស្ដុតាង​ជា​ច្រើន​ដែល​បញ្ជាក់​ថា​ អ្នក​ណា​ជា​ឃាតករ និង​អ្នក​ជាប់​ពាក់​ព័ន្ធ ផ្ទុយ​ទៅ​វិញ​គណៈកម្មាការ​ស៊ើប​អង្កេត​នេះ មិន​បាន​បង្ហាញ​របាយការណ៍​ស៊ើប​អង្កើត​ណា​មួយ ​ក្រៅ​ពី​បាន​ចាប់​ឃាតក​សិប្បនិម្មិត ប៊ន សំណាង និង​ សុខ សំអឿន នោះឡើយ៖ «ការ​សម្លាប់​លោក ជា វិជ្ជា គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ជាប់​ពាក់ព័ន្ធ​នឹង​ឧត្តម​មន្រ្តី​ធំៗ ហើយ​ការ​សម្លាប់​នេះ​ទៀត យើង​មាន​ភស្ដុតាង​ជា​ច្រើន ដូច​ជា លោក ហេង ពៅ ធ្លាប់​ប្រាប់​ថា លោក ហុក ឡី ជា​អ្នក​បញ្ជា​ឲ្យ​ចាប់ ប៊ន សំណាង និង សុខ សំអឿន ជា​សាក្សី​ក្លែងក្លាយ និង​ភស្ដុតាង​អ្នកស្រី វ៉ា សូធី អ្នក​លក់​កាសែត​ហ្នឹង​ក៏​ដឹង ហើយ​មក​ទល់​ពេល​នេះ ពុំ​មាន​ការ​ស៊ើប​អង្កេត​រក​ឃើញ​អ្វី​ទាំង​អស់»

ទោះ​ជា​យ៉ាង​ណា អ្នក​ការពារ​សិទ្ធិមនុស្ស​យល់​ថា ប្រសិន​បើ​អាជ្ញាធរ​មាន​ឆន្ទៈពិត​ប្រាកដ​ក្នុង​ការវែកមុខ​រក​ឃាតក និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​នេះ ករណី​នេះ​នឹង​មិន​មែន​អូស​បន្លាយ​ពេល​ដល់​ជាង ១០ឆ្នាំ​ បែប​នេះ​ឡើយ។ អ្នក​ការពារសិទ្ធិមនុស្ស​​នៅ​តែ​ជំរុញ​ឱ្យ​របបក្រុង​ភ្នំពេញ​លុប​បំបាត់​អំពើ​និទណ្ឌភាព​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា និង​សកម្មជន​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​ពង្រឹងនីតិរដ្ឋ និង​ជម្រះ​មន្ទិល​របស់​សាធារណជន​ និង​សហគមន៍​អន្តរជាតិ។ ជាពិសេស​ ពួក​គេ​សង្កត់​ធ្ងន់​ថា ថ្នាក់ដឹកនាំ​របបក្រុង​ភ្នំពេញ​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​គ្រប់​បញ្ហា​ទាំងអស់​ដែល​កើត​ឡើង​ក្នុង​សង្គម មិនអាច​ឆ្លើយ​ទម្លាក់​ទៅលើ​ក្រុម​ណា​មួយ​ ឬ​គណបក្ស​ណា​មួយ​បាន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។