គ្រួសារ​លោក រ៉ាត់ រត្នមុនី តវ៉ា​ជា​លើក​ទី៦ សុំ​ឱ្យ​​ទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ដោះ​លែង​រូប​លោក

0:00 / 0:00

ក្រុម​គ្រួសារ​លោក រ៉ាត់ រត្នមុនី​ តវ៉ា​​​មុខ​ស្ថាន​ទូត​រុស្ស៊ី​ជា​លើក​ទី ៦ នៅ​ថ្ងៃ​ទី២០ កុម្ភៈ ដើម្បី​សុំ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​។ ដូចសព្វដង ស្ថាន​ទូត​រុស្ស៊ី​មិន​បាន​ចេញ​មក​ជួប​ក្រុម​គ្រួសារ​លោក រ៉ាត់ រត្នមុនី ឡើយ ខណៈ​ការ​តវ៉ា​ធ្វើ​ឡើង​ដោយ​ស្ងៀម​ស្ងាត់ នៅ​ម្ខាង​ផ្លូវ​មុខ​ទូត​រុស្ស៊ី។

ភរិយា​លោក រ៉ាត់ រត្នមុនី គឺ​អ្នកស្រី ឡុង គីមហ៊ាង ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា ទោះ​បី​ជា​ការ​តវ៉ា​ច្រើន​លើក​មក​នេះ មិន​ទាន់​ទទួល​បាន​លទ្ធផល​អ្វី​ក៏​ដោយ ក៏​អ្នក​ស្រី​មិន​បញ្ឈប់​សកម្ម​ភាព​នេះ​ដែរ ព្រោះ​អ្នក​ស្រី​យល់​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រូវ​តែ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ ដោយ​សារ​ក្រុង​មូស្គូ (Moscow) ជា​អ្នកបង្កើត និង​​គាំទ្រ​សារព័ត៌មាន​ RT (Russia Today)។ អ្នក​ស្រី​បន្ត​ថា ភាពយន្ត​ឯកសារ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ ដែល​ស្វាមី​អ្នក​ស្រី​បាន​ជួយ​ផលិត​ឱ្យ​សារព័ត៌មាន RT នោះ គឺជា​រឿង​ពិត​ ហើយ​ស្វាមី​អ្នក​ស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​នោះ​ឡើយ៖ «រឿង​ដែល​គាត់​បក​ប្រែ​សម្របសម្រួល​ឱ្យ​កាសែត​រុស្ស៊ី​ហ្នឹង ជា​ខ្សែ​ភាព​យន្ត​ឯកសារ​ដែល​បង្ហាញ​ពី​ជីវិត​របស់​ក្មេង​ស្រី​ក្រីក្រ​កម្ពុជា ដែល​ប្រឹង​ប្រែង​​ដើម្បី​រស់​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​តែ​ប៉ុណ្ណោះ ហើយ​ទាម​ទារ​ឱ្យ​មានការ​ដោះស្រាយ​ និង​អន្តរាគមន៍។ បើ​នៅ​តែ​បន្ត​ការ​ឃុំ​ឃាំង​ប្ដី​ខ្ញុំ​បែបនេះ វា​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​វាយ​ប្រហារ​ទៅលើ​កាសែត​អន្តរជាតិ​ ជាពិសេស​ គឺ​កាសែត RT ហើយ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ឱ្យ​តម្លៃ​ទៅ​រដ្ឋាភិបាល​រុស្ស៊ី​ទេ ហើយ​ជា​ការ​ប្រមាថ​មើល​ងាយ​ពី​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​រដ្ឋាភិបាល​រុស្ស៊ី ព្រោះ​ RT តំណាង​ឱ្យ​ពលរដ្ឋ​រុស្ស៊ី ហើយ​ក៏​តំណាង​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ដែរ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ ​“ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ដែល​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ ប្រសិន​បើ​តុលាការ​សម្រេច​ឱ្យ​លោក​មាន​ទោស។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចោទ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ថា​បាន​ឱ្យ​លុយ​ប្រភព​ ដើម្បី​និយាយ​ប្រឌិត​សាច់​រឿង​ក្នុង​ភាព​យន្ត​ឯកសារ​ជួញ​ដូរ​ផ្លូវភេទ ដែល​មាន​ចំណងជើង​ថា “ម្តាយ​ខ្ញុំ លក់​ខ្ញុំ” ដែល​លោក​បាន​ជួយ​ផលិត​ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្ស៊ី។

លោក​បាន​ជាប់​ឃុំ​​​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ពេល​ជាង ២ ខែ​មក​ហើយ ដោយ​​តុលាការ​ក្រុង​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍​​បាន​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ ក្រោម​ហេតុផល​ថា ដើម្បី​​រំលត់​ក្តី​​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​គាប​សង្កត់​សាក្សី ឬ​​ជន​រងគ្រោះ បង្ការ​បទល្មើស​កុំ​ឱ្យ​កើត​ជាថ្មី និង​រក្សា​រូប​លោក​​ទុក​​ឱ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី។

មេធាវី​សមាគម​ អាដហុក (ADHOC) លោក សំ ទិត្យសីហា ថ្លែង​ថា ខាង​សហ​មេធាវី​កំពុង​រង់​ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ជុំ​វិញ​បណ្ដឹង​សុំ​នៅ​ក្រៅ​របស់​លោក​ រ៉ាត់ រត្នមុនី ក្រោយ​ដាក់​បណ្ដឹង​សាទុក្ខ កាល​ពី​ថ្ងៃ​ទី៦ កុម្ភៈ​កន្លង​ទៅ។ លោក​បន្ត​ថា ខាង​មេធាវី​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ជាមួយ​ភស្តុតាង​ដោះ​បន្ទុក​គ្រប់គ្រាន់ ហើយ​លោក​រំពឹង​ថា តុលាការ​កំពូល​នឹង​អនុញ្ញាត​ឱ្យ​កូន​ក្ដី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ៖ «លោក រ៉ាត់ រត្នមុនី ដែល​ជា​ជន​ត្រូវ​ចោទ​ហ្នឹង គឺ​គាត់​គ្មាន​ឥទ្ធិពល​ណាមួយ​ទៅ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​រឿង​ក្តី​នេះ​ទេ។ ចំណុច​មួយ​ទៀត​ទាក់ទង​ទៅ​នឹង​ការ​គំរាម​កំហែង​ ឬក៏​គាប​សង្កត់​ទៅលើ​សាក្សី​ ឬក៏​ទៅលើ​ជន​ពាក់ព័ន្ធ​ណា​មួយ គាត់​គ្មាន​លទ្ធភាព​នោះ​ទេ។ ​ចំណុច​មួយ​ទៀត​ គឺ​គាត់​ជា​មនុស្ស​មួយ​សំខាន់​ក្នុង​ការ​ជួយ​ទំនុក​បម្រុង​​ក្រុម​គ្រួសារ»

អ្នក​ស្រី ឡុង គីមហ៊ាង យល់​ថា អាជ្ញាធរ​ហាក់​ព្យាយាម​ដាក់​បន្ទុក​ទៅលើ​ស្វាមី​​អ្នក​ស្រី​ ដែល​ត្រឹម​តែ​ជា​អ្នក​បក​ប្រែ និង​សម្របសម្រួល​ការ​ចុះ​ថត​វីដេអូ​របស់​ក្រុម​ការងារ​សារព័ត៌មាន RT។ អ្នក​ស្រី​យល់​ឃើញ​បែបនេះ ព្រោះ​មក​ទល់​នឹង​ពេល​នេះ​ អាជ្ញាធរ​មិន​បាន​រ​កោះហៅ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ជាពិសេស​ភាគី​សារព័ត៌មាន​ RT ឱ្យ​មក​ឆ្លើយ​បំភ្លឺ​ពី​ដំណើរ​រឿង​នៃ​ការ​ផលិត​ភាព​យន្ត​ឯកសារ​ “ម្តាយ​ខ្ញុំ​ លក់​ខ្ញុំ​” នោះ​នៅឡើយ​ទេ។

អ្នក​ស្រី​បញ្ជាក់​ថា អ្នកស្រី​​​កំពុង​រង់​ចាំ​ការ​សម្រេច​របស់​តុលាការ​កំពូល​ជុំ​វិញ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​ស្វាមី មុន​នឹង​ពិចារណា​ក្នុង​ការ​ដាក់​បណ្ដឹង​សុំ​អន្តរាគមន៍​ករណី​នេះ​ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។