ម្តាយ​ក្មេង​ប្រុស ​កាក់ សវុណ្ណច្ឆ័យ ​សង្ឃឹមថា ​សាលាឧទ្ធរណ៍​នឹង​ទម្លាក់ចោល​ការ​​ចោទ​ប្រកាន់​​លើ​​កូនប្រុស

0:00 / 0:00

ម្តាយ ​និង​​មេធាវី​ការពារក្តីសង្ឃឹមថា​ សាលាឧទ្ធរណ៍ភ្នំពេញ​ នឹង​ទម្លាក់​ចោល​ការចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​លើ​​ក្មេង​ប្រុស ​កាក់ សុវណ្ណច្ឆ័យ​ ដើម្បី​ផ្តល់​យុត្តិធម៌​​ និង​​កុំឲ្យ​ប៉ះពាល់​​អនាគត​របស់​គាត់​​។ ក្តីសង្ឃឹមនេះ ​គឺបន្ទាប់ពី​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ បាន​បើក​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​នៅ​ព្រឹកថ្ងៃទី១៧ ​ខែកុម្ភៈ ​ហើយ​​គ្រោង​​នឹង​ប្រកាស​សាលដីកា​នៅថ្ងៃទី១៤ ​ខែមីនា ​ខាងមុខ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ភ្នំពេញ​លោក ងួន រតនា ​នៅព្រឹក​ថ្ងៃទី​១៧​ ​ខែកុម្ភៈ ​បាន​បើក​សវនាការ​អសាធារណៈ​លើ​បណ្តឹងឧទ្ធរណ៍​របស់​ក្មេងប្រុស ​កាក់ សុណ្ណ​ច្ឆ័យ ​ដែល​មិន​សុខចិត្ត​ចំពោះ​សាលក្រម​របស់​សាលាដំបូងរាជធានីភ្នំពេញ ​ដែល​បាន​ផ្តន្ទាទោស​រូបគាត់ឲ្យ​​ជាប់​ពន្ធនាគារ​រយៈ​ពេល៨ ​ខែ ​ប៉ុន្តែ​តម្រូវ​ឲ្យ​អនុវត្តទោស ​៤ ខែ​កន្លះ ​ពី​បទ​ញុះញង់​ និង​ពី​បទ​ប្រមាថ​មន្ត្រីរាជការ​សាធារណៈ​តាមបណ្តាញ​សង្គមហ្វេសប៊ុក​ (Facebook) ​និង​តេឡេក្រាម​​ (Telegram)​។

ម្តាយ​របស់​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ​គឺលោកស្រី​ ព្រុំ ចាន់ថា ​ថ្លែងថា ​ក្នុងពេល​​សវនាការ​តុលាការ ​បាន​អាន​សំណុំរឿង​ និង​បាន​ចោទសួរ​កូនប្រុសរបស់​លោកស្រី​ថា ​តើ​រូបគេ​បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​ និង​ជេរប្រមាថ​មន្ត្រីរាជការសាធារណៈ​មែន​ឬ​យ៉ាង​ណា?​ ពេលនោះ ​កាក់ សុវណ្ណច្ឆ័យ ​ឆ្លើយតបថា ​គាត់​គ្មាន​បំណង​ញុះញង់​និង​ប្រមាថ​មន្ត្រីរាជការ​សាធារណៈ​នោះទេ ​ប៉ុន្តែ​មាន​សកម្មជន​គណបក្ស​ប្រជាជនកម្ពុជា​ម្នាក់​រស់នៅ​ប្រទេសកាណាដា​ (Canada) ​បាន​ទាញ​ (Add)​ គាត់​ចូល​ក្នុង​គ្រុប ​(Group)​ តេឡេក្រាម​​ហើយ​បាន​ជេរប្រមាថ​ឪពុក​ម្តាយ​របស់​គាត់​ ​ទើប​បណ្តាលឲ្យ​​គាត់ខឹង​និង​ជេរតប​​ទៅវិញ។ ​ចំពោះ​ការបង្ហោះ​រូបភាព​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​វិញ ​ ​កាក់ សុវណ្ណច្ឆ័យ ​អះអាងថា ​គាត់​គ្រាន់តែ​ចែក​ចាយ​បន្ត​ពី​ហ្វេសប៊ុក​​អ្នកដទៃ​ប៉ុណ្ណោះ​។

លោកស្រី ​សង្ឃឹមថា ​​សាលាឧទ្ធរណ៍ ​នឹង​សម្រេច​ឲ្យ​កូនប្រុស​របស់​លោកស្រី​ រួចផុត​ពីការ​ចោទប្រកាន់ ​នៅពេល​ប្រកាស​សាល​ដីកា​នៅថ្ងៃទី១៤ ​ខែមីនា ​ខាងមុខ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​តុលាការ ​ទម្លាក់​រាល់ការចោទ​ទាំងអស់ទៅ ​ព្រោះ​គាត់​ជា​ក្មេង​ហើយ​ណាមួយ ​គាត់​គ្មាន​កំហុស​អី​ទាំងអស់។ ចាប់ប៉ា​គាត់​ដាក់ពន្ធនាគារ ​គប់​គាត់​បែកក្បាល ​ឃុំ​គាត់​៤៨ម៉ោង​ ពេល​គាត់​ចូលរើស​ទង់ជ័យ​នោះ បើគិត​ទៅ​វាជា​សេរីភាព​របស់​ក្មេង​ ប៉ុន្តែនេះ​យើងជា​មនុស្ស​ចាស់ៗ​អស់​ទៅ​ហើយ​ មកចោទ​ចឹងវា​អត់​សមរម្យទេ។ ធម្មតា​ ក្មេង​គាត់​រងភាព​អយុត្តិធម៌​ តែងតែ​មាន​ការនិយាយ​ខ្លះ​ហើយ ​ដូច្នេះ​មន្ត្រីសាធារណៈ ​គួរតែ​ទទួល​យក​ដើម្បី​កែទម្រង់​ខ្លួនឯង​ឬ​កែតម្រូវ​ខ្លួនឯង​ ទៅ ​មិនមែន​ចាប់​គាត់​ដាក់​ពន្ធនាគារ​ចឹងទេ ​វាជា​អំពើ​អយុត្តិធម៌​ទាំង​ស្រុង​ហើយ​»។

លោកស្រី​ ព្រុំ ចាន់ថា ​ឲ្យដឹងដែរថា ​ក្នុងពេល​សវនាការ​នោះ​ ​ព្រះរាជអាជ្ញាសាលា​ឧទ្ធរណ៍ ​ក៏បាន​ជួយ​សំណូមពរ​ដល់​ចៅក្រម​ឲ្យ​ពិចារណា​លើកលែង​ការចោទ​ប្រកាន់​លើ​ កាក់ សុវណ្ណច្ឆ័យ ​ដែរ​ ​ព្រោះ​​យុវជន ​គឺជា​ទំពាំង​ស្នងឬស្សី។ ការសំណូមពរនេះ ​គឺ​ផ្ទុយពី​ព្រះរាជអាជ្ញារងនៅ​សាលាដំបូងរាជធានីភ្នំពេញ​ គឺលោក ហុង គឹមសាន ​ដែល​ព្យា​យាម​ដាក់​បន្ទុក​លើក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ។

មេធាវីការពារក្តី​ឲ្យ​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ​ គឺ​លោក សំ សុគង់ ​យល់ថា ​ផ្អែកតាមនីតិវិធីច្បាប់​ និង​អង្គហេតុ​ ​តុលាការជាន់ខ្ពស់ ​គួរតែ​លុបចោល​សាលក្រម​របស់សាលា​ដំបូងរាជធានីភ្នំពេញ ​ដែល​ផ្តន្ទាទោស​កូនក្តី​របស់​លោក ​និង​ប្រគល់​វត្ថុ​ចាប់​យក​កន្លងមក ​​ឲ្យគាត់​បាន​ប្រើប្រាស់​​វិញ៖ «ចំពោះ​ការយល់ឃើញ​របស់​មេធាវី ​ដោយសារតែ​កូនក្តីនេះ ​ជា​អនីតិជន​ហើយ​គាត់​មានប្រវត្តិ​កើត​ជំងឺ​អូទីហ្សឹម​​ហើយ​ទាក់ទង​នឹងការ​ប្រព្រឹត្ត របស់​គាត់​នេះ​ គាត់​មិនយល់​អំពី​អង្គហេតុ​ ក៏​ដូចជា​ព្យៈសនកម្ម​ផ្សេងៗ​ គឺ​ប្រព្រឹត្ត​នៅពេល​ដែល​គាត់​មាន​បញ្ហាខួក្បាល​ហ្នឹង​ បើ​យោង​តាម​ក្រមព្រហ្មទណ្ឌ​ មិនត្រូវ​​ទទួលខុសត្រូវ​ព្រហ្មទណ្ឌទេ ​ហើយ​ចំណុចទី២​ដើម្បី​គិត​អំពី​ផលប្រយោជន៍​អនីតិជន​ ជាពិសេស​ប្រវត្តិ​នៃ​ការផ្តន្ទាទោស​ គឺ​សាលាឧទ្ធរណ៍​ គួរតែ​ពិចារណា​ដើម្បី​សម្រេច​ឲ្យ​​កូនក្តី​ខ្ញុំរួចផុត​ពី​បទចោទ»

​ក្មេងប្រុស​ កាក់ សុវណ្ណច្ឆ័យ អាយុ១៧ឆ្នាំ ​ត្រូវបាន​តុលាការ​​ដោះ​លែង​ពី​ពន្ធនាគារ ​កាលពីថ្ងៃទី​១០ ​ខែវិច្ឆិកា​ ឆ្នាំ២០២១​ ក្រោយជាប់​ពន្ធនាគារ​ព្រៃ​ស ​អស់​រយៈពេល​៤ខែ​កន្លះ ​​ពី​បទ​ញុះ​ញង់​ ​និង​បទ​ប្រមាថ​មន្ត្រី​រាជ​ការសាធារណៈ​ ​ពាក់ព័ន្ធ​នឹងការបង្ហោះ​សារ​តាម​បណ្តាញ​សង្គមហ្វេសប៊ុក(Facebook)​និង​​តេឡេក្រាម​​​(Telegram)​។ ថ្វីដ្បិត​តែ​ត្រូវបាន​ដោះ​លែងក្តី​ តុលាការក្រុងភ្នំពេញ​ ​បាន​ដាក់​ក្មេង​ប្រុសរូបនេះ​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យួរទោស​សាកល្បង​រយៈ​ពេល​២​ឆ្នាំ​ ​ដោយ​តម្រូវ​ឱ្យ​បង្ហាញខ្លួន​នៅចំពោះមុខ​តុលាការ​ ​គ្រប់​ពេល​ដែល​ត្រូវ​បាន​កោះហៅ​ ​ឬ​ជូនដំណឹង​ទៅ​តុលាការ​ និង​ត្រូវ​សុំការ​អនុញ្ញាត​ ​ប្រសិនបើ​ផ្លាស់ប្ដូរ​អាស័យដ្ឋាន​ និង​ចង់​ចាកចេញ​ពី​ប្រទេស​ ​ព្រមទាំង​ដាក់​លក្ខខណ្ឌ​​មួយចំនួន​ទៀត​។​

ប្រធានសមាគមការពារ​សិទ្ធិមនុស្សអាដហុក​លោក នី សុខា ​មានប្រសាសន៍ថា ​តុលា​ការ ​គួរតែ​លើកលែង​ការចោទប្រកាន់​និង​ផ្តល់សេរីភាព​ពេញលេញ​ដល់​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ​ឡើងវិញ ​ដោយ​មិនគួរ​បន្តនីតិ​វិធី​ទៀត​នោះទេ ​ដើម្បី​កុំឲ្យ​មានការ​រិះគន់​លើ​ប្រព័ន្ធ​តុលាការ​ថែមទៀត៖ «តុលាការ ​គួរតែ​ពិចារណា​កុំយក​បញ្ហាក្តីនេះ​ ទៅ​ដោះស្រាយ​នាំឲ្យ​ជារឿង​​អំពល ​ឬកង្វល់​នៅក្នុង​សង្គម​ទេ ​ជា​រឿង​ដែល​ល្អ​ ព្រោះ​ករណីនេះ​ វា​អត់​មាន​រឿងអី​ទាល់តែ​សោះ ។បើនិយាយឲ្យ​មែនទែន​ទៅ​ វាជា​រឿង​មួយ​គ្រាន់តែ​គាត់​អនុ​វត្តនូវសិទ្ធិសេរីភាព​របស់​គាត់​នៅក្នុង​ការ​បញ្ចេញមតិ​នៅក្នុង​ការបញ្ចេញ​ទស្សនៈ ​ឬក៏​នៅក្នុងការ​ដែល​គាត់​មិនសប្បាយ​ចិត្ត​នៅពេល​ដែល​គាត់​មានប​ញ្ហា​។ មិនមែនតែ​កុមារ កាក់ សុវណ្ណច្ឆ័យ ​មួយទេ ​ប្រជាពលរដ្ឋទូទៅ ​នៅពេល​គាត់​មិន​សប្បាយ​ចិសត្ត​ទៅនឹង​អ្នកដឹកនាំ ​គឺ​លោក​តែងតែ​រិះគន់​ ព្រោះនេះ​ជារបៀបរបប​នៅក្នុង​ ការរស់នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ដែល​គេបើក​សិទ្ធិសេរីភាព​ឲ្យ​ប្រជាពលរដ្ឋ»

ក្មេងប្រុស​ កាក់ សុវណ្ណច្ឆ័យ ​គឺជា​កូន​របស់​សកម្មជន​បក្ស​ប្រឆាំង​គឺ​លោក កាក់ កុម្ភារ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» និង​បទ «ញុះញង់» ខណៈ​អ្នកស្រី ព្រំ ចាន់ថា ​ដែល​ជា​ម្ដាយ ​តែងតែ​សកម្ម​ក្នុង​ការ​ចេញ​តវ៉ា​ដោយ​អហិង្សា​ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​​ប្ដី​ និង​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​ដែល​កំពុង​ជាប់​ឃុំ។ ក្មេងប្រុស​​រូបនេះ​ ក៏តែង​តែ​ចេញ​តវ៉ា​ជាមួយ​ម្តាយ​ដែរ ហើយ​បាន​ធ្វើឲ្យគាត់​ទទួល​រងគ្រោះផ្ទួនៗ។​

កាលពី​ដើម​ខែ​តុលា​ ឆ្នាំ​២០២០ ​អាជ្ញាធរ​រដ្ឋាភិបាល ​ធ្លាប់​បាន​ចាប់​ឃុំ​ខ្លួន ​និង​ប្រើ​ហិង្សា​សួរចម្លើយ​​ អស់​រយៈពេល​៤៨​ម៉ោង​ដោយ​សារ​គាត់ចូល​ទៅ​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណ​បក្ស​នេះ។ បន្ទាប់​មក​នៅខែ​មេសា ឆ្នាំ​២០២១ ​កាក់ សុវណ្ណច្ឆ័យ ​ត្រូវ​បាន​ជន​មិនស្គាល់​មុខ​ពីរ​នាក់​ជិះម៉ូតូ​តាម​វាយ​គាត់​ដោយ​ដុំឥដ្ឋ​បណ្តាល​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ។​សមត្ថកិច្ច​នៅ​មិនទាន់​​ចាប់បាន​​ជន​ដៃដល់​ណាម្នាក់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ។

ក្រុមអង្គការជាតិ​ និង​អន្តរជាតិ​ ចាត់ទុក​ករណី​ទាំងនេះ ​គឺជាការ​គំរាមកំហែង ​​ការ​យាយី​ និង​ជាការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោយបាយ​លើ​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង។ ​​​​ក្រុមអង្គការជាតិ ​និង​អន្តរជាតិ ​ទាមទារ​ឲ្យ​តុលាការ​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន​ បញ្ឈប់​ការយាយី​ជាបន្ទាន់​​ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​​​សកម្មជន​នយោបាយ​ សមា​ជិក​គ្រួសារ​ ព្រមទាំង​អ្នករិះគន់​ឲ្យមាន​សេរីភាព​ឡើងវិញ ​ព្រោះ​អ្នក​ទាំងនោះ​ ពុំ​បាន​ប្រ​ព្រឹត្ត​ខុសច្បាប់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។