មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការជាក់លាក់ ដើម្បីការពារនិងលើកកម្ពស់សិទ្ធិស្មើគ្នា រវាងអ្នកស្រឡាញ់ភេទដូចគ្នា។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានយល់ព្រមទទួលយកអនុសាសន៍៩ចំណុច របស់អង្គការសហប្រជាជាតិ ទាក់ទងនឹងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ កាលពីឆ្នាំ២០១៩ កន្លងទៅ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីថ្ងៃទី២៩ ខែមេសា បានចងក្រងលំអិតដោយផ្តោតសំខាន់លើការវិវឌ្ឍន៍រយៈពេល៣ឆ្នាំ ផ្នែកវិស័យនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញទំនោរយេនឌ័រ។ CCHR ឲ្យដឹងថា ទោះបីជារដ្ឋាភិបាលកម្ពុជា បានបង្កើនវឌ្ឍនភាព លើការលើកកម្ពស់ និងការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា តាំងពីឆ្នាំ២០១៩ មកក្តី ក៏ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាល នៅពុំទាន់មានវិធានការជាក់លាក់ ក្នុងការធ្វើកំណែទម្រង់ច្បាប់ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដែលយល់ព្រមទទួលយកទាំងនោះ ដើម្បីធានានិងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅឡើយទេ។
បញ្ហាកង្វះខាតទាំងនោះរួមមាន រដ្ឋាភិបាល នៅពុំទាន់ធ្វើវិសោធនកម្ម មាត្រា៤៥ នៃរដ្ឋធម្មនុញ្ញ ដែលរារាំងសមភាពអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា នៅពុំទាន់អនុម័ត ច្បាប់ទទួលស្គាល់អ្នកប្តូរភេទ ឬយេនឌ័រ ច្បាប់ហាមប្រាមការរើសអើងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ជាដើម។ បញ្ហាទាំងនេះហើយ ដែលជាមូលហេតុនាំឲ្យអ្នកស្រឡាញ់ភេទដូចគ្នា បន្តប្រឈម ការរើសអើងផ្នែកច្បាប់និងក្នុងទម្រង់ផ្សេងៗក្នុងសង្គម រួមមានក្នុងរង្វង់គ្រួសារ នៅកន្លែងការងារ សាលារៀន និងក្នុងវិស័យសុខាភិបាលជាដើម។
កាលពីខែកក្កដា ឆ្នាំ២០១៩កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានយល់ព្រមទទួលយកអនុសាសន៍ចំនួន១៧៣ ក្នុងចំណោមអនុសាសន៍ ចំនួន១៩៨ ពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន៧៣ប្រទេស។ អនុសាសន៍ទាំងនោះ ទាក់ទងនឹងវិស័យសិទ្ធិមនុស្ស បញ្ហាសិទ្ធិដីធ្លី សិទ្ធិទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌ កិច្ចការពារអ្នកការពារសិទ្ធិមនុស្ស សិទ្ធិកុមារ សិទ្ធិស្ត្រី សិទ្ធិនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។