មេធាវី ២រូបជួបកញ្ញា ឈឹម ស៊ីថរ នៅគុកព្រៃសនៅថ្ងៃទី២៨ ខែវិច្ឆិកា
2022.11.29
មេធាវីចំនួន ២រូបនៃអង្គការលីកាដូ (LICADHO) បានចូលជួបកញ្ញា ឈឹម ស៊ីថរ ក្នុងគុកព្រៃសនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ដើម្បីសួរសុខកញ្ញា និងបន្តការពារសិទ្ធិឱ្យកញ្ញាតាមនីតិវិធី។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីថា លោកព្រួយបារម្ភអំពីសុខភាពរបស់កញ្ញា ឈឹម ស៊ីថរ ព្រោះក្រោយពេលតុលាការឃុំខ្លួនកញ្ញា អស់រយៈពេល ២ថ្ងៃមកនេះ គឺកញ្ញាគេងមិនលក់នោះទេ។ លោក អំ សំអាត បន្តថាការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ឡើងវិញក្រោមបទចោទប្រកាន់ថា កញ្ញាបានល្មើសបម្រាមតុលាការនេះគឺមិនត្រឹមត្រូវតាមអង្គហេតុច្បាប់នោះទេ ព្រោះកញ្ញា និងមេធាវី ពុំដែលបានទទួលសាលដីកាសម្រេចពីតុលាការរឿងឱ្យកញ្ញា ឈឹម ស៊ីថរ ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងមិនអនុញ្ញាតឱ្យកញ្ញា ធ្វើដំណើរទៅក្រៅប្រទេសនោះទេ។
លោក អំ សំអាត នៅតែចាត់ទុកការឃាត់ខ្លួននេះថា ជាការសម្លុតគំរាមកំហែង បំបាក់ស្មារតីក្រុមសហជីពឯករាជ្យដែលសកម្ម និងជាការព្រមានដល់ក្រុមកូដករដែលនៅបន្តធ្វើការតវ៉ាទាមទារសិទ្ធិការងារនៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។
លោក អំ សំអាត៖ «យើងសង្គមស៊ីវិលនៅពេលនេះមើលឃើញកញ្ញា ឈឹម ស៊ីថរ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ថា បានគេចវេះ ឬមិនគោរពតាមដីកាសម្រេចរបស់តុលាការដោយដាក់កញ្ញា ឈឹម ស៊ីថរ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនោះទេ ព្រោះកញ្ញា ឈឹម ស៊ីថរ និងមេធាវីរបស់គាត់មិនដែលឃើញ ក៏មិនដែលបានទទួលនៃដីកាសម្រេចដាក់នៅក្រោមការត្រួតពិនិត្យនេះដែរ។ អ៊ីចឹង វាស្មើនឹងអត់មានដីកា ព្រោះគាត់មិនបានដឹង ដោយសារតែចំណុចហ្នឹងហើយបានគាត់ធ្វើដំណើរទៅក្រៅប្រទេស ដោយសារតែគាត់មិនបានដឹងអំពីលក្ខខណ្ឌនៃការដាក់គាត់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ជាពិសេសនៅចំណុចមិនឱ្យចាកចេញទៅក្រៅប្រទេស។ អ៊ីចឹង ការចោទប្រកាន់ហ្នឹងជារឿងមួយមិនត្រឹមត្រូវទេ។ សូមឱ្យបញ្ឈប់ជាបន្ទាន់ក្នុងការធ្វើទុក្ខបុកម្នេញ សម្រាប់មេដឹកនាំសហជីពដែលឯករាជ្យ និងសកម្មក្នុងការពារដល់ បុគ្គលិក ឬកម្មករ ដើម្បីលើកកម្ពស់ សិទ្ធិការងារបុគ្គលិកកម្មករ ជាពិសេសកញ្ញា ឈឹម ស៊ីថរ ដែលតែងតែសកម្មក្នុងកិច្ចការពារទៅលើបុគ្គលិក និងអតីតបុគ្គលិកណាហ្គាវើលដ៍ សូមឱ្យមានការដោះលែងជាបន្ទាន់ លើកញ្ញា ឈឹម ស៊ីថរ។ អ្វីដែលសំខាន់គឺងាកទៅរកការដោះស្រាយ ដើម្បីបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មវាជារឿងចាំបាច់បំផុតដែលត្រូវធ្វើនោះបាទ»។
សមត្ថកិច្ចបានឃាត់ខ្លួនកញ្ញា ឈឹម ស៊ីថរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ពោលក្រោយពេលកញ្ញាត្រឡប់ពីប្រទេសអូស្ត្រាលី។
អង្គការ សមាគម សហជីព និងសហគមន៍ជិត ១រយស្ថាប័ន (៦៩) បានចេញសេចក្ដីថ្លែងការណ៍រួមមួយស្នើដល់តុលាការ ដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់។ អង្គការ សមាគមទាំងនោះរួមមានជាអាទិ៍ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការលីកាដូ (LICADHO) មជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងសមាគមការពារសិទ្ធិមនុស្សអាដហុក ជាដើម អំពាវនាវដល់រាជរដ្ឋាភិបាល ឈប់ភ័យខ្លាចនូវវត្តមានភាពក្លាហាន និងភាពរឹងមាំរបស់កញ្ញា ឈឹម ស៊ីថរ និងស្នើឱ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យប្រធាន និងសមាជិកសហជីពតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។