អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អ.ស.ប​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​វិធានការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ១៩

0:00 / 0:00

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ ឡើងវិញ​នូវ​វិធានការ​នានា​ឆ្លើយតប​នឹង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ​។ ការជំរុញ​នេះ គឺ​ដោយសារតែ​ពួកគេ​យល់​ឃើញ​ថា វិធានការ​ទាំងនោះ​ក្នុង​នោះ​រួមមាន វិធានការ​ច្បាប់ និង​វិធានការ​រដ្ឋបាល មាន​លក្ខណៈ​តឹងរ៉ឹង​ហួសហេតុ មិន​មាន​សមាមាត្រ និង​មិន​ចាំបាច់។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំងនោះ រួមមាន អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​សមាគម លោក ក្លេម៉ង់ត៍ នីយ៉ាលេតសូស្ស៊ី រ៉ូលេ (Clement Nyaletsossi Voule) និង​អ្នករាយការណ៍​ពិសេស​ពីរ​រូប​ផ្សេងទៀត ទាក់ទង​នឹង​សិទ្ធិ​ឯកជន និង​សិទ្ធិ​ជន​គ្រប់រូប​ក្នុង​ការ​ទទួល​បាន​កម្រិត​ជីវភាព​រស់នៅ​ខ្ពស់​បំផុត​ផ្នែក​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំង ៤​រូប​នៃ​អង្គការសហប្រជាជាតិ​នេះ បាន​សម្ដែង​កង្វល់​ជា​ខ្លាំង​ចំពោះ​ការ​ដាក់​ចេញ​វិធានការ​របស់​រដ្ឋាភិបាល​ទាំងនេះ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ពួកគេ​ថា ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន សេរីភាព​ក្នុង​ការ​ដើរហើរ សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ការងារ​។ ពួកគេ​រិះគន់​ថា ការ​រឹត​ត្បិត​លើ​សេរីភាព និង​សិទ្ធិ​ជា​មូលដ្ឋាន​ដោយ​ផ្អែកលើ​ហេតុផល​សុខភាព​សាធារណៈ មិន​ត្រូវ​រំលោភសិទ្ធិ​សេរីភាព ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ឡើយ​។ ពួកគេ​ស្នើ​ថា រាល់​វិធានការ​សំដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ រួម ទាំង​ទោសទណ្ឌ គួរតែ​ធ្វើ​ក្នុងករណី​ចាំបាច់ និង​មាន​លក្ខណៈ​សមាមាត្រ ហើយ​ត្រូវ​ប្រើប្រាស់​ហួសហេតុ​ឡើយ។

ទន្ទឹម​គ្នា​នេះ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ទាំងនេះ ក៏បាន​រិះគន់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឯកជន​របស់​មនុស្ស​យ៉ាងហោចណាស់​ជិត ១​ពាន់​នាក់​ដែល​កើត​ជំងឺ​កូវីដ​១៩ ក្នុង​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​ឈ្មោះ ភេទ អាយុ មុខរប កន្លែង​ធ្វើការ និង​អាសយដ្ឋាន ជាដើម​។ ពួកគេ​ថា ទិន្នន័យ​សុខភាព​បុគ្គល​ទាំងនេះ គួរតែ​ស្ថិត​ក្នុង​ការ​ការពា​រយ៉ា​ង​តឹងរ៉ឹង​នូវ​សិទ្ធិ​ឯកជន ហើយ​ថា ការ​លាតត្រដាង​ទិន្នន័យ​បុគ្គល​ទាំងនេះ គឺជា​ការបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន ដែល​អាច​នាំ​ឱ្យ​មានការ​រើសអើង និង​ការ​ម៉ាក់​ងាយ។

ជា​ចុងក្រោយ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ​។ ពួកគេ​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​គួរតែ​ធានា​ថា វិធានការ​សង្គ្រោះ​សេដ្ឋកិច្ច ផ្ដោត​គោលដៅ​លើ​ក្រុម​ពលរដ្ឋ​ដែល​ងាយ​ទទួលរង​ផល​ប៉ះពាល់​បំផុត ជាពិសេស​អ្នកធ្វើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​ដូចជា អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី និង​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ជាដើម ហើយ​ថា អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​បំផុត​ទាំងនេះ គួរ​ទទួល​បាន​នូវ​ការ​ផ្តល់​ការ​គាំទ្រ​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ពួកគេ​អាច​ដោះស្រាយ​ការ​លំបាក​ក្នុងអំឡុងពេល​មាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។