ក្រុម​អ្នក​ជំនាញ​​សិទ្ធិមនុស្ស អ.ស.ប ​ជំរុញ​​ដល់​​រដ្ឋាភិបាល​​ឲ្យ​​ធានា​ថា ទិន្នន័យ​​ប្រមូល​​បាន​​ពី​​ប្រព័ន្ធ QR Code ត្រូវបាន​​ប្រើប្រាស់​​សម្រាប់​តែ​​គោលបំណង​​សុខភាព​

ក្រុម​អ្នកជំនាញ​​សិទ្ធិមនុស្ស​​របស់​​អង្គការ​​សហប្រជាជាតិពីររូប​​ជំរុញ​​ដល់​​រដ្ឋាភិបាល​កម្ពុជា​​ឲ្យ​​ធានា​ថា ទិន្នន័យ​​ប្រមូល​​បាន​​ពី​​ប្រព័ន្ធ QR Code ដើម្បី​ «ទប់ស្កាត់​កូវីដ» ​ត្រូវបាន​​ប្រើប្រាស់​​សម្រាប់តែ​គោលបំណង​​សុខភាព​​សាធារណៈ​តែ​ប៉ុណ្ណោះ។

ការជំរុញ​​នេះ​ធ្វើឡើង​​នៅ​ក្នុង​លិខិត​​មួយ​​ច្បាប់​​ផ្ញើ​ទៅ​កាន់​​រដ្ឋាភិបាល​​កម្ពុជាកាលពី​​ថ្ងៃទី១៨ ខែមីនា ដោយ​​ក្រុមអ្នកជំនាញ​​សិទ្ធិមនុស្ស​របស់​​អង្គការ​​សហប្រជាជាតិ ពីររូប រួមមាន​​អតីត​អ្នក​រាយការណ៍​​ពិសេស​​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជាអ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) និង​អ្នករាយការណ៍​​ពិសេស​​​ស្តី​ពី​​សិទ្ធិ​ជន​គ្រប់រូប​​ក្នុង​ការ​​ទទួលបាន​​ស្តង់ដារ​​ខ្ពស់​បំផុត​​នៃ​​សុខភាព​​ផ្លូវ​កាយ និង​​ផ្លូវចិត្តអ្នកស្រី ថ្លាឡេង ម៉ូហ្វូកេង (Tlaleng Mofokeng)។

ក្រុមអ្នកជំនាញ​សិទ្ធិមនុស្ស​ទាំងពីរ​​រូបនេះបាន​លើកឡើង​ពី​​កង្វល់​​របស់​​ពួកគេ ជុំវិញ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​​ប្រព័ន្ធ QR Code នៅ​កម្ពុជា ក្រោមហេតុផល​​ថា ដើម្បី​តាម​ដាន​រក​ប្រភព​​អ្នកឆ្លង​​ជំងឺកូវីដ១៩។ ពួកគេ​​បារម្ភ​ថា វិធានការ​​នេះអាច​បង្ក​ជា​​ហានិភ័យ​​ដល់​​ព័ត៌មាន​ឯកជន​ភាព​​របស់​​ពលរដ្ឋ​កម្ពុជា ហើយអាច​ធ្វើឲ្យ​​ព័ត៌មាន​​ផ្ទាល់ខ្លួន​​របស់​​ពួកគេ​​ត្រូវបាន​​លាតត្រដាង​​ដោយគ្មាន​​ការ​យល់ព្រម​​ជា​មុន ដែល​​គឺ​ជា​​ការ​រំលោភ​​សិទ្ធិមនុស្ស​​ជា​មូលដ្ឋាន​ ជាពិសេស​​សិទ្ធិ​ឯកភាព។ លើសពីនេះ​ទៀត ក្រុម​អ្នក​ជំនាញ​​សិទ្ធិមនុស្ស​​ដដែល ក៏បាន​លើកឡើង​​ពី​​កង្វល់​​របស់​​ពួកគេ​​បន្ថែម​​ថា ការរក្សាទុក​​ទិន្នន័យ​​ប្រមូល​បាន​​ពី​​ប្រព័ន្ធ QR Code នេះ ទៅក្នុង​​ប្រព័ន្ធ​​មូលដ្ឋាន​​ទិន្នន័យ​​មជ្ឈឹម​​របស់​​រដ្ឋាភិបាល អាចនឹង​​ងាយ​​ទទួល​រងគ្រោះ​​ពី​ការ​វាយប្រហារ​​តាម​​ប្រព័ន្ធអ៊ីនធឺណិត (Cyber-attacks) ការលួច​ចូល​ទៅ​​អាន​​ទិន្នន័យ​​ដោយ​​គ្មាន​ការ​អនុញ្ញាត ឬ​ការតាមដាន​ឈ្លប​យកការណ៍​ពី​​សំណាក់​​រដ្ឋាភិបាល​ជាដើម។

ឆ្លើយតប​ទៅនឹង​កង្វល់​អស់​ទាំង​នេះ តំណាង​កម្ពុជា​​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) តាមរយៈ​ក្រសួង​​ប្រៃសណីយ៍ និង​​ទូរគមនាគមន៍ កាលពី​ថ្ងៃទី០៧ ខែឧសភា គូសបញ្ជាក់​ថា ទិន្នន័យ​ដែល​ប្រមូល​បាន​ពីប្រព័ន្ធ QR Code នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ តែ​ប៉ុណ្ណោះ ហើយ​ទិន្នន័យ​ទាំងនេះ​​នឹង​​ត្រូវលុបចោល ក្នុងរយៈពេល​ពី​ ២៨ ទៅ ៩០ ថ្ងៃ ដោយ​ស្វ័យ​ប្រវត្តិ។ តំណាង​កម្ពុជាអះអាងថា ទិន្នន័យ​ប្រមូល​បាន​តាមរយៈ​ប្រព័ន្ធ QR Code នេះ ធ្វើឡើង​ផ្អែក​តាមគោលការណ៍​ស្ម័គ្រចិត្ត និង​ដោយគ្មាន​ការបង្ខិតបង្ខំ​ឡើយ។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃទី២០ ខែកុម្ភៈ បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code ឈ្មោះថា «ទប់ស្កាត់កូវីដ Stop Covid» ស្របពេល​ដែល​មាន​ការផ្ទុះ​រាលដាល​នៃ​ជំងឺកូវីដ១៩ ចូលក្នុង​សហគមន៍​ជាលើក​ទីបី។ ក្រសួង​អះអាង​ថា តាមរយៈ​ប្រព័ន្ធនេះ សាធារណជន​អាចស្កេន​នៅពេល​ចេញចូល​ទីតាំង​ដែល​មាន​មនុស្សច្រើន ហើយ​អាច​ទទួល​បាន​ដំណឹង​ឆាប់រហ័ស ប្រសិនបើ​ទីតាំងនោះ​មានករណី​ឆ្លងជំងឺកូវីដ១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។