ឧត្តម​ស្នង​ការ​​​សិទ្ធិ​មនុស្ស​ UN​ ដាស់​​តឿន​​​រដ្ឋាភិបាល​​​កម្ពុជា​​​ឱ្យ​​​ការពារ​​​សេរីភាព​​​​ជា​​​មូលដ្ឋាន​​​របស់​​ពលរដ្ឋ

0:00 / 0:00

កម្ពុជា​​នៅតែ​ជាប់​ក្នុង​កំណត់ត្រា​នៃ​ប្រទេស​មាន​ករណី​រំលោភ​សិទ្ធិមនុស្ស និង​រឹតត្បិត​ធ្ងន់ធ្ងរ​លើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩។ កំណត់ត្រា​អាក្រក់​នេះ ត្រូវ​បាន​លើកឡើង​ដោយ​មន្ត្រី​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស កាលពី​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បាន​បដិសេធ​ការ​លើកឡើង​ទាំង​នេះ។

រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​ហេតុផល​ជំងឺ​កូវីដ-១៩ ដើម្បី​គាប​សង្កត់​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាពិសេស​សេរីភាព​ក្នុង​ការ​ប្រមូលផ្ដុំ និង​ការ​ជួប​​ប្រជុំ​ដោយ​សន្តិវិធី ខណៈ​កម្ពុជា​កំពុង​បោះជំហាន​ទៅ​រក​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅពេល​ឆាប់ៗ​ ខាងមុខ​នេះ។

ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិអ្នកស្រី មីឆែល ប៉ាហ្សេលែត (Michelle Bachelet) លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ក្នុង​សម័យ​ប្រជុំ​លើក​ទី៤៩ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​ថ្ងៃទី៧ ខែមីនា​ថា អ្នកស្រី​មាន​កង្វល់​អំពី​វិធានការ​រឹតត្បិត​របស់​អាជ្ញាធរ​កម្ពុជា​ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩ ដែល​បន្ត​ធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិពលរដ្ឋ​កាន់តែ​ធ្លាក់ចុះ។ ករណី​ដែល​កំពុង​កើតឡើង​នោះ គឺ​ការ​ប្រើ​លេស​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ដើម្បី​បង្ក្រាប​លើ​កូដកម្ម​ស្របច្បាប់​របស់​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍ (Nagaworld)។

អ្នកស្រី មីឆែល ប៉ាហ្សេលែត បញ្ជាក់​ថា ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ឃើញ​ផ្ទាល់​នូវ​អំពើ​ហិង្សា​ថ្មីៗ​នេះ​របស់​អាជ្ញាធរ ដែល​ចាប់​បង្ខំ​កូដករ​ជា​ស្ត្រី​ឱ្យ​ឡើង​លើ​ឡានក្រុង និង​ដឹក​ចេញ​ពី​កន្លែង​ធ្វើកូដកម្ម។ ជាង​នេះ​ទៅទៀត កូដករ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​រង​ការ​បង្ខំ​ឱ្យ​ធ្វើ​តេស្ដ​ពិនិត្យ​ជំងឺ​កូវីដ-១៩ ជា​ច្រើន​ដង ផ្ទុយ​ពី​វិធានការ​អនុវត្ត​លើ​សាធារណជន​ទូទៅ។ អ្នកស្រី​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ដោះស្រាយ​ការ​ទាមទារ​របស់​កូដករ​ស្រប​តាម​ច្បាប់។

ជាមួយគ្នា​នេះ អ្នកស្រី មីឆែល ប៉ាហ្សេលែត បាន​ផ្ញើរ​សារ​ដាស់​តឿន​រដ្ឋាភិបាល​កម្ពុជា​ទៀត​ថា ការ​ការពារ​សេរីភាព​មូលដ្ឋាន​មាន​សារៈសំខាន់​ណាស់ ខណៈ​កម្ពុជា​កំពុង​​ឈាន​ឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោត​ឃុំ​សង្កាត់ ដែល​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួតប្រជែង ហើយ​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​របស់​ពួកគេ​ត្រូវ​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ខ្លះ​ជាប់ឃុំ និង​ខ្លះទៀត​ប្រឈម​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយសារ​សកម្មភាព​ស្របច្បាប់​របស់​ខ្លួន។

During her statement at the 49th session of the Human Rights Council, UN High Commissioner for #HumanRights Michelle...

Posted by United Nations Human Rights in Cambodia on Tuesday, March 8, 2022

ទោះជាយ៉ាងណា សេចក្ដី​ថ្លែងការណ៍​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះ ត្រូវ​បាន​ច្រានចោល​ដោយ​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល។

សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ថ្លែង​ថា វិធានការ​ទាំងឡាយ​របស់​អាជ្ញាធរ​ក្នុង​ករណី​តវ៉ា​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ ជា​ការ​អនុវត្ត​តាម​ច្បាប់។ លោក​បន្ត​ថា ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ ដែល​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ឡើយ។​ លោក កត្តា អ៊ន ចាត់ទុក​ការ​លើកឡើង​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថា មិន​ឆ្លុះ​បញ្ចាំង​ការពិត៖ «កម្ពុជា​យើង​មាន​លំហ​ប្រជាធិបតេយ្យ យើង​មាន​លំហ​សេរីភាព​បញ្ចេញមតិ។ ឥលូវ​នេះ យើង​ឃើញ​គណបក្ស ៤៥ ត្រូវ​បាន​ចុះ​បញ្ជី ហើយ​គណបក្ស ១៧ ទៀត បាន​ចុះ​ឈ្មោះ​ដើម្បី​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ហើយ​បងប្អូន​គណបក្ស​ទាំងអស់​នោះ សកម្មជន​គណបក្ស​ទាំងអស់​នោះ កំពុង​ធ្វើ​កិច្ច​ការងារ​ក្នុង​ការ​ពង្រីក​សកម្មជន​របស់​ខ្លួន កៀរគរ​សកម្មជន​របស់​ខ្លួន លើក​ស្លាក​នានា។ ត្រង់​នេះ​ឯង​ដែល​ជា​សកម្មភាព​នៃ​លំហ​ប្រជាធិបតេយ្យ »

ការ​បដិសេធ​របាយការណ៍ ឬ​សេចក្ដីថ្លែង​ការណ៍​របស់​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​នេះ ហាក់​បាន​ក្លាយ​ជា​ទម្លាប់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទៅ​ហើយ។ ក៏ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា ​អំណះអំណាង​របស់​មន្ត្រី ឬ​តំណាង​រដ្ឋាភិបាល​កម្ពុជា​​ ក៏​មិនអាច​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ជឿជាក់​​បាន​​ដែរ ពីព្រោះ​ករណី​រំលោភ​សិទ្ធិមនុស្ស​ទាំងនោះ​បាន​កើត​ឡើង​ជា​ចំហ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ ជា​ឧទាហរណ៍ អាជ្ញាធរ​បាន​តាម​យាយី រំខាន ឬ​ហ៊ាន​ដល់​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ដែល​តវ៉ា​ដោយ​សន្តិវិធី ​រហូត​ដល់​មុខ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ក្រៅពី​នេះ ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​លើ​សកម្មជន​នយោបាយ សង្គម​ស៊ីវិល អ្នកការពារ​បរិស្ថាន និង​អ្នក​បញ្ចេញ​មតិ​រិះគន់ ក៏​បាន​កើតឡើង​ឥត​ឈប់ឈរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែរ បូករួម​ទាំង​ការ​បង្ក្រាប​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​ក្រុម​សហជីព​ដែល​មិន​ចំណុះ​រដ្ឋាភិបាល។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា សេចក្ដីថ្លែងការណ៍​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​កម្ពុជា​នោះ សុទ្ធ​សឹង​ជា​ករណី​ពិត​ជាក់ស្ដែង។ លោក​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ក៏​ពិនិត្យ​ឃើញ​ករណី​ទាំងនោះ​ដូច​គ្នា និង​បាន​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ងាក​មក​គោរព​សិទ្ធិ​ពលរដ្ឋ ព្រមទាំង​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់ ជាពិសេស​ការ​ផ្ដល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង៖ «យើង​សោកស្ដាយ មិន​ដឹង​ថា តើ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ជាតិ​យើង គាត់​មើល​របៀប​ម៉េច​ទេ ?​​ យើង​​អត់​ដឹង​ពី​របៀប​មើល​របស់​គាត់​យ៉ាង​ម៉េច​ទេ បាន​ជា​គាត់​ថា អាហ្នឹង​វា​អត់​មាន​កើតឡើង ពីព្រោះ​យើង​ឃើញ​ជាក់ស្ដែង​ហើយ។ ហើយ​សូម្បីតែ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏​យើង​មើលឃើញ​គេ​បង្ហោះ មាន​ការ​ប្រើ​ហិង្សា មាន​ការ​វ៉ៃ មាន​អ្វី​ជា​ហូរហែ​អ៊ីចឹង​ដែរ »

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៥ ខែមិថុនា​ខាងមុខ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៤ស្ថាប័ន បាន​រួម​គ្នា​​ស្នើ​ដល់​រដ្ឋាភិបាល​ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​អប្បបរមា​ចំនួន ៦ចំណុច ដើម្បី​ឱ្យ​ការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។ ចំណុច​ទាំងនោះ មាន​ជាអាទិ៍ ការបង្កើត​បរិយាកាស​នយោបាយ​សេរី ធានា​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បោះឆ្នោត កែ​សម្រួល​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប) ធានា​ឯករាជ្យ​​នៃ​អំណាច​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ព្រម​ទាំង​ធានា​ការ​អនុវត្ត​តួនាទី​ដោយ​សេរី​របស់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។