កម្ពុជានៅតែជាប់ក្នុងកំណត់ត្រានៃប្រទេសមានករណីរំលោភសិទ្ធិមនុស្ស និងរឹតត្បិតធ្ងន់ធ្ងរលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ កំណត់ត្រាអាក្រក់នេះ ត្រូវបានលើកឡើងដោយមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស កាលពីពេលថ្មីៗនេះ។ ប៉ុន្តែតំណាងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានបដិសេធការលើកឡើងទាំងនេះ។
រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ហេតុផលជំងឺកូវីដ-១៩ ដើម្បីគាបសង្កត់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសេរីភាពក្នុងការប្រមូលផ្ដុំ និងការជួបប្រជុំដោយសន្តិវិធី ខណៈកម្ពុជាកំពុងបោះជំហានទៅរកការបោះឆ្នោតឃុំសង្កាត់នៅពេលឆាប់ៗ ខាងមុខនេះ។
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នកស្រី មីឆែល ប៉ាហ្សេលែត (Michelle Bachelet) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៤៩ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី៧ ខែមីនាថា អ្នកស្រីមានកង្វល់អំពីវិធានការរឹតត្បិតរបស់អាជ្ញាធរកម្ពុជាក្រោមហេតុផលជំងឺកូវីដ-១៩ ដែលបន្តធ្វើឱ្យលំហប្រជាធិបតេយ្យ និងសិទ្ធិពលរដ្ឋកាន់តែធ្លាក់ចុះ។ ករណីដែលកំពុងកើតឡើងនោះ គឺការប្រើលេសទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីបង្ក្រាបលើកូដកម្មស្របច្បាប់របស់បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ (Nagaworld)។
អ្នកស្រី មីឆែល ប៉ាហ្សេលែត បញ្ជាក់ថា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានឃើញផ្ទាល់នូវអំពើហិង្សាថ្មីៗនេះរបស់អាជ្ញាធរ ដែលចាប់បង្ខំកូដករជាស្ត្រីឱ្យឡើងលើឡានក្រុង និងដឹកចេញពីកន្លែងធ្វើកូដកម្ម។ ជាងនេះទៅទៀត កូដករត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាមអំពើចិត្ត និងរងការបង្ខំឱ្យធ្វើតេស្ដពិនិត្យជំងឺកូវីដ-១៩ ជាច្រើនដង ផ្ទុយពីវិធានការអនុវត្តលើសាធារណជនទូទៅ។ អ្នកស្រីអំពាវនាវដល់អាជ្ញាធរឱ្យគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងដោះស្រាយការទាមទាររបស់កូដករស្របតាមច្បាប់។
ជាមួយគ្នានេះ អ្នកស្រី មីឆែល ប៉ាហ្សេលែត បានផ្ញើរសារដាស់តឿនរដ្ឋាភិបាលកម្ពុជាទៀតថា ការការពារសេរីភាពមូលដ្ឋានមានសារៈសំខាន់ណាស់ ខណៈកម្ពុជាកំពុងឈានឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់ ដែលគណបក្សប្រឆាំងធំជាងគេពុំត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែង ហើយថ្នាក់ដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេត្រូវរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ខ្លះជាប់ឃុំ និងខ្លះទៀតប្រឈមការធ្វើទុក្ខបុកម្នេញដោយសារសកម្មភាពស្របច្បាប់របស់ខ្លួន។
During her statement at the 49th session of the Human Rights Council, UN High Commissioner for #HumanRights Michelle...
Posted by United Nations Human Rights in Cambodia on Tuesday, March 8, 2022
ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ ត្រូវបានច្រានចោលដោយតំណាងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។
សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ថ្លែងថា វិធានការទាំងឡាយរបស់អាជ្ញាធរក្នុងករណីតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នោះ ជាការអនុវត្តតាមច្បាប់។ លោកបន្តថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈល្អប្រសើរ ដែលមិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ លោក កត្តា អ៊ន ចាត់ទុកការលើកឡើងរបស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា មិនឆ្លុះបញ្ចាំងការពិត៖ «កម្ពុជាយើងមានលំហប្រជាធិបតេយ្យ យើងមានលំហសេរីភាពបញ្ចេញមតិ។ ឥលូវនេះ យើងឃើញគណបក្ស ៤៥ ត្រូវបានចុះបញ្ជី ហើយគណបក្ស ១៧ ទៀត បានចុះឈ្មោះដើម្បីត្រៀមរៀបចំការបោះឆ្នោតឃុំសង្កាត់ ហើយបងប្អូនគណបក្សទាំងអស់នោះ សកម្មជនគណបក្សទាំងអស់នោះ កំពុងធ្វើកិច្ចការងារក្នុងការពង្រីកសកម្មជនរបស់ខ្លួន កៀរគរសកម្មជនរបស់ខ្លួន លើកស្លាកនានា។ ត្រង់នេះឯងដែលជាសកម្មភាពនៃលំហប្រជាធិបតេយ្យ » ។
ការបដិសេធរបាយការណ៍ ឬសេចក្ដីថ្លែងការណ៍របស់អ្នកជំនាញជាតិ និងអន្តរជាតិទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនេះ ហាក់បានក្លាយជាទម្លាប់របស់មន្ត្រីរដ្ឋាភិបាលកម្ពុជាទៅហើយ។ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា អំណះអំណាងរបស់មន្ត្រី ឬតំណាងរដ្ឋាភិបាលកម្ពុជា ក៏មិនអាចធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិជឿជាក់បានដែរ ពីព្រោះករណីរំលោភសិទ្ធិមនុស្សទាំងនោះបានកើតឡើងជាចំហ និងមានលក្ខណៈជាប្រព័ន្ធ។ ជាឧទាហរណ៍ អាជ្ញាធរបានតាមយាយី រំខាន ឬហ៊ានដល់ប្រើហិង្សាលើពលរដ្ឋដែលតវ៉ាដោយសន្តិវិធី រហូតដល់មុខការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួនក្នុងរាជធានីភ្នំពេញ។ ក្រៅពីនេះ ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការលើសកម្មជននយោបាយ សង្គមស៊ីវិល អ្នកការពារបរិស្ថាន និងអ្នកបញ្ចេញមតិរិះគន់ ក៏បានកើតឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ បូករួមទាំងការបង្ក្រាបលើស្ថាប័នព័ត៌មានឯករាជ្យ និងក្រុមសហជីពដែលមិនចំណុះរដ្ឋាភិបាល។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីការរំលោភសិទ្ធិមនុស្សកម្ពុជានោះ សុទ្ធសឹងជាករណីពិតជាក់ស្ដែង។ លោកបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកក៏ពិនិត្យឃើញករណីទាំងនោះដូចគ្នា និងបានស្នើយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យងាកមកគោរពសិទ្ធិពលរដ្ឋ ព្រមទាំងបើកលំហប្រជាធិបតេយ្យឡើងវិញនៅមុនការបោះឆ្នោតមកដល់ ជាពិសេសការផ្ដល់សិទ្ធិនយោបាយដល់មន្ត្រី និងសកម្មជនគណបក្សប្រឆាំង៖ «យើងសោកស្ដាយ មិនដឹងថា តើគណៈកម្មាធិការសិទ្ធិមនុស្សជាតិយើង គាត់មើលរបៀបម៉េចទេ ? យើងអត់ដឹងពីរបៀបមើលរបស់គាត់យ៉ាងម៉េចទេ បានជាគាត់ថា អាហ្នឹងវាអត់មានកើតឡើង ពីព្រោះយើងឃើញជាក់ស្ដែងហើយ។ ហើយសូម្បីតែនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏យើងមើលឃើញគេបង្ហោះ មានការប្រើហិង្សា មានការវ៉ៃ មានអ្វីជាហូរហែអ៊ីចឹងដែរ » ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៦៤ស្ថាប័ន បានរួមគ្នាស្នើដល់រដ្ឋាភិបាលធានាឱ្យបាននូវលក្ខខណ្ឌអប្បបរមាចំនួន ៦ចំណុច ដើម្បីឱ្យការបោះឆ្នោតនោះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ចំណុចទាំងនោះ មានជាអាទិ៍ ការបង្កើតបរិយាកាសនយោបាយសេរី ធានាសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោត កែសម្រួលសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធានាឯករាជ្យនៃអំណាចតុលាការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងធានាការអនុវត្តតួនាទីដោយសេរីរបស់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
