អ.ស.ប ​រក​ឃើញ​ថា មនុស្ស​ប្រមាណ ១​សែន​នាក់​​ត្រូវ​បាន​បង្ខំ​ឱ្យ​​ធ្វើ​ការ​បោកប្រាស់​តាម​​អនឡាញ​នៅ​កម្ពុជា

អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ចេញ​ផ្សាយ​របាយការណ៍​​​ថ្មី​មួយ​​រក​ឃើញ​ថា ​មាន​មនុស្ស​រាប់​សែន​​​នាក់​ត្រូវ​បាន​​ក្រុម​ឧក្រិដ្ឋជន​​បង្ខំ​ឱ្យ​ធ្វើ​ការងារ​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​នោះ​នៅ​កម្ពុជា​​​ផង​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​ និង​មន្ត្រី​បក្ស​ប្រឆាំង​​លើក​ឡើង​ថា ​រឿង​នេះ​​​ជា​ហានិភ័យ​មួយ​​សម្រាប់​កម្ពុជា​ដែល​រដ្ឋាភិបាល​គួរតែ​​ដោះស្រាយ​ជា​បន្ទាន់។

រូបភាព​នៃ​ការបោកប្រាស់​ទាំងនោះ​រួមមាន តាមរយៈ​ស្នេហា ការ​វិនិយោគ និង​ការ​ក្លែងបន្លំ​តាមរយៈ​ការ​លេងល្បែង​ខុសច្បាប់​ជាដើម។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ទី​២៩ សីហា ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ប្រឈម​មុខ​នឹង​ការ​​រំលោភ​បំពាន​​ធ្ងន់ធ្ងរ​ជា​ច្រើន រួម​ទាំង​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព និង​សន្តិសុខ ហើយ​មនុស្ស​ជាច្រើន​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម ​និង​ប្រព្រឹត្តិ​​ដោយ​ឃោរឃៅ អមនុស្សធម៌ និង​ថោកទាប ការ​ឃុំខ្លួន​ដោយ​បំពាន អំពើ​ហិង្សា​ផ្លូវភេទ ​ពលកម្ម​ដោយ​បង្ខំ​ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត។ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក វ៉លគើ ទើក (Volker Türk) ឱ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ថា អ្នក​ដែល​ត្រូវ​បាន​គេ​បង្ខិតបង្ខំ​ឱ្យ​ធ្វើ​ការ​ក្នុង​ប្រតិបត្តិការ​បោកប្រាស់​ទាំង​នោះ​ ស៊ូទ្រាំ​នឹង​ការ​ប្រព្រឹត្ត​ដោយ​អមនុស្សធម៌ ខណៈ​ដែល​ពួកគេ​ត្រូវ​បាន​​គេ​បង្ខំ​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

អ្នកនាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប្រចាំ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) លោក ជេរឺមី ឡូរែនស៍ (Jeremy Laurence) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី២៩ ខែ​សីហា ថា នៅ​ភូមា និង​នៅ​កម្ពុជា មាន​ជនរងគ្រោះ​មិន​តិច​ជាង ១សែន​នាក់​ឡើយ​ក្នុង​ប្រទេស​នីមួយៗ។

លោក ជេរឺមី ឡូរែនស៍៖«របាយការណ៍​លើកឡើង​ថា ភាព​ធំ​ធេង​នៃ​ការ​ជួញ​ដូរ​ការ​បោកប្រាស់​តាម​អនឡាញ​នៅ​អាស៊ីអាគ្នេយ៍​គឺ​ពិបាក​នឹង​ប៉ាន់ស្មាន ដោយសារ​តែ​លក្ខណៈ​បែប​លាក់​កំបាំង និង​ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​ឆ្លើយតប​ជា​ផ្លូវការ។ ប្រភព​ដែល​អាច​ជឿ​ទុកចិត្ត​បាន បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១សែន​២ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​អាច​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ស្ថានភាព​ដែល​ពួកគេ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​អនុវត្ត​ការ​បោកប្រាស់​តាម​អនឡាញ។ ជាមួយគ្នា​នេះ ការ​ប៉ាន់​ប្រមាណ​ស្រដៀងគ្នា​នៅក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ថា ជនរងគ្រោះ​មាន​ចំនួន​ប្រហែល ១សែន​នាក់»។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា សកម្មភាព​ទាំង​នេះ​​បាន​ជះឥទ្ធិពល​ខ្លាំង​ក្នុង​អំឡុង​​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ​ដែល​​ពេល​នោះ​មាន​​វិធានការ​សុខភាព​សាធារណៈ​បាន​បិទ​កាស៊ីណូ​នៅ​ក្នុង​ប្រទេស​ជាច្រើន ហើយ​ជា​ការ​ឆ្លើយតប​ ប្រតិបត្តិ​ករ​កាស៊ីណូ​បាន​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​ទៅ​កាន់​កន្លែង​ដែល​មិន​សូវ​មាន​ការ​គ្រប់គ្រង រួម​ទាំង​តំបន់​ព្រំដែន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះ ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស ។

របាយការណ៍​​រក​ឃើញ​ទៀត​ថា ឧក្រិដ្ឋជន​បាន​កំណត់​គោលដៅ​ចំពោះ​ជន​ចំណាក​ស្រុក​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ ​ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ និង​គ្មាន​ការងារ​ធ្វើ​ដោយសារ​តែ​ការ​បិទ​ព្រំដែន ​និង​ការ​បិទ​អាជីវកម្ម ​ដែល​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ងាយ​ស្រួល​​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម ​ក្រោម​​រូប​ភាព​ការ​ក្លែង​បន្លំ​ផ្តល់​ការងារ​ពិត​ដល់​ពួកគេ។ របាយការណ៍​​បន្ថែម​ថា ក្រុម​ឧក្រិដ្ឋជន​ឆបោក​នេះ​​​អាច​រក​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ​​របាយការណ៍​​នេះ​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​ជា​ហានិភ័យ​ដ៏​ធំ​ធេង​​ដែល​រដ្ឋាភិបាល​គួរ​តែ​​ដោះស្រាយ​ជា​បន្ទាន់។

លោក សន ជ័យ៖ «យើង​ចង់​ឃើញ​វិធាន​ការ​បន្ទាន់​ហើយ​មាន​ប្រសិទ្ធភាព​ ដើម្បី​ឆ្លើយ​តប​ធ្វើ​យ៉ាង​ណា​យក​ចាប់​ជនល្មើស​មក​​ផ្ដន្ទាទោស​តាម​ច្បាប់​នេះ​ជា​​វិធាន​ការ​សម្រាប់​ការ​បង្ក្រាប​។​រីឯ​​វិធាន​ការ​បង្ការ​វិញ​យើង​ចង់​ឱ្យ​មាន​ការ​​ត្រួតពិនិត្យ​ការ​ចេញ​ចូល ការ​ស្នាក់​នៅ​របស់​ជន​បរទេស។ ឧទាហរណ៍​ថា ជន​បង្ក​នឹង​ភាគ​ច្រើន​ជា​ជនជាតិ​ចិន​​គឺ​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​​មួយ​ទៅ​លើ​ការ​រស់​នៅ​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​ឱ្យ​បាន​ហ្មត់ចត់»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​​អ្នក​នាំ​ពាក្យ​​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹមខឿន និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន ប៊ុណ្ណា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ សីហា។

ប៉ុន្តែ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ការ​លើក​ឡើង​របស់​អង្គការ​សហប្រជាជាតិ​នេះ មិន​ឆ្លុះបញ្ចាំង​ការ​ពិត​នោះ​ទេ ហើយ​អ្នកស្រី​ថា រឿង​នេះ​ជា​ការ​ធ្វើ​ឱ្យ​កម្ពុជា​បាក់​មុខ​មាត់​នៅ​លើ​អន្តរជាតិ។ ទោះ​បី​ជា​យ៉ាងណា កន្លង​ទៅ​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​ទទួល​ស្គាល់​ថា កម្ពុជា​ជា​កន្លែង​រងគ្រោះ​នៃ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​បន្ថែម​ថា បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ដែល​កើត​នៅ​កម្ពុជា គឺ​ពុំ​មែន​ជនជាតិ​ខ្មែរ​ជា​អ្នក​ប្រព្រឹត្ត​នោះ​ទេ។ ផ្ទុយទៅវិញ អ្នក​ប្រព្រឹត្ត​និង​មេខ្យល់ គឺ​ជា​ជន​បរទេស​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​យ៉ាង​ណា លោក ស ខេង ថា នេះ​ជា​ក្ដី​បារម្ភ​មួយ​ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​ហ្មត់ចត់។

របាយការណ៍​បន្ត​ថា ​មនុស្ស​ភាគច្រើន​ដែល​ត្រូវ​បាន​ជួញដូរ​ក្នុង​ប្រតិបត្តិការ​បោក​ប្រាស់​តាម​អ៊ីនធឺណិត​គឺ​ជា​បុរស ​ហើយ​បើ​ទោះបី​ជា​ស្ត្រី ​និង​ក្មេង​ជំទង់​ក៏​ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ​ដែរ ​ហើយ​ជនរងគ្រោះ​ភាគច្រើន​មាន​ចំណេះ​ដឹង​ ​ដោយ​ចេះ​កុំព្យូទ័រ ​និង​ភាសា​បរទេស​។ ​ប្រភព​ដដែល​​ថា ជនរងគ្រោះ​ភាគ​ច្រើន​មក​ពី​ទូទាំង​តំបន់​អាស៊ាន រួម​មាន​ប្រទេស​​ឥណ្ឌូណេស៊ី​(Indonesia)​ ឡាវ​ ម៉ាឡេស៊ី(Malaysia) មីយ៉ាន់ម៉ា ​ហ្វីលីពីន សិង្ហបុរី ​(Singapore) ​ថៃ និង​វៀតណាម​(Vietnamese)។​ក្រៅ​ពី​នេះ​ក៏​ប្រទេស​ចិន​ដីគោក​(Chinese) ហុងកុង (Hong Kong) ​និង​តៃវ៉ាន់ (Taiwan) អាស៊ី​ខាងត្បូង ​ជា​ដើម។

ជុំវិញ​រឿង​​នេះ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន យល់​ឃើញ​ថា ​​ការ​ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​​ឧក្រិដ្ឋជន​បង្ខំ​ឱ្យ​​ធ្វើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​នេះ​​​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​​​ជា​ប្រព័ន្ធ​​របស់​អាជ្ញាធរ​​ខ្មែរ។

លោក អ៊ុំ សំអាន៖ «ព្រោះ​ខ្ញុំ​យល់​ថា ប្រាកដ​ជា​មាន​មន្ត្រី​ធំ​មួយ​ចំនួន​ពាក់​ព័ន្ធ​ក្នុង​រឿង​នឹង​បាន​អត់​ហ៊ាន​ចាត់​ការ​​កន្លង​មក។ ដូច្នេះ​ត្រូវ​ហ៊ាន​​អា​សាច់​ចោល ទោះ​បី​​អ្នក​នឹង​កូន​អ្នក​ធំ​ខ្សែ​អ្នក​ធំ​មន្ត្រី​ធំ​ប៉ុនណា​​ក៏​ដោយ ត្រូវ​តែ​ចាត់​វិធានការ។ហើយ​​តុលាការ​នឹង​ឯករាជ្យ​ទៅ​ប្រាកដ​ជា​អាច​​ចាត់​វិធានការ​នឹង​បាន​ ជា​ពិសេស​​គឺ​បំបាត់​នូវ​បក្ខ​ពួក​និយម​​គ្រួសារ​និយម​ហើយ​នឹង​អំពើ​ពុករលួយ​នឹង​​ជា​រឿង​សំខាន់»។

របាយការណ៍​ថា បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយសារ​ ការ​អនុវត្ត​​មិន​មាន​ស្តង់ដារ​អន្តរជាតិ​​​ដែល​ធ្វើ​ឱ្យ​មិន​ឆ្លើយ​តប​ឱ្យ​បាន​​​គ្រប់​បរិបទ។ ជនរងគ្រោះ​នៃ​ការ​ជួញដូរ និង​ការ​រំលោភ​បំពាន​​សិទ្ធិមនុស្ស​ផ្សេងទៀត​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​ខុសឆ្គង​ថា ជា​ឧក្រិដ្ឋជន ឬ​ជា​ជនល្មើស​អន្តោប្រវេសន៍ ជាជាង​ត្រូវ​បាន​ការពារ ​និង​ផ្តល់​សិទ្ធិ​​ក្នុង​ដំណើរ​ការ​ស្តា​នីតិសម្បទា និង​សំណង​ដែល​ពួកគេ​ត្រូវ​ការ ​ពួកគេ​ត្រូវ​បាន​ទទួល​រង​នូវ​ការ​កាត់​ទោស​ព្រហ្មទណ្ឌ ឬ​ការ​ពិន័យ​អន្តោប្រវេសន៍​។

មន្ត្រី​អង្គការ​សហប្រជាជាតិ​​ឱ្យ​ដឹង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ប្រទេស​ដែល​រង​ផល​​ប៉ះពាល់​ទាំងអស់​ត្រូវ​​មាន​​ឆន្ទៈ​នយោបាយ​ដើម្បី​ពង្រឹង​សិទ្ធិមនុស្ស ​និង​កែលំអ​អភិបាលកិច្ច និង​នីតិរដ្ឋ​ រួម​ទាំង​​ការ​ដោះស្រាយ​អំពើពុករលួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។