សហជីព និង​សង្គម​ស៊ីវិល​ថា តុលាការ​គួរ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​មន្ត្រី​អង្គការ​សង់ត្រាល់

ដោយ ប្រាជ្ញ ចេវ
2024.07.12
សហជីព និង​សង្គម​ស៊ីវិល​ថា តុលាការ​គួរ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​មន្ត្រី​អង្គការ​សង់ត្រាល់ (ឆ្វេង) លោក អាត ធន់ អនុ​ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C-CAWDU) និង​លោក ឃុន ថារ៉ូ មន្ត្រី​​​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​ សង់​ត្រាល់ (CENTRAL)។
រូប៖ ហ្វេសប៊ុក CLC និង CENTRAL

សហជីព និង​សង្គម​ស៊ីវិល​ថា តុលាការ​គួរ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​មន្ត្រី​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ (CENTRAL) គឺ​លោក ឃុន ថារ៉ូ។ ពួក​គេ​កត់​សម្គាល់​ថា សកម្មភាព​របស់​លោក ឃុន ថារ៉ូ ធ្វើ​កន្លង​មក​គឺ​ជា​សេរីភាព​បញ្ចេញ​មតិ និង​ការ​ធ្វើ​ការ​​ដើម្បី​​​សិទ្ធិ​សហជីព​និង​កម្មករ។

អនុ​ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C-CAWDU) លោក អាត ធន់ លើក​ឡើង​ថា ករណី​ក្រុម​សហជីព​មួយ​ប្ដឹង​សហជីព​មួយ​ទៀត គឺ​ជា​រឿង​ថ្មី​នៅ​ក្នុង​សង្គម​កម្ពុជា ខណៈ​ដែល​កន្លង​មាន​តែ​ថៅកែ​ប៉ុណ្ណោះ​ដែល​ជា​ប្ដឹង​សហជីព។ ទោះ​ជា​យ៉ាង​ណា​ លោក​​តុលាការ​គួរ​តែ​ទម្លាក់​ការ​ចោទ​ប្រកាន់​នេះ​ ព្រោះ​លោក​មើល​ឃើញ​ថា មន្ត្រី និង​អង្គការ​សង់ត្រាល់​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ទេ។

លោក អាត ធន់៖ «រឿង​ការ​កាត់​ក្ដី​ដោយ​សារ​តែ​​ការ​ឈ្លោះ​គ្នា​បន្ត​ទៀត ខ្ញុំ​យល់​ថា តុលាការ​គាត់​មាន​ឆន្ទានុសិទ្ធិ​មែន ប៉ុន្តែ​គាត់​ក៏​ត្រូវ​មាន​សុភវិនិច្ឆ័យ​ដែរ ព្រោះ​ដើម្បី​ចោទ​ប្រកាន់​នរណា​មួយ បទ​ល្មើស​អ្វី​មួយ​ទាល់​តែ​មាន​ភស្តុតាងៗ គេ​ក៏​មិន​ពិនិត្យ​មើល​ដែរ​ថា រឿង​ព្រហ្មទណ្ឌ វា​ទាល់​តែ​មាន​ធាតុ​ផ្សំ​បទ​ល្មើស​ផង តាម​ចិត្ត​ផង មាន​នៅ​ក្នុង​ច្បាប់​ចែង​ផង ព្រោះ​បើ​អត់​មាន​នៅ​ក្នុង​ទេ ចេះ​តែ​ប្រឌិត​ ឧទាហរណ៍​វា​អាច​ថា ជា​រឿង​មិន​ល្អ​ដែរ»

ការ​លើក​ឡើង​របស់​សហជីព ក្រោយ​ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា លោក ហង្ស រ៉ាវី បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែកក្កដា​ជា​លើក​ទី​ពីរ​ទៅ​លើ​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ។

លោក ហង្ស រ៉ាវី ដែល​ជា​ប្រធាន​សហជីព​គាំទ្រ​រដ្ឋាភិបាល​ ចោទ​លោក ឃុន ថារ៉ូ អំណពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​​ឱ្យ​មាន​ការ​រើស​អើង ដោយ​ទាមទារ​សំណង​លើក​ទី​មួយ​ចំនួន ១រយ​លាន​រៀន និង​លើក​ទីពីរ​ចំនួន ១ពាន់​លាន​រៀល។

ចំណែក​ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​បុគ្គល ឬ​ស្ថាប័ន​ណា​មួយ​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ក្ដី ប៉ុន្តែ​លោក​យល់​ថា តំណាង​អយ្យការ​គួរ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក ឃុន ថារ៉ូ។ លោក​ថា ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី និង​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​អង្គការ​សង់ត្រាល់​កន្លង​មក គឺ​ជា​សេរីភាព​បញ្ចេញ​មតិ​ ហើយ​ប្រសិន​បើ​សហជីព​ផ្សេង​យល់​ផ្សេង​ពី​នេះ គឺ​អាច​ចេញ​របាយការណ៍ ឬ​ឆ្លើយ​តប​វិញ​បាន។

លោក នី សុខា «ខ្ញុំ​មើល​ឃើញ​ទាក់ទង​ករណី​អង្គការ​សង់ត្រាល់ និង​លោក ថា រ៉ូ បាន​ធ្វើ​ការ​ផ្ដល់​មតិ​ បាន​ផ្ដល់​ព័ត៌មាន​ជុំ​វិញ​បញ្ហា​ផ្សេងៗ ទៅ​ឱ្យ​បណ្ដាញ​សង្គម បណ្ដាញ​សារព័ត៌មាន​ហ្នឹង យើង​មិន​ឃើញ​មាន​ករណី​ណា​មួយ ដែល​ឈាន​ទៅ​ដល់​ការ​ញុះញង់​ ឬ​ឈាន​ទៅ​ដល់​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ភាគី​ណា​មួយ​នោះ​ទេ»

ក្រៅ​ពី​សហជីព​គាំទ្រ​រដ្ឋាភិបាល​ប្ដឹង​ទៅ​លើ​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ គឺលោក ឃុន ថារ៉ូ ក្រសួង​មហាផ្ទៃ​កាល​ពី​ចុង​ខែមិថុនា បាន​ចេញ​លិខិត​ដាក់​សម្ពាធ​ទៅ​អង្គការ​សង់ត្រាល់ ឱ្យ​ផ្ញើរបាយ​ការណ៍​ហិរញ្ញវត្ថុ និង​គណនី​ធនាគារ​ពី​អង្គការ​មួយ​នេះ​ដែរ។

បណ្ដឹង​និង​ការ​គាប​សង្កត់​នេះ កើត​ឡើង​ក្រោយ​ពេល​អង្គការ​សង់ត្រាល់​ចេញ​របាយការណ៍​មួយ កាល​ពី​ដើម​ខែមិថុនា អំពី​ការ​រក​ឃើញ​ថា ក្នុង​ចំណោម​សហជីព​ចំនួន១៤ មាន​សហជីព​ចំនួន១០ រង​ការ​បំភិត​បំភ័យ​ដោយ​ផ្ទាល់​មាត់ ការ​គំរាម​កំហែង ការ​បៀតបៀន និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។