អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជួបលោក កឹម សុខា និងភាគីពាក់ព័ន្ធ
2022.08.17
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន(Vitit Muntarbhorn) បានជួបមេបក្សប្រឆាំង គឺលោក កឹម សុខា និងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ដើម្បីប្រមូលព័ត៌មានសម្រាប់វាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកថែមទាំងបានចុះសង្កេតផ្ទាល់ដល់កន្លែងនៃការធ្វើកូដកម្ម ទាមទារដំណោះស្រាយការងារ របស់បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ផងដែរ។ មន្ត្រីអង្គការស៊ីវិល សង្កេតឃើញថា បំពេញទស្សនកិច្ចផ្លូវការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិពេលនេះ កើតឡើងខណៈមានការរិះគន់ថា រដ្ឋាភិបាលកំពុងរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងរងការចោទថា ក្បត់ជាតិ បានប្រាប់ទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ពីសំណុំរឿងក្ដីរបស់លោក ដែលតុលាការបាន អូសបន្លាយ អស់ជាច្រើនឆ្នាំ ប៉ុន្តែមិនទាន់មានដំណោះស្រាយ។ លោក កឹម សុខា ឲ្យដឹងតាមរយៈហ្វេសប៊ុករបស់លោកថ្ងៃទី១៧ ខែសីហា ថា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានទៅជួបលោកនៅផ្ទះរបស់លោក កាលពីថ្ងៃទី១៦ ខែសីហា ដើម្បីសំដែងការគួរសម និងចង់ដឹងពីការវិវឌ្ឍសំណុំរឿងរបស់លោក។ ទោះយ៉ាងណាក្ដី លោក កឹម សុខា មិនបានបញ្ជាក់ឲ្យស៊ីជម្រៅពីខ្លឹមសារជំនួបនោះទេ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអតីត ប្រធានខុទ្ទកាល័យលោក កឹម សុខា គឺ មុត ចន្ថា បានទេ នៅថ្ងៃទី១៧ ខែសីហា។
ក្រៅពីជួបមេបក្សប្រឆាំង លោក វិទិត មុនតាប៊ន បានដឹកនាំក្រុមការងារជួបគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល នៅថ្ងៃទី១៧ ខែសីហា។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ឲ្យវិទ្យុអាស៊ីសេរីដឹងថា ជំនួបនេះ គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល បានបំភ្លឺនូវចម្ងល់របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលចង់ដឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថា ការបំពេញទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន ជាការបំពេញការងារធម្មតារបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដើម្បីប្រមូលព័ត៌មានសម្រាប់ធ្វើរបាយការណ៍របស់ខ្លួនប៉ុណ្ណោះ៖ «ជាធម្មតា ដែលតំណាងអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស អង្គការសហប្រជាជាតិតែងតែធ្វើដំណើរទស្សនកិច្ចមកប្រទេស ដែលលោក ទទួល បន្ទុក ម្ដង ឬពីរដង ក្នុងមួយឆ្នាំ។ រដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ លើកឡើងពីសមិទ្ធផល នៃភាពរីកចម្រើន នៃការអនុវត្តរដ្ឋាភិបាល នៅក្នុងការពារលើកស្ទួយសិទ្ធិមនុស្ស»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ដើម្បីជួបភាគីពាក់ព័ន្ធ រួមមាន រដ្ឋាភិបាល អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។
មន្ត្រីផ្នែកព័ត៌មានសាធារណៈនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកនាង អាមែនដា ហ្វីហ្សឺរ (Amanda Fisher) ឲ្យវិទ្យុអាស៊ីសេរីដឹងថា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ច ប៉ុន្តែក្នុងអំឡុងពេលនៃការប្រមូលព័ត៌មាន ឬលោកជួបភាគីពាក់ព័ន្ធនានា អ្នករាយការណ៍ពិសេសរូបនេះ មិននិយាយអ្វីជាសាធារណៈនោះទេ។
មុនពេលជួបលោក កឹម សុខា និងគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល លោក វិទិត មុនតាប៊ន ក៏បានជួបជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការផ្នែកការពារសិទ្ធិមនុស្ស ដើម្បីជជែកពីបញ្ហាសិទ្ធិមនុស្ស។
ក្រៅពីនេះ លោក វិទិត មុនតាប៊ន ក៏ចុះទៅសង្កេតផ្ទាល់ ការធ្វើកូដកម្ម ទាមទារដំណោះស្រាយការងារ របស់បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ផងដែរ នៅថ្ងៃទី១៧ ខែសីហា។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញ ការមកបំពេញទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែ ដំណើរទស្សនកិច្ចនេះស្របពេល ដែលកម្ពុជាមានពិន្ទុមិនសូវល្អក្នុងការគោរពសិទ្ធិមនុស្ស។ លោកយល់ថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គួរសើរើ ឬពិនិត្យឡើងវិញពីបញ្ហា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សិទ្ធិការងារ និងសិទ្ធិនយោបាយ ដែលកំពុងរងផលប៉ះពាល់ ប៉ុន្តែរដ្ឋាភិបាលមិនទាន់ដោះស្រាយនៅឡើយ៖ «មានបញ្ហាឈឺក្បាលជាច្រើន ដែលត្រូវពាក់ព័ន្ធ ទៅលើការតាមដានរឿងធំៗ ចាស់ រឿងចាស់មិនទាន់ចប់ផង ឥឡូវមានរឿងថ្មីទៀត ដែលកើតឡើង ដែលត្រូវសិក្សា និងពិភាក្សា ជំរុញឲ្យមានការកែប្រែនៅក្នុងប្រទេសកម្ពុជា»។
លោក វិទិត មុនតាប៊ន តែងរំលឹក ទៅរដ្ឋាភិបាល ហ៊ុន សែន ជាញយដង ដោយស្នើទៅរដ្ឋាភិបាលឱ្យបើកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ និងស្ដារប្រជាធិបតេយ្យឡើងវិញ។
ការបំពេញទស្សនកិច្ចជាង ១០ថ្ងៃ នៃអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ពេលនេះ ដើម្បីប្រមូលព័ត៌មាន និងស្វែងយល់ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ លោក វិទិត មុនតាប៊ន នឹងឡើងថ្លែងការណ៍ពីអ្វី ដែលលោករកឃើញនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាក្នុងខែតុលា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។