សហរដ្ឋអាមេរិកផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំដល់កញ្ញា ឈឹម ស៊ីថរ
2023.02.01

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់ពានរង្វាន់ការពារសិទ្ធិមនុស្ស ឆ្នាំ២០២២ ដល់មេដឹកនាំសហជីពណាហ្គាវើលដ៍ អិល.អរ.អេស.យូ (LRSU) កញ្ញា ឈឹម ស៊ីថរ។ សមាជិកសហជីពណាហ្គាវើលដ៍ និងមន្ត្រីអង្គការសង្គមស៊ីវិល យល់ឃើញថា ពានរង្វាន់នេះ គឺជាសក្ខីកម្ម និងជាការលើកទឹកចិត្តបន្ថែម ដល់ការតស៊ូមតិរបស់ក្រុមសហជីព ដើម្បីលើកកម្ពស់សិទ្ធិមនុស្សជាសកល។
បើទោះបីជារដ្ឋាភិបាលកម្ពុជា គំរាមកំហែងទៅលើសមាជិកសហជីពណាហ្គាវើលដ៏ក្ដី ក៏ប៉ុន្តែបណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នអន្តរជាតិនៅតែផ្ដល់ តម្លៃដល់ការតស៊ូដើម្បីលើកកម្ពស់សិទ្ធិការងារ របស់ក្រុមកូដករណាហ្គាវើលដ៏ (Naga World)។ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១ ខែកុម្ភៈ បានប្រកាសផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរ ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្ស៩នាក់ផ្សេងទៀត មកពីប្រទេសផ្សេងៗសរុប១០ប្រទេស។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ម្ចាស់ពានរង្វាន់ឆ្នាំនេះ បានបង្ហាញពីភាពជាអ្នកដឹកនាំ និងមានក្ដីក្លាហានក្នុងការជំរុញ កិច្ចការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ អ្នកទាំងនោះក៏ចូលរួមបង្ហាញពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងក្រុមហ៊ុន និងបានរួមគ្នាបង្កើតសកម្មភាពការពារបរិស្ថាន កែប្រែអភិបាលកិច្ចឲ្យបានល្អ និងប្រកបដោយការទទួលខុសត្រូវ និងបំបាត់អំពើនិទ្ទណ្ឌភាព។
ជុំវិញរឿងនេះ សមាជិកសហជីព LRSU ម្នាក់ គឺកញ្ញា ច័ន្ទ ស្រីរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញារីករាយចំពោះការផ្ដល់ពានរង្វាន់ អ្នកការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ។ កញ្ញាបន្ថែមថា ពានរង្វាន់ពីរដ្ឋាភិបាលអាមេរិកនេះ មិនត្រឹមតែជាការផ្ដល់កិត្តិយសដល់ កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំដោយអយុត្តិធម៌នោះទេ ក៏ប៉ុន្តែវាក៏ជាសារដាស់តឿនឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ ឆាប់ផ្ដល់ដំណោះស្រាយការងារដល់ក្រុមកូដករណាហ្គាវើលដ៏ផងដែរ។ កញ្ញា ច័ន្ទ ស្រីរ័ត្ន ក៏សំណូមពរឱ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌ និងគំរាមកំហែងមកលើក្រុមកូដករ ណាហ្គាវើលដ៏ ព្រោះក្រុមកូដករមិនបានពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយ ដូចជាការចោទប្រកាន់ពីក្រុមអាជ្ញាធរនោះឡើយ។
កញ្ញា ច័ន្ទ ស្រីរ័ត្ន៖ «ខ្ញុំសង្ឃឹមថា ពានរង្វាន់នេះនឹងដាស់សតិស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យគាត់ដោះស្រាយវិវាទការងារនៅណាហ្គាវើលដ៏នេះ ព្រោះអូសបន្លាយពេលមួយឆ្នាំជាងហើយ ហើយគាត់អត់ត្រូវធ្វើអត់ដឹងអត់ឭអ៊ីចឹងទេ ព្រោះអីវិវាទរបស់កម្មករគាត់ បែរជាធ្វើមិនដឹងមិនឭ ហើយបែរជាឱ្យថៅកែណាហ្គាវើលដ៏ហ្នឹង រំលោភច្បាប់ប្រទេសខ្លួនឯងបានសព្វគ្រប់បែបយ៉ាង»។
ការផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ គឺធ្វើឡើងដើម្បីអបអរខួបលើកទី៧៥ នៃទិវាប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងខួបលើកទី២៥ នៃទិវាសេចក្ដីប្រកាសអំពីសិទ្ធិអ្នកការពារសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ ក្រៅពី កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំដែលជាសកម្មជនលើកកម្ពស់សិទ្ធិមនុស្សមកពីប្រទេស៩ផ្សេងទៀត ដូចជា ប្រទេស បង់ក្លាដេស (Bangladesh) ប្រេស៊ីល (Brazil) អ៊ីរ៉ាក់ (Iraq) អ៊ីរ៉ង់ (Iran) ជាដើម ក៏ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សនេះផងដែរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្ដល់ពានរង្វាន់នេះទៅដល់អ្នកការពារសិទ្ធិមនុស្ស ដោយផ្អែកទៅលើភាពជាអ្នកដឹកនាំរបស់ពួកគេ ក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ លទ្ធិប្រជាធិបតេយ្យ និងកិច្ចការពារបរិស្ថានជាដើម។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់កញ្ញា ឈឹម ស៊ីថរ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងអំពើកូដកម្មអហិង្សារបស់ក្រុមកូដករណាហ្គាវើលដ៍។ អាជ្ញាធរបានចាប់មេសហជីពរូបនេះដាក់ពន្ធនាគារលើកទីមួយ កាលពីខែមករា ហើយក៏បានដោះលែងឱ្យនៅក្រៅឃុំនៅខែមីនា មុននឹងចាប់ខ្លួនកញ្ញាជាថ្មីម្ដងទៀតនៅថ្ងៃទី២៦ វិច្ឆិកា ២០២២។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) វាយតម្លៃថា ក្រៅពីករណីរំលោភសិទ្ធិការងារហើយនោះ ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ក៏បានឆ្លុះបញ្ចាំងពីគំរូនៃការរើសអើង និងការសងសឹកដែលមានចរិតនយោបាយប្រឆាំងនឹងមេដឹកនាំសហជីពទាំងឡាយ ដែលព្យាយាមជំរុញឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនទទួលខុសត្រូវ ចំពោះភាពបរាជ័យនៃការគោរពសិទ្ធិកម្មករផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២ ខែកុម្ភៈ ដោយសារទូរស័ព្ទចូលប៉ុន្តែមិនមានអ្នកទទួល។
ជុំវិញរឿងនេះដែរ ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ការផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ នេះ គឺជាការទទួលស្គាល់ពីភាពក្លាហាន ហ៊ានប្រឈមនឹងហានិភ័យ របស់ក្រុមកូដករណាហ្គាវើលដ៏ ក្នុងការទាមទារឱ្យមានការគោរពសិទ្ធិការងារ។ អ្នកស្រីបន្ថែមថា ការទាមទាររបស់ក្រុមកូដករកន្លងមក គឺមានគោលបំណងទាមទារឱ្យថៅកែណាហ្គាវើលដ៏ គោរពសិទ្ធិការងារតែប៉ុណ្ណោះ ដូច្នេះរដ្ឋាភិបាល និងក្រសួងការងារ ត្រូវមានវិធានការផ្លូវច្បាប់ទៅលើថៅកែកាស៊ីណូណាហ្គាវើលដ៏ ហើយបញ្ឈប់ការគំរាមកំហែងមកលើក្រុមកូដករ។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «ពាននេះ ជាការគាំទ្រក្នុងការលើកទឹកចិត្តទៅដល់សកម្មជន ដ៏ទៃទៀតថា យើងបានធ្វើរឿងត្រឹមត្រូវ ហើយយើងបានបន្សល់នូវការចងចាំមួយដ៏ល្អ សម្រាប់ពិភពលោកយើងទាំងអស់គ្នា ក្នុងនាមយើងកើតមកជាមនុស្ស ហើយយើងធ្វើបានក្នុងនាមយើងជាសកម្មជនហ្នឹងហើយ មិនចាំបាច់ទាល់តែមានលុយ មានទ្រព្យ ទើបយើងអាចធ្វើល្អបានទេ។ រឿងហ្នឹងក៏យើងអាចធ្វើល្អបាន ពិភពលោកក៏គោរពយើងបានដែរ»។
ក្រៅពីពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុក ក៏ធ្លាប់បានផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នើម ដល់កញ្ញា ឈឹម ស៊ីថរ ផងដែរ កាលពីថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ធ្នូ ២០២២ កន្លងទៅ។ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ តែងតែទទូចឱ្យរដ្ឋាភិបាលដោះលែង កញ្ញា ឈឹម ស៊ីថរ ហើយត្រូវចាត់វិធានការណ៍ច្បាប់ទៅលើថៅកែ ណាហ្គាវើលដ៏ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិការងារ ក៏ប៉ុន្តែគិតមកដល់ពេលនេះ ក្រុមកូដករណាហ្គាវើលដ៏នៅតែមិនទាន់ទទួលបានដំណោះស្រាយណាមួយពីរដ្ឋាភិបាលនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។