ព្រះអង្គ សយ សាត ប្ដេជ្ញា​បន្ត​ការងារ​សង្គម ទោះ​គ្មាន​វត្ត​គង់​នៅ​និង​ជាប់​បណ្ដឹង​នៅ​តុលាការ

ដោយ សេក បណ្ឌិត
2023.02.26
Share on WhatsApp
Share on WhatsApp
ព្រះអង្គ សយ សាត ប្ដេជ្ញា​បន្ត​ការងារ​សង្គម ទោះ​គ្មាន​វត្ត​គង់​នៅ​និង​ជាប់​បណ្ដឹង​នៅ​តុលាការ ព្រះតេជព្រះគុណ សយ សាត (ឆ្វេង​ទីពីរ) ចូលរួម​ធម្មយាត្រា​ជាមួយ​លោក រ៉ុង ឈុន (ឆ្វេង) កាលពីថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ព្រះសង្ឃ​សកម្ម​ការងារ​សង្គម​ព្រះតេជព្រះគុណ សយ សាត ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​វត្ត​ព្រោះ​ការ​ឈឺ​ឆ្អាល​បញ្ហា​សង្គម នៅ​មិន​រាថយ​ក្នុង​ការ​បំពេញ​ការងារ​នេះ​ទេ បើ​ទោះជា​ពេល​នេះ​ព្រះ​អង្គ​គ្មាន​វត្ត​នៅ និង​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ក្ដី។ មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ការ​បំពេញ​ការងារ​សង្គម​របស់​ព្រះតេជព្រះគុណ សយ សាត គួរ​ទទួល​បាន​ការ​សរសើរ ​មិនមែន​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះអង្គ​ដូច​ពេល​នេះ​ទេ។

ព្រះតេជព្រះគុណ សយ សាត ជា​ព្រះ​សង្ឃ​តែ​អង្គ​គត់​ក្នុង​ចំណោម​អ្នក​តស៊ូ​​មតិ​ជាង ៣០នាក់​ដែល​បាន​ចូលរួម​ធ្វើ​ធម្ម​យាត្រា​ដើរ​ដង្ហែ​ក្បួន​ថ្មើរ​ជើង​ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​សីលធម៌​សង្គម​ពី​រាជធានី​ភ្នំពេញ ទៅ​ដល់​ខេត្តពោធិ៍សាត់ រយៈពេល​មួយ​សប្តាហ៍ កាល​ដើម​ពី​ខែ​កុម្ភៈ។ ក្រោយ​ចូលរួម​ការងារ​សង្គម​នេះ​ព្រះសង្ឃ​អង្គ​នេះ បែរ​ជា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​វត្ត​ទៅ​វិញ​។ ជាង​១០​ថ្ងៃ ​គ្មាន​វត្ត​គង់​នៅ​ព្រះតេជព្រះគុណ សយ សាត ត្រាច់ចរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពេល​ខ្លះ​បាន​ផ្ទះ​អ្នក​ភូមិ​គង់​នៅ និង​ពេល​ខ្លះ​ព្រះ​អង្គ​គង់​ក្នុង​ព្រៃ ដើម្បី​កំបាំង​ខ្លួន​ពី​ការ​តាមដាន​របស់​ក្រុម​អាជ្ញាធរ​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន។

ព្រះតេជព្រះគុណ សយ សាត មាន​ថេរ​ដីកា​ឱ្យ​ដឹង​ថា ព្រះអង្គ​ចូលរួម​ធ្វើការងារ​ព្រោះ​សង្កេត​ឃើញ​ភាព​មាន​អយុត្តិធម៌​ក្នុង​សង្គម​កើតឡើង​ស្ទើរ​រាល់​ថ្ងៃ​ ដូច​ជា​ ការ​​បណ្ដេញ​ពលរដ្ឋ​ចេញ​ដីធ្លី ឬ​លំនៅឋាន អាជ្ញាធរ​រដ្ឋ​ធ្វើ​បាប​ពលរដ្ឋ​ ការ​បំផ្លាញ​ព្រៃឈើ និង​រំលោភ​សិទ្ធិមនុស្ស​ជា​ដើម។ ព្រះ​អង្គ​បន្ត​ថា ក្នុង​នាម​ព្រះ​សង្ឃ​ឆាន់បាយ​ពុទ្ធ​បរិស័ទ​ ព្រះ​អង្គ​មិន​អាច​គង់​សំងំ​យក​សុខ​តែ​អង្គ​ឯង​បាន​ឡើយ ​ដូច្នេះ ព្រះតេជព្រះគុណ សម្រេច​ចូលរួម​ធ្វើការងារ​សង្គម​ដូច​ការពារ​ព្រៃឈើ​ ចូលរួម​ការ​លើក​កម្ពស់​សីលធម៌​សង្គម​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ព្រះតេជព្រះគុណ សយ សាត៖ «ឃើញ​អ៊ីចឹង​អយុត្តិធម៌​ពេក​បាន​អាត្មា​ទ្រាំ មិន​បាន​អាត្មា​ចេញ​មក​ធ្វើ​ម៉េច​ឱ្យ​អ្នក​នយោបាយ​ចេះ​ដើរ​គន្លង​ផ្លូវ​កណ្ដាល​ធ្វើ​ម៉េច​ឱ្យ​សង្គម​ជាតិ​រីក​ចម្រើន​ថ្កុំថ្កើង ដូច​ប្រទេស​នានា​លើ​សកល​លោក​អ៊ីចឹង អាត្មា​មិន​ចង់​ឃើញ​ការ​សម្លាប់​ ការ​ចាប់​ដាក់​ផ្ដន្ទាទោស​ដោយសារ​ការ​បញ្ចេញ​មតិ​ដោយសារ​ការ​ស្ថាបនា​សង្គម​មើល​ទៅ​អយុត្តិធម៌​ពេក»

ព្រះតេជព្រះគុណ សយ សាត មាន​ថេរ​ដីកា​ទៀត​ថា ព្រះ​អង្គ​មិន​ព្រម​ចុះ​ចាញ់​អំពើ​អាក្រក់ ព្រោះ​អង្គ​មាន​ជំនឿ​ថា អំពើ​ល្អ​និង​ឈ្នះ​អំពើ​អាក្រក់ ហើយ​ក្នុង​នាម​ព្រះអង្គ ជា​អ្នក​បួស ព្រះអង្គ​​អាច​អប់រំ​បន្ទន់​ចិត្ត​ ពុទ្ធបរិស័ទ ឱ្យ​រលឹក​គិត​​ធ្វើ​សេចក្ដី​ល្អ។ ព្រះ​សង្ឃ​អង្គ​នេះ ​ក៏​ចង់​ឃើញ​ព្រះ​សង្ឃ​ផ្សេង​ទៀត​ថា ធ្វើ​ការងារ​សង្គម​ផង​ដែរ។

ព្រះតេជព្រះគុណ សយ សាត៖ «សូម​ព្រះ​សង្ឃ​ចេញ​មក ព្រោះ​យើង​ប្រកប​ដោយ​ធម៌​ជាន់​ខ្ពស់​ ម៉្លោះ​ហើយ​ត្រូវ​តែ​ចូលរួម​ត្រូវតែ​ដឹកនាំ​ណែនាំ នៃ​ស្ដេច​មន្ត្រី សេដ្ឋី​អ្នក​មាន​នេះ​ឱ្យ​ដើរ​ទៅ​តាម​ផ្លូវ​ល្អ ឈប់​មាន​ការ​គំនាប​ណាមួយ​មាន​ការ​គម្រាម​ណា​មួយ​ មានតែ​ព្រះសង្ឃ​ដែល​ធ្វើ​ឱ្យ​សង្គម​មាន​ស្ថិរភាព​បាន»

ព្រះតេជព្រះគុណ សយ សាត ព្រះជន្ម​៧២ ព្រះ​វស្សា វត្ត​ភ្នំផ្លោច ក្នុង​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​នេះ បណ្ដេញ​ចេញ​ពី​វត្ត​ កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ​ក្រោយ​ពេល​ព្រះតេជព្រះគុណ ចូលរួម​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​ជាមួយ​សមាគម​គ្រូបង្រៀន កាល​ពី​ដើម​ខែ​កុម្ភៈ។ ក្រោយ​ការ​បណ្ដេញ​ពី​វត្ត​ព្រះ​អង្គបាន​សុំ​វត្ត​ផ្សេង​មួយ​ចំនួន​ដើម្បី​គង់​នៅ​ដែរ តែ​អ្នក​គ្រប់គ្រង​វត្ត​ទាំង​នោះ​មិន​ហ៊ាន​ឱ្យ​ព្រះ​អង្គ​គង់​​ទេ។ នៅ​ចុង​ក្រោយ​នេះ​ទៀត តុលាការ​ខេត្ត​កំពង់ស្ពឺ​បាន​ចោទ​ប្រកាន់​ថា ព្រះ​អង្គ​ថា បាន​កាន​ទន្ទ្រាន​ដី​ព្រៃ ដែល​តម្រូវ​ឱ្យ​ព្រះតេជព្រះគុណ​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ទី០៦ ខែ​មីនា ខាង​មុខ។

នេះ​មិនមែន​ជាលើកទី១ ដែល​ព្រះតេជព្រះគុណ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​បែប​នេះ​ទេ។ ព្រះតេជព្រះគុណ​ សយ សាត ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង បាន​ចូល​សាង​ព្រះភ្នួស​ក្នុង​ព្រះ​ពុទ្ធសាសនា ក្នុង​ព្រះ​ជន្ម៥៦​ព្រះ​វស្សា នៅ​វត្ត​​មេត្តា​ធម្មជាតិ ខេត្ត​កំពង់ស្ពឺ និង​រៀន​សូត្រ​ខាង​វិន័យ​សង្ឃ​ថ្នាក់​​ធម្ម​វិន័យ ស្មើ​នឹង​ការ​សិក្សា​ទូទៅ​ថ្នាក់​ទី៥។ ពេល​នោះ​ព្រះអង្គ​បាន​ចូលរួម​​​ការពារ​ព្រៃឈើ ​នៅក្នុង​សហគមន៍​ព្រៃមេត្តា​ធម្មជាតិ​ ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​រក​រឿង​ចោទ​ប្រកាន់​ រហូត​ធ្វើ​ឱ្យ​ព្រះតេជព្រះគុណ សម្រេច​លា​ចាក​សិក្ខាបទ​មួយ​រយៈ​ពេល​ ហើយ​នៅ​ឆ្នាំ​២០២២ ព្រះ​អង្គ​ចូល​សាង​ផ្នួស​ជា​ថ្មី និង​បាន​ចូលរួម​ទាមទារ​យុត្តិធម៌​ញឹកញាប់ ​ហើយ​ចុង​ក្រោយ​នេះ ព្រះតេជព្រះគុណ ចូលរួម​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​ជាមួយ​សមាគម​គ្រូបង្រៀន រហូត​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដូច​ពេល​នេះ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នក​ស្រី​ អ៊ុក ឆាយ៉ាវី ដែល​ដឹកនាំ​ក្បួន​ធម្មយាត្រា ទាមទារ​យុត្តិធម៌​សង្គម​ឱ្យ​ដឹង​ថា កាល​ពី​ការ​​ធ្វើ​ធម្មយាត្រា​រយៈ​ពេល​០៧​ថ្ងៃ​ ព្រះតេជព្រះគុណ សយ សាត បាន​ចូលរួម​ធម្មយាត្រា​នោះ​យ៉ាង​សកម្ម​ ​តាំង​ពី​ថ្ងៃ​ចាប់​ផ្ដើម ​ដល់​ថ្ងៃ​បញ្ចប់។ អ្នកស្រី​សង្កេត​ឃើញ​ថា ព្រះ​សង្ឃអង្គ​នេះ បាន​លះបង់​កម្លាំង​កាយ​ព្រះទ័យ និង​មិន​ខ្លាច​ព្រមាន​របស់​អាជ្ញាធរ​នៅ​ពេល​ធ្វើ​ធម្មយាត្រា​នោះ​ទេ។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ឃើញ​ព្រះតេជព្រះគុណ​ សយ សាត ចូលរួម​ការពារ​ធ្វើ​ការងារ​សង្គម អ្នកស្រី​ក៏​ធ្លាប់​ឃើញ ព្រះ​អង្គ​នេះ​​ចូលរួម​ការពារ​ព្រៃឈើ​ផង​ដែរ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «នេះ​ជា​ការ​មួយ​ដែល​លោក​កំពុង​តែ​ធ្វើ​គំរូ​ល្អ​សម្រាប់​ព្រះ​សង្ឃ​ដទៃ​ទៀត​ណា ការ​ដែល​មាន​អ្នក​កំពុង​ឆេះឆួល​ពី​បញ្ហា​សង្គម​គួរតែ​ឱ្យ​ប័ណ្ណ​សរសើរ​លោក​ទៅ មិន​គួរ​ដាក់​បន្ទុក​លើ​លោក​ដោយ​រូប​ភាព​ហ្នឹង​អាក្រក់​មើល​ណាស់»

ចំណែក​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា​ សង្កេត​ឃើញ​ថា រាល់​ពេល​មាន​ព្រះ​សង្ឃ​អង្គ​ណា​ហ៊ាន​ឈឺ​ឆ្អាល​បញ្ហា​សង្គម តែង​រង​ការ​បណ្ដេញ​ចេញ​ពី​វត្ត រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​រហូត​មានការ​ភៀស​ព្រះ​កាយ​ទៅ​ក្រៅ​ប្រទេស។ ទោះ​បែប​នេះ​ក្ដី លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រទេស​កម្ពុជា ដែល​តម្កល់​ព្រះ​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ​អាជ្ញាធរ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ ផ្ដល់​លទ្ធភាព​ឱ្យ​ព្រះ​សង្ឃ​អាច​បម្រើ​សង្គម​តាម​ឆន្ទៈ​របស់​ព្រះ​អង្គ។ មន្ត្រី​សង្គម​ស៊ីវិលរូប​នេះ យល់​ថា ការ​បណ្ដេញ​ព្រះ​សង្ឃ​ចេញ​ពី​វត្ត ​ព្រោះ​ព្រះ​សង្ឃ​ធ្វើ​ការងារ​សង្គម​ជា​រឿង​មិន​គួរ​កើត​មាន​ឡើង​ឡើយ។

លោក ស៊ឹង សែនករុណា«ជា​ធម្មតា​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ ក្នុង​គ្រប់គ្រង​ប្រទេស​មិន​ត្រូវ​ប្រកាន់​ភ្ជាប់​អំពី​និន្នាការ​នៃ​ក្រុម​ណាមួយ​នៃ​បក្ខពួក​ណាមួយ​នោះ​ទេ ត្រូវតែ​ធ្វើ​ការ​សម្របសម្រួល​យ៉ាងណា អាច​ឱ្យ​ទាំង​ព្រះ​សង្ឃ​ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ពុំ​មាន​ការ​រើសអើង​​និង​ការ​ប៉ះ​ទង្គិច​នៅក្នុង​ផ្នែក​នៃ​និន្នាការ​នយោបាយ​នេះ។»

ដូច​ទៅ​នឹង​ការ​អះអាង​របស់​មន្ត្រី​សង្គមស៊ីវិល​នេះ​ដែរ កន្លង​ទៅ​ព្រះសង្ឃ​មួយ​ចំនួន ដែល​សកម្ម​ក្នុង​ការ​បំពេញ​ការងារ​សង្គម ត្រូវ​បាន​រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ រហូត​ធ្វើ​ឱ្យ​ព្រះសង្ឃ​ទាំងនោះ​ភៀស​ព្រះកាយ​ចេញ​ពី​ប្រទេស​កម្ពុជា។ ក្នុង​នោះ​រួមមាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ កំពុង​ភៀស​ព្រះកាយ​នៅ​សហរដ្ឋអាមេរិក(United States) ព្រះតេជព្រះគុណ លួន សុវ៉ាត និង​ព្រះតេជព្រះគុណ ប៊ូ បេត ភៀស​ព្រះ​កាយ នៅ​ប្រទេស​ស្វីស(Switzerland) និង​ព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី ភៀស​ព្រះកាយ​នៅ​ប្រទេស​អូស្ត្រាលី(Australia)។ ​

ទោះ​ប្រឈម​ការ​រើសអើង​ពី​អ្នក​គ្រប់គ្រង​វត្ត​មួយ​ចំនួន មិន​ឱ្យ​ព្រះតេជព្រះគុណ សយ សាត ​គង់​នៅ ក៏​ព្រះ​អង្គ ប្ដេជ្ញា​បន្ត​ចូលរួម​ការងារ​សង្គម ហើយ​ព្រះអង្គ​នឹង​ធ្វើ​ធម្មយាត្រា​ចាប់​ពី​ថ្ងៃ​ទី០១ មីនា​ខាង​មុខ ​ដោយ​ចេញ​ពី​ភ្នំពេញ ទៅ​ព្រំដែន​ប្រទេស​ថៃ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម និង​បិណ្ឌបាត​សុំ​ឱ្យ​ធ្វើ​ឈប់​ទុក្ខបុកម្នេញ​លើ​អ្នក​ធ្វើ​ការងារ​សង្គម។ ព្រះតេជព្រះគុណ សយ សាត អំពាវ​ឱ្យ​ព្រះសង្ឃ អ្នក​ធ្វើ​ការងារ​សង្គម និង​ពលរដ្ឋ​ ចូលរួម​ធ្វើ​ធម្មយាត្រា​ជាមួយ​ព្រះតេជព្រះគុណ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។