អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលថា ការគោរពសិទ្ធិមនុស្ស ឬគោរពសិទ្ធិកូដករណាហ្គាវើលដ៍ (Nagaworld) រយៈពេលពីរថ្ងៃនេះ ជាការបន្លំភ្នែក អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប៉ុណ្ណោះ។ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាល ឆ្លើយតបថា រដ្ឋាភិបាល តែងអនុវត្ត ការគោរពសិទ្ធិមនុស្ស ហើយក៏មិនមែនធ្វើដើម្បីផ្គាប់ចិត្តនរណាម្នាក់ឡើយ។
អ្នកឃ្លាំមើលជំរុញទៅរដ្ឋាភិបាល លោក ហ៊ុន សែន គួរមានឆន្ទៈពិតប្រាកដក្នុងគោរពសិទ្ធិមនុស្ស មិនមែនគ្រាន់តែធ្វើឲ្យល្អមើល ឬបង្ហាញជំហរគោរពសិទ្ធិមនុស្ស នៅពេលមានប្រេសិតពិសេសអង្គការសហប្រជាជាតិមានវត្តមាននៅកម្ពុជានោះទេ។ ការលើកឡើងបែបនេះ ធ្វើឡើង ខណៈនៅរយៈពេលចុងក្រោយនេះ អាជ្ញាធរ នៃរដ្ឋាភិបាល លោក ហ៊ុន សែន ផ្អាកប្រើហិង្សាក្រុមបាតុករណាហ្គាវើលដ៍។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា ឥរិយាបថរបស់អាជ្ញាធរនេះ រដ្ឋាភិបាលហាក់ចង់បង្ហាញទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ថា ពួកគេគោរពសិទ្ធិមនុស្ស គោរពសិទ្ធិសំដែងមតិ ឬការធ្វើបាតុកម្ម កូដកម្ម របស់ពលរដ្ឋ។ លោកបារម្ភថា នៅពេលលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ធ្វើដំណើរចាកចេញពីកម្ពុជា ពលរដ្ឋ ឬកូដករ ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលចេញទាមទារសិទ្ធិរបស់ខ្លួន អាចនឹងត្រូវអាជ្ញាធរវាយសំពងសាជាថ្មី។ «»
ស្រដៀងគ្នានេះដែរសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ថា អ្វីដែលអាជ្ញាធរធ្វើពេលនេះ គ្រាន់តែការប្រុងប្រយ័ត្ន ព្រោះមិនចង់ឲ្យមានរូបភាពអាក្រក់។ លោកបន្តថា ការគោរពសិទ្ធិមនុស្ស ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដូច្នេះ រដ្ឋាភិបាលគួរមានការលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមអនុវត្តសិទ្ធិរបស់ខ្លួនដោយសេរី។ «»
ក្រុមអ្នកការពារសិទ្ធិមនុស្ស លើកឡើងដូច្នេះ ខណៈអាជ្ញាធរនៃរដ្ឋាភិបាល លោក ហ៊ុន សែន បានបន្ធូរដៃបង្ក្រាបក្រុមកូដករនៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ រយៈពេលពីរថ្ងៃជាប់គ្នា។
ក្រុមសមត្ថកិច្ចដែលតែងតែប្រើអំពើហិង្សាលើក្រុមកូដករស្ទើរជារាល់ថ្ងៃ ជិត៨ខែមកនេះ ប្ដូរមកចិត្តល្អជួយសម្រួលការធ្វើកូដកម្មរបស់ក្រុមកូដករ ដោយឲ្យពួកគេ អាចឈរសម្ដែងមតិ នៅមុខនៅកាស៊ីណូណាហ្គាវើលដ៍ ដោយគ្មានការរំខាន ឬវាយទាត់ធាក់ដូចមុនៗទៀតឡើយ។
ឥរិយាបថរបស់អាជ្ញាធរពេលនេះ កើតឡើងស្របពេលដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន បានចុះឃ្លាំមើលផ្ទាល់អំពីកូដកម្មនេះកាលពីថ្ងៃទី១៧ សីហា។ ចំណែកនៅថ្ងៃទី១៨ ខែសីហា បើទោះគ្មានវត្តមាន លោក វិទិត មុនតាប៊ន នៅកន្លែងកូដកម្មក្ដី តែអាជ្ញាធរ មិនប្រើហិង្សាលើកូដករនោះដែរ។
ក្រុមកូដករក៏មានលទ្ធភាពគ្រប់គ្រាន់ ស្រែកទាមទារឲ្យថៅកែក្រុមហ៊ុន ណាហ្គាវើលដ៍ដោះស្រាយជម្លោះការងារមួយនេះ។ «»
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន កាលពីទី១៧ សីហា បានសរសេរដាក់ក្នុងទំព័រ Facebook របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថា លោករីករាយដែលអាចទៅឃ្លាំមើល កូដកម្មរបស់កម្មករ និងឃើញការប្រើប្រាស់សិទ្ធិសេរីភាពផ្នែកសំដែងមតិ និងការប្រើប្រាស់សិទ្ធិប្រមូលផ្តុំ។
ស្រដៀងគ្នានេះ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជាសរសេរថា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជាស្វាគមន៍ការវិវឌ្ឍថ្មីនេះ ហើយទន្ទឹងចង់ឃើញអាជ្ញាធរបន្តការពារសិទ្ធិរបស់កម្មករ រួមមានសិទ្ធិបញ្ចេញមតិ និងប្រមូលផ្តុំ។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន លើកឡើងថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការគោរពសិទ្ធិមនុស្សជាង៤០ឆ្នាំហើយ មិនមែនទើបធ្វើពេលនេះទេ។ លោកយល់ថា ការដែលកូដករ អាចសម្ដែងមតិដោយគ្មានអំពើហិង្សាពេលនេះអាចមានការសម្របសម្រួល និងការជជែកយល់គ្នារវាងក្រុមកូដករ និងក្រុមសមត្ថកិច្ច។ មន្ត្រីរដ្ឋាភិបាល រូបនេះ ចោទប្រកាន់ថា អ្នកដែលថា រដ្ឋាភិបាលគោរពសិទ្ធិមនុស្ស ដើម្បីបន្លំភ្នែក ប្រេសិតពិសេសអង្គការសហប្រជាជាតិ ជាការបំពុលបរិយាកាស និងបំផ្លាញមុខមាត់រដ្ឋាភិបាល។ «»
ទោះមានការអះអាងបែបនេះរបស់មន្ត្រីរដ្ឋាភិបាលក្ដី ប៉ុន្តែ អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចលាក់ភ្នែក លោក វិទិត មុនតាប៊ន បានទេ ព្រោះការធ្វើរបាយការណ៍អ្នកជំនាញផ្នែកសិទ្ធិមនុស្ស រូបនេះ គឺជួបគ្រប់ភាគីពាក់ព័ន្ធ ប្រមូលរបាយការណ៍នានា មិនមែនមើលត្រឹមភ្នែកទទេឡើយ។ លោក គឹម សុខ បន្ត ថា លោក ហ៊ុន សែន គ្មានឆន្ទៈគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ព្រោះបើលោក ហ៊ុន សែន បើកឱ្យពលរដ្ឋមានការអនុវត្តសិទ្ធិពេញលេញ នឹងធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងអំណាចតត្រកូលរបស់លោក ហ៊ុន សែន។ «»
ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ដើម្បីជួបភាគីពាក់ព័ន្ធ រួមមាន រដ្ឋាភិបាល អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។
ដំណើរទស្សនកិច្ចរបស់លោក វិទិត មុនតាប៊ន ខណៈមានរិះគន់ជុំទិសថា រដ្ឋាភិបាល លោក ហ៊ុន សែន គាបសង្កត់សិទ្ធិពលរដ្ឋ ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យជាដើម។ លោកគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃទស្សនកិច្ចរបស់លោក នៅចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
