ប្រពន្ធ​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ វីងស្តារ ស៊ូ ស្នើ​តុលាការ​ខេត្តកំពង់ស្ពឺ​ឱ្យ​ដោះលែងប្តី

ដោយ ចាន់ ដារ៉ូ
2024.03.04
ប្រពន្ធ​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ វីងស្តារ ស៊ូ ស្នើ​តុលាការ​ខេត្តកំពង់ស្ពឺ​ឱ្យ​ដោះលែងប្តី ស្លាកសញ្ញា​រោងចក្រ​ផលិត​ស្បែក​ជើង នៅ​ខេត្ត​កំពង់ស្ពឺ។
រូប៖ ហ្វេសប៊ុក Wing Star Shoes Cambodia 2021-01-21

ប្រពន្ធ​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ វីងស្តារ ស៊ូ (Wing Stars Shoes Cambodia Co.,LTD.)  ស្នើ​តុលាការ​ខេត្តកំពង់ស្ពឺ​ដោះ​លែង​ប្តី​ឱ្យ​មាន​សេរីភាព។ ចំណែក​សហជីព​ឯករាជ្យ នៅតែ​ចាត់​ទុក​ករណី​នេះ​ថា មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ តែ​ជា​ករណី​គំរាម​កំហែង និង​រំលោភ​លើ​សេរីភាព​សហជីព​នៅ​កន្លែង​ការងារ ដែល​ភាគី​ពាក់ព័ន្ធ រួម​ទាំង​រដ្ឋាភិបាល​ផង ត្រូវ​ធ្វើ​អន្តរាគមន៍​ដោះ​ស្រាយ។

គ្រួសារ និង​សហជីព​ឯករាជ្យ​ជំរុញ​ដល់​តុលាការ​ខេត្តកំពង់ស្ពឺ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​តំណាង​សហជីព​ប្រចាំ​រោងចក្រ វីងស្តារ ស៊ូ (Wing Stars Shoes)លោក ជា ចាន់ ឱ្យ​មាន​សេរីភាព និង​ស្នើ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​គំរាម​កំហែង រំលោភ​បំពាន​លើ​សេរីភាព​របស់​កម្មករ ដែល​អនុវត្ត​សិទ្ធិ​ធានា​ដោយ​ច្បាប់។

ប្រពន្ធ​របស់​ប្រធាន​សហជីព​កម្ពុជា​នៅ​រោងចក្រ វីងស្តារ ស៊ូ លោក ជា ចាន់ គឺ​លោកស្រី ឆែ ចាន់រ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្រោយ​ចូល​សួរ​សុខទុក្ខ​ប្ដី នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែមីនា​ថា ប្តី​លោកស្រី​មាន​បញ្ហា​សុខភាព​គួរ​ឱ្យ​បារម្ភ​ជា​ខ្លាំង ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម​ធ្វើ​ទុក្ខ បន្ទប់​ឃុំឃាំង​តូច​ចង្អៀត​សម្រាន្ត​មិន​លក់ ហូប​មិន​បាន​គ្រប់គ្រាន់​បណ្ដាល​ឱ្យ​ស្លេកស្លាំង​អស់​កម្លាំង​ជា​ដើម។ លោកស្រី​បន្ត​ថា អ្វី​ដែល​លោកស្រី​កាន់តែ​ខ្លោច​ចិត្ត គឺ​ពេល​ឃើញ​ប្តី​រៀបរាប់​រឿងរ៉ាវ​ឈឺ​ចាប់ ដែល​អាជ្ញាធរ​ចាប់​វាយ​ខ្នោះ​រុញ​បញ្ចូល​ឡាន ខណៈ​តុលាការ​ចោទ​ប្រកាន់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ថែម​ទៀត។

ស្ត្រី​វ័យ ៣២ឆ្នាំ​រូប​នេះ កំពុង​ប្រកប​មុខ​របរ​លក់ដូរ​នៅ​ផ្ទះ​បន្តិចបន្តួច ដោយ​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន​តូច​បី​នាក់​នៅ​ក្នុង​បន្ទុក ក្រោយ​ពី​ប្តី​ជា​មេ​គ្រួសារ​ត្រូវ​ជាប់​ពន្ធនាគារ។ លោកស្រី ឆែ ចាន់រ៉ា ឱ្យ​ដឹង​ថា កូនៗ តែងតែ​សួរ​រក​ឪពុក​ជា​ប្រចាំ ប៉ុន្តែ​លោកស្រី​បាន​ត្រឹម​តែ​លួច​សម្រក់​ទឹក​ភ្នែក និង​កុហក​ប្រាប់​ពួក​គេ​ថា ប្តី​លោកស្រី​កំពុង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ប្រឡង​ទៅ​ធ្វើ​រក​ប្រាក់​នៅ​ប្រទេស​កូរ៉េ។

លោកស្រី ឆែ ចាន់រ៉ា៖ «និយាយ​ទៅ បន្ទុក​គ្រួសារ បើ​និយាយ​វិញ នាំ​ឱ្យ​ទឹកភ្នែក ទឹក​សំបោរ​ទៀត អ៊ីចឹង ពិណាស់គាត់ជាប់ពន្ធនាការ២០ថ្ងៃហើយ គ្រួសារ​សុទ្ធតែ​ស្នើ​ឱ្យ​តុលាការ​ដោះ​លែង ពីព្រោះ​គាត់​រង​នូវ​អយុត្តិធម៌ ដោះ​លែង​ឱ្យ​មក​ជួបជុំ​គ្រួសារ មក​ធ្វើ​ការងារ​វិញ ដោយសារ​បើ​គាត់​នៅ​ហ្នឹង ខ្លាច​គាត់​ឈឺ ពីព្រោះ​គាត់​មាន​ជំងឺ​ផ្ទាល់​ខ្លួន»

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​ឃាត់​ខ្លួន​លោក ជា ចាន់ នៅ​ក្នុង​រោងចក្រ វីងស្តារ ស៊ូ នៅ​ក្នុង​ស្រុកគងពិសី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ដោយ​គ្មាន​បញ្ជាក់​ពី​មូលហេតុ ឬ​បង្ហាញ​ដីកា​ចាប់​ខ្លួន​ឡើយ។ បន្ទាប់​មក​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី១៨ ខែកុម្ភៈ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ប្រធាន​សហជីព​កម្ពុជា​ប្រចាំ​រោងចក្រ វីងស្តារ ស៊ូ រូប​នេះ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្នពី​បទ​សម​គំនិត​ក្នុង​អំពើ​លួច​សម្ភារៈ នៅ​ក្នុង​រោងចក្រ កាល​អំឡុង​ឆ្នាំ២០២២ តាម​បណ្ដឹង​របស់​ថៅកែ​ក្រុមហ៊ុន និង​ក្រោយ​ពេល​លោក ជា ចាន់ បាន​ព្យាយាម​បង្កើត​សហជីព​ឯករាជ្យ ដើម្បី​ការពារ​សិទ្ធិ​របស់​កម្មករ​នៅ​កន្លែង​ធ្វើការ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​នាយក​ក្រុមហ៊ុន វីងស្ដារ ស៊ូ ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែមីនា។ ចំណែក​អ្នក​ពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន វិទ្យុ​អាស៊ី​សេរី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

កាល​ពី​ពេល​ថ្មីៗ នេះ អង្គការ​សង់ត្រាល់ (CENTRAL) ចាត់​ទុក​ការ​ចោទ​ប្រកាន់​លោក ជា ចាន់ ថា ជា​ការ​រំលោភ​បំពាន និង​គំរាម​កំហែង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ផ្នែក​សហជីព ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ព្រមទាំង​ក្រម​សីលធម៌​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​អាសិក ស្ដីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស នៅ​រោងចក្រ វីងស្ដារ ស៊ូ ដែល​កំពុង​ដំណើរ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

លើស​ពី​នេះ អង្គការ​សង់ត្រាល់​ថា ការ​ស៊ើបអង្កេត​ផ្ទៃក្នុង ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ច្បាប់​បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​មាន​ការ​បង្កើត​សហជីព​មូលដ្ឋាន​ឯករាជ្យ​នៅ​ក្នុង​រោងចក្រ វីងស្ដារស៊ូ កាល​ពី​ដើម​ខែមករា ឆ្នាំ២០២៤ មក ការ​ជ្រៀតជ្រែក និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើត​ឡើង ទាំង​អំឡុង​ពេល​បោះ​ឆ្នោត​បង្កើត​សហជីព និង​ដំណើរ​ការ​ចុះ​ឈ្មោះ​សមាជិក​សហជីព​ថ្មីៗ។

ជុំវិញ​រឿង​នេះ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លោក ជា ចាន់ ដាក់​ពន្ធនាគារ ក្រោយ​ពេល​លោក​បង្កើត​សហជីព មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​ករណី​នេះ ជា​ចេតនា​របស់​ថៅកែ​ក្រុមហ៊ុន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មេ​ដឹកនាំ​សហជីព ដែល​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ផ្ទុយ​ទៅ​វិញ នៅ​ពេល​គាត់​ប្រើប្រាស់​សិទ្ធិ​សេរីភាព នៃ​ការ​ចងក្រង​សហជីព​ត្រូវ​ទទួល​រង​ការ​គំរាម​កំហែង ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​គាត់ ដើម្បី​ឱ្យ​ចុះចាញ់ ឬ​ដើរ​ចេញ​ពី​វិថី ដែល​គាត់​មាន​សិទ្ធិ មាន​សេរីភាព​ក្នុង​ការ​ចងក្រង​សហជីព ចំណុច​នេះ គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​សហជីព​ធ្ងន់ធ្ងរ។ អ៊ីចឹង ខ្ញុំ​ឱ្យ​ក្រសួង​ការងារ​ចាត់​វិធានការ​អនុវត្ត​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​សហជីព​ឱ្យ​កម្មករ​មាន​សិទ្ធិ​ក្នុង​ការ​ចងក្រង​សហជីព​ឡើង​វិញ»

អង្គការ​សង្គម​ស៊ីវិល សហព័ន្ធ​សហជីព​កម្ពុជា រួម​ជាមួយ​សហជីព​សកល អ៊ិនដាសស្រ្ទី អល (IndustriAll Global Union) បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ ដោយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​មិនពិត និង​ជា​ឧបាយកល​បង្ក្រាប​សហជីព ក្នុង​គោល​បំណង​បញ្ឈប់​សកម្មភាព​របស់​សហជីព​ក្នុង​ស្រុក។ ពួកគេ​បាន​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ ដើម្បី​ដាក់​សម្ពាធ​ដល់​ភាគី​ក្រុមហ៊ុន វីងស្ដារ ស៊ូ ថា ត្រូវ​ដក​ពាក្យ​បណ្ដឹង ហើយ​ដោះ​លែង​ប្រធាន​សហជីព លោក ជា ចាន់ ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។