សាច់ញាតិ​​សកម្មជន​​កំពុង​​ជាប់ឃុំ​​ស្នើ​​ឲ្យ​​មន្ត្រី​​ពន្ធ​នាគារ​​ដាក់​​ប្រព័ន្ធ​​ទូរស័ព្ទ​​ ដើម្បី​​សួរ​សុខទុក្ខ​​ក្នុង​​អំឡុង​ពេល​​កូវីដ១៩​

0:00 / 0:00

សាច់​ញាតិ​សកម្មជន​កំពុង​​ជាប់ឃុំ លើក​ឡើង​អំពី​ក្តី​បារម្ភ​ដូចៗគ្នា​ ជុំវិញ​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ ដែល​កំពុង​រីក​រាល​ដាល​ខ្លាំង​នៅទូទាំង​ប្រទេស ជាពិសេស​បញ្ហាភាព​ចង្អៀត​ណែន​ក្នុងពន្ធ​នាគារ។

ការ​​លើក​ឡើង​នេះ​ដោយសារ​តែ​ក្រុមស្ត្រី​ថ្ងៃសុក្រ នៅថ្ងៃទី១២ ខែមីនា បានទៅសួរ​សុខទុក្ខប្តី​របស់ខ្លួន​នៅ​ពន្ធ​នាគារ​ព្រៃស ប៉ុន្តែ​មន្ត្រី​ពន្ធ​នាគារ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ បាន​ចូល​ជួប​សួរ​សុខ​ទុក្ខឡើយ។​

ប្រពន្ធ​លោក កាក់កុម្ភារ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិគឺលោកស្រី ព្រំ ចន្ថា ថ្លែង​ថា លោក​​ស្រី​ខកចិត្ត​និង​បារម្ភ​ពី​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធ​នាគារ​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩នេះ។ លោកស្រី​បារម្ភ​ថា ករណី​ជំងឺ​កូវីដ១៩ នឹង​មាន​ការ​ផ្ទុះ​ឡើង​ធ្ងន់ធ្ងរ​នៅក្នុង​ពន្ធ​នាគារ​ តាម​រយៈ​អ្នក​ទោស​ថ្មី​ៗ និង​មន្ត្រី​ពន្ធ​នាគារ​​ ប្រ​សិន​បើ​ពួកគេ​មាន​ការ​ធ្វេស​ប្រហែស។ លោកស្រី​ទទូច​ឲ្យ​មន្ត្រី​ពន្ធ​នាគារ​​គួរ​ដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​នេះ​ចេញ និង​បង្កើន​បន្ទប់​ឃុំឃាំង ដើម្បី​កាត់​បន្ថយ​ចំនួន​មនុស្ស និង​ការ​ពារ​ការ​ឆ្លង​រីករាល​ដាល៖ « ខ្ញុំ​សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង​ ជួយ​ធ្វើម៉េច​ឲ្យ​ពន្ធនាគារ​ហ្នឹងកុំ​ឲ្យ​បន្ទប់​តូច​ចង្អៀត ហើយ​ឲ្យ​គម្លាត​​គ្នា​​ទៅ ​បើ​មិន​អញ្ចឹង​​ទេ​​ឆ្លង ​ហើយ​​និយាយ​​ទៅ​​នៅ​​ខាង​ក្រៅ​​អត់​ខ្លាច​​វិញ​ទេ​ ខ្លាច​ខាង​ពន្ធនាគារ​ហ្នឹង​ឯង​ព្រោះ​វា​ណែន​តាន់តាប់ ចង្អៀត ហើយ​មន្ត្រី​ពន្ធនាគារ​ហ្នឹង​ឯង​ដែល​ខ្ញុំ​ខ្លាច​ជា​ទី​បំផុត​នោះ មិនមែន​ខ្លាច​នៅ​ខាង​ក្រៅ​វិញ​ទេ ដោយសារ​អី ព្រោះ​នៅ​ក្នុង​ហ្នឹង​ស្អី​ច្របូក​ច្របល់​គ្នា មិន​ដឹង​ស្អី​ជា​ស្អី ខ្វះ​ខាត​គ្រប់​ចន្លោះ ទឹក​ងូត​អី​គ្រប់​សព្វ​យ៉ាង​ទាំង​អស់។ វាគ្មាន​ដូច​យើង​ខាង​ក្រៅ​ណា ហើយ​មាន​អីត្រូវ​ការពារ​អី​ឲ្យ​ស្អាត​ស្អំ​ដូច​យើង​ខាង​ក្រៅ។ អញ្ចឹង​ខ្ញុំ​ភ័យ​ខ្លួន​ខាង​ក្រៅ​វិញ​ទេ។ អញ្ចឹង​ខ្ញុំ​សុំឲ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង​ជួយ​ធ្វើ​ម៉េច​មើល​ការ​ខុស​ត្រូវ ហើយធ្វើ​ម៉េច​ឲ្យ​មាន​ទូរស័ព្ទ ទូរអី ដើម្បី​ឲ្យ​អាស្រ័យ​ទាក់ទង​ក្រុម​គ្រួសារ ដើម្បី​ឲ្យ​ពួកខ្ញុំ​ដឹង​ឮ​ពី​សុខ​ទុក្ខ​គាត់​អី » ​​​​​​​​​​​​​​​​​​​​​​​​​​

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​លោក យឹម សារ៉េត សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គឺលោកស្រី អ៊ុក ចន្ធី ឲ្យ​ដឹង​ថា លោកស្រីពុំ​បាន​ទទួល​ដំណឹង​អ្វី​ពីខាង​ក្រុម​គ្រួសារ​លោកស្រី ដែល​កំពុង​ជាប់ឃុំ​ឡើយ ដោយ​សារ​មន្ត្រី​ពន្ធ​នាគារ​រឹត​បន្តឹង​វិធាន​ការ​សុខា​ភិបាល​ខ្លាំង។ លោកស្រី​បារម្ភ​ពី​ស្ថាន​ភាព​សុខភាព​​ប្តី​លោកស្រី ដោយ​សារ​លោក​មាន​ជំងឺ​ប្រចាំកាយ និង​បញ្ហាភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធ​នាគារ។ លោកស្រី​បារម្ភ​ទៀត​ថា ករណី​រីករាល​ដាល​ជំងឺ​កូវីដ១៩នេះ អាច​បន្តឆ្លង​ចូល​ដល់​ក្នុង​ពន្ធ​នាគារ​ ប្រសិន​បើ​មន្ត្រី​ទាំង​នោះ​ធ្វេស​ប្រហែស ឬមិន​បាន​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ។ ​លោកស្រី​ចង់ឲ្យ​មន្ត្រី​ពន្ធ​នាគារ​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ ដើម្បី​ឲ្យ​លោកស្រី​បាន​ដឹង​ដំណឹង និង​សុខទុក្ខ​ប្តី​លោកស្រី​នៅ​ក្នុង​ពន្ធនាគារ​៖ « គាត់​នៅ​ក្នុង​នោះ​ក៏​គាត់​ច្បាស់​ជា​បារម្ភ​ពី​ក្រុម​គ្រួសារ​នៅ​ខាង​ក្រៅ​ដូច​តែ​គ្នា ដល់​ចឹង​យើង​បារម្ភ​ទៅ​វិញ​ទៅ​មក។ បើសិន​ជា​យើង​មាន​ទូរស័ព្ទ​អាច​ទាក់​ទង​គ្នា​បាន អញ្ចឹង​អាហ្នឹង​ការ​បារម្ភ​ក៏វា​អាច​កាត់​បន្ថយខ្លះ​ចឹង​អូន » ​​​​​​

ប្រពន្ធ​លោក ថុន រដ្ឋា សកម្មជន​មាតា​ធម្មជាតិ គឺ​លោកស្រី ប៉ាត់ រស្មី រៀបរាប់​ថា លោកស្រី​នឹក​រលឹក និង​បារម្ភ​ពី​សុវត្ថិភាព​ប្តី​របស់​ខ្លួន​ដែល​កំពុង​ជាប់ឃុំ​ ក្រោយ​កម្ពុជា​មាន​ករណី​អ្នក​ស្លាប់​ដោយ​​សារ​ជំងឺ​កូវីដ​១៩ដំបូង​មក។ លោកស្រី​ទទូច​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ពន្ធនាគារ គួរ​រិះ​រក​មធ្យោបាយ​ណា​មួយ ដើម្បី​ឲ្យ​សាច់​ញាតិ​អ្នកជាប់ឃុំ​មាន​លទ្ធភាព​សួរ​សុខទុក្ខ​គ្រួសារ​របស់​ពួកគេ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្នការ​ចម្លង​ជំងឺនេះ​ទៅក្នុង​ពន្ធនាគារ៖ « ខ្ញុំនឹក​រលឹក​គាត់​រហូត ហើយ​សម​ឥឡូវ​អត់​បាន​ទៅ​ជួប​គាត់​ទៀត រឹត​តែ​បារម្ភ ហើយ​បើសិន​ជា​អាច​សូម​ឲ្យ​តុលាការ​អាច​ឲ្យ​គាត់​នៅ​ក្រៅឃុំអីទៅ ដើម្បី​មក​ជួប​ជុំគ្រួសារ ហើយ​ក៏​ដើម្បីឲ្យ​គាត់​ហ្នឹង​មាន​ភាព​កក់ក្តៅ ដូចជា​ក្នុង​គ្រួសារ​មាន​ភាព​កក់ក្តៅ​បាន​នៅ​ជុំ​គ្នា​ចឹង » ​​​​​​​​​

ឆ្លើយ​តប​នឹង​ក្តី​បារម្ភ​នេះ អគ្គនាយក​រង​ពន្ធនាគារ​លោក នុត សាវនា មាន​ប្រសាសន៍​ថា មន្ត្រី​ពន្ធនាគារ​ទាំង​អស់​​ក្នុង​ប្រទេស​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ជន​ជាប់ឃុំ​​​ប្រើ​ប្រាស់​ទូរស័ព្ទ​នោះទេ ដោយ​លោក​លើក​ហេតុ​ផល​ថា ដើម្បី​ទប់ស្កាត់​ការ​ប្រើ​ប្រាស់ទូរស័ព្ទ​​ក្នុង​សកម្មភាព​ខុស​ច្បាប់។ លោកបន្ត​ថា មន្ត្រីពន្ធ​នាគារ​បាន​អនុវត្ត​វិធាន​ការ​សុខា​ភិបាល​បាន​យ៉ាង​ម៉ឺងម៉ាត់ និង​តឹងរឹង​បំផុត​ ព្រម​ទាំង​សំអាត​អនាម័យ​ក្នុង​ពន្ធនាគារ​ជា​ប្រចាំ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ១៩៖ « ពេលនេះ​ គឺ​បិទ​ទាំង​អស់​ទូទាំង​ប្រទេស ដោយសារ​យើង​ត្រូវ​គ្រប់គ្រង​សភាព​ការណ៍​សន្តិសុខ​ដែរ។ ខ្ញុំ​អត់ដឹង​ថា ពេល​ណា​ដែល​ការ​វាយតម្លៃ​សភាព​ការ​សន្តិសុខ​ទៅ​អាច​អនុញ្ញាត​ឲ្យ​យើង​ចាប់​ផ្តើម​ប្រើប្រាស់​ទូរស័ព្ទ​ឡើង​វិញ​បានទេ អាហ្នឹង​ទាល់តែ​ថ្នាក់​ដឹកនាំ​ក្រសួង​ទើប​លោក​មាន​សិទ្ធ​សម្រេច​លើ​ការងារ​ហ្នឹង​បាន​ » ​​​​​​​​​​​​​​​​​​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា មន្ត្រី​ពន្ធនាគារ​គួរ​មាន​ជម្រើស​ណាមួយ​ដែល​អាច​បង្កភាព​ងាយ​ស្រួល​ និង​ការ​ទំនាក់​ទំនង​គ្នា​រវាង​អ្នក​ជាប់ឃុំ និង​គ្រួសារ ដើម្បី​កុំឲ្យ​មាន​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​ពី​សុខ​ទុក្ខ​ក្រុម​គ្រួសារ​ពួកគេ។ មន្ត្រី​ពន្ធ​នាគារ​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ស្រប​ពេល​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែនខ្លាំង៖ «យើង​ទទួល​ស្គាល់​ហើយ​ការ​ព្រួយ​បារម្ភ​របស់​សាច់​ញាតិ​របស់​អ្នក​ជាប់ឃុំ ឬក៏​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់ឃុំ នៅ​ក្នុង​ពេល​កំឡុង​មិន​អនុញ្ញាត​ឲ្យ​ជួប​ហ្នឹង អំពី​សុខ​ទុក្ខ​ហើយ​នឹង​សុខភាព​របស់​អ្នក​ជាប់ឃុំ​ហ្នឹង។ យើង​គ្រាន់​ថា ទទូច​យ៉ាង​ម៉េច​ឲ្យ​មាន​វិធានការ​ការពារ​បន្ថែម​ទៀត​សម្រាប់ជន​ដែល​នៅ​ក្នុង​ឃុំ​ហ្នឹង ហើយ​បើ​មាន​ការ​សង្ស័យ​គួរតែ​បញ្ជូន​ទៅ​ធ្វើ​តេស្ត​ទាក់ទង​នឹងកូវីដ​១៩ហ្នឹង​ឲ្យ​បាន​ឆាប់»

គិត​ត្រឹម​ចុង​ឆ្នាំ២០២០ ពន្ធនាគារ​ចំនួន១៧ ក្នុង​ចំណោម​ពន្ធនាគារ​ទាំង១៨ ដែល​អង្គការ​លីកាដូ​បាន​ឃ្លាំមើល បាន​ផ្ទុក​មនុស្ស​លើស​ពី ១០០%​ នៃ​ទំហំ​ផ្ទុក​របស់​ពន្ធនាគារ​នីមួយៗ។​ មណ្ឌល​អប់រំ​កែប្រែ​ទី២ សម្រាប់​ឃុំ​ខ្លួន​ស្ត្រី គឺ​បាន​ផ្ទុក​មនុស្ស​លើស​ចំណុះ​ជិត ៤០០%។ អង្គការ​លីកាដូ​ ពិនិត្យ​ឃើញ​ថា ​ភាព​ចង្អៀត​ណែន​ដ៏​លំបាក​នេះ ​បាន​បង្កើត​ឱ្យ​មាន​ស្ថាន​ភាព​កាន់តែ​អាក្រក់ ដូច​ជា អសុវត្ថិភាព គ្មាន​អនាម័យ និង​អមនុស្សធម៌។ ស្ថាន​ភាព​ទាំងនេះ ​បាន​អនុវត្ត​ផ្ទុយ​ពី​ស្តង់ដារ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អ្នក​ជាប់​ឃុំ ​និង​រំលោភ​វិធានការ​ជាក់លាក់​នៃ​វិធានការ​មិន​ឃុំខ្លួន​សម្រាប់​ជនល្មើស​ជា​ស្ត្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។