ក្រុម​សហជីព​ថា សេរីភាព​សហជីព​នៅតែ​ប្រឈម​បញ្ហា

ដោយ យ៉ង ចាន់តារា
2023.02.18
ក្រុម​សហជីព​ថា សេរីភាព​សហជីព​នៅតែ​ប្រឈម​បញ្ហា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា (រូប​កណ្ដាល​កាន់មេក្រូ) ថ្លែងក្នុងសន្និសីទ​ កាលពីថ្ងៃទី១៦ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ប៉ាវ ស៊ីណា

ក្រុម​សហជីព​លើកឡើង​ថា សេរីភាព​នៃ​ការ​បង្កើត​សហជីព នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្មករ​និយោជិត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​តំណាង​កម្មករ​ជិត​២០​នាក់​នៅ​ក្រុមហ៊ុន​រោងចក្រ​ចិន​ចំនួន​៣​​នាក់ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ ក្រោយ​ពី​ពួកគេ បាន​ព្យាយាម​បង្កើត​សហជីព​ឯករាជ្យ​នៅ​កន្លែង​ធ្វើការ។ ពួកគាត់​ចាត់ទុក​ទង្វើ​របស់​ថៅកែ​ក្រុមហ៊ុន​ចិន​ទាំងនោះ​ថា ជា​ការ​រើសអើង​សហជីព និង​រំលោភច្បាប់​ការងារ​នៅ​កម្ពុជា។

សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា និង​ក្រុម​កម្មករ​រោងចក្រ​ជិត ២០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​អំពី​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​ចងក្រង​សហជីព​នៅ​តាម​រោងចក្រ​មួយចំនួន​ក្នុង​រយៈពេល ៥​ខែ​ចុង​ក្រោយនេះ។ ក្នុង​ចំណោម​កម្មករ​-​កម្មការិនី​ជិត ២០​នាក់​នេះ មួយចំនួន​ត្រូវ​បាន​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ថៅកែ​គំរាម​បញ្ឈប់​ពី​ការងារ​ដោយសារតែ​ពួកគាត់​ព្យាយាម​ចងក្រង​សហជីព​នៅ​កន្លែង​ការងារ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ឱ្យ​ដឹង​ថា កន្លង​ទៅ​រោងចក្រ​ចំនួន​៣​នោះ បាន​រឹតត្បិត​កម្មករ​មិន​ឱ្យ​បង្កើត​សហជីព​ឯករាជ្យ​ជាមួយនឹង​រូបលោក ហើយ​ថែមទាំង​គំរាម​ថា បើ​ពួកគេ​នៅ​បន្ត​បង្កើត នោះ​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ​ភ្លាមៗ។ លោក​ថា ថ្វី​ដ្បិត​ករណី​នេះ​ថៅកែ​ក្រុមហ៊ុន​បាន​ដឹង​ថា ជា​ទង្វើ​ការ​ខុសច្បាប់​ក៏ដោយ ក៏​ពួកគេ​មិនដែល​អើពើ​គោរព​ច្បាប់​នោះ​ឡើយ។ លើស​ពី​នេះ លោក​អះអាង​ថា ក្រសួង​ការងារ​ក៏​មិន​អើពើ​ហៅ​ថៅកែ​ក្រុមហ៊ុន​ទាំង​នោះ​មក​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ដែរ។

លោក ប៉ាវ ស៊ីណា៖ «បើសិនជា​គាត់​រើសអើង​សហជីព ប្រសិនបើ​គាត់ រើសអើង​កម្មករ​ដោយសារតែ​គាត់​ចូលរួម​នៅក្នុង​ចលនា​សហជីព​នោះ គាត់​ជា​ប្រភេទ​អ្នក​វិនិយោគ​គ្មាន​គុណធម៌ ដែល​គ្មាន​បេះដូង ដែល​ជា​អ្នក​វិនិយោគ​គិតតែ​ពី​ប្រាក់ចំណេញ ដោយ​មិន​គិត​ពី​សុខទុក្ខ ដោយ​មិន​គិត​ពី​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់ ទាំងអស់​នេះ​ហើយ​ដែល​យើង​ចង់​បង្ហាញ​សារ​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យ​បាន​ជ្រាប់​ពី​បញ្ហា​នេះ»

លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​បាន​បញ្ឈប់​តំណាង​កម្មករ​សហជីព​ជិត​២០​នាក់ រួមមាន​រោងចក្រ​ផលិត​ស្បែកជើង ប៉ុនតឺស ហ្វ៊ូតវែរ (PONTUS FOOTWEAR LTD) បាន​បញ្ឈប់​កម្មករ​ចំនួន ៣​នាក់​ពី​ការងារ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ធី វីន ហ្គាមែន ខេមបូឌា (T-Win Garment Cambodia Co., Ltd ក្នុង​ខេត្ត​តាកែវ បាន​បញ្ឈប់​កម្មករ​ចំនួន​១០​នាក់ និង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ខាស់វែល អាបភារ៉ែល (CaswellApparel Co., Ltd )​ស្ថិតនៅ​ភ្នំពេញ​បាន​បញ្ឈប់​កម្មករ​ចំនួន​៤​នាក់​ដែរ។

តំណាង​កម្មករ​មកពី​រោងចក្រ​ផលិត​ស្បែកជើង ប៉ុនតឺស ហ្វ៊ូតវែរ (PONTUS FOOTWEAR LTD) លោក កែម សៅរី អះអាង​ថា លោក​និង​កម្មករ​ផ្សេងទៀត​ត្រូវ​បញ្ឈប់​ពី​ការងារ ដោយសារ​បង្កើត​សហជីព​នៅ​កន្លែងធ្វើការ​កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ ។ លោក​បន្ត​ថា ថៅកែ​ក្រុមហ៊ុន​បាន​ព្យាយាម​គំរាមកំហែង​ឱ្យ​ឈប់​បង្កើត​សហជីព​ឯករាជ្យ ។ ទោះ​យ៉ាងណា លោក​ថា កម្មករ​ភាគច្រើន​មិន​ព្រម​តាម​ការ​ចង់​បាន​របស់​ថៅកែ​ក្រុមហ៊ុន​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម​ការ​បណ្ដេញ​ពី​ការងារ ហើយ​រូបលោក និង​កម្មករ ២​នាក់​ទៀត​ត្រូវ​បញ្ឈប់​ពី​ការងារ​ភ្លាមៗ​តែម្ដង។

លោក កែម សៅរី៖ «ការ​ចងក្រង​សហជីព​នេះ​មិនមែន​ទៅ​ជម្លោះ​អី​ជាមួយ​នឹង​ក្រុមហ៊ុន​ទេ គឺជា​ការ​នាំ​ពាក្យ នាំ​កង្វល់​ពី​បងប្អូន​កម្មករ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ចែករំលែក​ព័ត៌មាន​ដែល​មិនល្អ​កៀបសង្កត់​ថ្នាក់ក្រោម​មក​ឱ្យ​ខាង​រដ្ឋបាល ឱ្យ​អគ្គនាយក​ក្រុមហ៊ុន​ជួយ​ដោះស្រាយ​សម្របសម្រួល និង​ធ្វើ​ឱ្យ​គាត់​ខាង​កម្មករ​ទាំង​អស់​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ពេល​បំពេញ​ការងារ។ខាង​ក្រុមហ៊ុន​មេត្តា​យោគយល់​និង​អធ្យាស្រ័យ​ដល់​កម្មករ​ដែល​គាត់​ចងក្រង​ផ្ដល់​ឱកាស​ការងារ​គាត់​ធ្វើ​វិញ ព្រោះ​អី​ពេល​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​គាត់​ជួប​ការ​ពិបាក​ជាច្រើន»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC​ លោក ខេន លូ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​ការ​ឆ្លើយតប ជុំវិញ​រឿង​នេះ បាន​ទេ នៅ​ថ្ងៃទី​១៦ កុម្ភៈ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិ​ការងារ​លើកឡើង​ថា ការគោរព​សិទ្ធិ និង​សេរីភាព​សហជីព នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​បន្ត​ធ្លាក់ចុះ​ខ្លាំង ស្រប​ពេល​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ​ដែល​ជា​អាណាព្យាបាល​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​នេះ ហាក់ដូចជា​លំអៀង​ទៅ​រក​ក្រុមហ៊ុន ជាជាង​រក​ដំណោះស្រាយ​ជូន​កម្មករ ឬ​ក្រុម​សហជីព​ឱ្យ​បាន​ត្រឹមត្រូវ។

អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ និង​ច្បាប់​ស្ដីពី​សហជីព​នៃ​កម្ពុជា បាន​ផ្តល់​សិទ្ធិ​សេរីភាព​យ៉ាង​ពេញលេញ​ទៅ​កម្មករនិយោជិត និង​និយោជក​ក្នុង​ការ​បង្កើត និង​អនុវត្ត​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ដោយ​សេរី គ្មាន​ការ​បង្ខិតបង្ខំ និង​គំរាមកំហែង ប៉ុន្តែ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន រង​ការ​ចោទ​ថា មិន​បាន​អនុវត្ត​តាម​ច្បាប់​ទាំងនេះ​ឲ្យ​បាន​ពេញលេញ​ឡើយ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​កម្មករ​ទទូច​ឱ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការគោរព​ច្បាប់​ឡើងវិញ ដើម្បី​លើកកម្ពស់​ជីវភាព​កម្មករ​ឱ្យ​បាន​ល្អ​ប្រសើរ រួច​ផុត​ពី​គម្លាត​នៃ​ភាព​ក្រីក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។