សង្គមស៊ីវិលស្នើឲ្យក្រសួងការងារផ្អាកបញ្ជូនពលករទៅសិង្ហបុរី
2014.07.24
ស្ត្រីជាពលករមួយចំនួនដែលបានបញ្ជូនទៅធ្វើជាអ្នកធ្វើការតាមផ្ទះនៅប្រទេសសិង្ហបុរី បានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកគេបានរាយការណ៍ថា ជួបការលំបាកក្នុងពេលបំពេញការងារនៅទីនោះ។ បញ្ហានេះ បាននាំឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងសង្គមស៊ីវិលមានក្ដីបារម្ភខ្លាចការបញ្ជូនទៅប្រទេសនេះដើរតាមគំរូប្រទេសម៉ាឡេស៊ី។
មន្ត្រីអង្គការសង្គមស៊ីវិលបានស្នើឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្អាកបញ្ជូនពលករទៅប្រទេសសិង្ហបុរី ដើម្បីសិក្សាស្រាវជ្រាវទៅលើបញ្ហាដែលបានកើតឡើង និងរិះរកយន្តការណាមួយជាមួយប្រទេសនេះ ក្នុងការបញ្ចៀសនូវការរំលោភសិទ្ធិមនុស្ស។
ប្រធានផ្នែកបច្ចេកទេសនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី២៤ កក្កដា ថា លោកអំពាវនាវឲ្យក្រសួងផ្អាកបញ្ជូនពលករទៅប្រទេសសិង្ហបុរី មួយរយៈសិន និងដឹកនាំក្រុមអធិការកិច្ចទៅកាន់ប្រទេសនោះឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាភាពមិនប្រក្រតីនានាដែលបានកើតមានឡើងចំពោះពលករក្នុងពេលបំពេញការងារជាអ្នកធ្វើការតាមផ្ទះ។
លោកថា ជាងនេះទៅទៀតគឺក្រុមអធិការកិច្ចគួរតែជួបពិភាក្សាជាមួយរដ្ឋាភិបាលនៃប្រទេសនេះដោយផ្ទាល់ដើម្បីពិភាក្សារកដំណោះស្រាយបញ្ចៀសការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ «បន្ទាប់ពីមានកិច្ចពិភាក្សា គឺត្រូវតែមានអនុស្សរណៈរួម ជាផ្លូវការដើម្បីធ្វើយ៉ាងណាធានាថាទាំងក្រុមហ៊ុន ទាំងអ្នកទទួលពលករពលការិនីយើងទៅហ្នឹង ពិតជាបានគោរពនូវសិទ្ធិរបស់ពួកគាត់ មិនមានការធ្វើទុក្ខបុកម្នេញ និងធ្វើទារុណកម្ម ឬក៏មិនឲ្យធ្វើការលើសម៉ោងកំណត់នៃការងារ ហើយក៏ត្រូវបញ្ចូលពលការិនី ពលករយើងហ្នឹងទៅក្នុងច្បាប់របស់សិង្ហបុរី ដែលគាំពារដោយច្បាប់ការងាររបស់ប្រទេសសិង្ហបុរីនេះផងដែរ»។
ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីស្ត្រី ២នាក់ ជាអ្នកធ្វើការតាមផ្ទះ ឬហៅថា ជំនួយការមេផ្ទះនៅប្រទេសសិង្ហបុរី បានទៅដល់ការិយាល័យនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីដើមខែកក្កដា បន្ទាប់ពីពួកគេបានត្រឡប់មកពីប្រទេសនេះ។
ស្ត្រីទាំងពីររូបនេះបញ្ជាក់ថា នាងបានសម្រេចរត់ចេញពីផ្ទះ និងស្វែងរកជំនួយពីអង្គការក្រៅរដ្ឋាភិបាល ដើម្បីបានវិលមកផ្ទះវិញ ដោយសារមិនអាចទ្រាំទ្រនឹងការលំបាក។ ក្រៅពីនេះពួកគេបញ្ជាក់ថា ខ្លួនរស់ក្នុងភាពអត់ឃ្លាននៅពេលដែលត្រូវការកម្លាំងពលំបំពេញការងារ និងដោយសារសុខភាពទ្រុឌទ្រោម ហើយមានជំងឺផង។
យ៉ាងណាដំណឹងនេះ បានធ្វើឲ្យមន្ត្រីក្រសួងការងារចាប់អារម្មណ៍ភ្លាមៗ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ថ្លែងថា ក្រសួងធ្លាប់បានអង្កេតទៅលើរបាយការណ៍របស់សារព័ត៌មានដែលបានផ្សព្វផ្សាយពីភាពមិនប្រក្រតីជុំវិញបញ្ហាពលករទៅធ្វើការតាមផ្ទះនៅក្នុងប្រទេសនេះ។ លោកថាក្រសួងបានសរុបរបាយការណ៍ និងបានទំនាក់ទំនងជាមួយភ្នាក់ងារបញ្ជូន ហើយគណៈប្រតិភូនឹងទៅកាន់ប្រទេសនេះនៅពេលខាងមុខ។គណៈប្រតិភូដែលមានសមាសភាពពីមន្ត្រីនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ទទួលបន្ទុកទីផ្សារសិង្ហបុរី និងតំណាងទីភ្នាក់ងារឯកជន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតបញ្ជូនពលករ។ ប៉ុន្តែលោក ហេង សួរ បញ្ជាក់ថា គណៈប្រតិភូនិងចុះទៅប្រទេសនេះ ដើម្បីត្រួតពិនិត្យទៅលើការសហការជាទូទៅរវាងប្រទេសនិងប្រទេស ហើយក្នុងនោះក៏មានប្រធានបទមួយទាក់ទងទៅនឹងភាពមិនប្រក្រតីនៃការបញ្ជូនពលករ។
លោក ហេង សួរ៖ «ក្នុងករណីដែលមានអាចនឹងពិនិត្យពិភាក្សា ពីព្រោះទី១ យើងអត់ទាន់អាចសន្និដ្ឋានទៅលើរបាយការណ៍ណាមួយ ឧបទ្ទវហេតុណាមួយនៅឡើយទេ គឺគ្រាន់តែយើងមានជារបាយការណ៍ផ្លូវការមួយ ជួនកាលក៏យើងត្រូវការបំភ្លឺពីសមភាគីសិង្ហបុរី របស់យើងដែរ»។
បច្ចុប្បន្នមានក្រុមហ៊ុនចំនួនបីដែលកំពុងអនុវត្តន៍គម្រោងសាកល្បងរបស់រដ្ឋាភិបាលកម្ពុជា បញ្ជូនអ្នកធ្វើការងារតាមផ្ទះទៅប្រទេសសិង្ហបុរី គឺក្រុមហ៊ុន ហ្វីលីម័រ ក្រុមហ៊ុន អឹង ស៊ាងរិទ្ធី និងក្រុមហ៊ុន សុខ លាភ មេត្រី។ ក្រុមហ៊ុនដែលកំពុងអនុវត្តគម្រោងនេះ បានធ្វើជិតមួយឆ្នាំហើយ ដែលមានពលករប្រមាណ ២០០ ទៅ ៣០០នាក់ បានទៅបំពេញការងាររបស់ខ្លួននៅក្នុងប្រទេសនោះ៕