អាជ្ញាធរ​ស្ទឹងត្រែង​រារាំង និង​បណ្ដេញ​ព្រះសង្ឃ និង​យុវជន​មិន​ឱ្យ​ជួបជុំ​រំលឹក​ខួប​បណ្ឌិត កែម ឡី

ដោយ ហេង រស្មី
2020.07.10
កែម ឡី យុវជន រំលឺក​ខួប ៤​ឆ្នាំ សកម្មភាពអាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ចុះ​មករារាំង ​ព្រះសង្ឃ និង​ក្រុម​យុវជន មិន​ឱ្យ​ជួបជុំគ្នា​ជាមួយ​ប្រជា​សហគមន៍​រៀបចំ​ពិធី​រំលឹក​ខួប ៤​ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ភូមិ​ស្រែគរ​ចាស់ ស្ថិត​ក្នុង​ស្រុកសេ​សាន នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០២០។
Photo Provided

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង រារាំង និង​បណ្ដេញ​ព្រះសង្ឃ និង​ក្រុម​យុវជន មិន​ឱ្យ​ជួបជុំគ្នា​ជាមួយ​ប្រជា​សហគមន៍​រៀបចំ​ពិធី​រំលឹក​ខួប ៤​ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ភូមិ​ស្រែគរ​ចាស់ ស្ថិត​ក្នុង​ស្រុក សេ​សាន​នោះ​ទេ ក្រោម​ហេតុផល​ថា មិន​បាន​សុំច្បាប់​អនុញ្ញាត​។ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​បំបិទ​សិទ្ធិ សេរីភាព​ប្រជាពលរដ្ឋ​គ្រប់បែប​យ៉ាង សូម្បីតែ​ធ្វើ​ពិធី​បែប​សាសនា។

ព្រះសង្ឃ​ការពារ​បរិស្ថាន​ព្រះតេជព្រះគុណ បូរ បេត មាន​ថេរ​ដីកា​ថា ការ​ប្រារព្ធ​ពិធី​បែប សាសនា​នេះ មិនបាន​ប្រព្រឹត្ត​ទៅ​ដោយ​រលួត​ឡើយ ដោយសារ​អាជ្ញាធរ​ឃុំ និង​ស្រុក ព្រមទាំង មាន​ព្រះរាជអាជ្ញា​ផង បាន​ប្រើ​អំណាច​ផ្ទុយ​ពី​ច្បាប់​ចុះទៅ​រារាំង និង​បណ្ដេញ​ព្រះសង្ឃ និង​ក្រុម​យុវជន​ឱ្យ​ចាក​ចេញពី​តំបន់​នោះ​ជាដាច់ខាត ទោះបីជា​ក្រុម​យុវជន ស្នើសុំ​ស្នាក់​មួយ​យប់​ទៀត​ក្ដី៖ «ប្រហែលជា​ខ្លាច​ស្រមោល​លោក​បណ្ឌិត កែម ឡី ឬ​យ៉ាងម៉េច រឿង​ទី​១​ហើយ​រឿង​ទី​២ អាត្មា​គិត​ថា ជា​រឿង​ដែល​បិទ​សិទ្ធិ​សេរីភាព​មិន​ឱ្យ​ពលរដ្ឋ​យើង​ទូទៅ ប្រារព្ធ​កម្មវិធី​បុណ្យ​ទាក់ទិន​នឹង​សាសនា។ មុននឹង​ធ្វើ​យើង​មើល​តាំងពី​ច្បាប់រដ្ឋធម្មនុញ្ញ ហើយ​យើង​មើល​ទាក់ទិន​នឹង​ច្បាប់​បាតុកម្ម​អី​គឺ​យើង​អត់​មាន​ឃើញ​ច្បាប់​ណា​ដែល​ហាម​ឃាត់ មិន​ឱ្យ​ធ្វើបុណ្យ​តាម​បែប​សាសនា​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​ស្លាប់ ជាពិសេស​លោក​បណ្ឌិត កែម ឡី ដែល​ស្ថិត​នៅ​ក្នុង​បេះដូង​យើង​គ្រប់​គ្មាន»

ព្រះអង្គ​មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​៤​អង្គ និង​ក្រុម​យុវជន ព្រមទាំង​ប្រជា​សហគមន៍​ជិត​៣០​នាក់ បាន​នាំគ្នា​ប្រារព្ធ​ខួប​៤​ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី ស្ថិតនៅ​ក្នុង​ភូមិ​ស្រែគរ​ចាស់ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ពីព្រោះ បណ្ឌិត កែម ឡី នៅ​មាន​ជីវិត ធ្លាប់​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី ផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​បាន​ជួយ​បង្រៀន​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​នៅ​តំបន់​នោះ។

យុវជន​មួយ​រូប​ដែល​ចូលរួម​រំលឹក​ខួប​នេះ​ដែរ គឺ​លោក ឃឿន កំសត់ ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ របស់​អាជ្ញាធរ ដែល​ប្រើ​ពាក្យ​សម្តី​បែប​សម្លុត និង​គំរាមកំហែង​ដល់​ព្រះសង្ឃ និង​ក្រុម​យុវជន​។ យុវជន​រូប​នេះ យល់ថា សកម្មភាព​យុវជន និង​ព្រះសង្ឃ​ដែល​ទៅ​ទស្សនកិច្ច និង​ធ្វើ​ពិធី​រំលឹក​ខួប បណ្ឌិត​កែម ឡី នៅ​តំបន់​សេ​សាន​ក្រោម​ពីរ​នេះ គឺជា​សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់ ហើយ ទង្វើ​របស់​អាជ្ញាធរ​ទៅវិញ​ទេ ដែល​រំលោភច្បាប់ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៖ «គាត់​ថា​យុវជន​អត់​បាន​ស្នើសុំ ក៏ដូចជា​អត់​ប្រាប់​ពួកគាត់ ប៉ុន្តែ​កាលពី​ល្ងាច​មិញ​គាត់​មក​សួរនាំ​កត់​ឈ្មោះ​យើង​ទាំងអស់​គ្នា ហើយ​ព្រឹក​ឡើង​គាត់​មក​ទៀត គាត់​ថា គាត់​ដឹង ហើយ​និយាយ​យកៗ ហើយ​ខ្ញុំ​មើល​ឃើញ​ទិដ្ឋភាព​នេះ​ថា គ្រាន់តែ​ហ្វូង​យុវជន និង​ព្រះ​សង្ឃ​មក​ធ្វើបុណ្យ​រំលឹក​ខួប​អី​តិចតួច​សោះ គាត់​បែប​មួយ​ខ្លាច មិន​ចង់​ឱ្យ​យុវជន​ធ្វើ ឬមួយ ក៏​វា​មានអី​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ខ្ញុំ​ក៏​មិនទាន់​ដឹង​ច្បាស់​ដែរ ប៉ុន្តែ​ហេតុ​អី​បានជា​គាត់​ខ្លាច​យុវជន​មិន​ចង់​ឱ្យ​ធ្វើ​រំលឹក​ឈ្មោះ​បណ្ឌិត​កែម ឡី»

អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គង់ ទទួល​ស្គាល់​ថា អាជ្ញាធរ ពិតជា​បាន​ដាក់​កម្លាំង ទៅ​រារាំង និង​បណ្ដេញ​ក្រុម​យុវជន​និង​ព្រះសង្ឃ​ទាំងនោះ​មែន ដោយសារ​ពួកគេ​មិនបាន​សុំច្បាប់ អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ។ លោក​អះអាង​ថា ប្រសិនបើ​ព្រះសង្ឃ​និង​យុវជន នៅតែ​មិន​ចាកចេញ ពី​តំបន់​នោះ​តាម​សំណូមពរ​ទេ អាជ្ញាធរ​នឹង ចាត់វិធានការ​តឹងរ៉ឹង​តាមច្បាប់៖ «ជា​រួម​ច្បាប់​អនុញ្ញាត​ឱ្យ​អង្គការ​សមាគម​ផ្សេងៗ​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​គាត់​ចូល​មក​ធ្វើ​សកម្មភាព​ផ្សេងៗ​ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​ទេ។ នេះ​គឺ​ច្បាប់​បាន បញ្ជាក់​ជូន​ហើយ​ប៉ុន្តែ​នៅ​ពេល​គាត់​ធ្វើការ​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​ធានា​នៅ​សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព​របស់​គាត់ ខ្លាច​មាន​គ្រោះ​មហន្តរាយ​ណាមួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គាត់ គឺ​គាត់​ត្រូវតែ ធ្វើការ​ជូនដំណឹង​ឬក៏​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ដែរ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ពួកគាត់​ទេ​។ ប៉ុន្តែ​បើ​គាត់​ធ្វើ​សកម្មភាព​នេះ វា​មិន​មាន​គោលជំហរ​អព្យាក្រឹត្យ​សម្រាប់​សហគមន៍​មូលដ្ឋាន​ទេ អាជ្ញាធរ ក៏​គាត់​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការអនុញ្ញាត​មិន​ឱ្យ​ធ្វើ​ឬក៏​ឱ្យ​ផ្អាក​បណ្ដោះអាសន្ន លុះត្រាតែ​មានការ​គោលការណ៍​អនុញ្ញាត​ត្រឹមត្រូវ​សិន​ដែរ»

ទោះជា​យ៉ាងណា ក្រុម​យុវជន និង​ព្រះសង្ឃ ប្ដេជ្ញា​រួមគ្នា​ថា នឹង​បន្ត​ស្នាក់នៅ​ទីនោះ​មួយ​យប់​ទៀត ហើយ​នៅ​ថ្ងៃស្អែក ទើប​នាំគ្នា​ចាក​ចេញពី​ទីនោះ វិល​ទៅកាន់​កន្លែង​រស់នៅ​រៀងៗ​ខ្លួន​វិញ។

ប្រធាន​មូលនិធិ កែម ឡី លោក សៅ កុសល ថ្លែង​ថា ទង្វើ​របស់​អាជ្ញាធរ​ដែល​បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ មិន​ឱ្យ​រំលឹក​ខួប​បណ្ឌិត កែម ឡី នេះ គឺជា​ការ​រំលោភ​ច្បាប់ និង​កាន់តែ​ធ្វើ​ឱ្យ​សាធារណជន សង្ស័យ ថា ឃាតកម្ម​បណ្ឌិត កែម ឡី ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​រដ្ឋ ឬ​ក្រុម​អ្នក​មាន​អំណាច​កំពូលៗ​នៅ​កម្ពុជា​។ លោក​យល់​ថា ប្រសិនបើ​អាជ្ញាធរ​រដ្ឋ មិន​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​នេះ​ទេ ត្រូវតែ​ស្វែងរក​ឃាតក​ពិត ដែល​បាន​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី និង​អ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ ជាជាង​ធ្វើទុក្ខបុកម្នេញ គ្រប់​បែប​យ៉ាង​លើ​អ្នក​គោរព​ស្រលាញ់​វីរភាព​បណ្ឌិត កែម ឡី៖ «ធ្វើទុក្ខបុកម្នេញ ប្រើ​វិធានការ​ច្បាប់​ផ្សេងៗ ចាប់​ដាក់គុក​អី​នេះ បំភិតបំភ័យ ឬ​រារាំង​កម្មវិធី​នេះ បង្ហាញ​ថា ឃាតកម្ម​នេះ​មានការ​រៀបចំ​ដោយ​អាជ្ញាធរ​រដ្ឋ​ហើយ ទើប​បាន​ជា​គាត់​ព្យាយាម​រារាំង​បិទបាំង។ ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ចុងក្រោយ​នេះ ខ្ញុំ​សន្និដ្ឋាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ដោយ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ក្រុម​គ្រួសារ លោកនាយ​រដ្ឋមន្ត្រី ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​តែម្ដង ដោយសារ​កាលពី​ឆ្នាំ​២០១៧ ខែ​១០ លោកនាយក​រដ្ឋមន្ត្រី​បាន​ឱ្យ​មនុស្ស​ជំនិត​ម្នាក់​ទាក់ទង​ទៅ​លោកស្រី ប៊ូ រចនា ភរិយា​របស់​បណ្ឌិត​កែម ឡី ត្រឡប់​ទៅ​កម្ពុជា​វិញ តែ​ការទាក់ទង​នេះ​មិន​បាន​សម្រេច​ក៏បាន​យក​ព័ត៌មាន​នេះ​មក​ប្រាប់​ខ្ញុំ ដើម្បី​ឱ្យ​ខ្ញុំ​ទាក់ទង​អ្នកស្រី ប៊ូ រចនា ឱ្យ​ចូល​ស្រុក​វិញ​ជា​ថ្នូរ​នឹង​ប្រាក់ ៤​លាន​ដុល្លារ ផ្ទះ និង​ប្រាក់​បង់​សាលា​សម្រាប់​កូនៗ»

រហូត​មក​ដល់​ម៉ោងជាង ៥​ល្ងាច​ថ្ងៃ​ដដែល​នេះ ក្រុម​យុវជន និង​ព្រះសង្ឃ សម្រេច​ផ្លាស់ប្ដូរ​ចិត្ត​ឡើង វិញ នាំគ្នា​ចាកចេញ​ពី​តំបន់​សេសាន​ក្រោម​ពីរ​នោះ​ហើយ បន្ទាប់​ពី​ឃើញ​អាជ្ញាធរ​ទាំង​ស៊ីវិល និង កម្លាំង​ប្រដាប់​អាវុធ កាន់តែ​ច្រើន​ប្រមាណ ៣០​នាក់​បាន​ចុះទៅ​ទីនោះ ហើយ​បារម្ភ​ខ្លាច​មាន​ករណី​ធ្វើ បាប​តាម​រូបភាព​ផ្សេងៗ​នៅ​ពេល​យប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។