បុរសឈ្មោះ ប៊ុត បានអះអាងថា នៅថ្ងៃទី៧ ខែមិថុនា គ្រឿងចក្រក្រុមហ៊ុន ខែម ទ្រី បានឈូសផ្ទះអ្នកស្រុករលំចូលទឹកអស់ ៤ខ្នង និងដុតផ្ទះឈើទំហំ ៣ x៤ម៉ែត្រអស់ ២ខ្នង។ អ្នកភូមិជ័យសេនា ៧២គ្រួសារដាក់ពាក្យប្ដឹងទៅមេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត និងតំណាងរាស្ត្រកាលពីថ្ងៃទី៩ ខែមិថុនា សុំឲ្យដោះស្រាយ។ នៅថ្ងៃព្រហស្បត្តិ៍ ទី១០ ខែមិថុនា អាជ្ញាធរស្រុក និងខេត្តចុះមកដោះស្រាយ តែបែរជាបង្ខំឲ្យប្រជាជនផ្ដិតមេដៃយល់ព្រមប្ដូរទីលំនៅដែលមិនដឹងដីថ្មីនៅកន្លែងណាច្បាស់ទេ។
បុរសឈ្មោះ ប៊ុត ឲ្យដឹងដូច្នេះ ៖ «អភិបាលស្រុក និងខេត្ត បានមកប្រជុំគាបលើប្រជាពលរដ្ឋថា បើនរណាយកដីដោះដូរក៏យក បើមិនយកគេអត់ឲ្យ ហើយគេចាប់ដាក់ខ្នោះ»។
មេឃុំតាកែន លោក ទុំ គល់ មានប្រសាសន៍ថា ក្រុមហ៊ុន ខែម ទ្រី ទទួលដីសម្បទាន ២.៦៤២ហិកតាក្នុងឃុំតាកែន វិនិយោគដាំដើមអាកាស្យា។ ប៉ុន្តែក្រុមហ៊ុនបានឈូសយកដីក្នុងឃុំតាកែន ច្រើនជាងនោះ ទើបអ្នកស្រុកប្ដឹងមកអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តឲ្យដោះស្រាយ។ ប៉ុន្តែនៅពេលគាត់ទៅដោះស្រាយ តំណាងក្រុមហ៊ុននោះបានប្រមាថគាត់ជាអាជ្ញាធរទៀតផង។
លោក ទុំ គល់ មានប្រសាសន៍ថា ៖ «ក្រុមហ៊ុនហ្នឹងវាថា មេភូមិ មេឃុំនៅហ្នឹងអត់ប្រយោជន៍ទេ មេការក្រុមហ៊ុនហ្នឹងហ៊ានថាអ៊ីចឹង បានជាខ្ញុំគិតប្ដឹងគិតអី»។
ប្រជាជនភូមិជ័យសេនា លោក ប៉ែក ឲ្យដឹងថា នៅឆ្នាំ២០០៨ ក្រុមហ៊ុនបានឈូសដីអ្នកស្រុកប៉ះពាលច្រើនកន្លែង មានតំបន់ស្រែពពេល ជាង ៩០០ហិកតា នៅតំបន់ភ្នំរលាម និងបូតខ្សាច់ អស់ជាង ២ពាន់ហិកតា។ នៅថ្ងៃទី៧ ខែមិថុនា ក្រុមហ៊ុនបានមកឈូសដីភូមិជ័យសេនា ចំណុចអូរខ្សាច់ និងអូរត្រាវ ប៉ះពាល់រលំផ្ទះចូលទឹកអស់ ៤ខ្នង ដុតផ្ទះឈើរបស់ប្រជាជនអស់ ២ខ្នង បានឈូសដល់សសរផ្ទះអ្នកស្រុកអស់ ១១ខ្នង និងប៉ះពាល់ដំណាំហូបផ្លែរាប់ពាន់ដើមទៀត។
លោក ប៉ែក បានឲ្យដឹងដូច្នេះថា ៖ «ក្រុមហ៊ុនយកភ្លើងដុតផ្ទះប្រជាពលរដ្ឋ ហើយឈូសដំណាំអីខ្ទេចអស់ហើយ។ ខ្ញុំព្រួយបារម្ភថា ប្រជាពលរដ្ឋយើងអត់ដីនៅ»។
មន្ត្រីសមាគមអាដហុក ខេត្តកំពត អ្នកស្រី ទ្រី ឈូន ឲ្យដឹងថា កាលពីថ្ងៃពុធ ទី៩ ខែមិថុនា ក្រុមសិទ្ធិមនុស្សខេត្តកំពត បានស្នើសុំទៅអាជ្ញាធរខេត្ត ស្រុក ឲ្យផ្អាកសកម្មភាពក្រុមហ៊ុន ខែម ទ្រី ខបផូរ៉េហ្សិន ព្រោះតែធ្វើឲ្យបាត់បង់ផលប្រយោជន៍អ្នកស្រុក។
ពាក់ព័ន្ធបញ្ហានេះ អភិបាលស្រុកឈូក លោក ខឹម ហម មានប្រសាសន៍ថា អាជ្ញាធរខេត្ត ស្រុក បានចុះដោះស្រាយបញ្ចប់ជម្លោះរវាងអ្នកស្រុក និងក្រុមហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា។ អ្នកស្រុកបានស្នើសុំយកដី និងខ្លះទៀតសុំយកប្រាក់ក្នុង១ហិកតា ១៥០ដុល្លារ។ លោកថា អ្នកយកដី នឹងផ្ដល់ជូនដីនៅក្នុងឃុំតាកែនដែរ។ ចំណែកអ្នកយកប្រាក់ នឹងផ្ដល់ជូននៅថ្ងៃសៅរ៍ ទី១២ ខែមិថុនានេះ។
ជំទប់ទី២ ឃុំតាកែន លោក ជ្រន ទ្រី បានឲ្យដឹងថា តាមឯកសារប្រជាជនភ្ជាប់ក្នុងពាក្យបណ្ដឹងមាននៅសាលាឃុំ ក្រុមហ៊ុន ខែម ទ្រី ខបផូរ៉េហ្សិន ស្នើសុំដីដាំដើមអាកាស្យា ៥ពាន់ហិកតា តែចំណារពីនាយករដ្ឋមន្ត្រីឲ្យដីតែ ២.៦៤២ហិកតាទេ។ ប៉ុន្តែការឈូសឆាយរបស់ក្រុមហ៊ុនតាំងពីឆ្នាំ២០០៨ មកដល់ឆ្នាំ២០១០នេះ បានប៉ះពាល់ដី និងដំណាំជិត ៥ពាន់ហិកតាហើយ៕
