ខ្មែរ-វៀតណាម បើក​ច្រក​ព្រំដែន​មួយ​ទៀត

សារព័ត៌មាន​វៀតណាម​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ឲ្យ​ដឹង​ថា កម្ពុជា និង​វៀតណាម​បាន​បើក​ច្រក​ព្រំដែន​ថ្មី​មួយ​ទៀត​ក្នុង​ខេត្ត​ក្រចេះ ជាប់​ព្រំដែន​ខេត្ត ប៊ិន ផ្វុក ប្រទេស​វៀតណាម។

ច្រក​នេះ​ជា​ច្រក​លើក​ទី​៥ បើក​ឲ្យ​មាន​ដំណើរការ​តាំង​ពី​កម្ពុជា និង​វៀតណាម​បាន​ចុះ​ហត្ថ​លេខា​កិច្ច​ព្រមព្រៀង​គមនាគមន៍​ផ្លូវ​គោក​នៅ​ឆ្នាំ​១៩៩៨។

ច្រក​នេះ​នឹង​អនុញ្ញាត​ឲ្យ​យានយន្ត​ពល​រដ្ឋ​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​ដំណើរ​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​ប្រទេស​និមួយៗ ដើម្បី​ជួយ​សម្រួល​ថ្លៃ​ដឹក​ជញ្ជូន និង​ពេល​វេលា។

មន្ត្រី​ឲ្យ​ដឹង​ថា មុន​បើក​ច្រក​នេះ រាល់​ការ​ដឹក​ជញ្ជូន​ត្រូវ​ឈប់​នៅ​ត្រឹម​ច្រក​ព្រំដែន ផ្លាស់​ប្ដូរ​រថយន្ត​ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​បន្ត​ទៅ​ទៀត៕