យុវជន​នៅ​សៀមរាប​ធ្វើ​ពិធី​កាន់​ទុក្ខ​នៃ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម

ទឹក​ដី​កម្ពុជា​ក្រោម​ចំនួន ២១​ខេត្ត ត្រូវ​អាណាព្យាបាល​បារាំង កាត់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម អស់​រយៈ​ពេល ៦៥​ឆ្នាំ​មក​ហើយ គិត​មក​ដល់​ពេល​នេះ។ ក៏ប៉ុន្តែ​ការ​បាត់បង់​ទឹកដី​ដ៏​ធំធេង​នៅ​តែ​ធ្វើ​ឱ្យ​ឥស្សរជន​កម្ពុជា​ក្រោម និង​និស្សិត​ខ្មែរ​មួយ​ចំនួន​នឹក​ស្ដាយ​ស្រណោះ ហើយ​តែង​ឆ្លៀត​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​កាន់ទុក្ខ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខ្មែរ មិន​បើក​ចំហ​ឱ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការ​បាត់បង់​នោះ​ក៏ដោយ។

ក្រុម​យុវជន​ដែល​ជា​និស្សិត និង​ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ នៅ​ខេត្ត​សៀមរាប បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ពិធី​កាន់ទុក្ខ​នៃ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម យ៉ាង​ស្ងៀមស្ងាត់ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១ ខែ​មិថុនា។

ពិធី​នោះ​ធ្វើ​យ៉ាង​ប្រយ័ត្នប្រយែង ដោយ​បំបែក​គ្នា​ជា​ច្រើន​ក្រុម នៅ​ពេល​ដែល​ប៉ូលិស​រាយ​បណ្ដាក់​កម្លាំង​បំណង​រារាំង​ចំនួន ២​កន្លែង​នៅ​មុខ​ប្រាសាទ​អង្គរវត្ត និង​នៅ​តំបន់​អង្គរ ឃ្យុងយូ ក្នុង​ទី​រួម​ខេត្ត​សៀមរាប។

ទីបំផុត​ក្រុម​និស្សិត​បាន​ឆ្លៀត​ឱកាស​យក​ខ្សែ​ដាក់​រាយ​ធ្វើ​ជា​ផែនទី​នៃ​ប្រទេស​កម្ពុជា ព្រម​ទាំង​ដាក់​ទង់​ខ្មែរ​កម្ពុជា​ក្រោម ១​ផ្ទាំង​ធំ នៅ​ចំ​កណ្ដាល ហើយ​ធ្វើ​ពិធី​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ម្ដុំ​បរិវេណ​កំពូល​បី​នៃ​ប្រាសាទ​អង្គរវត្ត ទាល់តែ​បាន។

និស្សិត​ម្នាក់​ក្នុង​ចំណោម​និស្សិត​មួយ​ចំនួន​ទៀត មក​ពី​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ គឺ​លោក សេង រដ្ឋា។ លោក​មាន​ប្រសាសន៍​ក្នុង​ពេល​លើក​ទង់​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ថា រូប​លោក​និង​យុវជន​ខ្មែរ​ជា​ច្រើន​ទៀត មាន​ចិត្ត​ក្រៀមក្រំ និង​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ២១​ខេត្ត ឱ្យ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។

និស្សិត​ដដែល​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ បារាំង​បាន​កាត់​ដី​កម្ពុជា​ក្រោម ទៅ​ឱ្យ​វៀតណាម គ្រប់គ្រង រយៈពេល ៦៥​ឆ្នាំ​ហើយ។ លោក​បញ្ជាក់​ថា តាម​អាជ្ញាយុកាល ច្បាប់​អន្តរជាតិ ការ​បាត់បង់​ទឹក​ដី​មិន​ទាន់​ដល់ ១០០​ឆ្នាំ​នេះ គួរ​តែ​រដ្ឋាភិបាល​ខ្មែរ​ទាមទារ​មក​វិញ៖ «ទោះ​បី​ជា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ បើ​សិន​ជា​បាត់បង់​មិន​ទាន់​ហួស​ពី ១០០​ឆ្នាំ​ទេ កូន​ខ្មែរ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ស្រឡាញ់​ទឹកដី​កម្ពុជា​ក្រោម ដែល​ជា​កេរដំណែល​ដូនតា​តាំង​ពី​សម័យ​អង្គរ ហើយ​យើង​សហការ​ជាមួយ​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​នូវ​ទឹក​ដី និង​ឯករាជ្យ​របស់​ខ្មែរ​កម្ពុជា​មក​វិញ»

​សមត្ថកិច្ច​ខេត្ត​សៀមរាប បាន​ចាត់​ទុក​ការ​ប្រមូល​ផ្ដុំ​របស់​ក្រុម​និស្សិត​ធ្វើ​ពិធី​កាន់ទុក្ខ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នោះ ថា​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទេ។

ពិធី​កាន់ទុក្ខ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដែល​ធ្វើ​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ខេត្ត​សៀមរាប គឺ​នៅ​ស្រប​ពេល​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប​លើក​ទី ៦៥​ឆ្នាំ នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ក្នុង​ទី​វត្ត​សាមគ្គីរង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។

​ទោះ​យ៉ាង​ណា ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​ក្រោម​ពិភពលោក ប្រចាំ​កម្ពុជា លោក តាំង សារៈ មាន​ប្រសាសន៍​ថា លោក​មាន​មោទនភាព​បំផុត​នៅ​ពេល​ដែល​ឮ​ថា យុវជន​និង​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ឈឺ​ឆ្អាល​និង​ស្ដាយ​ស្រណោះ​ទឹកដី​កម្ពុជា​ក្រោម៖ «ពី​ព្រឹក​មិញ​នេះ ទោះបី​ជា​មាន​យុវជន​តិចតួច​ក៏ដោយ ក៏ប៉ុន្តែ​បាន​ទទួល​ស្គាល់​នូវ​ទង់​ដែល​មាន​ពណ៌​ខៀវ លឿង ក្រហម មក​ពាក់​ជា​តំណាង​ឱ្យ​អត្តសញ្ញាណ​របស់​ខ្មែរ​កម្ពុជា​ក្រោម។ បើ​សិន​ណា​ជា​ក្មួយៗ​យុវជន​ទាំង​អស់​នោះ អាច​ពង្រីក​ចលនា​នេះ​ឱ្យ​បាន​ខ្លាំងក្លា ក៏​វា​បង្ហាញ​នូវ​សាមគ្គីភាព​រវាង​ខ្មែរ​កម្ពុជា​ក្រោម ខ្មែរ​កម្ពុជា​កណ្ដាល ក៏​ដូច​ជា​បង​ប្អូន​ជនជាតិ​ជា​កុលសម្ព័ន្ធ ហើយ​ជា​អំបូរ​ខ្មែរ​មន អាច​រួមគ្នា​តែមួយ»

សហព័ន្ធ​ខ្មែរ​ក្រោម​ពិភពលោក​អះអាង​ថា ទឹកដី​កម្ពុជា​ក្រោម​ចំនួន ២១​ខេត្ត បាន​បាត់បង់​ក្រៅ​ផ្លូវ​ការ​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។