អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានបញ្ចប់សវនាការបឋមរយៈពេលមួយថ្ងៃរបស់ខ្លួន នៅថ្ងៃទី៣០ កក្កដា។ សវនាការបឋមនេះ គឺជាការជជែកដេញដោលគ្នាបញ្ហានីតិវិធីមួយចំនួន មុននឹងឈានទៅចាប់ផ្ដើមកិច្ចដំណើរការសវនាការដេញដោលគ្នាលើអង្គសេចក្ដី និងភស្តុតាងក្នុងសំណុំរឿង០០២វគ្គ២។
សវនាការបឋមរបស់សាលាដំបូងនៅថ្ងៃទី៣០ កក្កដា បានប្រព្រឹត្តទៅតាមរបៀបវារៈចំនួន៣ ដូចដែលអង្គជំនុំជម្រះបានដល់គ្រប់ភាគី កាលពីថ្ងៃទី២៨ កក្កដា។
របៀបវារៈគ្រោងទុកទាំង៣ នោះ គឺមួយ ការបញ្ជាក់បន្ថែមលើគម្រោងសំណងរដ្ឋប្បវេណី ដែលធ្វើឡើងដោយភាគីមេធាវីមុខដើមបណ្ដឹងរដ្ឋប្បវេណី។ ទីពីរ បញ្ហាអញ្ញត្រកម្ម និងការពិនិត្យលើច្បាប់នានាដែលពាក់ព័ន្ធនឹងសំណុំរឿង០០២ វគ្គ២ និងរបៀបវារៈទី៣ គឺការកំណត់លំដាប់លំដោយនៃកិច្ចដំណើរការនីតិវិធីជំនុំជម្រះក្ដី និងការពិនិត្យលើសាក្សី ដែលមានសក្ដានុពលដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកជំនាញ ថាតើត្រូវអនុវត្តដំណើរការណាមុន។
អង្គជំនុំជម្រះសាលាដំបូង ធ្លាប់ធ្វើសវនាការដូចគ្នានេះម្ដងហើយ កាលពីឆ្នាំ២០១១ សម្រាប់សំណុំរឿង០០២ ទាំងមូល ដែលមានជនជាប់ចោទ នួន ជា និង ខៀវ សំផន។ ក្រោយមក អង្គជំនុំជម្រះសម្រេចបំបែកសំណុំរឿងនេះទៅជានីតិវិធីតូចៗ គឺមាន ០០២ វគ្គ១ ដែលបានជំនុំជម្រះចប់កាលពីចុងឆ្នាំ២០១៣ ហើយនឹងចេញសាលក្រមនៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ។
ថ្លែងបើកសវនាការ ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន បញ្ជាក់ថា សវនាការបឋមនេះ គឺជាសវនាការបន្ថែមមួយ បន្ទាប់ពីអង្គជំនុំជម្រះបំបែកសំណុំរឿង ០០២ វគ្គ២ កាលពីខែមេសា ឆ្នាំ២០១៤៖ «សវនាការបន្ថែមក្នុងថ្ងៃនេះ មានគោលបំណងបញ្ជាក់លើបញ្ហានានា នៅមុនពេលចាប់ផ្ដើមជំនុំជម្រះវគ្គទី២ ដែលជាសំណុំរឿង ០០២វគ្គ០២»។
សវនាការបឋមបន្ថែមនៅថ្ងៃទី៣០ កក្កដា គឺភាគីពាក់ព័ន្ធជជែកដេញដោលគ្នា និងផ្ដល់មតិយោបល់ហេតុផលភាគច្រើនទៅលើនីតិវិធី ឬផ្លូវច្បាប់ដែលត្រូវអនុវត្ត។ មានសាក្សីមួយចំនួន ត្រូវបានភាគីម្ខាងស្នើសុំឱ្យអង្គជំនុំជម្រះកោះហៅ ហើយក៏ត្រូវជំទាស់ដោយភាគីម្ខាងទៀតដែរ។
ក្នុងសវនាការនេះ យើងឃើញជនជាប់ចោទ ខៀវ សំផន ចូលរួមដោយផ្ទាល់នៅបន្ទប់សវនាការធំ រីឯជនជាប់ចោទ នួន ជា មិនបានចូលរួមដោយផ្ទាល់ទេ គឺចូលរួមនៅបន្ទប់តូចខាងក្រោម តាមរយៈប្រព័ន្ធបញ្ជូនរូបភាពវីដេអូ និងសំឡេងពីចម្ងាយ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន មានប្រសាសន៍ថា ជនជាប់ចោទ នួន ជា មានបញ្ហាសុខភាពមិនអាចអង្គុយបាន៖ «ដោយមានអនុសាសន៍របស់គ្រូពេទ្យប្រចាំនៅ អ.វ.ត.ក បញ្ជាក់ពីស្ថានភាពនៃបញ្ហាសុខភាពរបស់គាត់ ដែលមានយ៉ាងពិតប្រាកដនៃសុខភាពមិនអាចនិយាយបាន ហើយបានផ្ដល់អនុសាសន៍ថា ឱ្យអង្គជំនុំជម្រះគួរអនុញ្ញាតឱ្យគាត់ចូលរួមតាមដានសវនាការពីចម្ងាយ។ អង្គជំនុំជម្រះយល់ព្រម និងអនុញ្ញាតឱ្យ លោក នួន ជា ទៅចូលរួមតាមដានសវនាការពីចម្ងាយពីបន្ទប់នៅខាងក្រោមសាលសវនាការនេះ»។
រហូតមកដល់ពេលនេះ ក្រុមមេធាវីការពារក្ដីឱ្យជនជាប់ចោទ ខៀវ សំផន នៅតែទទូចឱ្យអង្គជំនុំជម្រះរង់ចាំការសម្រេចអំពីសំណុំរឿង ០០២ វគ្គ១ សិន មុននឹងចាប់ផ្ដើមសំណុំរឿង ០០២ វគ្គ២ នេះ។ មេធាវីការពារជនជាប់ចោទ ខៀវ សំផន លើកហេតុផលថា ប្រសិនបើសាលក្រមសំណុំរឿង០០២ វគ្គ១ ចេញមក ហើយត្រូវប្ដឹងសាទុក្ខនោះ ពួកគាត់មិនអាចធ្វើសវនាការ ០០២ វគ្គ២ ផង និងធ្វើបណ្ដឹងសាទុក្ខ ០០២ វគ្គ១ ផងបានទេ។ ទោះជាយ៉ាងណាក្ដី ការលើកហេតុផល និងការជំទាស់នៅក្នុងសវនាការនេះ អង្គជំនុំជម្រះនៅមិនទាន់សម្រេចទេ ហើយនឹងប្រកាសនៅពេលខាងមុខ។
ទន្ទឹមគ្នានឹងការរង់ចាំការសម្រេចពីសវនាការនេះ ភាគីនានាក៏រង់ចាំសាលក្រមអំពីសំណុំរឿង ០០២ វគ្គ១ នៅថ្ងៃទី៧ ខែសីហា ខាងមុខដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។