អ្នកស្រាវជ្រាវថា សាលាក្ដីខ្មែរក្រហមមិនបានផ្ដល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ
2019.08.07
អ្នកសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមថ្លែងថា ការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ មានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ប៉ុន្តែសម្រាប់ជនរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមិនទាន់ទទួលបានយុត្តិធម៌គ្រប់ជ្រុងជ្រោយនៅឡើយ នៅខណៈអតីតមេដឹកនាំខ្មែរក្រហមបានស្លាប់ជាបន្តបន្ទាប់នេះ។
អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍នៅក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរីថា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ សាលាក្ដីខ្មែរក្រហម ធ្វើការចោទប្រកាន់ អតីតមេដឹកនាំខ្មែរក្រហមតែចំនួន ៥នាក់ ប៉ុន្តែកាត់ទោសចប់សព្វគ្រប់ជាស្ថាពរមកដល់ពេលនេះបានតែម្នាក់ប៉ុណ្ណោះ គឺ កាំង ហ្គេចអៀវ ហៅ ឌុច អតីតមេគុកទួលស្លែង បន្ទាប់ពីចំណាយពេលវេលាក៏យូរ និងថវិកាអស់ច្រើន។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការស្វែងរកយុត្តិធម៌គឺសំខាន់ណាស់សម្រាប់ជនរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលយុត្តិធម៌នេះមានតម្លៃជាប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបានទេ៖ «»
ការលើកឡើងរបស់អ្នកវិភាគនេះ នៅស្របពេលអតីតមេដឹកនាំខ្មែរក្រហមស្លាប់ជាបន្តបន្ទាប់ ដែលចុងក្រោយ គឺបងធំទី២ នៃមេដឹកនាំខ្មែរក្រហម គឺលោក នួន ជា បានទទួលមរណភាព កាលពីថ្ងៃទី៤ សីហា ឆ្នាំ២០១៩នេះ។
អ្នកប្រវត្តិសាស្ត្រ គឺលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា ការស្លាប់របស់ នួន ជា គឺជាការបាត់បង់ឯកសាររស់ដ៏សំខាន់មួយ។ លោកបញ្ជាក់ថា ការលាតត្រដាងអំពីប្រវត្តិសាស្ត្រខ្មែរក្រហមគឺជារឿងសំខាន់សម្រាប់ក្មេងជំនាន់ក្រោយ យល់ដឹងអំពីរបបប្រល័យពូជសាសន៍៖ «»
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅដោយខ្លីថា តុលាការខ្មែរក្រហម បានចាប់ផ្ដើមសវនាការដេញដោល និងពិនិត្យភស្តុតាងសំណុំរឿង ០០២ វគ្គ ២ នេះ តាំងពីខែតុលា ឆ្នាំ ២០១៤ និងបានបញ្ចប់នីតិវិធីនេះ កាលពីខែមករា ឆ្នាំ២០១៧ កន្លងទៅ។ ការជំនុំជម្រះ រួមទាំងការស្ដាប់សេចក្ដីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង តុលាការបានស្ដាប់សក្ខីកម្មសាក្សីចំនួន ១៨៥នាក់ នៅក្នុងខែមិថុនា ឆ្នាំ២០១៧។ បទចោទក្នុងសំណុំរឿង ០០២ វគ្គពីរនេះ គឺ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងវៀតណាម។ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិតប្រសិនតុលាការរកឃើញថា អ្នកទាំងពីរមានពិរុទ្ធភាពមែននោះ។
លោក នួន ជា និងលោក ខៀវ សំផន បានរងការចោទប្រកាន់ជាច្រើនបទចោទ ក្នុងសំណុំរឿង ០០២ ដូចនេះ ទើបតុលាការបំបែកសំណុំរឿងនេះជាពីរវគ្គ គឺសំណុំរឿង ០០២ វគ្គ ១ (០០២/០១) និងសំណុំរឿង ០០២ វគ្គ ២ (០០២/០២)។
ក្នុងសំណុំរឿង ០០២ វគ្គ ១ (០០២/០១) អ្នកទាំងពីរ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតរួចទៅហើយទាក់ទងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធទៅនឹងការបណ្ដេញពលរដ្ឋចេញពីទីក្រុងភ្នំពេញដោយបង្ខំ និងការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ នៅទីតាំងទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។
នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា អ្នកស្រី សូ ហ្វារីណា បញ្ជាក់ថា សាលាក្ដីខ្មែរក្រហម នេះ មិនទាន់ផ្ដល់យុត្តិធម៌គ្រប់ជ្រុងជ្រោយដល់ជនរងគ្រោះនៅឡើយទេ ប៉ុន្តែយ៉ាងនេះក្ដី អ្នកស្រីបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមមានគំរូល្អជាច្រើនសម្រាប់សហចៅក្រមជាតិ និងសហព្រះរាជអាជ្ញាជាតិ ដើម្បីយកមកអនុវត្ត ដែលជានិយាម ឬស្តង់ដារមួយសម្រាប់យកមកអនុវត្តនៅក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន៖ «»
ចាប់ពីដើមទីមក សាលាក្ដីខ្មែរក្រហមត្រូវគេរំពឹងថា អាចជាគំរូរបស់តុលាការជាតិ។ ប៉ុន្តែជាងដប់ឆ្នាំកន្លងទៅនេះ តុលាការជាតិត្រូវគេមើលឃើញថា មិនបានយកគំរូតាមការងាររបស់សាលាក្តីទេ។តុលាការគ្រប់ជាន់ថ្នាក់ត្រូវគេមើលឃើញថា កំពុងរងសម្ពាធ និងឥទ្ធិពលនយោបាយពីគណបក្សកាន់អំណាច ដែលក្នុងនោះចៅក្រមថ្នាក់ដឹកនាំនៃតុលាការទាំអស់ គឺជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ទោះជាយ៉ាងណា អ្នកស្រី សូ ហ្វារីណា បន្ថែមថា កេរដំណែលល្អៗ របស់សាលាក្ដីខ្មែរក្រហមនេះ សហចៅក្រម និងសហព្រះរាជអាជ្ញាជាតិ ត្រូវការប្រើពេលវេលាច្រើន សម្រាប់ឱ្យសហចៅក្រមជាតិ និងសហព្រះរាជអាជ្ញា យកទៅអនុវត្តនៅក្នុងតុលាការជាតិបច្ចុប្បន្ន មិនអាចទៅធ្វើកំណែទម្រង់ក្នុងប្រព័ន្ធតុលាការសព្វថ្ងៃនេះ ដែលកំពុងតែរងការរិះគន់ថា ពុករលួយ និងជាតុលាការស្ថិតនៅក្រោមឥទ្ធិពល គណបក្សកាន់អំណាចនោះបានភ្លាមៗឡើយ៖ «»
សាលាក្ដីខ្មែរក្រហម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ គឺរយៈពេល ២៧ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម។ គោលបំណងនៃការបង្កើតសាលាក្ដីកូនកាត់នេះ គឺដើម្បីផ្ដន្ទាទោស អតីតមេដឹកនាំជាន់ខ្ពស់ និងជនទាំងឡាយ ដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ មកដល់ពេលនេះ សាលាក្ដីកូនកាត់នេះ បើកដំណើរការកាត់ក្តី អស់រយៈពេល ១៣ឆ្នាំហើយ និងចំណាយថវិកាអស់ជាង ៣០០លានដុល្លារ។ អ្នកវិភាគនយោបាយ លើកឡើងថា សាលាក្ដីខ្មែរក្រហមមិនមានភាពឯករាជ្យរបស់ខ្លួនក្នុងការស៊ើបអង្កេត និងកាត់សេចក្ដីឡើយ ដោយសារតែការជ្រៀតជ្រែកពី លោក ហ៊ុន សែន ដែល គំរាមជាច្រើនដង ពិសេសការគំរាមបិទសាលាក្ដី បើហ៊ានកាត់ក្ដីអតីតមេខ្មែរក្រហមច្រើនលើសពីសំណុំរឿង ០០១ និង ០០២។ នៅទីបំផុត សំណុំរឿង ០០៣ និង ០០៤ ជួបឧបសគ្គជាច្រើន ដោយសារតែខ្វះការសហការពីភាគីជាតិ។ សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានលាឈប់ពីសាលាក្ដីនេះជាបន្តបន្ទាប់ ដោយសារតែការជ្រៀតជ្រែក និងមិនមានឯករាជ្យក្នុងការស៊ើបអង្កេតជាដើម។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត ភត្រា្ត បញ្ជាក់ថា លោក នួន ជា ទទួលមរណភាពនេះ គឺមិនប៉ះពាល់ដល់ដំណើរការរបស់សាលាក្ដីខ្មែរក្រហមឡើយ។ លោកបញ្ជាក់ថា សាលាក្ដីខ្មែរក្រហម កំពុងតែដំណើរការនីតិវិធីជំនុំជម្រះសំណុំរឿង០០២ វគ្គ២ ដែលឥលូវនេះ នៅមានជនសង្ស័យមួយរូបទៀត បន្ទាប់ពីនួន ជា គឺ ខៀវ សំផន៕