ពលរដ្ឋក្នុងទីក្រុងភ្នំពេញដែលរស់រានមានជីវិតពីរបបខ្មែរក្រហម ប៉ុល ពត នៅចងចាំមិនភ្លេចទេនៅពេលដែលទាហានខ្មែរក្រហមវាយចូលទីក្រុង និងបានចេញបញ្ជាឲ្យពលរដ្ឋប្រមាណជាង ២លាននាក់ ចាកចេញទៅរស់នៅតាមទីជនបទជាបណ្ដោះអាសន្ន។
អ្នកស្រី សឿង ផាន់ស៊ី ដែលជាស្ត្រីមេម៉ាយ បច្ចុប្បន្នរស់នៅក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) ឲ្យដឹងថា សមាជិកគ្រួសារអ្នកស្រីជាង ២០នាក់ បានស្លាប់ទាំងអស់ក្នុងសម័យខ្មែរក្រហម រួមមានឪពុកម្តាយ មាមីង បងប្អូនបង្កើត និងស្វាមី ព្រមទាំងកូនបីនាក់។
ព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានកន្លងផុត ៤០ឆ្នាំទៅហើយក្តី ក៏ អ្នកស្រី សឿង ផាន់ស៊ី អាយុ ៦៧ឆ្នាំ នៅតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដដែល ទោះបីជាបានមករស់នៅសហរដ្ឋអាមេរិក ជិត ២០ឆ្នាំក៏ដោយ។ អ្នកស្រីបញ្ជាក់ថា ក្រោយរបបខ្មែរក្រហម អ្នកស្រីមិនដែលបានស្គាល់សុភមង្គលក្នុងជីវិតទាល់តែសោះ ជីវិតរស់នៅតែលតោលម្នាក់ឯង ព្រាត់ប្រាសក្រុមគ្រួសារ ស្វាមី និងកូនទាំងបី។
អ្នកស្រីនឹកឃើញចងចាំជានិច្ច នៅពេលដែលក្រុមគ្រួសារអ្នកស្រីត្រូវបានទាហានខ្មែរក្រហមវ័យក្មេងៗមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានមកគោះទ្វារប្រាប់ឲ្យរៀបចំស្បៀងអាហារចេញពីផ្ទះសម្បែងរយៈពេលខ្លី ដើម្បីឲ្យអង្គការបោសសម្អាតរៀបចំទីក្រុងឡើងវិញ៖ «ដំបូងឮសូរផ្សាយតាមវិទ្យុជាតិ ហើយដល់ពេលពួកខ្មែរក្រហមហ្នឹងវាចូលមកដល់ផ្ទះតែម្តង គឺវាមានគ្នា ៣នាក់ ភ្ជង់កាំភ្លើង ហើយវាក្មេងមានអាយុ ១៧ ឬ ១៨ឆ្នាំ។ វាបានសួរឪពុកខ្ញុំថាមានគ្នាប៉ុន្មាននាក់? វាប្រាប់មកយើងវិញឲ្យរៀបអីវ៉ាន់ចេញក្រៅទីក្រុងភ្នំពេញសិន ចាំគេរៀបចំហើយ គេហៅត្រឡប់មកវិញ មិនបាច់យកច្រើនទៅទេ ហើយថាឲ្យចេញក្នុងរយៈពេលពីរថ្ងៃ...»។
អ្នកស្រីបានរំឭកថា ខណៈដែលទាហានខ្មែរក្រហមដើរចូលតាមវិថីនានាក្នុងក្រុងភ្នំពេញ ពលរដ្ឋទាំងចាស់ក្មេង ទាំងស្រីប្រុស រួមទាំងក្រុមគ្រួសារអ្នកស្រីផង បាននាំគ្នាចេញពីផ្ទះមកឈរដង្ហែគ្នានៅតាមដងផ្លូវគ្រវីទង់ជាតិ និងក្រណាត់ស ព្រមទាំងទះដៃអបអរសាទរជាការស្វាគមន៍ ដោយរំពឹងថា សង្គ្រាមស៊ីវិលបានចប់ហើយ ស្រុកទេសមានសុខសន្តិភាព និងសម្បូរសប្បាយរុងរឿង។
ក៏ប៉ុន្តែ ក្តីរំភើបរីករាយ និងសង្ឃឹមនោះ មិនបានពីរថ្ងៃផង ស្រាប់តែក្រុមគ្រួសារអ្នកស្រីជាច្រើននាក់ រួមមានឪពុកម្តាយ បងស្រី និងស្វាមី ក្មួយ ៣នាក់ រូបអ្នកស្រីផ្ទាល់ និងកូន ៣នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះនៅសង្កាត់លេខ៦ ក្រុងភ្នំពេញ។ ពេលនោះ អ្នកស្រីត្រូវបែកពីស្វាមីជាវិស្វករ ដែលត្រូវទៅបំពេញបេសកកម្មនៅខេត្តបាត់ដំបង៖ «ឡានអត់មានបើកម៉ាស៊ីនបញ្ឆេះបានទេ រុញឡានទាំងពីរហ្នឹង កូនៗជិះឡានទៅហើយដាក់អីវ៉ាន់ ភាគច្រើនម្ហូបអាហារ។ លោកឳពុកអ្នកម្តាយគាត់ដើរ ហើយបងថ្លៃខ្ញុំរុញឡានរំកិលតិចៗ ព្រោះមានមនុស្សច្រើនណាស់នៅតាមផ្លូវពេញទាំងអស់។ មិនដឹងថាប៉ុន្មានថ្ងៃទេ ទើបចេញផុតពីក្រុងបាន ហើយយើងទៅតាមផ្លូវព្រែកឯង ព្រោះនៅហ្នឹងមានបងប្អូនរស់នៅទីនោះ...»។
ផែនការរបស់មេដឹកនាំខ្មែរក្រហមដែលជម្លៀសពលរដ្ឋចេញពីទីក្រុងដោយគំហុកបែបនេះ បណ្ដាលឲ្យមានមនុស្សចាស់ និងក្មេងៗខ្លះឈឺស្លាប់តាមផ្លូវ ដោយសារមានជំងឺពុំមានថ្នាំសង្កូវព្យាបាល ខ្លះអត់បាយដោយស្បៀងអាហារយកមកជាមួយតិចតួចពេក និងខ្លះទៀតត្រូវបានទាហានខ្មែរក្រហមបាញ់សម្លាប់ ដោយចោទថាជាមន្ត្រីរាជការ ជាទាហានរបស់សេនាប្រមុខ លន់ នល់ ជាវេជ្ជបណ្ឌិត វិស្វករ និងជាគ្រូបង្រៀន ជាដើម។
បន្ទាប់ពីបានទៅរស់នៅក្នុងភូមិព្រែកឯង ខេត្តកណ្តាល ប្រមាណជាងមួយឆ្នាំមក គណៈភូមិក៏បានប្រកាសក្នុងអង្គប្រជុំថា នឹងដឹកប្រជាជនថ្មីចេញពីភូមិឲ្យទៅរស់នៅក្បែរក្រុងភ្នំពេញ ដើម្បីសង់លំនៅឋានបង្កើតសហគមន៍ថ្មី ទទួលស្វាគមន៍ការយាងត្រឡប់មកកម្ពុជា វិញរបស់អតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហនុ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមគ្រួសាររបស់អ្នកស្រី និងពលរដ្ឋជាច្រើនគ្រួសារទៀត ត្រូវបានទាហានខ្មែរក្រហមដឹកជញ្ជូនយកទៅទម្លាក់ចោលឲ្យទៅរស់នៅយ៉ាងវេទនា ក្នុងខេត្តពោធិ៍សាត់៖ «វាដាក់កប៉ាល់ដឹកទៅ ដល់ថ្ងៃចុះកប៉ាល់នោះយើងចេះតែមើល ទៅដល់មុខវាំងហើយ ដល់មុខវាំងវាអត់ឈប់ទៀត។ ហើយទៅដល់ក្អមសំណ អត់ចុះទេ ហើយទៅដល់ព្រែកក្តាម ក៏អត់ចុះទៀត កាណូតនោះវាបែរក្បាលទៅទន្លេធំ។ វាដឹកទៅកំពង់ឆ្នាំង ឡើងពីកំពង់ឆ្នាំង ទៅ វាដឹកពួកខ្ញុំតាមឡានដឹកទំនិញ ហើយយកទៅទម្លាក់នៅភូមិចាហួយ ឃុំឫស្សីក្រាំង ស្រុកស្វាយដូនកែវ ខេត្តពោធិ៍សាត់...»។
ពលរដ្ឋដែលជម្លៀសទៅរស់នៅខេត្តពោធិ៍សាត់ ភាគច្រើនស្លាប់ស្ទើរតែទាំងអស់ ដោយសារទុរ្ភិក្ស ធ្វើការបាក់កម្លាំង ឈឺថ្កាត់គ្មានថ្នាំព្យាបាល និងការសម្លាប់។ អ្នកស្រីរៀបរាប់បន្តថា រយៈពេលតែ ៦ខែប៉ុណ្ណោះ សមាជិកគ្រួសារទាំងអស់បានស្លាប់ជាបន្តបន្ទាប់៖ «ស្លាប់នៅលើដៃខ្ញុំថែទាំតែម្តង ឈឺស្លាប់ម្តងមួយៗ ទាំងកូនទាំងបងស្រី បងថ្លៃ ឪពុកម្តាយ ហើយលោកឪពុកស្លាប់ចុងក្រោយគេបង្អស់ ប្រហែលជាចុងឆ្នាំ១៩៧៦។ អ្នកខ្លះស្លាប់កូនទាំងអស់ យកកូនមួយស្លាប់ទៅបញ្ចុះ មកដល់ផ្ទះវិញកូនមួយទៀតឈឺបង្កាច់ដែរ...»។
អ្នកស្រី ផាន់ស៊ី បន្តថា ចាប់ពីដើមឆ្នាំ១៩៧៧ មក ជីវិតរបស់អ្នកស្រីអណ្ដែតត្រសែតដូចជាចកមិនមានទីលំនៅច្បាស់លាស់។ អង្គការថ្នាក់លើ បញ្ជូនអ្នកស្រីឲ្យទៅធ្វើការនៅការដ្ឋានលើកទំនប់ ជីកប្រឡាយ និងបញ្ជូនឲ្យទៅធ្វើស្រែរួមនៅតំបន់ឆ្ងាយៗពីភូមិ រហូតដល់មានពេលខ្លះដួលសន្លប់ក្នុងវាលស្រែក៏មាន។
ក្រោយរបបខ្មែរក្រហមដួលរំលំនៅខែមករា ឆ្នាំ១៩៧៩ អ្នកស្រី សឿង ផាន់ស៊ី បានវិលត្រឡប់មកទីក្រុងភ្នំពេញវិញ ដោយសង្ឃឹមថា បងប្រុសបងស្រីបង្កើតពីរនាក់ផ្សេងទៀត អាចនៅរស់រានមានជីវិត។ ប៉ុន្តែក្រោយពីស៊ើបសួរតាមមិត្តភក្ដិមក ទើបដឹងថា សមាជិកក្រុមគ្រួសារទាំងអស់ជាង ២០នាក់បានស្លាប់ នៅសល់តែអ្នកស្រីម្នាក់គត់។ ប៉ុន្មានខែក្រោយមក អ្នកស្រីក៏បានទៅធ្វើការនៅក្រសួងផែនការ ប៉ុន្តែគ្រាន់តែបានទទួលដំណឹងថា អ្នកស្រីត្រូវគេបញ្ជូនឲ្យទៅរៀននៅក្រុងហាណូយ រយៈពេល ៥ឆ្នាំ អ្នកស្រីក៏បានរត់គេចពីប្រទេសកម្ពុជា មករស់នៅក្នុងជំរំជនភៀសខ្លួនខាវអ៊ីដាង (Khao I Dang) ក្នុងប្រទេសថៃ កាលពីឆ្នាំ១៩៨២។
នៅឆ្នាំ១៩៨៦ អ្នកស្រី សឿង ផាន់ស៊ី បានចេញពីជំរំជនភៀសខ្លួនក្នុងប្រទេសថៃ មករស់នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែស្ថានភាពរស់នៅក្នុងប្រទេសបារាំង ពិបាកពេកដោយរស់នៅម្នាក់ឯង នៅឆ្នាំ១៩៩៦ អ្នកស្រីក៏សម្រេចចិត្តមករស់នៅសហរដ្ឋអាមេរិកវិញ ដោយមានការធានាពីក្រុមប្រឹក្សាព្រះវិហារកាតូលិកខ្មែរ ក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California)។
អ្នកស្រីថ្លែងដោយអស់សង្ឃឹមថា ដំណើរជីវិតដូចជារឿងនាងបដាចារ អ៊ីចឹង រស់នៅតែលតោលមិនមានក្តីសង្ឃឹមនឹងជីវិតទាល់តែសោះ និងបច្ចុប្បន្នរស់នៅពិបាកវេទនា ប្រាក់ចូលនិវត្តន៍តិចតួចមិនអាចចាយវាយគ្រប់ឡើយ៖ «មកដល់ស្រុកគេបានដឹងថា ហ្នឹងយើងកើតមានជំងឺផ្លូវចិត្ត (Anxiety attack) ខួរក្បាលយើង ព្រោះព្រួយចិត្តពីមួយថ្ងៃទៅមួយថ្ងៃ តាំងពីនៅ ប៉ុល ពត មក អស់កូនអស់គ្រួសារមក យើងចេះដើរតាមកងពិសេសមេម៉ាយហ្នឹង។ អស់សង្ឃឹមក្នុងការរស់នៅ ជំងឺនេះនៅជាប់ក្នុងខ្លួនរហូត។ សព្វថ្ងៃនេះរស់នៅអត់ស្គាល់សេចក្តីសប្បាយទេ មិនដឹងថារស់នៅដើម្បីអ្វីទេ ពីព្រោះចិញ្ចឹមខ្លួនឯងម្នាក់អត់អាចចិញ្ចឹមបានទេ។ បច្ចុប្បន្នបានប្រាក់ខែ ៦០០ដុល្លារ បង់ផ្ទះ ៤០០ សល់ ២០០ បង់ចំណាយគ្រប់សព្វវាខ្វះថ្លៃម្ហូបអាហារ...»។
មិនថាតែ អ្នកស្រី សឿង ផាន់ស៊ី ទេដែលជួបប្រទះវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ របបខ្មែរក្រហមឃោរឃៅព្រៃផ្សៃរយៈពេលជិត ៤ឆ្នាំនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ជូរចត់ក្រៃលែងបំផុតដល់ពលរដ្ឋខ្មែរជាច្រើនលាននាក់ ដែលភាគច្រើនមានបញ្ហាសុបិនអាក្រក់ គេងមិនលក់ នឹកស្រមើស្រមៃឃើញការកាប់សម្លាប់ ភាពវេទនាលំបាកអត់បាយ ធ្វើការធ្ងន់បាក់កម្លាំង និងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរផ្សេងទៀត ដូចជារស់នៅផ្តាច់ខ្លួនចេញពីសង្គម មិនសូវនិយាយស្តី ជាដើម។
ការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតអាមេរិកាំង ផ្នែករោគសតិ (Psychiatrists) និងសាកលវិទ្យាល័យ យូស៊ីអិលអេ (UCLA) នៅរដ្ឋកាលីហ្វ័រញ៉ា បង្ហាញថា បញ្ហាវិបត្តិផ្លូវចិត្តនេះ មិនត្រឹមតែកើតមានឡើងចំពោះឪពុកម្តាយដែលជាជនរងគ្រោះក្នុងរបបខ្មែរក្រហមទេ សូម្បីតែកូនៗរបស់គេដែលកើត និងធំក្តីនៅសហរដ្ឋអាមេរិក ប្រមាណ ៥០% ក៏មានបញ្ហាស្រដៀងគ្នានេះដែរ។
កាលពីទសវត្សរ៍ឆ្នាំ៨០ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទទួលយកជនភៀសខ្លួនខ្មែរប្រមាណជាជាង ១៥ម៉ឺននាក់។ ជំរឿនស្ថិតិរបស់រដ្ឋាភិបាលអាមេរិក កាលពីឆ្នាំ២០១០ បង្ហាញថា មានពលរដ្ឋខ្មែរប្រមាណជា ២៨ម៉ឺននាក់រស់នៅសហរដ្ឋអាមេរិក។ សហគមន៍ដែលមានខ្មែររស់នៅច្រើនជាងគេ គឺនៅរដ្ឋកាលីហ្វ័រញ៉ា រដ្ឋរ៉ូដអាយលែន (Rhode Island) និងរដ្ឋម៉ាស្សាឈូសេត (Massachusetts) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។