អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានបញ្ចប់ការស្ដាប់សក្ខីកម្មអំពីអង្គហេតុបោសសម្អាតផ្ទៃក្នុង នៃកងពលលេខ ៩២០ នៅខេត្តមណ្ឌលគិរី កាលឆ្នាំ១៩៧៧។ សវនាការនៅថ្ងៃទី៣១ ខែមីនា មេធាវីការពារក្ដីជនជាប់ចោទ នួន ជា និង ខៀវ សំផន ក៏បន្តស្នើសុំអង្គជំនុំជម្រះជាថ្មី ឱ្យពន្យារពេលធ្វើសវនាការស្ដាប់សក្ខីកម្មទាក់ទងនឹងមន្ទីរសន្តិសុខ ស២១ រហូតដល់ក្រោយបុណ្យចូលឆ្នាំខ្មែរ។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា និង ខៀវ សំផន បានស្នើសុំដោយផ្ទាល់មាត់ ឱ្យអង្គជំនុំជម្រះសាលាដំបូងពន្យារពេលធ្វើសវនាការស្ដាប់សក្ខីកម្មទាក់ទងនឹងមន្ទីរសន្តិសុខ ស២១ គឺភាគីជនជាប់ចោទលើកហេតុផលថា ភាគីខ្លួនមិនអាចត្រៀមខ្លួនទាន់ទេ សម្រាប់ឯកសារជាច្រើនយកចេញពីសំណុំរឿង ០០៣ និង ០០៤។
មេធាវីជនជាប់ចោទ នួន ជា លោក វិកទ័រ កូប៉េ (Victor Koppe) ក៏ស្នើសុំឱ្យអង្គជំនុំជម្រះកោះហៅសាក្សី ដែលខ្លួនជឿជាក់ថា មានសារសំខាន់មួយរូបដែរ គឺសាក្សី 2TCW-916៖ «យើងមានចម្លើយ និងប្រតិចារឹកប្រហែលបួនពាន់ទំព័រ ដូច្នេះយើងខ្ញុំត្រូវសួរទៅសាក្សី 2TCW-916 ប្រហែលជា ៦០ម៉ោង គឺប្រមាណ ១៣ថ្ងៃ។ ដោយសារតែរយៈពេលវេលា និងការកំណត់បទដ្ឋាននានា ដោយអង្គជំនុំជម្រះ។ យើងខ្ញុំសុំស្នើថា យើងខ្ញុំត្រូវសួរតតាំងជាមួយសាក្សី 2TCW-916 យ៉ាងហោចណាស់សម្រាប់ក្រុមយើងខ្ញុំ ក៏ ៤ថ្ងៃដែរ ដើម្បីលើកឡើងគ្រប់បញ្ហាទាំងអស់ ដែលខ្ញុំត្រូវសួរតទល់ជាមួយសាក្សីរូបនេះ»។
មេធាវីការពារក្ដីក៏ស្នើសុំឱ្យសហព្រះរាជអាជ្ញាបង្ហាញភាគីខ្លួននូវភស្តុតាងថ្មីៗ និងបទសម្ភាសន៍ថ្មីៗ លើសាក្សី 2TCW-916 ទាក់ទងនឹងមន្ទីរសន្តិសុខ ស២១ មុនការចាប់ផ្ដើមសួរសក្ខីកម្មទាំងមន្ទីរសន្តិសុខ ស២១ ទាំងពាក់ព័ន្ធទៅនឹងការបោសសម្អាតផ្ទៃក្នុង។ បើសិនជាមានភស្តុតាងថ្មី មេធាវីការពារក្ដី សុំអង្គជំនុំជម្រះឱ្យផ្អាកសវនាការដើម្បីយកពេលវេលាអានឯកសារភស្តុតាងទាំងនេះ។
មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន គឺអ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) ថ្លែងគាំទ្រមេធាវីការពារក្ដី នួន ជា ថា រយៈពេល ៤ថ្ងៃ ដែលអង្គជំនុំជម្រះបម្រុងទុកនេះ មិនគ្រប់គ្រាន់ទេ ព្រោះសវនាការត្រូវបកប្រែបីភាសា ហើយសាក្សីជំនាញត្រូវការពេលវេលាពិនិត្យឯកសារ៖ «ខ្ញុំគិតថា មេធាវី នួន ជា គាត់សុំសម្រាប់តែក្រុមគាត់ទេ ៤ថ្ងៃហ្នឹង មិនមែនសម្រាប់ទាំងពីរក្រុមទេ។ អ៊ីចឹងខ្ញុំយ៉ាងហោចណាស់ ត្រូវការពេលពីរថ្ងៃដែរ ដើម្បីសួរដេញដោលសាក្សីរូបនេះ ដោយសារតែមានឯកសារគរដូចភ្នំ ដែលយកមកសួរដេញដោលគាត់»។
សហព្រះរាជអាជ្ញាមិនជំទាស់នឹងការសុំពេលវេលាបន្ថែមទេ ដោយសារតែខ្លួនចាត់ទុកសាក្សីរូបនេះសំខាន់ដូចគ្នា។ សហព្រះរាជអាជ្ញារង លោក ដេល ឡៃសាក់ (Dale Lysak) យល់ថា ការស្ដាប់សក្ខីកម្មសាក្សីរូបនេះ មិនចាំបាច់ចាប់ផ្ដើមថ្មីឡើងវិញទាំងអស់ទេ ព្រោះគ្រប់ភាគីអាចមើលសម្អាងហេតុនៅតុលាការកំពូល ដែលមានសក្ខីកម្មរបស់គាត់នៅក្នុងនោះរួចមកហើយ៖ «យើងបង្ហាញនូវភស្តុតាងដោះបន្ទុក។ នេះជាភារកិច្ចដែលយើងធ្វើកន្លែងមក។ យើងធ្វើជាដរាបមក គឺមិនមែនចេះតែដាក់ឯកសារដែលមិនពាក់ព័ន្ធនោះទេ គឺយើងដាក់បង្ហាញឯកសារតាមសេចក្ដីបង្គាប់របស់តុលាការ ហើយយើងបន្តអនុវត្តន៍តាមរបៀបនេះ។ ខ្ញុំសុំរំឭកមេធាវីថា ការស៊ើបអង្កេតកំពុងតែបន្តធ្វើឡើង។ ដូច្នេះយើងមិនអាចរង់ចាំរហូតដល់កិច្ចស៊ើបអង្កេតនោះទេ មុនពេលដែលយើងចាប់ផ្ដើមអង្គហេតុមន្ទីរ ស២១ និងការបោសសម្អាតផ្ទៃក្នុង»។
សហព្រះរាជអាជ្ញារងបន្តថា ការសួរដេញដោលសាក្សី 2TCW-916 រយៈពេល ៤ថ្ងៃ អាចមានបញ្ហា ព្រោះសាក្សីរូបនេះ មានវ័យចំណាស់។ លោកចង់ឱ្យអង្គជំនុំជម្រះស្ដាប់សាក្សីរូបនេះតែពេលព្រឹក ហើយពេលរសៀលស្ដាប់សាក្សីផ្សេង។
បញ្ហាមួយទៀត គឺភាគីសហព្រះរាជអាជ្ញា និងមេធាវីការពារក្ដីជនជាប់ចោទ នៅតែមិនទាន់មានឯកភាព លើឯកសារវិភាគរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ហៅកាត់ថា DC-Cam ទាក់ទងនឹងឈ្មោះអ្នកទោស ១០០នាក់ ដែលត្រូវបានដោះលែងពីមន្ទីរ ស២១។ ភាគីមេធាវីជនជាប់ចោទថា អ្នកទោសទាំងនោះ ពិតជាត្រូវបានដោះលែង ឯសហព្រះរាជអាជ្ញាថា មិនបានដោះលែងទេ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ថ្លែងថា អង្គជំនុំជម្រះ នឹងយកសំណើទាំងនេះធ្វើជាមូលដ្ឋានសម្រាប់ពិចារណាសម្រាប់ការសម្រេច។ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការបន្តរបស់ខ្លួននៅថ្ងៃទី៤ ខែមេសា ទៀត ហើយអង្គជំនុំជម្រះគ្រោងស្ដាប់សក្ខីកម្មរបស់សាក្សី ទាក់ទងនឹងអង្គហេតុនៃការប្រព្រឹត្តរបស់ពួកខ្មែរក្រហម ទៅលើក្រុមគោលដៅជាក់លាក់ គឺជនជាតិចាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។