ការខ្វែងយោបល់គ្នារវាងចៅក្រមជាតិ និងអន្តរជាតិ នៃសាលាក្តីខ្មែរក្រហមរឿងត្រូវកាត់ទោស ឬមិនត្រូវកាត់ទោសអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមមួយរូប គឺលោក អោ អាន បានបន្តរាលដាលដល់អង្គបុរេជំនុំជម្រះ ក្រោយចៅក្រមទាំងប្រាំរូប នៃស្ថាប័នឧទ្ធរណ៍មួយនេះ មិនអាចរកសំឡេងមូលមាត់គ្នាជាឯកច្ឆន្ទ ក្នុងការសម្រេចលើសាលដីការបស់ខ្លួន។
ការខ្វែងយោបល់គ្នានេះ ធ្វើឲ្យចៅក្រមអន្តរជាតិទាំងពីររូបនៃអង្គបុរេជំនុំជម្រះ កាលពីថ្ងៃទី១៩ ខែ ធ្នូ ត្រូវចេញសេចក្ដីសម្រេចពីរផ្នែកផ្សេងគ្នា ដោយភាគីអន្តរជាតិចេញមួយផ្នែក ឯភាគីជាតិចេញមួយផ្នែក។ ទោះបីជាសាលដីកានេះ មិនមូលមាត់គ្នាយ៉ាងនេះក្តី វាជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។
ចៅក្រមអន្តរជាតិទាំងពីររូប សម្រេចបញ្ជូនរឿងលោក អោ អាន ទៅជំនុំជម្រះ។ ប៉ុន្តែចៅក្រមជាតិទាំងបីរូបវិញ សម្រេចទម្លាក់ចោលបទចោទប្រកាន់លើលោក អោ អាន ឲ្យចប់ត្រឹមណេះ ដោយមិនបញ្ជូនរឿងនេះទៅជំនុំជម្រះនោះឡើយ។
ចៅក្រមអន្តរជាតិ សម្រេចយល់ព្រមបញ្ជូនលោក អោ អាន ទៅកាត់ទោស ដូចមានកំណត់ក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះរបស់សហចៅក្រមស៊ើបអង្កេត អន្តរជាតិ និងយល់ថា អង្គជំនុំជម្រះសាលាដំបូង ត្រូវទទួលសំណុំរឿងនេះទៅជំនុំជម្រះបន្ត ដោយអនុលោមតាមវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម មាត្រា ៧៧(១៣)(ខ)។
ប៉ុន្តែចៅក្រមជាតិ យល់ឃើញផ្សេងពីនេះ ដោយលើកឡើងថា វិធានផ្ទៃក្នុងមាត្រា ៧៧(១៣) នេះមានភាពចន្លោះប្រហោងនៃច្បាប់ ដែលមិនបានគ្រោងទុក សម្រាប់ការដោះស្រាយការជាប់គាំង នៃការចេញដីកាដំណោះស្រាយពីរផ្សេងគ្នា របស់សហចៅក្រមស៊ើបអង្កេតនោះឡើយ។ ម្យ៉ាងទៀត ចៅក្រមជាតិ លើកឡើងទៀតថា ការបន្តរឿងក្តីលោក អោ អាន នេះ គឺនឹងកាន់តែអូសបន្លាយពេលវេលាបន្ថែមលើការស៊ើបអង្កេត ដែលបានប្រើពេលអស់ជិត ១០ឆ្នាំរួចទៅហើយនោះ។ ហើយការស៊ើបអង្កេតយ៉ាងយូរនោះ មិនបានផ្ដល់លទ្ធផលជាក់លាក់អ្វីនោះឡើយ ដែលបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សិទ្ធិលោក អោ អាន។ ចៅក្រមជាតិ ថាយុត្តិធម៌អូសបន្លាយ គឺអយុត្តិធម៌។
ការខ្វែងយោបល់គ្នា ក្នុងចំណោមចៅក្រមអង្គបុរេទាំងប្រាំរូបដូច្នេះ ធ្វើឲ្យសាលដីការបស់អង្គបុរេជំនុំជម្រះ ខ្វះសំឡេងភាគច្រើនលើសលប់លើសពី ៤រូប។
ក្នុងករណីខ្វះសំឡេងភាគច្រើនលើសលប់ ក្នុងសាលាដីកាអង្គបុរេជំនុំជម្រះ ដែលបិទផ្លូវតវ៉ាបែបនេះ វិធានផ្ទៃក្នុងរបស់សាលាក្តីខ្មែរក្រហមនេះ ត្រង់កថាខណ្ឌ ៧៧(១៣)(ខ) ជាសំណៅភាសា អង់គ្លេស និង បារាំង នៃវិសោធនកម្មលើទី ៩ ចែងក្នុងន័យថា ដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះនេះ ត្រូវមានសុពលភាព ដោយចាត់ទុកថា អង្គជំនុំជម្រះសាលាដំបូង បានទទួលយកសំណុំរឿងនេះទៅចាត់ការបន្ត។ ប៉ុន្តែ ក្នុងសំណៅ ភាសាខ្មែរនៃវិធានដដែលនេះ បែរជាចែងថា ក្នុងករណីដែលចៅក្រមអង្គបុរេជំនុំជម្រះខ្វែងយោបល់គ្នា រហូតមិនអាចរកសំឡេងភាគច្រើនបែបនេះ អង្គបុរេជំនុំជម្រះ ត្រូវសម្រេចប្ដឹងទៅអង្គជំនុំជម្រះសាលាដំបូង ដោយឈរលើដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត។
ភាសាខ្មែរ អង់គ្លេស និងបារាំង គឺជាភាសាផ្លូវការ ដែលមានតម្លៃស្មើគ្នា នៅសាលាក្តីខ្មែរក្រហម។ ប៉ុន្តែ ក្នុងករណីនេះ សំណៅជាភាសាខ្មែរ នៃវិធានផ្ទៃក្នុង មានខ្លឹមសារមិនដូចគ្នា នឹងភាសាអង់គ្លេស និងបារាំងនោះឡើយ។ ដូច្នេះនីតិវិធីបន្ត កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។
អាស៊ីសេរី បានសួរអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត្រ ភក្រ្តា ដើម្បីចង់ដឹងថា តើនីតិវិធីបន្ទាប់នឹងទៅជាយ៉ាងណា ក្នុងស្ថានភាពបែបនេះ។ លោក នេត្រ ភក្ត្រា សុំមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែម លើសពីខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម អំពីការខ្វែងយោបល់គ្នារបស់ចៅក្រមអង្គបុរេជំនុំជម្រះនេះឡើយ៖ «អត្ថាធិប្បាយរបស់ខ្ញុំ គឺខ្ញុំអត់មានអត្ថាធិប្បាយអ្វីលើពីសេចក្ដីសម្រេចរបស់ចៅក្រមទេ »។
ទោះជាយ៉ាងនេះក្តី លោកមេធាវី ហុង គឹមសួន ដែលធ្លាប់តំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី នៅសាលាក្ដីខ្មែរក្រហមថា ទោះក្នុងករណីខ្វែងយោបល់គ្នាបែបនេះ ក៏ដំណើរការក្តីនៅតែប្រព្រឹត្តបន្ត ដោយមិនឈប់ត្រឹមនេះឡើយ។ មានន័យថា លោក អោ អាន នឹងត្រូវបញ្ជូនទៅកាត់ទោស៖ «ក្នុងច្បាប់នៃសាលាក្ដីខ្មែរក្រហម គឺនៅតែអនុញ្ញាតឲ្យបន្តនីតិវិធីតទៅមុខទៀត។ មានន័យថា បើភាគីខាងជាតិមានតែបី អត់បានបួន គឺអត់យកជាការបានទេ គ្រាន់តែសេចក្ដីសម្រេចពួកគាត់ ដែលពួកគាត់សរសេរ គេនឹងតម្កល់ទុកក្នុងសំណុំរឿងដែរ។ ចំណែកឯការយល់ឃើញរបស់ចៅក្រមអន្តរជាតិមានតែពីរនាក់ ដែលគាំទ្ររឿងឲ្យទៅជំនុំជម្រះ គឺនីតិវិធីនៅតែទៅមុខដដែល » ។
ទោះជាចៅក្រមជាតិមានលោក ប្រាក់ គឹមសាន លោក ន័យ ថុល និងលោក ហួត វុទ្ធី និងចៅក្រមអន្តរជាតិលោក អូលីវីយ៉េ បូវ៉ាឡេ (Olivier BEAUVALLET ) និងលោក កាង ជិន បាក់ (Kang Jin Baik) នៃអង្គបុរេខ្វែងយោបល់គ្នា រឿងបញ្ជូនសំណុំរឿងលោក អោ អានទៅជំនុំជម្រះក្តី ក៏ចៅក្រមទាំងអស់យល់ស្របគ្នាជាឯកច្ឆន្ទថា នេះជាលើកដំបូងក្នុងប្រវត្តិនៃតុលាការនេះ ដែលអង្គបុរេជំនុំជម្រះ ត្រូវប្រឈមនឹងដីកាដំណោះស្រាយពីរផ្ទុយគ្នា ចេញពីការិយាល័យសហចៅក្រមស៊ើបអង្កេត នៃតុលាការតែមួយ បែបនេះ។
ចៅក្រមអង្គបុរេជំនុំជម្រះ ចាត់ទុកដីកាដំណោះស្រាយពីរផ្ទុយគ្នារបស់សហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិបែបនេះ គឺខុសច្បាប់ និងរំលោភលើមូលដ្ឋានគ្រឹះនៃក្របខណ្ឌគតិយុត្តិ របស់សាលាក្ដីខ្មែរក្រហមនេះ។
ការខ្វែងយោបល់គ្នារវាងមន្រ្តីតុលាការភាគីជាតិ និងភាគីអន្តរជាតិ ជុំវិញការផ្ដន្ទាទោសអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមបន្ថែមទៀតនេះ កើតមានជាហូរហែតាំងពីនៅការិយាល័យសហព្រះរាជអាជ្ញា ការិយាល័យសហចៅក្រមស៊ើបអង្កេត និងអង្គបុរេជំនុំជម្រះនេះ។ ភាគីជាតិនៃសាលាក្ដីនេះ រង់ការរិះគន់ថា សម្រេចក្តីស្របតាមសារនយោបាយរបស់មេដឹកនាំរបបក្រុងភ្នំពេញ ដែលតែងតែប្រកាសជាសាធារណៈ មិនឲ្យកាត់ក្តីបន្ថែមទៀត ឲ្យលើសពីសំណុំរឿង ០០១ ដែលមានលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច និង ០០២ ដែលមានលោក ខៀវ សំផន និងលោក នួន ជានោះទេ។ លោក ហ៊ុន សែន តែងតែព្រមានបិទសាលាក្ដីនេះ បើហ៊ានកាត់ទោសមនុស្សបន្ថែម។ សេចក្ដីសម្រេចរបស់ភាគីជាតិ តែងតែស្របទៅតាមសារនយោបាយរបស់របបក្រុងភ្នំពេញនេះ។
ប៉ុន្តែ ភាគីអន្តរជាតិឯណោះវិញ ប្រកាន់ជំហរស៊ីសង្វាក់គ្នា ថាសាលាក្ដីខ្មែរក្រហម មានសមត្ថកិច្ច និងអំណាចអាចផ្ដន្ទាទោសមនុស្សបន្ថែមទៀត ដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបខ្មែរក្រហម។ ការខ្វែងយោបល់គ្នានេះ ធ្វើឲ្យកិច្ចដំណើរការនីតិវិធីក្នុងរឿងក្តីបន្ថែមនេះ អូសបន្លាយពេលយូររហូតដល់ជិត ១០ឆ្នាំ ទើបចេញដីកាដំណោះស្រាយបានមួយ ដូចករណីលោក អោ អាននេះស្រាប់។
លោក អោ អាន អាយុជាង ៩០ឆ្នាំហើយ ត្រូវបានដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេត ពីអំពើប្រល័យពូជសាសន៍ លើជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមាន ការសម្លាប់អតីតទាហាន លន់ នល់ ការបង្ខំឲ្យរៀបការ ការធ្វើទារុណកម្ម ជាដើម និងការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ រួមមាន មនុស្សឃាតដោយចេតនា។
សហព្រះរាជអាជ្ញាអន្តរជាតិ លើកជាសំអាង ថាលោក អោ អាន មានតួនាទីជាអនុលេខាភូមិភាគកណ្ដាល ត្រូវជាអនុលេខារបស់លោក កែ ពក និងជាលេខាតំបន់៤១ គ្រប់គ្រង ៥ស្រុក នៅខេត្តកំពង់ចាម ដែលមានមនុស្សស្លាប់រាប់ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។