អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានបដិសេធសំណើសុំកាត់ទោសលោក យឹម ទិត្យ។ ស្ថាប័នតុលាការកំពូលនេះ លើកឡើងនៅក្នុង សេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៨ ខែធ្នូថា ខ្លួនសម្រេចជាឯកច្ឆន្ទ បដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដែលសុំបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។
សេចក្តីសម្រេចនេះ ធ្វើឡើងតបទៅនឹងបណ្ដឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដែលថា សំណុំរឿង ០០៤ គួរត្រូវបញ្ជូនទៅជំនុំជម្រះ ដោយកត់សម្គាល់ថា សហចៅក្រមស៊ើបអង្កេត និងអង្គបុរេជំនុំជម្រះ មិនបានចេញដីកាបញ្ជូនរឿងលោក យឹម ទិត្យ ទៅជំនុំជម្រះ ដោយអនុលោមតាមវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម។
ប៉ុន្តែ អង្គជំនុំជម្រះតុលាការកំពូលលើកឡើងថា សំណុំរឿងលោក យឹម ទិត្យ នេះ ត្រូវបានបញ្ចប់ដោយគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ។
ករណីលោក យឹម ទិត្យនេះ ក៏មិនខុសគ្នាពីករណីរបស់លោក មាស មុត អតីតមេបញ្ជាការយោធាខ្មែរក្រហមម្នាក់ទៀតឡើយ។ ព្រះរាជអាជ្ញា និងចៅក្រមស៊ើបអង្កេតជាតិ ខ្វែងយោបល់គ្នាជាមួយព្រះរាជអាជ្ញា និងចៅក្រមស៊ើបអង្កេតអន្តរជាតិ គ្រប់ដំណាក់កាល។ ខាងភាគីជាតិថា សាលាក្ដីគ្មានយុត្តាធិការ ឬដែនសមត្ថកិច្ចក្នុងការជំនុំជម្រះក្ដីលោក យឹម ទិត្យ នោះទេ ព្រោះគាត់មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃរបបខ្មែរក្រហម។ ប៉ុន្តែ ខាងភាគអន្តរជាតិ ប្រកាន់ជំហរថា មានភស្តុតាងគ្រប់គ្រាន់ ដែលអាចបញ្ជាក់បានថា លោក យឹម ទិត្យ ពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្ដន្ទាទោស។
ដោយសារមូលហេតុនេះឯង ទើបសហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ មិនមូលមាត់គ្នា ហើយនាំគ្នាចេញដីកាមួយម្នាក់ ទោះស្ថិតក្នុងស្ថាប័នស៊ើបអង្កេតតែមួយ។ ខាងភាគីជាតិ ឲ្យទម្លាក់ការចោទប្រកាន់ ស្របពេលដែលខាងភាគីអន្តរជាតិ ឲ្យបញ្ជូនរឿងទៅជំនុំជម្រះ។ ចៅក្រមអង្គបុរេជំនុំជម្រះ ក៏ខ្វែងយោបល់គ្នាទៀត។ ពួកគាត់ចេញសេចក្ដីសម្រេចមួយ ដែលធ្វើឲ្យសហព្រះរាជអាជ្ញាអន្តរជាតិ មិនអស់ចិត្ត ទើបប្ដឹងសាទុក្ខ។
ប៉ុន្តែ សេចក្តីសម្រេចរបស់តុលាការកំពូល គឺជាសេចក្ដីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។