តុលាការ​​ខ្មែរក្រហម នឹង​​ប្រកាស​​សាលដីកា​​​បណ្តឹង​​សាទុក្ខ​​របស់​​លោក ខៀវ សំផន នៅខែកញ្ញា

តុលាការ​កំពូល​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅកាត់ថា (អ.វ.ត.ក) ឬតុលាការ​កូនកាត់​ខ្មែរក្រហម គ្រោង​នឹង​ប្រកាស​សាលដីកា​ជំុវិញ​បណ្តឹង​សាទុក្ខ​របស់​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន ក្នុង​សំណុំរឿង០០២/០២ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ខាងមុខនេះ។

នេះបើយោងតាម ដីកា​កំណត់​កាលបរិច្ឆេទ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ផ្សាយ​កាលពី​ថ្ងៃទី០៥ ខែសីហា។ ការ​ប្រកាស​សាលដីកា​នេះ នឹង​ធ្វើឡើង​នៅ​បន្ទប់​សវនាការ​ធំ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា នៅវេលាម៉ោង​០៩កន្លះ​ព្រឹក។ សាលដីកា​នេះ គឺជា​សាលដីកា​ស្ថាពរ​បិទផ្លូវ​តវ៉ា។

កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំ​ជម្រះ​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម​បាន​កាត់ទោស​លោក ខៀវ សំផន ឱ្យជាប់​គុក​អស់មួយ​ជីវិត​ពីបទ​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការបំពារបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អនុសញ្ញា​ក្រុងហ្សឺណែវ (Geneva Conventions)។ លោក ខៀវ សំផន និង​សហមេធាវី​បានប្តឹងសារទុក្ខ​ប្រឆាំងនឹង​ការកាត់ទោសនេះ។ អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​តុលាការ​ខ្មែរក្រហម​បាន​បញ្ចប់​សវនាការ​លើ​បណ្តឹង​សាទុក្ខ​នេះ កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

តុលាការ​ខ្មែរក្រហម​បាន​បំបែក​សំណុំរឿង០០២ ទៅជំនុំ​ជម្រះ​ជាផ្នែកតូចៗ គឺសំណុំ​រឿង០០២ វគ្គ១ និង​សំណុំ​រឿង០០២ វគ្គ២។ សំណុំរឿង០០២ វគ្គ១ ផ្តោត​ជា​ចម្បង​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ទាក់ទង​នឹង​ការផ្លាស់ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ក្រុងភ្នំពេញ និង​ក្រោយមក​ទៀត​ចេញពី​តំបន់ផ្សេងៗ និង​ការសម្លាប់​ទាហាន លន់ នល់ នៅទីតាំង​សម្លាប់​មនុស្ស​ទួលពោធិ៍ជ្រៃ​បន្ទាប់​ពីខ្មែរក្រហម​ឡើងកាន់​អំណាច​ភ្លាមៗ​ក្នុង​ឆ្នាំ១៩៧៥។

សំណុំ​រឿង០០២នេះ ដំបូងឡើយ មាន​ជនជាប់ចោទ៤រូប គឺ​អតីត​ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងការបរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក អៀង សារី និង​ប្រពន្ធ​របស់​គាត់ អៀង ធីរិទ្ធ ជាអតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច នួន ជា ជា​អតីត​ប្រធានរដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​អនុលេខា​បក្សកុម្មុយនីស្ត​កម្ពុជា និង​លោក ខៀវ សំផន ដែល​ជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ​ដំណើរការ​ក្តី​ប្រឆាំង​នឹង​លោក អៀង សារី ត្រូវបាន​បញ្ចប់​កាលពី​ខែមីនា ឆ្នាំ២០១៣ ក្រោយ​ពីគាត់ស្លាប់​នៅថ្ងៃនោះ។ រីឯ ប្រពន្ធ​របស់ អៀង សារី គឺ អៀង ធីរិទ្ធ ត្រូវបាន​តុលាការ​​រកឃើញ​ថា​ពុំ​មាន​សម្បទា​អាច​ចូលរួម​ក្នុង​ការជំនុំ​ជម្រះ​បានទេ ដោយសារតែ​ជំងឺ​វង្វេង​ស្មារតី។ អៀង ធីរិទ្ធ បាន​ស្លាប់​កាលពី​ខែសីហា ឆ្នាំ២០១៥។ នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ខ្មែរក្រហម​បាន​តម្កល់​ការផ្តន្ទាទោស​ឱ្យ​ជាប់គុក​អស់មួយ​ជីវិត​សម្រាប់ នួន ជា និង ខៀវ សំផន។

រីឯ សំណុំរឿង០០២ វគ្គ០២ វិញ សំណុំរឿងនេះ​ផ្តោត​លើ​អំពើប្រល័យ​ពូជសាសន៍​ប្រឆាំងនឹង​ជនជាតិចាម និង​ជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍​ដោយបង្ខំ ការរំលោភ​សេពសន្ថវៈ និង​អំពើឧក្រិដ្ឋកម្ម​មួយចំនួនទៀត។ តុលាការ​ដំបូង​នៃ​អង្គជំនុំជម្រះ​ក្នុង​តុលាការ​កម្ពុជា​បាន​កាត់ទោស នួន ជា និង ខៀវ សំផន ឱ្យ​ជាប់គុក​អស់មួយ​ជីវិត​ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ការបំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុងហ្សឺណែវ និង​អំពើប្រល័យពូជសាសន៍​លើ​ជនជាតិ​វៀតណាម។ តុលាការខ្មែរ​ដំបូង​ខ្មែរក្រហម​​ក៏បាន​កាត់ទោស នួន ជា ពី​បទ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិចាម ផងដែរ។ អង្គជំនុំជម្រះ​បាន​រួមបញ្ចូលគ្នា​នូវ​ការផ្តន្ទាទោស​ទាំងពីរសំណុំរឿង​នេះ​ទៅជា​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់មួយជីវិត​តែមួយ។ នួន ជា បាន​ស្លាប់​កាលពី​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩។

ដោយឡែក សំណុំរឿង០០១ ដែលជា​សំណុំរឿង​ដំបូងគេ តុលាការ​កំពូល​ខ្មែរ​ក្រហម​បាន​កាត់ទោស​អតីត​ប្រធាន​មន្ទីរស២១ ឬគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការបំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុងហ្សឺណែវ។ ឌុច បាន​ស្លាប់​កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។

ក្រោយពី​បាន​ដំណើរការ​អស់​រយៈពេល​ជាង ១​ទសវត្ស​កន្លះ​មក​នេះ គឺ​ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ដំបូង​ឡើង​កាល​ពី​ដើមឆ្នាំ​២០០៦ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ស្វែងរក​យុត្តិធម៌ និង​ផ្សះផ្សា​របួស​ផ្លូវចិត្ត​ជូន​ជនរងគ្រោះ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ តុលាការ​កូនកាត់​ខ្មែរក្រហម​នឹង​ត្រូវ​បិទ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ជា​រៀង​រហូត​នៅ​ដំណាច់ឆ្នាំ​២០២២​នេះ។ សាលាក្ដី​ខ្មែរក្រហម​បាន​ចំណាយ​ថវិកា​អស់​មិន​តិច​ជាង ៣​រយ​លាន​ដុល្លារ​ទេ ចាប់​តាំង​បើក​ឱ្យ​ដំណើរការ​ដំបូង​នៅ​ដើមឆ្នាំ​២០០៦​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។