អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅក្នុងសប្ដាហ៍នេះ បន្តសវនាការទាក់ទងនឹងអង្គហេតុស្ដីពីប្រព័ន្ធពន្ធនាគារ និងការបោសសម្អាតផ្ទៃក្នុងរបស់បក្សកុម្មុយនិស្តកម្ពុជា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហម។ ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូប អះអាងថា លោក ហោ ណាំហុង នៅក្នុងគុកបឹងត្របែក។
ដើមបណ្ដឹងរដ្ឋប្បវេណីរស់នៅប្រទេសបារាំង មួយរូប ឈ្មោះ រស់ ជួស៊ីអ៊ី ថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃទី១១ ខែសីហា ថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពិតជាធ្លាប់នៅក្នុងគុកបឹងត្របែក ក្នុងរបបខ្មែរក្រហម។
លោកស្រី រស់ ជួស៊ីអ៊ី បញ្ជាក់បន្ថែមថា វត្តមានរបស់លោក ហោ ណាំហុង នៅក្នុងមន្ទីរបឹងត្របែក នោះ មិនមែនជាអ្នកទោសទេ៖ «កាលដែលខ្ញុំមកបឹងត្របែកហ្នឹង គឺលោក ហោ ណាំហុង ហ្នឹងក៏គាត់ធ្វើខាងប្រធានមន្ទីរនៅបឹងត្របែកហ្នឹងដែរ។ សួរ៖ តើលោកស្រីដឹងថា គាត់មានមុខងារអ្វីដែរ ក្នុងឋានៈគាត់ប្រធានបឹងត្របែកហ្នឹង? ឆ្លើយ៖ តួនាទីជាប្រធាន គឺត្រូវចែកជាក្រុមៗ អ្នកដែលនៅក្នុងក្រុមហ្នឹង ចាត់ចែងការងារហើយធ្វើការខាងពលកម្មអីហ្នឹង។ ខ្ញុំដឹងតែប៉ុណ្ណឹងទេ ព្រោះប្រធានក្រុមប្រធានមន្ទីរអ៊ីចឹង គេចាត់ចែងទៅធ្វើការធ្វើអីអ៊ីចឹង»។
ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះអះអាងថា លោកស្រីជាភរិយារបស់លោក រស់ សារិន អតីតអ្នករដ្ឋការរបបសាធារណរដ្ឋខ្មែរ ព្រមទាំងកូន ៣នាក់ ដែលបានត្រឡប់ពីទីក្រុងប៉ារីស ប្រទេសបារាំង មកកម្ពុជាវិញនៅខែសីហា ឆ្នាំ១៩៧៦។ គ្រួសាររបស់លោកស្រី រស់ ជួស៊ីអ៊ី ត្រូវបានពួកខ្មែរក្រហម ដាក់ឱ្យរស់នៅក្នុងគុកបឹងត្របែក ដែលពួកខ្មែរក្រហមដាក់ឈ្មោះថា មន្ទីរបឹងត្របែក។ លោកស្រីរកឃើញថា ប្ដីរបស់លោកស្រីត្រូវបានពួកខ្មែរក្រហមបញ្ជូនពីគុកបឹងត្របែក ទៅសម្លាប់នៅគុកទួលស្លែង ក្នុងឆ្នាំ១៩៧៧៖ «ខ្ញុំខំសម្លឹងមើលគ្រប់រូបថត ឃើញមានរូបអ្នកដែលខ្ញុំស្គាល់ខ្លះៗ។ ទីបំផុតទៅ ឃើញរូបថតប្ដីខ្ញុំតែម្ដង។ ពេលនោះខ្ញុំស្រែកទ្រហោយំស្ទើរបាត់ស្មារតី»។
ទោះជាលោកស្រីអះអាងពីខាងដើមថា លោក ហោ ណាំហុង ជាប្រធានមន្ទីរបឹងត្របែកក្ដី ប៉ុន្តែនៅពេលដែលមេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក វិកទ័រ កូប៉េ (Victor Koppe) សួរដេញដោលលោកស្រីថា តើលោក ហោ ណាំហុង មានលំដាប់តួនាទីជាអ្វី ហើយពាក់ព័ន្ធនឹងការបញ្ជូនមនុស្សទៅគុកស្លែង ឬទេ?
លោកស្រី រស់ ជួស៊ីអ៊ី បដិសេធថា លោកស្រីមិនបានដឹងទេ៖ «ខ្ញុំមិនដឹងច្បាស់ទេ រឿងតួនាទីគាត់ធ្វើអ្វីៗ ខ្លះនោះ។ ខ្ញុំគ្រាន់តែឮឈ្មោះគាត់នៅក្នុងមន្ទីរបឹងត្របែកហ្នឹងប៉ុណ្ណឹង។ សួរ៖ លោកស្រីថាគាត់ជាប្រធានបឹងត្របែក តើគាត់ជាប្រធានធំបំផុត ឬក៏យ៉ាងណា ពាក់ព័ន្ធនឹងមន្ទីរបឹងត្របែកនេះ? ជាប្រធានតែផ្នែកណាមួយ ឬក៏ប្រធានមន្ទីរនេះតែម្ដង? ឆ្លើយ៖ ខ្ញុំមិនដឹងច្បាស់ទេថា គាត់មានតួនាទីធ្វើអ្វីខ្លះនោះ។ ខ្ញុំគ្រាន់តែឮឈ្មោះគាត់នៅក្នុងមន្ទីរបឹងត្របែក ហ្នឹងដែរតែប៉ុណ្ណឹង»។
រឿងរ៉ាវដែលថា លោក ហោ ណាំហុង ជាប្រធានគុកបឹងត្របែក ក្នុងរបបខ្មែរក្រហមបានក្លាយជារឿងក្ដីក្ដាំគ្នារវាងលោក ហោ ណាំហុង និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ លោក ហោ ណាំហុង បានប្ដឹងរឿងនេះដល់តុលាការបារាំង នៅទីក្រុងប៉ារីស នៅពេលដែលលោក សម រង្ស៊ី កាលពីឆ្នាំ២០០៨ ថា លោក ហោ ណាំហុង មេជំរំបឹងត្របែក។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា មានឯកសារផ្ទៃក្នុងពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បញ្ចេញជាសាធារណៈមានខ្លឹមសារ “លោក ហោ ណាំហុង ជាមេជំរំបឹងត្របែក ហើយគាត់ និងភរិយា បានសហការជាមួយពួកខ្មែរក្រហម ក្នុងការសម្លាប់មនុស្សជាច្រើនដែលជាប់ឃុំឃាំងនៅទីនោះ”។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចាត់ទុកការចោទប្រកាន់នោះថា ជាការបរិហារកេរ្តិ៍។ កាលពីថ្ងៃទី៦ ខែមេសា លោក ហោ ណាំហុង បញ្ជាក់តាមប្រអប់សារក្នុងហ្វេសប៊ុក របស់លោកថា លោកបានប្ដឹងលោក សម រង្ស៊ី ទៅតុលាការប៉ារីសជាថ្មី។ លោកថា លោក សម រង្ស៊ី ចោទមួលបង្កាច់លោកដែលមិនអាចទទួលបានឡើយ ក្នុងពេលដែលគ្រួសាររបស់លោកត្រូវខ្មែរក្រហមសម្លាប់អស់ជិត ៣០នាក់។ លោកតែងតែងឆ្លើយតមការចោទប្រកាន់ថា លោកក៏ជាអ្នកទោសនៅគុកបឹងត្របែកនោះដែរ។
សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណី រស់ ជួស៊ីអ៊ី ដែលអតីតជាអ្នកទោសនៅគុកបឹងត្របែកនោះ គឺជាសក្ខីកម្មផ្ទុយនឹងការឆ្លើយតបរបស់លោក ហោ ណាំហុង។ ក៏ប៉ុន្តែអាស៊ីសេរី មិនអាចទាក់ទងលោកបានទេ នៅថ្ងៃទី១៤ ខែសីហា។
ប្រធានអង្គជំនុំជម្រះសាលាដំបូង ចៅក្រម យ៉ា សុខន ប្រកាសថា នៅថ្ងៃច័ន្ទ ទី១៥ សីហា អង្គជំនុំជម្រះគ្រោងធ្វើសវនាការស្ដាប់ការរៀបរាប់ទុក្ខសោកវេទនារបស់ដើមបណ្ដឹងរដ្ឋប្បវេណីមួយចំនួនបន្តទៀត ដែលទទួលរងការខូចខាតពាក់ព័ន្ធនឹងការបោសសម្អាតផ្ទៃក្នុង និងអង្គហេតុប្រព័ន្ធសន្តិសុខ ជាពិសេស គុកទួលស្លែង។ ដោយឡែកនៅថ្ងៃអង្គារ ទី១៦ សីហា អង្គជំនុំជម្រះនឹងធ្វើសវនាការបង្ហាញឯកសារគន្លឹះរបស់ភាគីក្នុងសំណុំរឿង ០០២ វគ្គ ២ ដែលបង្ហាញសាលាដំបូង កាលពីថ្ងៃសុក្រ ទី១២ សីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
