អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរក្រហមបានហៅការស្នើសុំរបស់សហមេធាវីរបស់លោក ខៀវ សំផន ឲ្យទម្លាក់ចោលការផ្ដន្ទាទោសលោក ខៀវ សំផន មួយជីវិតនោះគឺជាការប្រមាថដល់ជនរងគ្រោះរាប់លាននាក់ដែលស្លាប់នៅក្នុងរបបខ្មែរក្រហម។
លោក ឆាំង យុ នាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជាមានប្រសាសន៍ថាសាលាក្ដីខ្មែរក្រហមកាត់ទោសលោកខៀវ សំផន អស់មួយជីវិតនោះជារឿងត្រឹមត្រូវ។ លោកបន្ថែមថា ភស្ដុតាងជាច្រើននិងគ្រប់គ្រាន់ដែលខៀវ សំផន សមនឹងទទួលទោសធ្ងន់ធ្ងរបែបនេះ។លោកបញ្ជាក់ថាភស្ដុតាងនេះ ខៀវ សំផន មិនអាចប្រកែកបានឡើយ៖«មិនមែនជាការសម្រេចដោយគ្មានតម្លាភាពនោះទេ ខ្ញុំគិតថា មេធាវីលើកឡើងគ្រាន់តែជាទឡ្ហីករណ៍មួយ ដើម្បីបំភណ្ឌសាធារណមតិ តែជាក់ស្ដែងនោះ គឺមានភស្ដុតាងរណ្ដៅសាកសព និងកន្លែងធ្វើទារុណកម្មជនរងគ្រោះ » ។
សវនាការរបស់អង្គជំនុំជម្រះតុលាការកំពូលក្នុងថ្ងៃទីពីរនេះបានផ្ដោតទៅលើប្រធានបទរួមមាន ទឡ្ហីករណ៍នៃបណ្ដឹងសាទុក្ខពាក់ព័ន្ធទៅនឹងយុត្តាធិការរបស់អង្គជំនុំជម្រះសាលាដំបូង និងទឡ្ហីករណ៍នៃបណ្ដឹងសាទុក្ខពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែល ជនជាប់ចោទខៀវ សំផន ត្រូវសម្រេចដាក់ពិរុទ្ធ។
សហមេធាវីលោក ខៀវ សំផន បានស្នើទៅអង្គជំនុំជម្រះតុលាការកំពូលសាលាក្តីខ្មែរក្រហមបដិសេធចោលសាលក្រម ដែលសម្រេចផ្តន្ទាទោសលោក ខៀវ សំផន អតីតប្រមុខរដ្ឋក្នុងរបបខ្មែរក្រហម ដាក់ពន្ធនាគារអស់មួយជីវិតទុកជាមោឃៈ។
លោក គង់ សំអ៊ុន សហមេធាវីការពារក្ដីឲ្យអតីតមេដឹកនាំខ្មែរក្រហមលោក ខៀវ សំផន បានឲ្យអាស៊ីសេរីដឹងថាមូលហេតុដែលលោកស្នើសុំមោឃៈភាពសាលក្រមរបស់សាលាដំបូងនោះដោយសារតែសាលក្រមផ្តន្ទាទោសកូនក្ដីរបស់លោកនេះធ្វើឡើងមិនត្រឹមត្រូវតាមច្បាប់។ ម្យ៉ាងទៀតសាលក្រមនេះបានចេញយឺតក្រោយពីអង្គជំនុំជម្រះសាលាដំបូងប្រកាសរហួតដល់ទៅ ៦ ខែដែលធ្វើឲ្យប៉ះពាល់សិទ្ធិរបស់លោក ខៀវ សំផន ក្នុងការដាក់ប្ដឹងឧទ្ធរណ៍៖ «ពេលប្រកាសសាលក្រមអង្គជំនុំជម្រៈសាលាដំបូងមិនមានសាលក្រមប្រកាសទេ ដូចជាអង្គហេតុសង្ខេប ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខៀវ សំផន តែបែជាបីបួនប្រាំខែមកបែជាចេញសាលក្រមមួយទៀត។ អីចឹងហើយបានយើងសុំធ្វើមោឃៈភាពសាលក្រមនេះ»។
ទោះជាយ៉ាងណាសហសហព្រះរាជអាជ្ញាច្រានចោលការចោទប្រកាន់នេះ។ សហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហមអ្នកស្រី ជា លាង ថ្លែងក្នុងសវនាការនៅថ្ងៃទី១៧ ខែសីហាថា ការជំទាស់ទៅនឹងសាលក្រមអង្គជំនុំជម្រះសាលាដំបូង គឺជាសិទ្ធិរបស់លោក ខៀវ សំផន។ តែការជំទាស់នេះមិនទទួលបានជោគជ័យទេ ដោយសារតែ ការលើកឡើងរបស់សាលក្រម ផ្អែកលើភាពត្រឹមតាមច្បាប់ និងភ័ស្តុតាងច្រើនទៀត។
អតីតជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមនិងជាដើមបណ្ដឹងរដ្ឋប្បវេណីកញ្ញា សេង ធារី មានប្រសាសន៍ថាការទាមទាររបស់សហមេធាវីលោក ខៀវ សំផន យ៉ាងណានោះគឺជាសិទ្ធិ ប៉ុន្តែវាមិនអាចកែប្រែប្រវត្តិសាស្រ្តបានទេថាលោក ខៀវ សំផន ជាមេដឹកនាំនៅក្នុងរបបខ្មែរក្រហមដែលសម្លាប់មនុស្សរាប់លាននាក់៖ «លោកវ ខៀវ សំផន ជាមេដឹកនាំខ្មែរក្រហមកំពូល ប្រៀបធៀបនឹងលោកឌុច គ្រាន់តែជាមនុស្សតូចតាចទេ តែលោកទាំងពីរមានដៃប្រឡាក់ឈាមដូចគ្នា»។
សាលាក្តីខ្មែរក្រហមសម្រេចផ្ដន្ទាទោស ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន និង អនុលេខាបក្សកុម្មុយនិស្តកម្ពុជា លោក នួន ជា ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង ០០២ វគ្គ ២ កាលពីឆ្នាំ២០១៦ ។ ប៉ុន្តែលោក ខៀវ សំផន មិនទទួលយកការសម្រេចរបស់សាលដំបូងនេះទេ។ លោកបានប្ដឹងទាស់ទៅតុលាការកំពូលទៀត។ សំណុំរឿង០០២វគ្គ២នេះតុលាការខ្មែរក្រហមបានចោទប្រកាន់លោក ខៀវ សំផន ពីបទបំពានច្បាប់ព្រហ្មទណ្ឌអន្តរជាតិរួមមានអំពើអមនុស្សធម៌ប្រឆាំងមនុស្សជាតិអំពើប្រល័យពួជសាសន៍ប្រឆាំងជនជាតិចាមនិងវៀតណាមនិងបទឧក្រិដ្ឋកម្មសង្រ្គាមជាដើម។
សវនាការលើបណ្ដឹងសាទុក្ខនេះ នឹងបន្ដរហូតដល់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែ សីហា ឆ្នាំ២០២១។ ក្នុងករណីចាំបាច់អង្គជំនុំជម្រះតុលាការកំពូលក៏បានត្រៀមថ្ងៃបម្រុងសម្រាប់សវនាការគឺថ្ងៃសុក្រ ទី ២០ ខែសីហា និងចាប់ពីថ្ងៃ ច័ន្ទ ទី ២៣ ដល់ថ្ងៃ សុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។