ការផ្ដន្ទាទោសដាក់គុកអស់មួយជីវិត និងប្រវត្តិសង្ខេបរបស់លោក ខៀវ សំផន អតីតប្រមុខរដ្ឋរបបខ្មែរក្រហម
2022.09.22
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូង ផ្ដន្ទាទោសអតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។ លោក ខៀវ សំផន គឺជាជនជាប់ចោទចុងក្រោយគេ ក្នុងសំណុំរឿង ០០២ វគ្គ២ ដែលសាលាក្ដីខ្មែរក្រហមបិទបញ្ចប់។
តើអតីតបញ្ញវន្តខ្មែរ លោក ខៀវ សំផន ក្លាយជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដោយរបៀបណា និងលោកមានសារអ្វីក្នុងសំដីចុងក្រោយរបស់លោក?
ក្នុងវ័យ ៩១ឆ្នាំ លោក ខៀវ សំផន គឺជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់តែម្នាក់គត់ ដែលនៅមានជីវិតក្នុងសំណុំរឿង ០០២ របស់សាលាក្ដីខ្មែរក្រហម។ សំណុំរឿងនេះចែកចេញជាពីរ គឺសំណុំរឿង ០០២ វគ្គ១ និងសំណុំរឿង ០០២ វគ្គ២។
សំណុំរឿង ០០២ វគ្គ១ (០០២/០១) ផ្ដោតលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញពីទីក្រុង និងការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ នៅទីតាំងសម្លាប់មនុស្សទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់ ភ្លាមៗ ក្រោយពីខ្មែរក្រហមបានឡើងកាន់អំណាចក្នុងឆ្នាំ ១៩៧៥។ ចំពោះឧក្រិដ្ឋកម្មនេះ សាលក្រមសាលាដំបូងប្រកាសនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ បានរកឃើញថា លោក ខៀវ សំផន មានពិរុទ្ធភាព ហើយបានផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ លោកបានប្ដឹងសាទុក្ខ ប៉ុន្តែតុលាការកំពូលបានតម្កល់សាលក្រមសាលាដំបូង។
ចំណែកសំណុំរឿង ០០២ វគ្គ២ (០០២/០២) វិញ គឺទាក់ទងនឹងបទចោទប្រល័យពូជសាសន៍ ឧក្រិដ្ឋសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលសាលាដំបូងក៏បានរកឃើញថា លោក ខៀវ សំផន និងផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារអស់មួយជីវិតដែរ។ លោក ខៀវ សំផន ក៏បានប្ដឹងសាទុក្ខដែរ ហើយតុលាការកំពូលបានតម្កល់សាលក្រមសាលាដំបូង ទុកជាបានការ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះដែរ។
ក្នុងដំណើរការកាត់ក្ដីទាំងក្នុងសំណុំរឿង ០០២ វគ្គ១ ទាំងក្នុងសំណុំរឿង ០០២ វគ្គ២ លោក ខៀវ សំផន មិនដែលទទួលស្គាល់ថា លោកបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់ម្ដងណាទេ។ ក្នុងនាទីចុងក្រោយរបស់លោកនៅមុខតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០២១ អតីតបញ្ញវន្តខ្មែរ ក្លាយជាប្រមុខរដ្ឋនៃរបបខ្មែរក្រហមរូបនេះ បដិសេធរាល់ការចោទប្រកាន់របស់ក្រុមសហព្រះរាជអាជ្ញា។
លោក ខៀវ សំផន៖ «ថ្ងៃនេះជាថ្ងៃចុងក្រោយបំផុតហើយ ដែលខ្ញុំនិយាយចំពោះមុខអស់លោក។ អង្គជំនុំជម្រះសាលាដំបូង បានកាត់ទោសខ្ញុំឱ្យជាប់គុកអស់មួយជីវិតពីរលើក។ គេថា ខ្ញុំបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម គេថា ខ្ញុំបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ គេថា ខ្ញុំទទួលខុសត្រូវអំពីការរៀបការដោយបង្ខំ ទាំងអស់នេះ តាមរយៈសហឧក្រិដ្ឋកម្មរួម។ ប៉ុន្តែ ខ្ញុំបដិសេធដាច់អហង្ការ។ ជានិច្ចកាល ខ្ញុំចង់ឱ្យកម្ពុជាឋិតនៅជាឯករាជ្យ អធិបតី ដែលព្រំដែនរបស់ខ្លួន ត្រូវបានប្រទេសជិតខាងគោរព ពិសេស វៀតណាម»។
លោក ខៀវ សំផន បន្តថា តុលាការមិនគួរចាប់លោកឱ្យទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មទាំងឡាយ ដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ដោយសារតែលោកបានកាន់តំណែងជាប្រធានគណៈប្រធានរដ្ឋមួយរយៈពេលនោះទេ។ លោកថា លោកត្រូវបានលើកបន្តុបជាប្រមុខរដ្ឋនៅពេលនោះ បន្ទាប់ពីសម្ដេចព្រះ នរោត្ដម សីហនុ បានលាលែងចេញពីតំណែង ដែលគ្មានអំណាចនោះ។ លោកអះអាងថា ក្នុងតំណែងដែលមានតែសំបកនេះ លោកមិនបានដឹងអំពីការកាប់សម្លាប់មនុស្សនៅអំឡុងពេលនោះឡើយ។
លោក ខៀវ សំផន៖ «ខ្ញុំសូមប្រកាសថា ខ្ញុំមិនអាចទទួលបានទេ ដែលថា ខ្ញុំបានចូលរួមនៅក្នុងផែនការមួយ ដែលមានទិសដៅប្រព្រឹត្តឧក្រិដ្ឋកម្មលើបងប្អូនជនជាតិឯង ក្នុងនោះ រំលោភទាំងបងប្អូនចាម ឬជនជាតិវៀតណាម»។
សហមេធាវីលោក ខៀវ សំផន គឺលោកមេធាវី គង់ សំអុន លើកហេតុផលការពារកូនក្ដីរបស់លោកថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានអនុវត្តទ្រឹស្ដីមួយហៅថា «ក្បាលអ្នកណា សក់អ្នកហ្នឹង» ដែលមានន័យថា កិច្ចការយើងៗ ដឹង កិច្ចការគេៗ ដឹង ពោលគឺគ្មាននរណាដឹងពីរឿងរ៉ាវរបស់អ្នកដទៃឡើយ។ លោកអះអាងថា លោក ខៀវ សំផន ដែលជាប្រមុខរដ្ឋនាពេលនោះ គេឱ្យលោកទទួលខុសត្រូវចែកចាយស្បៀងដល់ប្រជាជន និងជួបភ្ញៀវបរទេស។ លោកមេធាវី គង់ សំអុន បញ្ជាក់ថា របបកុម្មុយនិស្តផ្ដាច់ការខ្មែរក្រហម អំណាចពិតប្រាកដស្ថិតនៅក្នុងដៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា មិនមែននៅក្នុងដៃប្រមុខរដ្ឋនោះទេ។
មេធាវី គង់ សំអុន៖ «ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ ពេលទទួលបានជ័យជម្នះហ្នឹង លោក ខៀវ សំផន ក៏បានចូលរួមជាមួយក្រុមខ្មែរក្រហម ប៉ុន្តែ លោកគ្រាន់តែជាសមាជិកមជ្ឈិមគណៈត្រៀម មិនទាន់បានពេញសិទ្ធិផង។ អ៊ីចឹង ក្នុងសមាជិកមជ្ឈិមហ្នឹង វាមានច្រើននាក់ ហើយមិនមែនជាសមាជិកអចិន្ត្រៃយ៍ទេ ហើយគោលនយោបាយ ដែលដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជាសម័យនោះ គឺដឹកនាំដោយគណៈកម្មការអចិន្ត្រៃយ៍ មិនមែនដឹកនាំដោយមជ្ឈិមទេ។ ពេលសេចក្ដីសម្រេចចេញពីអចិន្ត្រៃយ៍ហើយ យកទៅឱ្យផ្សព្វផ្សាយនៅមជ្ឈិមបក្សហ្នឹង ដូចថា គ្រាន់តែជាកន្លែង ជាថ្នាលបង្រៀនឱ្យយល់អំពីបន្ទាត់នយោបាយអីអចឹង ហើយលោក ខៀវ សំផន កាលពីសម័យហ្នុង គឺគាត់មិនបានទាំងជាសមាជិកមជ្ឈិមផង។ រហូតដល់ចុងក្រោយបំផុតហើយ បានគាត់ក្លាយជាសមាជិកមជ្ឈិមហ្នឹង ដោយសារអី? ដោយសារតែគាត់ត្រូវជំនួសតំណែងជាប្រមុខរដ្ឋរបស់សម្ដេចព្រះ នរោត្តម សីហនុ នៅពេលដែលទ្រង់លាលែងពីប្រមុខរដ្ឋរបស់កម្ពុជាប្រជាធិបតេយ្យ»។
ទោះជាយ៉ាងណាក្ដី អតីតប្រធានក្រុមស៊ើបអង្កេតនៃការិយាល័យសហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហម បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) និយាយថា ពិតមែនហើយដែលពេញមួយរបបខ្មែរក្រហម លោក ខៀវ សំផន មិនទាន់ក្លាយជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជាទេ។ ប៉ុន្តែទោះបែបនោះក្ដី លោកថា មានភស្តុតាងជាច្រើន ដែលបញ្ជាក់លោក ខៀវ សំផន បានចូលរួមជាច្រើនរាប់មិនអស់ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា។
បណ្ឌិត ក្រែក អិចជេសិន៖ «នេះហើយជាហេតុផលដែលរាល់បណ្ដឹងសាទុក្ខរបស់លោក ខៀវ សំផន ត្រូវបានតុលាការកំពូលរកឃើញថា លោកមានទោសដដែល។ នោះពីព្រោះថា មិនមែនមានតែអង្គហេតុមួយទេ ប៉ុន្តែមានរាប់ពាន់អង្គហេតុ ដែលព្រះរាជអាជ្ញាបានលើកយកមកបង្ហាញថា លោក ខៀវ សំផន មានពិរុទ្ធ។ កំណត់ហេតុប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា ដែលជាភស្តុតាងរស់ បានបង្ហាញថា លោក ខៀវ សំផន បានចូលក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះច្រើនដង ហើយប្រធានបទនៃកិច្ចប្រជុំទាំងនោះ រួមមានផ្ដោតលើកកិច្ចការបរទេស កិច្ចការសន្តិសុខ បញ្ហាក្នុងស្រុក កិច្ចការសេដ្ឋកិច្ច ជាដើម។ កំណត់ហេតុប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជាទាំងនោះ ត្រូវបានគេរកឃើញនៅផ្ទះរបស់លោក សុន សេន រដ្ឋមន្ត្រីការពារជាតិរបបខ្មែរក្រហម និងនៅទីកន្លែងផ្សេងៗ ជាច្រើនទៀត។ លោក ខៀវ សំផន ថា ពេលនោះគាត់អត់មានអំណាចទេ តែបើអត់មានអំណាចគាត់មិនអាចចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជាបានទេ»។
ទោះជាយ៉ាងណាក៏ដោយចុះ មេធាវីរបស់លោក ខៀវ សំផន ក៏បានចោទសាលាក្ដីខ្មែរក្រហមថា បានបំពានសិទ្ធិកូនក្ដីរបស់លោក។ លោកមេធាវី គង់ សំអុន បញ្ជាក់ថា ក្រោយពីសម្រេចថា កូនក្ដីរបស់លោកមានទោស ហើយសម្រេចផ្ដន្ទាទោសលោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិតនោះ សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមពុំបានចេញសេចក្ដីសំអាងហេតុផលពិស្ដារឡើយ ដែលទង្វើនេះផ្ទុយពីច្បាប់។
លោក គង់ សំអុន៖ «នៅពេលដែលតុលាការចេញសេចក្ដីសម្រេច យើងត្រូវតែមានអង្គហេតុអង្គច្បាប់ សម្រាប់គាំទ្រសេចក្ដីសម្រេចរបស់ខ្លួន មិនអាចចេញបែបសង្ខេបអ៊ីចឹងទេ។ តាមផ្លូវច្បាប់គឺថា ការបង្ហាញភស្តុតាង ត្រូវតែលើសពីវិមតិសង្ស័យ ក្នុងការកំណត់ដាក់គុកជនជាប់ចោទ។ ក៏ប៉ុន្តែ ដល់ពេលចេញមួយកំណាត់ ហើយទុកមួយកំណាត់ទៀតនៅពេលក្រោយ អាហ្នឹងវាហាក់ដូចជាសេចក្ដីសម្រេចហ្នឹង មិនមានភស្តុតាងលម្អិតសម្រាប់គាំទ្រសេចក្ដីសម្រេចរបស់ខ្លួនឱ្យគ្រប់ជ្រុងជ្រោយទេ។ គ្រាន់តែធ្វើជាលក្ខណៈនយោបាយ គ្រាន់តែថាឱ្យមានថា មានសេចក្ដីសម្រេចកាត់ទោសលោក ខៀវ សំផន អស់មួយជីវិត គឺមានហើយតែប៉ុណ្ណឹង។ គ្រាន់តែធ្វើម៉េច ដើម្បីឱ្យកាត់ទោសឱ្យទាន់ មុនលោក ខៀវ សំផន ស្លាប់ តែប៉ុណ្ណឹងឯង។ យើងឃើញហើយថា លោក ខៀវ សំផន អាយុ ៩០ឆ្នាំជាងហើយ»។
ចំពោះការចេញសេចក្ដីសម្រេចផ្ដន្ទាទោសលោក ខៀវ សំផន ដោយសង្ខេបនេះ បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) បកស្រាយថា ប្រសិនបើតុលាការរង់ចាំរហូតដល់សេចក្ដីសំអាងហេតុរៀបចំចប់សព្វគ្រប់ទាំងអស់នោះ វានឹងត្រូវស៊ីពេលយូរ នោះក៏ព្រោះតែសេចក្ដីសំអាងហេតុសម្រាប់ផ្ដន្ទាទោសលោក ខៀវ សំផន មានរហូតដល់ជាងពីរពាន់ (២.៥០០) ទំព័រឯណោះ។
បណ្ឌិត ក្រែក អិចជេសិន៖ «ការណ៍ដែលសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ចេញសាលក្រមផ្ដល់មិនទាន់មានសេចក្ដីលំអិតពេញលេញនោះ មិនអាចជាហេតុផលសម្រាប់ឱ្យតុលាការកំពូលទាត់ចោលសាលក្រមរបស់សាលាដំបូងនោះទេ។ សាលក្រមសំអាងហេតុផលសម្រាប់ផ្ដន្ទាទោសលោក ខៀវ សំផន មានរហូតដល់ពីរពាន់ប្រាំរយ (២.៥០០) ទំព័រ ឯណោះ ដែលគេត្រូវការពេលវេលា ដើម្បីរៀបចំ មុននឹងបញ្ចេញឱ្យសាធារណជនគ្រប់រូបបានឃើញ»។
លោក ខៀវ សំផន ហៅ ហែម ឬ ណន មានអាយុ ៩១ឆ្នាំ កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅឃុំចេក ឬរំចេក ស្រុករំដួល ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ខៀវ ឡុង ជាចៅក្រម។ ម្ដាយឈ្មោះ ប៉ោ គង់ ជាអ្នកស្រុកជីហែ ខេត្តកំពង់ចាម។ លោកមានប្រពន្ធឈ្មោះ សូ សុជាតិ ដែលជាចុងភៅនៅមន្ទីរ ស-៧១ ដែលជាមន្ទីររដ្ឋបាល និងភស្តុភារក្នុងសម័យខ្មែរក្រហម។ លោកមានកូនបួននាក់។ លោក ខៀវ សំផន មានបងប្អូនប្រុសស្រីប្រាំនាក់។
កាលនៅកុមារ លោករៀននៅសាលាបឋមសិក្សាមួយក្នុងខេត្តកំពង់ចាម រួចបន្តទៅរៀននៅអនុវិទ្យាល័យព្រះសីហនុ នៅខេត្តនេះដដែល។ នៅទីនោះលោកជួប ប៉ុល ពត ជាលើកដំបូង ដែលកាលណោះមានឈ្មោះថា សាឡុត ស។
លោកបានទៅរៀនបន្តនៅវិទ្យាល័យស៊ីសុវត្ថិ ក្រុងភ្នំពេញ ហើយរៀនចប់នៅវិទ្យាល័យនេះ នៅឆ្នាំ១៩៥១។ ក្រោយចប់វិទ្យាល័យ លោកចាប់ផ្ដើមរៀនច្បាប់នៅភ្នំពេញ។
លោក ខៀវ សំផន បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥៥ ហើយបានបោះពុម្ពផ្សាយនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនអំពី “ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មនៅកម្ពុជា”។
បន្ទាប់ពីវិលត្រឡប់មកប្រទេសកម្ពុជាវិញ លោក ខៀវ សំផន បានក្លាយទៅជាសាស្ត្រាចារ្យ បន្ទាប់មកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅឆ្នាំ១៩៦២ ក្នុងរបបសង្គមរាស្រ្តនិយម។ លោកបានបង្កើត និងធ្វើជាចាងហ្វាងកាសែតជាភាសាបារាំងឈ្មោះ ឡុបស៊ែវាក់ទ័រ “L’Observateur” ។ លោក ខៀវ សំផន ថា កាសែតរបស់លោក មិនមែនគាំទ្រកុម្មុយនិស្តទេ ប៉ុន្តែកាសែតរបស់លោករិះគន់រដ្ឋាភិបាលសម្ដេច នរោត្តម សីហនុ។ ទោះជាយ៉ាងណាក្ដី អ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដល់កាសែតរបស់លោកមួយចំនួន រួមទាំងអ្នកស្រី អៀង ធីរិទ្ធ ផង បានចងសម្ពន្ធភាពជាមួយក្រុមចលនាកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជា។ ជាលទ្ធផលលោក ខៀវ សំផន ត្រូវបានអាជ្ញាធរតាមឃ្លាំមើល និងធ្វើទុក្ខបុកម្នេញ។ លោក ខៀវ សំផន បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃនៅឆ្នាំ១៩៦៧ បន្ទាប់ពីមានការគំរាមកំហែងពីកងកម្លាំងសន្តិសុខរបស់សម្ដេច សីហនុ ហើយលេចមុខជាថ្មី ជាមួយចលនាតស៊ូរបស់ខ្មែរក្រហមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។
នៅឆ្នាំ១៩៧៦ លោក ខៀវ សំផន ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅក្នុងការតស៊ូប្រឆាំងវត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជាអំឡុងឆ្នាំ១៩៨៧ លោក ខៀវ សំផន បានឡើងជំនួសតំណែង ប៉ុល ពត ជាក្បាលម៉ាស៊ីនដឹកនាំរបស់ចលនាខ្មែរក្រហម នៅតាមព្រំដែនកម្ពុជា-ថៃ។ បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនាខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់ និងឃុំខ្លួននៅតុលាការខ្មែរក្រហម នៅខែវិច្ឆិកា ឆ្នាំ២០០៧។
លោកស្រី សូ សុជាតិ ដែលជាភរិយាលោក ខៀវ សំផន មានប្រសាសន៍ថា លោក ខៀវ សំផន គ្មានអត្តចរិតជាមនុស្សអាក្រក់ ដូចការចោទប្រកាន់នោះឡើយ តាមការសម្គាល់របស់លោកស្រី ក្នុងការរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៧៦ នោះមក។
លោកស្រី សូ សុជាតិ៖ «ខ្ញុំស្គាល់ប្ដីខ្ញុំ ស្គាល់អត្តចរិត ស្គាល់ឫកពា គឺមិនមែនជាមនុស្ស ស្វែងរកលាភសក្ការៈ ស្វែងរកមុខមាត់ បុណ្យស័ក្ដិ ស្វែងរកអំណាចអាជ្ញានោះទេ។ ក៏មិនមែនជាមនុស្សកាចសាហាវឃោរឃៅ ដើរចាប់ចងកាប់សម្លាប់នោះដែរ»។
ទោះជាយ៉ាងណា សេចក្ដីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូល បានបិទផ្លូវតវ៉ា និងចារទុកក្នុងប្រវត្តិសាស្ត្រថា លោក ខៀវ សំផន គឺជាជនឧក្រិដ្ឋ ត្រូវស្ថិតក្នុងមន្ទីរឃុំឃាំងរបស់សាលាក្ដីខ្មែរក្រហម រង់ចាំការរៀបចំរួចរាល់ស្របតាមច្បាប់ នឹងត្រូវផ្ទេរទៅពន្ធនាគាររបស់រដ្ឋ ដែលនឹងត្រូវអនុវត្តទោសនៅទីនោះ រហូតដល់ជីវិតចុងក្រោយរបស់លោក។
នៅក្រោមរបបខ្មែរក្រហមពីខែមេសា ឆ្នាំ១៩៧៥ ដល់ ដើមខែ មករា ឆ្នាំ១៩៧៩ ពលរដ្ឋកម្ពុជាបានស្លាប់បាត់បង់ជីវិតជិត ២លាននាក់ ដោយសារការសម្លាប់រង្គាល ការអត់អាហារ ការបង្ខំឱ្យធ្វើការងារបាក់កម្លាំង និងការគ្មានថ្នាំសង្កូវព្យាបាលជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។