ក្រុមប្រទេសម្ចាស់ជំនួយ ឬក្រុមប្រទេសមិត្តរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្ដីខ្មែរក្រហម ជំរុញឱ្យសាលាក្ដីកូនកាត់មួយនេះ បញ្ចប់ការងារឱ្យទាន់ពេលវេលា និងគួរងាកទៅចាប់ផ្ដើមការងារថ្មីក្រោយបញ្ចប់នីតិវិធីតាមផ្លូវតុលាការ។
ក្នុងសេចក្ដីប្រកាសរួមចេញនៅថ្ងៃទី៣ ខែមីនា ក្រុមមិត្តនៃ អ.វ.ត.ក បញ្ជាក់ថា សាលាក្ដីខ្មែរក្រហម គួរតែបែរមុខព្រួញការងារ ទៅលើអាណត្តិការងារសេសសល់ថ្មីរបស់ខ្លួន បន្ទាប់ពីការបញ្ចប់នីតិវិធីតាមផ្លូវតុលាការភ្លាម។
ក្រុមមិត្តសាលាក្ដីខ្មែរក្រហម បញ្ជាក់ថា គេបានដឹងថា សំណុំរឿងចុងក្រោយរបស់តុលាការកូនកាត់ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំនេះ ដោយបញ្ចប់បណ្ដឹងសាទុក្ខនៅអង្គជំនុំជម្រះតុលាការកំពូល លើសំណុំរឿង ០០២ វគ្គ២ (០០២/០២) ស្ដីពី ខៀវ សំផន ហើយមានរយៈពេល ៣ឆ្នាំមកហើយ ដែលបណ្ដឹងនេះបានធ្វើឡើងនៅចំពោះមុខតុលាការកំពូល។ ប្រភពដដែលគូសបញ្ជាក់ថា សំខាន់ណាស់ ដែលតុលាការនេះគួរផ្ដល់យុត្តិធម៌ក្នុងរយៈពេលសមស្របមួយ ហើយបើយោងតាមធនធានហិរញ្ញវត្ថុមានកំណត់ ការគោរពពេលវេលាបញ្ចប់ការងារក៏ជារឿងសំខាន់ដែរ។
ក្រុមប្រទេសទាំងនោះបញ្ជាក់ទៀតថា ចំណុចទាំងនេះមានសារសំខាន់សម្រាប់ការត្រៀមបម្រុងថវិកាចាំបាច់ឱ្យទាន់ពេលវេលា។
ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៥ ខែកុម្ភៈ រវាងប្រទេសក្រុមមិត្តសាលាក្ដីខ្មែរក្រហម ជាមួយតំណាងការិយាល័យរដ្ឋបាលសាលាក្ដីខ្មែរក្រហម ទាំងភាគីជាតិ និងអន្តរជាតិ រួមទាំងតំណាងរដ្ឋាភិបាលកម្ពុជា។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត ភក្ត្រា បាននៅឡើយទេនៅយប់ថ្ងៃទី៣ ខែមីនា។
ក្រុមមិត្តសាលាក្ដីខ្មែរក្រហម បញ្ជាក់ថា កិច្ចការសេសសល់អាចរាប់បញ្ចូលនូវការពិនិត្យសេចក្ដីសម្រេចឡើងវិញ ការការពារជនរងគ្រោះ និងសាក្សី ការអនុវត្តទោស ការគ្រប់គ្រងឯកសារ ការថែរក្សា និងប្រើប្រាស់ប័ណ្ណសារ បញ្ហាពាក់ព័ន្ធនឹងកេរដំណែល និងការការពារការចងចាំអំពីអំពើកាប់សម្លាប់ប្រព្រឹត្តដោយខ្មែរក្រហម។
មន្ត្រីនៅសាលាក្ដីឱ្យដឹងថា មកដល់ឆ្នាំ២០២១ សាលាក្ដីខ្មែរក្រហមបានចំណាយថវិកាគឺចំនួនជាង ៣រយលានដុល្លារ (៣៣០,៤0លាន)។ ដោយផ្អែកលើតម្រូវការដែលបានរំពឹងទុក សាលាក្តីខ្មែរក្រហម កំពុងស្នើសុំការអនុម័តថវិកា ដែលបានស្នើឡើងចំនួន ជាង ១៦លានដុល្លារ (១៦,១៨) សម្រាប់ឆ្នាំ ២០២២ ដែលមានចំនួនតិចជាងឆ្នាំចាស់ជាង ៩% (៩,១៧%)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។