បដិវត្តន៍​ខ្មែរក្រហម គំរូ​ចិន​ដ៏​មហន្តរាយ ខួប ៤៩ឆ្នាំ នៃ​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរក្រហម ១៧ មេសា ១៩៧៥

ដោយ ជី វិតា
2024.04.16
បដិវត្តន៍​ខ្មែរក្រហម គំរូ​ចិន​ដ៏​មហន្តរាយ ខួប ៤៩ឆ្នាំ នៃ​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរក្រហម ១៧ មេសា ១៩៧៥ ទិដ្ឋភាពចលាចល​របស់​ពលរដ្ឋ​ខ្មែរ នៅទីក្រុង​​ភ្នំពេញ ពេល​​ក្រុម​ឧទ្ទាម​ខ្មែរក្រហម ចូលមក​ដល់ នៅ​​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥។
រូប៖ AFP

ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺ​ជា​ថ្ងៃ​មហា​ជោគជ័យ​របស់​ក្រុម​ឧទ្ទាម​ខ្មែរក្រហម ប៉ុន្តែ​វា​ជា​ថ្ងៃ​មហា​សោកសៅ នៃ​ប្រជាជាតិ​ខ្មែរ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ ខ្មែរក្រហម​បាន​ធ្វើ​រឿង​មួយ ដែល​ពិភពលោក​មិន​នឹក​ស្មាន​ដល់ នោះ​គឺ ខ្មែរក្រហម​បាន​បោស​សំអាត​ទីក្រុង ដោយ​ការ​បណ្ដេញ​មនុស្ស​ ៣លាន​នាក់ ចេញ​ពី​ទីក្រុង​ទាំង​អស់ ឱ្យ​ទៅ​រស់នៅ​តាម​ទី​ជនបទ ហើយ​ចាប់​ផ្ដើម​ធ្វើ​បដិវត្តន៍​ជ្រុល​និយម​ដ៏​មហា​គ្រោះថ្នាក់ ស្រដៀង​គ្នា​នឹង​បដិវត្តន៍​នៅ​ប្រទេស​ចិន​ដែរ។

តើ​បដិវត្តន៍​ខ្មែរក្រហម និង​បដិវត្តន៍​ចិន មាន​អ្វី​ខ្លះ និង​មាន​គ្រោះថ្នាក់​យ៉ាង​ណា?

ទីក្រុងភ្នំពេញ គឺជាទីជម្រកចុងក្រោយគេបង្អស់របស់ជនភៀសខ្លួនខ្មែររាប់សែននាក់ ដែលបានរត់គេចចេញពីភ្លើងសង្រ្គាម ដែលបានឆាបឆេះនៅតាមបណ្ដាខេត្តទូទាំងប្រទេស។

ចំនួនមនុស្សបានកើនឡើងដល់ ៣លាននាក់ នៅថ្ងៃដែលកងទ័ពខ្មែរក្រហមចូលមកដល់ក្រុងភ្នំពេញ ហើយប្រកាសពីជ័យជម្នះរបស់ពួកគេ បន្ទាប់ពីច្បាំងគ្នាយ៉ាងបង្ហូរឈាមអស់រយៈពេល ៥ឆ្នាំជាមួយទាហាននៃរបបសាធារណរដ្ឋខ្មែរ។

វត្តមានរបស់កងទ័ពខ្មែរក្រហមក្នុងសម្លៀកបំពាក់ព៌ណខ្មៅតំណាងឱ្យកសិករ
នៅទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងនោះ បានសាងស្នាមញញឹម និងក្ដីសង្ឃឹមដល់ពលរដ្ឋខ្មែរ ដែលនាំគ្នាយល់ខុសថា ស្រុកទេសបានសុខសាន្ដត្រាណហើយ។ ប្រជាពលរដ្ឋពាសពេញទីក្រុង និងទាហាន លន់ នល់ ដែលទម្លាក់អាវុធមួយចំនួន បានឈរតាមថ្នល់ទះដៃស្វាគមន៍ខ្មែរក្រហមដោយអំណរ។ 

ប៉ុន្តែភាពសប្បាយរីករាយត្រូវរលាយសូន្យមួយរំពេច នៅពេលទាហានខ្មែរក្រហម ដែលមានទឹកមុខមាំ និងម៉ឺងម៉ាត់ បានចាប់ផ្ដើមបណ្ដេញមនុស្សទាំងអស់ចេញពីទីក្រុង។

ខ្មែរក្រហម​បាន​ប្រើ​ពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​បង្ខំ​មនុស្ស​ចំនួន ៣លាន​នាក់ ឱ្យ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ដោយ​គ្មាន​ការ​លើកលែង សូម្បី​តែ​អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យ។

Cambodian_citizens_leaving_city_by_KR_eviction_on_April_17_1975_AFP.jpg
ពលរដ្ឋ​ខ្មែរ​កំពុង​ចាកចេញ​ពី​ទីក្រុង ពេល​កងទ័ព​ខ្មែរក្រហម​បណ្ដេញចេញ នៅ​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រូប៖ AFP

ខ្មែរក្រហម​មិនមែន​បោស​សម្អាត​មនុស្ស​ឱ្យ​អស់​តែ​ពី​ទីក្រុង​ភ្នំពេញ​នោះ​ទេ គឺ​គ្រប់​ទីរួមខេត្ត-ក្រុង​ទាំង​អស់​ទូទាំង​ប្រទេស​ឱ្យ​ទៅ​រស់នៅ​ធ្វើ​ស្រែ​ចម្ការ​រួម​គ្នា នៅ​តាម​ទី​ជនបទ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ លេស​សំអាង​ហេតុ ដែល​ខ្មែរក្រហម​លើក​យក​មក​កុហក​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង នៅ​ពេល​នោះ គឺថា យន្តហោះ​អាមេរិក​នឹង​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង ដូច្នេះ​ត្រូវ​នាំ​គ្នា​ប្រញាប់​ចាកចេញ។

អ្នក​ខេត្តបាត់ដំបង ដែល​រួច​ជីវិត​ពី​របប​ខ្មែរក្រហម លោក គង់ រៀន រំលឹក​ថា មិន​មាន​ការ​បាញ់​ប្រយុទ្ធ​គ្នា​ទេ នៅ​ពេល​ខ្មែរក្រហម​ចូល​មក​ដល់​ទីរួមខេត្ត ពីព្រោះ​ទាហាន លន់ នល់ បាន​បាក់​ទ័ព​រត់​អស់​មុន​ទៅ​ហើយ។ លោក​នៅ​ចាំ​ថា ខ្មែរក្រហម​បាន​ដើរ​ដេញ​ពលរដ្ឋ​ឱ្យ​ចេញ​ពី​ផ្ទះ ដោយ​សំអាង​ហេតុផល​ដូច​នៅ​ភ្នំពេញ​ដែរ។

ការ​បណ្ដេញ​មនុស្ស​រាប់​លាន​នាក់​ចេញ​ពី​ទីក្រុង​យ៉ាង​តក់ក្រហល់ គឺ​ជា​ការ​ចាប់​ផ្ដើម​ធ្វើបដិវត្តន៍​ហិង្សា​ដាច់ខាត​របស់​ខ្មែរក្រហម​ទៅ​លើ​ប្រជាជន​ខ្លួន​ឯង។ ក្រុម​អ្នក​ស្រាវជ្រាវ​រឿងរ៉ាវ​ខ្មែរក្រហម​មួយ​ចំនួន​យល់ស្រប​គ្នា​ថា បដិវត្តន៍​ខ្មែរក្រហម គឺ​ជា​បដិវត្តន៍​ជ្រុលនិយម​ហួស​លើស​ពី​បដិវត្តន៍​កុម្មុយនិស្ត​ចិន និង​សូវៀត​ទៅ​ទៀត។

យ៉ាង​ហោច​ណាស់​គំរូភាព (Model) បដិវត្តន៍​ចិន​ចំនួន​ពីរ​ដែរ ដែល​មេ​ខ្មែរក្រហម​បាន​ចម្លង​យក​មក​អនុវត្តន៍​នៅ​កម្ពុជា។ ទី១ គឺ​បដិវត្តន៍ «មហាលោតផ្លោះ» (Great Leap Forward) និង​ទី២ គឺ​បដិវត្តន៍​វប្បធម៌។

មេ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន លោក ម៉ៅ សេទុង ដែល​ចង់​ឃើញ​ប្រទេស​ចិន​ក្លាយ​ជា​ប្រទេស​ឧស្សាហកម្ម​សេដ្ឋកិច្ច​មួយ​យ៉ាង​ឆាប់​រហ័ស​នោះ ក៏បាន​ផ្ដួចផ្ដើម​ធ្វើ​បដិវត្តន៍​មួយ​ដោយ​ដាក់​ឈ្មោះ​ថា «មហា​លោតផ្លោះ» ដោយ​បាន​បង្ខំ​ឱ្យ​ប្រជាជន​ចិន​បោះបង់​ចោល​ការ​ធ្វើ​ស្រែ​ចម្ការ​បែប​ទំនៀមទម្លាប់ និង​ជា​លក្ខណៈ​ឯកជន ដែល​ពួក​គេ​បាន​ធ្វើ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ មក​ជា​លក្ខណៈ​សមូហភាព​វិញ។ ប្រជាជន​ចិន​ត្រូវ​បាន​ចល័ត និង​បង្ខំ​ឱ្យ​ធ្វើការ​លើក​ទំនប់​ជីក​ប្រឡាយ​នៅ​តាម​ទី​ជនបទ។

បដិវត្តន៍ «មហាលោតផ្លោះ» ដែល​គ្មាន​ការ​គិតគូរ​ត្រឹមត្រូវ ពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៦១ នោះ បរាជ័យ​ធ្ងន់ធ្ងរ បណ្ដាល​ឱ្យ​ប្រជាជន​ចិន​ប្រមាណ​ពី ១៥ ទៅ ៥៥លាន​នាក់​ស្លាប់ ភាគ​ច្រើន​ដោយ​គ្រោះ​ទុរភិក្ស។

បើទោះជាបដិវត្តន៍ «មហាលោតផ្លោះ» របស់ចិននេះបរាជ័យយ៉ាងមហន្ដរាយក្ដី ក៏មេដឹកនាំខ្មែរក្រហម បានលើកយកគំរូភាពបដិវត្តន៍មួយនេះមកអនុវត្តនៅកម្ពុជា នៅពេលពួកគេឡើងកាន់អំណាចនាឆ្នាំ១៩៧៥។ អ្វីដែលកាន់តែមិនសមទំនងនោះ គឺមេដឹកនាំខ្មែរក្រហម ដូចជា សាឡុត ស ឬប៉ុល ពត ដែលបានធ្វើដំណើរទៅជួបមេដឹកនាំចិននៅឆ្នាំ១៩៦៥ នោះ បានធ្វើលើសពីបដិវត្តន៍ចិនទៅទៀត ពោលគឺបដិវត្តន៍ចិនដាក់ឈ្មោះត្រឹមថា «មហាលោតផ្លោះ» តែមេខ្មែរក្រហមយកមកបន្ថែមថា «មហាលោតផ្លោះ មហាអស្ចារ្យ»

អ្នកសិក្សាស្រាវជ្រាវប្រវត្តិខ្មែរក្រហម បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) ដែលជាអតីតប្រធានក្រុមស៊ើបអង្កេតនៃការិយាល័យសហព្រះរាជអាជ្ញារបស់សាលាក្តីខ្មែរក្រហមផងនោះ ឱ្យដឹងថា បដិវត្តន៍មហាលោតផ្លោះទាំងពីររបស់ពូកគេ ដែលមិនមានការគិតគូរត្រឹមត្រូវ ខ្វះខាតបច្ចេកវិជ្ជានិងទស្សនៈវិស័យ ទើបនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ ។

ក្រែក៖ «បដិវត្តន៍មហាលោតផ្លោះ​របស់ចិន មានគោលបំណងធំពីរ។ ទី១ គឺការធ្វើ​សមូហភាវូបនីយកម្ម​វិស័យកសិកម្ម ដោយលុបបំបាត់ចោលកម្មសិទ្ធិឯកជនផ្នែក​កសិកម្ម។ ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ផ្ទុយពីការ​ចង់បាន ពោលគឺផលិតផលកសិកម្មបែរជាដាំក្បាលចុះ បណ្ដាល​ឱ្យ​មាន​គ្រោះ​ទុរភិក្ស កើត​បញ្ហា​អត់​ឃ្លាន​ពាសពេញ​ផ្ទៃ​ប្រទេស។ ទី២ គឺមេដឹកនាំចិន ម៉ៅ សេទុង ចង់​ធ្វើ​ឧស្សាហភាវូបនីយ​កម្មវិស័យ​សេដ្ឋកិច្ចចិន ឱ្យ​រីកចម្រើន​ឆាប់​រហ័ស ដោយ​បង្ខំ​ឱ្យ​ប្រជាជន​ចិន​បញ្ចេញ​កម្លាំងពលកម្មផលិតដែកថែប​នៅ​តាមផ្ទះ ឬ​នៅ​តាម​ការដ្ឋាន​រួម​ក្នុង​ឃុំ​របស់​ពួក​​គេ។ ជាលទ្ធផល ផែនការទី២ នេះ ក៏បរាជ័យទៀត ហើយ​ក្រោយ​មក យើង​ឃើញ​ខ្មែរក្រហម​បាន​យកបដិវត្តន៍មហា​លោតផ្លោះរបស់ចិននេះ មក​អនុវត្ត​នៅ​កម្ពុជា ហើយ​លទ្ធផល ក៏​បរាជ័យ​​ទៀត»។

ប្រឈមមុខនឹង​ភាព​បរាជ័យ​នេះ ទាំង​មេ​ដឹកនាំ​ចិន ម៉ៅ សេទុង ទាំង​មេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត តែងតែ​បន្ទោស​ថា មក​ពី​អ្នក​អនុវត្ត​គោល​នយោបាយ​របស់​ពួក​គេ ធ្វើ​មិន​បាន​ត្រឹមត្រូវ និង​ថា មក​ពី​មាន​អ្នក​ប្រឆាំង។

ប៉ុល ពត ទៅ​អរគុណ មេដឹកនាំ​ចិន ម៉ៅ សេទុង ក្រោយ​រំដោះ​ក្រុង​ភ្នំពេញ ក្រោយ​ពី​ឡើង​កាន់​អំណាច​បាន​ជាង ២ខែ ប៉ុល ពត បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​អរគុណ​មេ​ដឹកនាំ​ចិន គឺ​សមមិត្ត​ប្រធាន ម៉ៅ សេទុង។ យោង​តាម​កំណត់​ហេតុ​ប្រជុំ ដែល​តម្កល់​ទុក​នៅ មជ្ឈមណ្ឌល​ឯកសារ ​វិលសិនសេនធើរ៍ (Wilson Center) នៅ​រដ្ឋធានី​វ៉ាស៊ីងតោន (Washington, DC) សហរដ្ឋ​អាមេរិកបញ្ជាក់​ថា ប៉ុល ពត ដែល​ជា​លេខា​មជ្ឈិម​បក្ស នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង អៀង សារី ជា​សមាជិក បាន​ជួប​សន្ទនា​ជាមួយ ម៉ៅ សេទុង នៅ​ទីក្រុង​ប៉េកាំង ថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ១៩៧៥។

Mao_Tse_Tung_Pol_Pot_and_Ieng_Sary.JPG
(រូបឆ្វេង) លោក ម៉ៅ សេទុង មេ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន, ប៉ុល ពត និង អៀង សារី មេដឹកនាំបក្សកុម្មុយនិស្ត​កម្ពុជា។ រូប៖ AP

សម្រង់ខ្លឹមសារខ្លះក្នុងកំណត់ហេតុនោះ បានឱ្យដឹងថា គឺសមមិត្តប្រធាន ម៉ៅ សេទុង បានពោលទៅកាន់ ប៉ុល ពត ថា «យើងពេញចិត្តនូវអ្វីដែលសមមិត្តបានធ្វើមកដល់ពេលនេះ។ បទពិសោធន៍ជាច្រើនរបស់សមមិត្តមានភាពល្អប្រសើសរជាងយើង។ ចិនមិនមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីរិះគន់សមមិត្តទេ»។

ប៉ុល ពត ឆ្លើយតបទៅលោកប្រធាន ម៉ៅ សេទុង វិញថា៖ «យើងខ្ញុំតែងតែគោរពសមមិត្តប្រធាន និងបានរៀនសូត្រនូវកិច្ចការ និងស្នាដៃរបស់សមមិត្តប្រធាន។ សំណេរមគ្គុទេសក៍របស់សមមិត្តប្រធាន បានជួយតម្រង់ផ្លូវបដិវត្តន៍យើងរហូតដល់បានសម្រេចជោគជ័យទូទាំងប្រទេស។ ប្រាកដណាស់ ចាប់ពីពេលនេះតទៅ យើងខ្ញុំនឹងធ្វើតាមនូវអ្វីៗ ដែលសមមិត្តប្រធានមានប្រសាសន៍។ តាំងពីក្មេងមក ខ្ញុំបានសិក្សាស្នាដៃជាច្រើនរបស់សមមិត្តប្រធាន ជាពិសេស បានរៀនសូត្រពីឯកសារទាក់ទងនឹងយុទ្ធសាស្ត្រធ្វើសង្រ្គាមប្រជាជន។ ស្នាដៃរបស់សមមិត្តប្រធានបានជួយតម្រង់ទិសបក្សរបស់យើងទាំងមូលនៅក្នុងគ្រា ដែលពួកយើងកំពុងតស៊ូផ្នែកនយោបាយ និងយោធា។ ហើយនៅក្នុងដំណាក់កាលតស៊ូណាមួយ ដែលបានយើងជួបឧបសគ្គ យើងតែងតែបើកតម្រាមគ្គុទេសក៍ស្ដីពីការតស៊ូនៅភ្នំជិងកាំង (Jinggang Mountains) របស់សមមិត្តប្រធានមក​មើល»។ 

ប្រធាន ម៉ៅ សេទុង ឆ្លើយតបទៅ ប៉ុល ពត វិញថា ចូរកុំកូពីឬធ្វើតាមគំរូរបស់ចិនទាំងស្រុងអី ពីព្រោះពួកយើងក៏បានបង្កើតកំហុសច្រើនណាស់ដែរ

បដិវត្ត៍វប្បធម៌
ក្រោយពីបដិវត្តន៍ «មហាលោតផ្លោះ» របស់ខ្លួនបរាជ័យ ម៉ៅ សេទុង ចាប់ផ្ដើមសង្ស័យច្រើន ជាពិសេស លោកបារម្ភអំពីការរីកធំធាត់នៃរបបមូលធននិយម ដែលសត្រូវនៃលទ្ធិកុម្មុយនិស្ត ដែលលោកបានប្រឹងកសាងផ្ទាល់។

មិនបង្អង់យូរ នៅឆ្នាំ១៩៦៦ ម៉ៅ សេទុង ក៏ចាប់ផ្ដើមសាកល្បងធ្វើបដិវត្ត៍ថ្មីមួយទៀត ដែលកាន់តែផ្ដាច់ការជាងមុន នោះគឺអ្វីដែលពិភពលោកស្គាល់ថាជា «បដិវត្ត៍វប្បធម៌»

គោលបំណងនៃបដិវត្ត៍វប្បធម៌ចិន គឺរក្សាឱ្យបានគង់វង្សនូវលទ្ធិកុម្មុយនិស្ត និងកំទេចចោលពួកអ្នកមូលធន ពួកប្រតិកិរិយា ឬពួកសក្ដិភូមិ ដែលអ្នកកុម្មុយនិស្តនិយមចោទថា ជាអ្នកជញ្ជក់ឈាមប្រជាជនឱ្យអស់ពីសង្គមចិន។ 

ប្រធាន ម៉ៅ សេទុង នៅពេលនោះ បានប្រមូលកម្លាំងយុវជនទូទាំងប្រទេស ដោយដាក់ឈ្មោះថា ឆ្មាំក្រហម ហើយផ្ដល់អំណាចឱ្យពួកគេ ធ្វើការបោសសំអាត ឬកំទេចចោលនូវអ្វីដែលជានិមិត្តរូប​ ឬកម្មសិទ្ធនៃរបបចាស់បួនយ៉ាង នោះគឺគំនិត ឬមនោគមន៍វិជ្ជាចាស់ៗ វប្បធម៌ចាស់ៗ ប្រពៃណីចាស់ៗ និងទំនៀមទម្លាប់ចាស់ៗ។ 

Red_Guard_Youth_holding_up_little_red_Book_of_Mao_Tse_Tung_AFP.jpg
យុវជនឆ្នាំក្រហមចិន បង្ហាញ​ភាព​រីករាយ ​ដោយ​នាំគ្នា​លើកកូន​សៀវភៅ​ក្រហម​របស់​លោក ម៉ៅ សេទុង។ រូប៖ AFP

បដិវត្ត៍វប្បធម៌ចិន ដែលមានអាយុកាល ១០ឆ្នាំ ផ្ដួចផ្ដើមដោយប្រធាន ម៉ៅ សេទុង នោះត្រូវបានបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៦ ដែលជាឆ្នាំ ម៉ៅ សេទុង បានទទួលមរណភាពដែរ។ បដិវត្ត៍វប្បធម៌នេះ ក៏បានធ្វើឱ្យប្រជាជនចិនរាប់សិបលាននាក់ស្លាប់ ដោយសារការសម្លាប់ ការធ្វើការបាក់កម្លាំង និងការអត់អាហារ។

ទោះបែបនេះក្ដី បដិវត្ត៍វប្បធម៌ចិន ក៏នៅតែជាគំរូភាពមួយរបស់មេដឹកខ្មែរក្រហមដែរ។ ក្រោមរបបខ្មែរក្រហមអ្វីៗ ដែលចាស់ៗ ហើយដែលខ្មែរក្រហមចាត់ទុកថា ជាសត្រូវបដិវត្តនោះ គឺជាកំអែល ជាកាកសំណល់នៃសង្គមចាស់ សង្គមសក្ដិភូមិ  ដែលត្រូវកំទេចចោល។

ឧទាហរណ៍៖ ចម្រៀងពីសង្គមចាស់ ប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ពីបូរាណ រាប់តាំងពីរពិធីរៀបមង្គការរហូតដល់ការនិយាយស្ដីបែបនៃរបបមុន ត្រូវបំបាត់ចោល ជំនួសមកវិញនូវការនិយាយស្ដីភាសាបដិវត្តន៍ ដែលខ្មែរក្រហមអះអាងថា ទើបវាឆ្លុះបញ្ចាំងនូវភាពស្មើវណ្ណៈគ្នា គឺគ្មានអ្នកជិះជាន់គេ និងគ្មានអ្នកត្រូវគេជិះជាន់នៅក្នុងសង្គមបដិវត្តន៍ដ៏មហាលោតផ្លោះ មហាអស្ចារ្យ។

ប្រជាជនទាំងអស់ត្រូវហៅគ្នាថា «មិត្ត» ឬ «សមមិត្ត» មិត្តបង មិត្តប្អូន រហូតដល់ហៅឪពុកម្ដាយខ្លួនឯងថា មិត្តម៉ែ មិត្តពុក ទៀត​ផង។ ពាក្យ​ទទួល​ទាន​អាហារ ពិសា ញ៉ាំ ស៊ី ត្រូវជំរុះចោល ហើយប្រើ​ពាក្យ​ថា ហូប មក​ជំនួស​វិញ។

អ្នករស់ជីវីតពីរបបខ្មែរក្រហមម្នាក់ទៀត គឺលោក យ៉ាន់ យឿត បច្ចុប្បន្នរស់នៅរដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក រំលឹកឡើងថា ខ្មែរក្រហមបង្ខំឱ្យប្រជាជនជំរុះចោលទាំងអស់នូវអ្វី ដែលធ្លាប់មានពីមុនមក ដើម្បីចូលរួមធ្វើបដិវត្តន៍ ឬការផ្លាស់ប្ដូរ។

លោក យ៉ាន់ យឿត៖ «សូម្បីតែ​សំលៀក​បំពាក់​ពួក​ខ្ញុំ​ជា​សិស្ស​និស្សិត ក៏​គេ​មិន​ឱ្យ​យើង​ស្លៀក​ពាក់​ដែរ ព្រោះ​គេ​ថា ត្រូវ​តែ​ជម្រុះ​របស់​របប​អ្វីៗ ដែល​មាន​ពី​សក្ដិភូមិ​មក​ពី​សម័យ​មុន​មក​ហ្នឹង ត្រូវ​រម្លាយ​ចោល​ឱ្យ​អស់ ដូច្នេះ​សូម្បី​តែ​សំលៀក​បំពាក់​របស់​ត្រូវ​តែ​ជ្រលក់​ខ្មៅ ជ្រលក់​មក្លឿ»

មានតែអង្គការបដិវត្តន៍ ឬបក្សកុម្មុយនិស្តកម្ពុជាតែមួយគត់ ដែលត្រូវគោរពប្រតិបត្តិ។ លោក យ៉ាន់ យឿត បញ្ជាក់ថា អ្នកហ៊ានជំទាស់ត្រូវបាត់ខ្លួនជារៀងរហូត។

លោក យ៉ាន់ យឿត៖ «ពេល​ទៅ​ប្រជុំ​គេ​ប្រាប់​ថា យើង​ត្រូវ​ជម្រុះ​របប​សក្ដិភូមិ របប​ចក្រពត្តិ ទំនៀមទម្លាប់​ប្រពៃណី ការ​បន់ស្រន់​អីៗ ហ្នឹង ត្រូវ​ជម្រុះ​ចោល​ឱ្យ​អស់ បើ​មិន​អ៊ីចឹង​ទេ កង់​ប្រវត្តិសាស្ត្រ​នឹង​កិន​អ្នក បាន​ន័យ​ថា គេ​នឹង​យក​យើង​ទៅ​សម្លាប់​ហើយ។ ហើយ​ចម្រៀង ក៏​ដូច​គ្នា​ដែរ យើង​មិន​អាច​ច្រៀង​ពី​បទ​សម័យ​មុនៗ សម័យ​រាជានិយម សម័យ​សាធារណរដ្ឋ​បាន​ទេ ព្រោះ​គេ​ថា វា​ជា​កម្អែល​សម័យ​ចក្រពត្តិ​អាម៉េរិកាំង ព្រោះ​ពី​ឆ្នាំ១៩៧០ ដល់​ឆ្នាំ១៩៧៥ ជា​សម័យ​សម័យ​ចក្រពត្តិ»

មានតែចម្រៀងបដិវត្តន៍ ដែលគ្មានមនោសញ្ចេតនាស្នេហាអូនបងប៉ុណ្ណោះ ដែលខ្មែរក្រហមតម្រូវឱ្យលើកស្ទួយ។ លោក យ៉ាន់ យឿត រំលឹកពីបទចម្រៀងខ្មែរក្រហម។

លោក យ៉ាន់ យឿត៖ «គេ​ដាក់​មេក្រូ​ធំៗ ដាក់​នៅ​លើ​ចុង​ឈើ ហើយ​គេ​ចាក់​ទៅ ហើយ​ឮ​ទៅ​ដល់​អ្នក​ធ្វើការ​នៅ​តាម​មូលដ្ឋាន។ មុន​ដំបូង​គេ​ចាក់​ភ្លេង ​ភ្លេង​បដិវត្តន៍​គេ​ហ្នឹង ចម្រៀង​យើង​ខ្ញុំ​កុមារ ស្រឡាញ់​អង្គការ​ឥត​មាន​ព្រំដែន ចម្រៀង​ឈាម​ក្រហម​ច្រាល​ក្រាល​នៅ​លើ​ប្រឹថពី​អី​ហ្នឹង... ចម្រៀង​ខ្មែរក្រហម ក្នុង​ចិត្ត​គ្មាន​អារម្មណ៍​ចងចាំ​ពួក​ហ្នឹង​អី​ទេ ព្រោះ​វា​ជា​របប​មួយ ដែល​សាហាវ​យង់ឃ្នង»

Yan_Yoeuth_KR_Survivor_in_USA.jpg
លោក យ៉ាន់ យឿត អ្នករស់ជីវីតពីរបបខ្មែរក្រហមម្នាក់ បច្ចុប្បន្នរស់នៅរដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក។ រូប៖ លោក យ៉ាន់ យឿត ផ្ដល់ឱ្យ

បទចម្រៀងខ្មែរក្រហមតែងឆ្លុះបញ្ចាំងពីគុណបំណាច់របស់អង្គការ​ទៅ​លើ​សង្គម​ជាតិ និងការតស៊ូបដិវត្តន៍បង្កប់ដោយភាពម៉ឹងម៉ាត់ដាច់ខាត និងអួតសរសើរពីវារភាពរបស់កងទ័ពបដិវត្តន៍ ដែលអាចយកឈ្នះរបប លន់ នល់ ដែល​មានសហរដ្ឋ​អាមេរិក​ជាខ្នងបង្អែកជាដើម។

ក្រៅពី​ការ​ចាត់​ទុក​បទចម្រៀង​ពី​សម័យ​មុន​ថា ជា​កម្អែល​នៃ​សង្គម​ចាស់ ដែល​ត្រូវ​បំបាត់ចោល​ហើយ ខ្មែរក្រហម​ក៏​បាន​កម្ទេច​ចោល​អ្នកនិពន្ធ បញ្ញវន្ត តារា​សម្ដែង និង​មន្ត្រី​រាជការ នៃ​សង្គម​ចោល​អស់​ជា​ច្រើន​រាប់​មិន​អស់​ទៀត​ផង។

បើទោះជា​មិន​បាន​ឃើញ​ការ​សម្លាប់​ផ្ទាល់​ភ្នែក លោក គង់ រៀន ប្រាប់​ថា លោក​បាន​ឃើញ​ខ្មែរក្រហម​ចង​មនុស្ស​យក​ទៅ។

លោក គង់ រៀន៖ «ឃើញ​គេ​ចង​មនុស្ស​ជាប់​គ្នា​បី​បួន​នាក់ ហើយ​គេ​ដឹក​ទាំង​ខ្សែ​បណ្ដើរ​ទៅ អត់​ដឹង​យក​ទៅ​ណា​ទេ អត់​ហ៊ាន​តាម​មើល​ទេ។ ការ​ពិត រឿង​ដែល​សម្លាប់​ជាក់ស្ដែង យើង​អត់​ដែល​បាន​ឃើញ​ទេ គេ​សម្លាប់​នៅ​ពេល​យប់ ហើយ​ពេល​មួយ​នោះ គេ​ចាប់​យុវជន​ម្នាក់ ប្រហែល​ជា​នៅ​ខាង​ក្រោម ភូមិព្រែកនរិន្ទ ប្រហែល​មក​ពី​ស្ដី មក​ពី​ដំរី​ខាងក្រោម ភូមិ​ដែល​ខ្ញុំ​នៅ​ហ្នឹង គឺ​ឈ្លប​វា​ជិះ​សេះ ហើយ​វា​ចង​ដៃ​មនុស្ស​ឱ្យ​រត់​តាម​សេះ សេះ​វា​បោល​លឿន វា​គួរ​ឱ្យ​តក់ស្លុត​មែនទែន ស្ទើរតែ​មិន​ហ៊ាន​មើល យើង​មិន​មើល​ទេ តែ​ដោយសារ​វា​មក​កាត់​មុខ​យើង»

រីឯ​លោក យ៉ាន់ យឿត ឱ្យ​ដឹង​បន្ថែម​ថា ឪពុក​របស់​លោក ដែល​ជា​ឈ្មួញ​ទិញ​គោ​ពី​ខេត្តបាត់ដំបង​ដឹក​ទៅ​លក់​នៅ​ក្រុងភ្នំពេញ និង​ជា​ប្រធាន​ប្រជាការពារ​ក្នុង​ភូមិ​សម័យ លន់ នល់ ត្រូវ​បាន​ខ្មែរក្រហម​ប្រហារ​ជីវិត។

លោក យ៉ាន់ យឿត៖ «ឪពុក​ខ្ញុំ ខ្មែរក្រហម​​យក​ទៅ​សម្លាប់ ១៤ថ្ងៃ ក្រោយ​ខ្មែរក្រហម​បាន​ជ័យជម្នះ ថ្ងៃ១៧ មេសា ដោយសារ​គាត់​ជា​អ្នក​រកស៊ី ហើយ​ដល់​សម័យ​សាធារណរដ្ឋ គាត់​ធ្វើ​ជា​ប្រធាន​ស័្វយត្រាណ​នៅ​អន្លង់​កូប គាត់​សហការ​ជាមួយ​ទាហាន​ការពារ​សន្តិសុខ»

ម៉ៅ សេទុង និង ប៉ុល ពត មិន​ទទួល​ស្គាល់​កំហុស

មេដឹកនាំ​ចិន ម៉ៅ សេទុង និង​មេ​ដឹកនាំ​ខ្មែរក្រហម ប៉ុល ពត មាន​លក្ខណៈ​ដូច​គ្នា​មួយ គឺ​ការ​មិន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន។ ប្រទេស​ចិន ក្រោម​ការ​ដឹកនាំ​ផ្ដាច់ការ​របស់ ម៉ៅ សេទុង រយៈពេល ២៧ ឆ្នាំ (១៩៤៩-១៩៧៦) បានធ្វើឱ្យប្រជាជនចិនសា្លប់ចន្លោះពី ៤០ ទៅ ៨០លាន​នាក់ ដោយសារ​គ្រោះ​ទុរភិក្ស ការ​ចាប់​ដាក់​គុក​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម និង​ការ​ប្រហារ​ជីវិត។ ជា​ជាង​ទទួល​ស្គាល់​កំហុស ដើម្បី​បង្ហាញ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន ចំពោះ​ជន​រងគ្រោះ ម៉ៅ សេទុង បែរ​ជា​លើក​សរសើរ​ពី​គុណសម្បត្តិ​របស់​ខ្លួន ដែល​ក្នុង​ចំណោម​នោះ លោក​ថា គឺ​លោក​នេះ​ឯង ជា​អ្នក​ដឹកនាំ​ការ​តស៊ូ​វាយ​បណ្ដេញ​កងទ័ព​ឈ្លានពាន​ជប៉ុន​ចេញ​ពី​ប្រទេស​ចិន។

ស្រដៀង​គ្នា​ទៅ​នឹង ម៉ៅ សេទុង ដែរ ប៉ុល ពត ដែល​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់​ជិត ២លាននាក់ ដោយ​ការ​ប្រហារ​ជីវិត ការ​បង្ខំ​ឱ្យ​ធ្វើការ​បាក់​កម្លាំង ការ​អត់​អាហារ និង​ជំងឺ​ដង្កាត់ នៅ​ក្រោម​របប​ដឹកនាំ​របស់​គាត់​នោះ ក៏​មិន​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ដែរ។

នៅ​ពេល​​អ្នក​កាសែត​អាម៉េរិកាំង លោក ណេត ស្សេយ៉ើ (Nate Thayer) សួរ​ថា តើ​គាត់​គួរ​តែ​សុំ​ទោស​ប្រជាជន​ខ្មែរ​ជា​សាធារណៈ ចំពោះ​កំហុស​របស់​គាត់ ឬ​ទេ ប៉ុល ពត ដែល​ពេល​នោះ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​របស់​មេ​ខ្មែរក្រហម​តាម៉ុក នៅក្នុងស្រុកអន្លង់វែង ក្នុងឆ្នាំ១៩៩៧ បាន​ឆ្លើយតប​ថា «ទុក​ឱ្យ​ប្រវត្តិសាស្ត្រ និង​ប្រជាជនជាអ្នកវិនិច្ឆ័យ ដោយ​បញ្ជាក់​អ្វី ដែល​គាត់​ធ្វើ​កន្លង​មក វា​មាន​ខុស និង​មាន​ល្អ។ ស្រដៀង​គ្នា​ទៅ​នឹង ម៉ៅ សេទុង ដែរ ប៉ុល ពត អះអាង​ទៀត​ថា ប្រសិនបើ​មិន​មាន​ការ​ដឹកនាំ​នូវ​ការ​តស៊ូ​របស់​គាត់​ទេ នោះ​ប្រទេស​កម្ពុជា​ត្រូវ​បាន​វៀតណាម​លេប​ត្របាក់​យក​យូរ​ណាស់​មក​ហើយ»។

ប៉ុល ពត ស្លាប់មុនសាលាក្ដីកើត
ប៉ុល ពត បាន​ទទួល​មរណភាព​យ៉ាង​ឯកោ​ដោយ​រោគាពាធ នៅ​ក្នុង​ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ នៅ​ថ្ងៃ​ទី១៥ ខែមេសា ឆ្នាំ១៩៩៨ គឺ​មុន​សាលាក្ដី​ខ្មែរក្រហម​កូន​កាត់​លេច​ចេញ​ជា​រូបរាង។ សាលាក្ដី​ខ្មែរក្រហម​កូន​កាត់ ដែល​មាន​អង្គការ​សហប្រជាជាតិ​ចូលរួម បាន​ចាប់​ផ្ដើម​ដំណើរ​ការ នៅ​ឆ្នាំ២០០៦ និង​ដែល​បាន​បិទ​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ២០២២ នោះ បាន​ជំនុំជម្រះ​ចប់​សព្វគ្រប់​ទៅ​លើ​មេ​ដឹកនាំ​ខ្មែរក្រហម​ចំនួន ៣នាក់​គត់។

លោក គង់ រៀន ដែល​បាត់បង់​បងប្អូន​បង្កើត​ពីរ​នាក់​ក្នុង​របប​ខ្មែរក្រហម យល់​ឃើញ​ថា សាលាក្ដី​ខ្មែរក្រហម ដែល​បាន​ចំណាយ​ពេល ១៦ឆ្នាំ និងថវិកាជិត​​ ៣៤០លានដុល្លាអាមេរិក ហើយ​ផ្ដន្ទាទោស​មេ​ខ្មែរ​បាន​ត្រឹម ៣នាក់​នោះ គឺ​មិន​បាន​ផ្ដល់​យុត្តិធម៌​ពេញលេញ​ដល់​ជន​រង​គ្រោះ​ទេ។

លោក គង់ រៀន៖ «ហាក់​ដូចជា​មិន​សូវ​មាន​ន័យ​ប៉ុន្មាន សម្រាប់​បងប្អូន​យើង​ជា​អ្នក​រង​គ្រោះ ពីព្រោះ​យក​តែ​អ្នក​ធំៗ ទាំង​អស់​អ៊ីចឹង។ យើង​គិត​ថា មាន​អ្នក​ចូលរួម​ច្រើន​ជាង​ហ្នឹង​ទៀត។ បើ​យើង​កាត់​ជា​ទូទៅ ខ្ញុំ​គិត​ថា​ល្អ ជា​ជាង​កាត់​តែ​បួន​ប្រាំ​នាក់ វា​យុត្តិធម៌​ជាង។ អ្នក​ខ្លះ​គេ​ឃើញ​ផ្ទាល់​ថា អ្នក​ណា​ជា​អ្នក​យក​ឪពុក​គេ​ទៅ អ្នក​ណា​ជា​អ្នក​យក​បងប្អូន​គេ​ទៅ ហើយ​កំពុង​រស់នៅ​បច្ចុប្បន្ន បើ​ធ្វើ​អ៊ីចឹង​វា​យុត្តិធម៌​ច្រើន​ជាង»

អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ទាំង​បី​រូប ដែល​សាលាក្ដី​ខ្មែរក្រហម​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ មាន នួន ជា អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​ប្រធាន​សភា​ប្រជាជន កាំង ហ្កេចអ៊ាវ ហៅ ឌុច ប្រធានមន្ទីរ ស២១ ឬ​គុក​ទួលស្លែង និង ខៀវ សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម។ ពួក​គេ​ទាំង​បី​រូប ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ​នានា ក្នុង​នោះ​រួមមាន ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​​​​​​​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ​ទី៦ ខែមករា ឆ្នាំ១៩៧៩។ ក្នុង​ចំណោម​ទណ្ឌិត​ទាំង​បី​រូប​នេះ មាន​តែ​លោក ខៀវ សំផន ម្នាក់​គត់​នៅ​មានជីវិត មានអាយុ ៩៤ឆ្នាំ ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។