អ្នកជំនាញ​ចង់​​បើក​ចំហ​ការ​ចូល​អាន​ឯកសារ​កាលប្បវត្តិ​រឿងរ៉ាវ​ខ្មែរក្រហម​ដល់​​សាធារណជន​ទូទៅ

ដោយ មាន ឫទ្ធិ
2022.07.12
Share on WhatsApp
Share on WhatsApp
អ្នកជំនាញ​ចង់​​បើក​ចំហ​ការ​ចូល​អាន​ឯកសារ​កាលប្បវត្តិ​រឿងរ៉ាវ​ខ្មែរក្រហម​ដល់​​សាធារណជន​ទូទៅ អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth Becker) អ្នក​កាសែត​ជនជាតិ​អាមេរិកាំង និង​ជា​អ្នក​និពន្ធ​សៀវភៅ "ពេល​សង្គ្រាម​រលត់​ទៅ" ផ្ដល់​សក្ខីកម្ម​ដល់​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៥។
Photo courtesy of ECCC

អ្នកជំនាញ​ចង់​ឃើញ​សាលាក្ដី​កូនកាត់​ខ្មែរក្រហម (​ហៅ​កាត់​ថា អ​.​វ​.​ត​.​ក ឬ ECCC) បើកចំហ​ការ​ចូល​អាន​ឯកសារ​កាលប្បវត្តិ​នានា​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ និង​ដំណើរការ​កាត់ក្តី​ខ្មែរក្រហម ឱ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន​ទូទៅ នៅ​ក្រោយ​ពេល​ដែល​តុលាការ​នេះ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​។ ពួកគេ​លើកឡើង​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​រក្សា​កេរ្តិ៍ដំណែល​របស់​តុលាការ​នេះ​ដែល​បន្សល់ទុក​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ឱ្យ​បាន​គង់វង្ស។

ក្រោយពី​បាន​ដំណើរការ​អស់​រយៈពេល​ជាង ១​ទសវត្ស​កន្លះ​មក​នេះ គឺ​ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ដំបូង​ឡើង​កាល​ពី​ដើមឆ្នាំ​២០០៦ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ស្វែងរក​យុត្តិធម៌ និង​ផ្សះផ្សា​របួស​ផ្លូវចិត្ត​ជូន​ជនរងគ្រោះ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​គេ​តែង​ស្គាល់​ថា ជា​របប​ខ្មែរក្រហម​នោះ តុលាការ​កូនកាត់​ខ្មែរក្រហម​នឹង​ត្រូវ​បិទ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ជា​រៀង​រហូត​នៅ​ដំណាច់ឆ្នាំ​២០២២​នេះ។

ក្រុម​អ្នកជំនាញ​បាន​ឆ្លុះបញ្ចាំង​ឡើងវិញ​ពី​សារសំខាន់​នៃ​ការ​រក្សាទុក​ឯកសារ​ដែ​ល​ជា​ចំណែក​មួយ​នៃ​ការ​ទទួល​បាន​យុត្តិធម៌ និង​នាំឱ្យ​មាន​ការទទួលខុសត្រូវ​របស់​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​នៅក្នុង​សង្គម​កម្ពុជា។

ថ្លែង​ក្នុង​កិច្ចពិភាក្សា​មួយ​ធ្វើឡើង​កាល​ពី​ថ្ងៃទី​៦ ខែ​កក្កដា រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​សហរដ្ឋអាមេរិក​ដើម្បី​សន្តិភាព (​ហៅ​កាត់​ថា USIP) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington D.C.) នាយិកា​ការិយាល័យ​ស្រាវជ្រាវ​ផ្នែក​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៃ​មហាវិទ្យាល័យ​ច្បាប់​នៅ​សាកលវិទ្យាល័យ American University អ្នកស្រី ស៊ូសាណា សាគូតូ (Susana SáCouto)​គូស​បញ្ជាក់​ថា នៅ​ក្នុង​យុគសម័យ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នា​ពេល​បច្ចុប្បន្ន​នេះ វា​ពិត​ជា​មាន​ភាព​ងាយស្រួល​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​អ្វីៗ​ដែល​សម្រេច​បាន​ពី​ដំណើរការ​កាត់ក្តី​នេះ​ឱ្យ​ត្រលប់​ថយក្រោយ​មកវិញ​ដើម្បី​បំភ័ន្ត​ប្រវត្តិសាស្ត្រ បើទោះ​បី​ជា​មានការ​រក្សា​ទុក​ឯកសារ​នានា​ទាក់ទង​នឹង​រឿងរ៉ាវ​ខ្មែរក្រហម​យ៉ាងណាក៏ដោយ​។ អ្នកស្រី​ព្រមាន​ថា នៅ​មាន​ហានិភ័យ​ខ្ពស់​ដែល​ថា សមិទ្ធផល​សម្រេច​បាន​ដោយ​សាលា​ក្តី​ខ្មែរក្រហម​នេះ​អាច​នឹង​ត្រូវ​បាត់បង់​ទៅវិញ​៖ «ខ្ញុំ​គិត​ថា មធ្យោបាយ​តែមួយគត់​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​គឺថា មេរៀន​ដែល​ខ្ញុំ​គិតថា មិនមែន​សម្រាប់​តែ​កម្ពុជា​នោះ​ទេ តែ​សម្រាប់​អង្គជំនុំ​ជម្រះ​ដទៃទៀត គឺថា នៅ​ពេល​ដែល​ចូល​មក​ដល់​ទី​បញ្ចប់​នៃ​អាណត្តិ​របស់​ខ្លួន ការ​រក្សា​ទុកជា​ឯកសារ​កាលប្បវត្តិ​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់។ លទ្ធភាព​នៃ​ការ​បើកចំហ​ឱ្យ​សាធារណជន​ទូទៅ​អាច​ចូល​អាន​ឯកសារ​កាលប្បវត្តិ​ទាំងនោះ ការ​មាន​ឯកសារ​ទាំងនោះ​បក​ប្រែ​ជា​ភាសា​ខ្មែរ និង​លទ្ធភាព​នៃ​ការ​ចូល​ទៅ​អាន​ព័ត៌មាន​ពិតប្រាកដ រួម​ទាំង​ការ​តាំង​ពិព័រណ៍​ដែល​យើង​កំពុង​ធ្វើ​នៅ​ទីនេះ​ផង គឺ​ត្រូវតែ​ធ្វើ​បន្ត និង​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​មែន​ទែន ដើម្បី​រក្សាទុក​នូវ​កេរ្តិ៍ដំណែល​នៃ​សាលាក្ដី​នេះ​សម្រាប់​ជនរងគ្រោះ»

អ្នកជំនាញ​រូប​នេះ​កត់សម្គាល់​ថា មតិ​រិះគន់​នានា​ដែល​ថា តុលាការ​ខ្មែរក្រហម​មាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អាស្រូវ​ពុករលួយ ទទួលរង​នូវ​ឥទ្ធិពល​នយោបាយ ដំណើរការ​កាត់ក្តី​យឺតយ៉ាវ និង​ចំណាយ​អស់​ថវិកា​ច្រើន គឺជា​ការរិះគន់​សម​ហេតុផល​។ ក៏ប៉ុន្តែ អ្នកស្រី​គិតថា ផ្នែក​មួយ​នៃ​សមិទ្ធផល និង​កេរ្តិ៍ដំណែល​របស់​តុលាការ​នេះ គឺ​ការ​ជួយ​គាំទ្រ​ដល់​ជនរងគ្រោះ​ពី​សម័យ​ខ្មែរក្រហម​។ អ្នក​ជំនាញ​អំពី​ការស្រាវជ្រាវ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​រូប​នេះ សង្កត់ធ្ងន់​ថា ពលរដ្ឋ​កម្ពុជា​ចាំបាច់​ត្រូវ​ដឹង​អំពី​អ្វី​ដែល​កំពុងតែ​កើតឡើង​នៅក្នុង​តុលាការ​ខ្មែរក្រហម​នា​ពេល​នេះ ជា​ពិសេស​ទាក់ទង​នឹង​សំណុំរឿង ០០៣ និង​០០៤ ដែល​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដទៃទៀត​។ អ្នកស្រី​ពន្យល់​ថា វា​ពិតជា​សំខាន់​ណាស់​ដែល​តុលាការ​ចាំបាច់​ត្រូវ​ឱ្យ​សាធារណជន​ដឹង​ថា កាលពី​ឆ្នាំ​កន្លង​ទៅ តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​តុលាការ​ខ្មែរក្រហម បាន​ទាត់ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ដែល​បាន​ស្នើ​ឱ្យ​តុលាការ​ខ្មែរក្រហម​ជំនុំជម្រះ​ក្តី​ប្រឆាំង​នឹង​មេដឹកនាំ​ខ្មែរក្រហម​ដទៃ​ទៀត​។ អ្នកស្រី​ថា វា​ពិត​ជា​មាន​សារសំខាន់​ដែល​សាធារណជន​យល់ដឹង​អំពី​ការ​សម្រេច​សេចក្តី​នេះ ដែល​ថា នឹង​មិន​មាន​សវនាការ​លើ​ជនជាប់ចោទ​ទាំង​នោះ​ទេ ក៏ប៉ុន្តែ​ការណ៍​នេះ ក៏​មិនមែន​មាន​ន័យថា តុលាការ​រក​ឃើញ​ថា ជន​សង្ស័យ​ទាំងនេះ ដូចជា មាស មុត អោ អាន យឹម ទិត្យ និង អ៊ឹម ចែម គ្មាន​កំហុស ឬ​ពុំបាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នោះ​ឡើយ។

នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (Documentation Center of Cambodia) លោក លី សុខឃាង ថ្លែង​ក្នុង​កិច្ចពិភាក្សា​នោះ​ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​រៀបចំ​ឱ្យ​មាន​នូវ​ឯកសារ​កាលប្បវត្តិ​ផ្ដោត​លើ​សម័យ​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ និង​នៅ​ក្រោយ​សម័យ​ខ្មែរ​ក្រហម​។ លោក​ថា មជ្ឈមណ្ឌល​របស់​លោក​បាន​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ខ្មែរក្រហម​ចំនួន​ជាង ២​សែន​២​ម៉ឺន​ឯកសារ ស្មើនឹង​ជាង ១​លាន ៧​សែន​ទំព័រ។ ក្រៅពីនោះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏បាន​រក​ឃើញ​មន្ទីរ​ឃុំឃាំង ឬ​គុក​កាល​ពី​សម័យ​ខ្មែរក្រហម​ចំនួន ១៩៧ និង​កន្លែង​កប់​សព​ចំនួន​ជិត ២​ម៉ឺន​កន្លែង ស្មើនឹង​៣៩០​ទីតាំង។

រីឯ អ្នកកាសែត​ជើងចាស់​ជនជាតិ​អាមេរិកាំង និង​ជា​អ្នកនិពន្ធ​សៀវភៅ​អំពី​ខ្មែរក្រហម​ដែល​មាន​ចំណងជើង​ថា «​នៅ​ពេល​ដែល​សង្គ្រាម​រលត់​ទៅ​» (When the War Was Over) អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth Becker) ថ្លែង​ថា តុលាការ​ខ្មែរក្រហម​បាន​នាំមក​នូវ​ប្រវត្តិសាស្ត្រ​ជូន​ប្រជាជន​កម្ពុជា​វិញ ដែល​បច្ចុប្បន្ន​ឯកសារ​តម្កល់ទុក​ជាច្រើន​ត្រូវ​បាន​រក្សាទុក​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ដោយ​តុលាការ​ខ្មែរក្រហម​។ អ្នកស្រី​ពន្យល់​ថា គឺ​ដោយសារតែ​តុលាការ​ខ្មែរក្រហម​នេះ​ហើយ​ទើប​បាន​ជា​ពលរដ្ឋ​កម្ពុជា​អាច​ក្រឡេក​ទៅ​មើល​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឡើងវិញ​បាន​។ អ្នកស្រី​ថា នៅពេល​បច្ចុប្បន្ន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​កេង​ចំណេញ​ពី​អ្វីៗ​ទាំងអស់ ដោយ​បដិសេធ​មិន​ព្រម​ទទួលស្គាល់​ពី​សារ​សំខាន់​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស បដិសេធ​មិន​ព្រម​ទទួលស្គាល់​ពី​តួនាទី​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ការ​នាំ​មក​នូវ​សន្តិភាព​ជូន​ដល់​សង្គម​កម្ពុជា និង​បដិសេធ​មិន​ឱ្យ​មានការ​ជំនុំជម្រះ​សំណុំរឿង​០០៣ និង​០០៤ របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយ​ចំនួន​ជាដើម​។ អ្នកស្រី​ថា ចាំបាច់​ដែល​សាធារណជន​ត្រូវ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ទាំងនេះ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​បិទបាំង​។ អ្នកស្រី​ក៏​បាន​រំឭក​ឡើងវិញ​អំពី​លំនាំ​ដែល​មេដឹកនាំ​កម្ពុជា​ខ្វះ​ការ​ទទួលខុសត្រូវ និង​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​នៅក្នុង​សង្គម​កម្ពុជា ដែល​អ្នកស្រី​ថា កំពុង​បង្ក​ឱ្យ​មាន​បញ្ហា​ជាច្រើន​នៅក្នុង​សង្គម​នេះ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ​៖ «ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​កម្ចាត់​ព្រះអង្គម្ចាស់ រណឫទ្ធិ ចេញពី​តំណែង​នៅក្នុង​អំពើ​រដ្ឋប្រហារ​មួយ​។ លោក​បាន​ក្លាយ​ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ចាប់តាំងពី​ពេលនោះ​មក​។ រៀងរាល់​ពេល​ដែល​គាត់​ប្រឈម​នឹង​ការ​គំរាមកំហែង​ការ​កាន់អំណាច​ដោយ​គណបក្ស​ប្រឆាំង​ដែល​អាច​នឹង​ឈ្នះ​ឆ្នោត គាត់​តែងតែ​ធ្វើ​រដ្ឋប្រហារ​។ ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា អ្នក​នឹង​ស្តាប់​ឮ​ពី​អ្នក​ដទៃទៀត ថា តើ​ឥរិយាបថ​ស្រដៀង​គ្នា​ទាំងនេះ បណ្ដុះ​ឱ្យ​មាន​នូវ​គ្រាប់ពូជ​នៃ​បញ្ហា​កាន់តែ​ច្រើនឡើងៗ បន្តបន្ទាប់​មក​ទៀត»

អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ បាន​លើកឡើង​ពី​ករណី​ស្រដៀង​គ្នា​ដែល​អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ប្រឆាំង​នឹង​សកម្មជន​សញ្ជាតិ​ខ្មែរ​អាមេរិកាំង គឺ​កញ្ញា សេង ធារី ដែល​កញ្ញា​គ្រាន់តែ​ធ្វើការ​ដើម្បី​កែ​លម្អ​សន្តិភាព​នៅក្នុង​សង្គម​កម្ពុជា៖ «​ខ្ញុំ​គ្រាន់តែ​គិត​អំពី​សកម្មជន​សន្តិភាព សញ្ជាតិ​ខ្មែរ​-​អាមេរិកាំង​ម្នាក់ គឺ​កញ្ញា សេង ធារី ដែល​ត្រូវ​បាន​ចាប់​ដាក់គុក​ដោយសារតែ​កញ្ញា​គ្រាន់តែ​ព្យាយាម​កែ​លម្អ​សន្តិភាព​នៅក្នុង​ប្រទេស​។ កញ្ញា​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​គុក​ក្នុង​តំបន់​ដាច់​ស្រយាល កាល​ពី​ខែ​មុន។ ដូច្នេះ វា​គឺជា​បញ្ហា​ដែល​កំពុងតែ​បន្ត​កើតឡើង បើ​ទោះ​បី​ជា​របប​ខ្មែរក្រហម​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​កាល​ពី​ឆ្នាំ​១៩៧៩ ក៏ដោយ ក៏​គ្រាប់ពូជ​នៃ​ការ​បដិសេធ​ដោយសារតែ​ការ​មិន​ចេះ​ទទួលខុសត្រូវ​របស់​មេ​ដឹកនាំ​[​នៅ​កម្ពុជា​] នៅតែ​បន្ត​កើតមានឡើង​ដដែល»

សាលាក្ដី​ខ្មែរក្រហម​បាន​ចំណាយ​ថវិកា​អស់​មិន​តិច​ជាង ៣​រយ​លាន​ដុល្លារ​ទេ ចាប់​តាំង​បើក​ឱ្យ​ដំណើរការ​ដំបូង​នៅ​ដើមឆ្នាំ​២០០៦​មក។ ជា​លទ្ធផល មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​តែ​បី​រូប​ប៉ុណ្ណោះ ត្រូវ​បាន​តុលាការ​ខ្មែរក្រហម​កាត់ក្តី​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត​។ ក្នុង​នោះ​មាន​អតីត​មេ​គុក​ទួល​ស្លែង លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច ក្នុង​សំណុំរឿង ០០១ បងធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម លោក នួន ជា ដែល​ពេល​នោះ​ជា​ប្រធាន​រដ្ឋសភា​ប្រជាជន និង​អតីត​គណៈ​ប្រធាន​រដ្ឋ លោក ខៀវ សំផន ក្នុង​សំណុំរឿង​០០២។ ក៏ប៉ុន្តែ លោក កាំង ហ្កេកអ៊ាវ និង​លោក នួន ជា បាន​ស្លាប់​ក្នុង​ពេល​កំពុង​ជាប់ឃុំ​។ រីឯ សំណុំរឿង​០០៣ ដែល​មាន​ជន​ត្រូវ​ចោទ មាស មុត និង​សំណុំរឿង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ អោ អាន និង​យឹម ទិត្យ ព្រមទាំង​អតីត​កម្មាភិបាល​ខ្មែរក្រហម​អ្នកស្រី អ៊ឹម ចែម ត្រូវ​តុលាការ​កំពូល​នៃ​តុលាការ​ខ្មែរក្រហម សម្រេច​មិន​បញ្ជូន​សំណុំរឿង​ទាំងនេះ​ទៅ​កាត់ក្តី​ដូច​តាម​ការ​ចង់​បាន​ពី​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ឡើយ។ សំណុំរឿង​សល់​ចុងក្រោយ​ដែល​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ គឺ​បណ្តឹង​សាទុក្ខ​លើ​សំណុំរឿង ០០២ វគ្គ​២ ប្តឹង​ទាស់​ដោយ​លោក ខៀវ សំផន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។