ទិន្នផល​ស្រូវ​វស្សា​ឆ្នាំ​២០០៨​កើន​ខ្ពស់​ជាង​ឆ្នាំ​២០០៧

មន្រ្តី​កសិកម្ម​បាន​អះអាង​ថា ទិន្នផល​ស្រូវ​រដូវ​វស្សា​ឆ្នាំ​២០០៨ កន្លង​ទៅ​នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០០៧ កន្លង​ទៅ ដោយសារ​តែ​ផ្ទៃ​ដី​ដាំដុះ​បាន​កើន​ទ្បើង​ជាង​ឆ្នាំ​២០០៧ កន្លង​ទៅ​នេះ​ដែរ។

0:00 / 0:00

មន្រ្តី​ជំនាញ​ខាង​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ប្រទេស​កម្ពុជា បាន​អះអាង​ថា ទិន្នផល​ស្រូវ​សម្រាប់​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩​នេះ បាន​កើន​ដល់​ជាង​៦​លាន​តោន​គឺ​លើស​ឆ្នាំ​២០០៧ ចំនួន​ជាង ៥​សែន​តោន។

ប្រភព​បាន​ឲ្យ​ដឹង​ថា តួលេខ​ជា​បណ្តោះ​អាសន្ន​និង​មិន​ទាន់​ជា​ផ្លូវការ​ជាង ៦​លាន​តោន​ខាង​លើ​នេះ គឺ​គេ​នៅ​មិន​ទាន់​បាន​បូក​សរុប​ជាមួយ​នឹង​ទិន្នផល​ស្រូវ​នៃ​រដូវ​ប្រាំង​នៅ​ទ្បើយ​ទេ។

លោក ម៉ាក់ សឿន អនុប្រធាន​នាយកដ្ឋាន​ផែនការ ស្ថិតិ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​កើន​នៃ​ចំនួន​ទិន្នផល​ស្រូវ​រដូវ​វស្សា​នៃ​ឆ្នាំ​២០០៨​នោះ គឺ​ដោយសារ​តែ​មាន​ការ​កើន​ទ្បើង​នៃ​ផៃ្ទ​ដី​ធ្វើ​ស្រែ​រដូវ​វស្សា​រហូត​ដល់​ជាង ២​លាន ២​សែន​ហិកតារ រីឯ​ផៃ្ទ​ដី​ធ្វើ​ស្រែ​រដូវ​ប្រាំង​វិញ គឺ​មាន​ចំនួន​ប្រមាណ ៣៥០.០០០​ហិកតារ។

លោក​បាន​បន្ត​ថា ៖ «យើង​មិន​មាន​ការ​ព្រួយ​បារម្ភ​ទេ ពីព្រោះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ យើង​លើស​ពី​ឆ្នាំ​ទៅ ហើយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​ផ្សព្វផ្សាយ​យ៉ាង​ម៉េច​កុំ​ឲ្យ​គាត់​លក់​ស្រូវ​នៅ​ពេល​ដែល​ចុះ​ថោក គាត់​អាច​ដាំ​បន្លែ ឬ​ចិញ្ចឹម​សត្វ​លក់»

ការ​ប៉ាន់​ស្មាន​អំពី​កំណើន​ផល​ស្រូវ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ ខាង​មុខ​នេះ នៅ​ស្រប​ពេល​ដែល​កសិករ​ខែ្មរ​កំពុង​តែ​ច្រូត​កាត់​ប្រមូលផល​ស្រូវ​រដូវ​វស្សា ដែល​នឹង​ផុត​រដូវ​ច្រូត​កាត់​នៅ​ខែ​ក្រោយ​នេះ ហើយ​ការ​ដាំដុះ​ស្រូវ​រដូវ​ប្រាំង​នឹង​ចាប់​ផ្តើម​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ស្រប​ពេល​ដែល​មន្រ្តី​ជំនាញ​ខាង​កសិកម្ម​បាន​សម្ដែង​ការ​ពេញ​ចិត្ត​នឹង​កំណើន​ទិន្នផល​ស្រូវ​ឆ្នាំ​២០០៨ ថា​មាន​ការ​កើន​ទ្បើង​ជាង​ឆ្នាំ​២០០៧​កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ខែ្មរ​មួយ​ចំនួន​បាន​ត្អូញតែ្អរ​អំពី​ទិន្នផល​ស្រូវ​របស់​ខ្លួន​ឆ្នាំ២០០៨ បាន​ធ្លាក់​ចុះ​ជាង​ឆ្នាំ​២០០៧ ទៅ​វិញ។

លោក អិត អែល ជា​ប្រជាកសិករ​រស់នៅ​ក្នុង​ភូមិ​ស្វាយព្រៃ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​ថែ្លង​ឲ្យ​ដឹង​ថា ដី​ស្រែ​របស់​លោក​សរុប​ចំនួន ៦​ហិកតារ ប៉ុនែ្ត​លោក​បាន​ធ្វើ​ស្រូវ​រដូវ​វស្សា​ឆ្នាំ​២០០៨​នោះ បាន​តែ​ចំនួន​២​ហិកតារ​ប៉ុណ្ណោះ ដោយសារ​តែ​ភាព​រាំង​ស្ងួត។

លោក អិត អែល ថ្លែង​ដូច្នេះ​ថា ៖ «ឆ្នាំ​នេះ ស្រែ​ច្រើន​ដែរ ប៉ុន្តែ​ធ្វើ​អត់​ទាន់ ព្រោះ​វា​ភ្លៀង​ចុង​ដៃ​ហើយ ធ្វើ​បាន​តែ​ពីរ​ហិកតារ។ ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ ព្រោះ​យើង​ធ្វើ​ចុង​ដៃ​ហើយ ស្រូវ​វា​អត់​សូវ​ល្អ អ៊ីចឹង​វា​ថយ​ចុះ​ជិត​ពាក់​កណ្ដាល​ពី​ឆ្នាំ​មុន»

លោក យ៉ង់ សាំងកុមារ ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក់ បាន​មាន​ប្រសាសន៍​ថា ៖ «ស្រូវ​រដូវ​វស្សា​ឆ្នាំ​២០០៨​នេះ យើង​សង្កេត​ឃើញ​ថា វា​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​២០០៧​ដែរ ទោះ​បី​ជា​មាន​ភាព​រាំង​ស្ងួត​នៅ​តំបន់​មួយ​ចំនួន​ក៏​ដោយ។ ជារួម ស្ថានភាព​វា​ល្អ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​ទៅ ហើយ​វា​អាច​លើស​ពី​ឆ្នាំ​ទៅ​បន្តិច​បន្តួច»

លោក​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​របស់​លោក​បាន​ចាប់​ផ្តើម​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​កិន​ជា​អង្ករ​បាន​ចំនួន​ជាង ១.០០០​តោន​ហើយ ហើយ​លោក​មាន​គម្រោង​ប្រមូល​ទិញ​នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ​ទៀត ក្នុង​ចំនួន ៤.០០០​តោន​ដើម្បី​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ក្នុង​ស្រុក​ផង​និង​នាំ​ចេញ​ទៅ​បរទេស​ផង៕