សាលាក្តី​ខ្មែរ​ក្រហម​​នឹង​​ប្រកាស​​សាល​ដីកា​​លើ​​បណ្តឹង​​សាទុក្ខរបស់​​លោកខៀវ សំផន នៅ​​ឆ្នាំ​​ក្រោយ​

ដោយ ទីន ហ្សាការីយ៉ា
2021.08.19
សាលាក្តី​ខ្មែរ​ក្រហម​​នឹង​​ប្រកាស​​សាល​ដីកា​​លើ​​បណ្តឹង​​សាទុក្ខរបស់​​លោកខៀវ សំផន នៅ​​ឆ្នាំ​​ក្រោយ​ ចៅក្រមតុលាការកំពូលនៃអង្គ​ជំនុំ​​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) បាន​បញ្ចប់​សវនា​ការ​​​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង ០០២/០២ ប្រឆាំង​ជនជាប់​ចោទ ខៀវ សំផន នៅ​ថ្ងៃទី១៩ ខែសីហា ​២០២១។
រូប៖ ECCC

នៅ​ថ្ងៃទី៤ ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​សវន​ការ​លើ​បណ្ដឹង​សារ​ទុក្ខ​របស់​អតីតប្រមុខរដ្ឋ​នៃ​របប​ខ្មែរ​ក្រហម គឺ​លោក ខៀវ សំផន តុលា​ការ​កំពូល​នៃ​សាលា​ក្ដីខ្មែរ​ក្រហម បាន​ផ្ដល់​ឱកាស​ចុង​ក្រោយ​លោក ខៀវ សំផន ដើម្បី​ថ្លែង​ដល់​អង្គសវនា​ការ។

ដូច​ពេល​មុនៗ​ដែរ ជន​ជាប់​ចោទ ខៀវ សំផន បាន​ថ្លែង​បដិសេធ​ចោល​បទឧក្រិដ្ឋ​ទាំង​ឡាយ រួម​ទាំង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូសាសន៍​ផង។  លោក​ថា លោកមិន​បាន​ប្រព្រឹត្ត​ឩក្រិដ្ឋ​កម្ម​ទៅ​លើ​ពលរដ្ឋ​ខ្លួន​ឯង ដូច​ការ​ចោទ​ប្រកាន់​របស់សហ​ព្រះរាជ​អាជ្ញា​នោះ​ទេ។ លោក​បញ្ជាក់​ថា ជម្លោះ​ជា​មួយ​វៀត​ណាម គឺជាការ​ប្រឹង​ប្រែង​របស់​ខ្មែរ​ក្រហម​ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ខ្មែរ​ពី​ការឈ្លាន​ពាន​របស់​វៀត​ណាម៖ «នៅ​ពេល​វៀត​ណាម​ឈ្លាន​ពាន​កម្ពុជា​ពេល​នោះ​ពេល​សង្គ្រោម​ចង់​ឱ្យ​មាន​កិច្ច​ការ​ពារ​ប្រទេស​ប្រឆាំង​នឹង​កង​ទ័ព​ឈ្លាន​ពាន​ប៉ុណ្ណឹង តែ​មិន​មែន​ឱ្យ​ទៅ​វាយ​ប្រហារ​ប្រជា​ជន​ស៊ីវិល​នោះ​ទេ ហើយ​តាម​រយៈ​សារព័ត៌​មាន​ខ្ញុំ​ឃើញ​ថា ​បញ្ហា​អធិប​តេយ្យ បញ្ហា​ឯក​រាជ្យ បញ្ហា​ព្រំដែន​នេះ​ នៅ​ចោទរហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ នេះ​ហើយ​ដែល​ខ្ញុំ​ត្រូវ​ស្រែកឱ្យ​ខ្លាំងៗ​ថា ​ខ្ញុំ​មិន​អាចទទួល​បាន​ទេ ព្រោះ​អី​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​អនាគត់​នៃ​ប្រទេស​ខ្ញុំ»។

សហ​ព្រះរាជ​អាជ្ញា​​សាលាក្តី​​ខ្មែរ​ក្រហមអ្នកស្រី ជា លាង ឡើង​ការ​ពារ​ការចោទ​ប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា​ថា  ដំណើរ​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​០០២វគ្គ​២កន្លង​ទៅ បាន​ប្រព្រឹត្ត​ទៅ​ដើម្បី​លុប​បំបាត់​អំពើ​និទណ្ឌ​ភាព និង​ស្វែង​រកយុត្តិធម៌​ឱ្យ​ជន​រង​គ្រោះ​បាន​យ៉ាង​ត្រឹម​ត្រូវ។  អ្នក​ស្រី​សង្ឃឹម​ថា តុលា​ការកំពូល​នឹង​ប្រកាស​សេចក្ដី​សម្រេច​លើ​សំណុំ​រឿង​នេះ​នៅ​ឆ្នាំ​ក្រោយ ក្នុង​រយៈពេល​ប្រមាណ ​៦ខែ ​ពី​ឥឡូវ​នេះ៖ «និយាយ​ជា​រួម​គោល​ការណ៍​ធំៗ នៃ​គោល​បំណង​ដែលបង្កើត​សាលា​ក្តី​នេះ​ត្រូវ​បាន​បញ្ចប់​យ៉ាងល្អ និង​ខ្ញុំ​គិត​ថា​ ជោគ​ជ័​យ​នៅ​ក្នុង​រឿងក្តី នោះ​មាន​​ន័យ​​ថា ​អ្វី​ដែល​សេស​សល់ យើង​នឹង​ពិភាក្សា​ការ​ងារ​រវាង​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​ក៏​ដូច​ជា​ការិយា​ល័យ​ផ្សេងៗ​ទៀត​ដែល​ពាក់​ព័ន្ធ ហើយ​យើង​នឹង​រៀបចំ​នូវ​ឯក​សារ​សម្រាប់​យុវជន​ជំនាន់​ក្រោយ»។

សហ​មេធាវី​ការ​ពារ​ក្ដី​ឱ្យ​លោក ខៀវ សំផន  លើក​ឡើង​ថា សាល​ក្រម​ផ្តន្ទាទោស​កូន​ក្ដី​របស់​កន្លង​ទៅ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ឡើយ។ ម្យ៉ាង​ទៀត សាលាក្រម​នោះ​បាន​ចេញ​យឺត​ក្រោយ​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ប្រកាស​រហូត​ដល់ទៅ​៦ខែ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សិទ្ធិ​របស់​លោក ខៀវ សំផន ក្នុង​ការ​ដាក់​ប្ដឹងឧទ្ធរណ៍។

សហ​មេធាវីលោក ខៀវ សំផន គឺ​លោក គង់ សំអ៊ុន ថ្លែង​ថា លោក​ព្រួយ​បារម្ភចំពោះ​តុលា​ការ ដែល​លោក​ចោទ​ថា តុលា​ការ​កាត់​ក្តី​គ្រាន់​តែ​ចង់​បាន​និមិត្ត​រូបប៉ុណ្ណោះ។  លោក​ចង់​ឱ្យ​តុលា​ការ​ពិនិត្យ​មើល​អង្គ​ហេតុ និង​ច្បាប់​ដែល​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវលក្ខណៈ​បុគ្គល ដោយ​សារ​តុលាការ​បាន​យក​របបមួយ​ឱ្យ​កូន​ក្តី​របស់​លោក​ទទួល​ខុសត្រូវ។ លោក​ថា ​ប្រការ​នេះ ​គឺ​ផ្ទុយ​ពី​គោលការណ៍​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​នៅ​ក្នុង​រឿង​ព្រហ្ម​ទណ្ឌ។ លោក​ថា​ តម្លៃ​នៃ​បណ្តឹង​សារ​ទុក្ខ​គឺ​ចង់​សម្អាត​និង​បកស្រាយ​អំពី​ការ​យល់​ច្រឡំ រួម​ទាំង​លាតត្រដាង​ការ​ទទួល​ខុស​ត្រូវ៖ «យៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​សហ​ព្រះរាជ​អាជ្ញា​បានលើក​នូវ​អង្គ​ហេតុ​ខុស​មួយ​ចំនួន​ដែល​ការ​ដាក់​បន្ទុក​ឱ្យ​លោក ខៀវ សំផន ហ្នឹង​ទទួល​ខុស​ត្រូវ នូវ​អ្វី​ដែល​គាត់​មិន​បាន​ធ្វើ មិន​បាន​ដឹង​ឬ​ក៏​មិន​បាន​ចូលនៅ​ក្នុង​ការ​បង្កើត​នយោ​បាយ​តាម​ការ​ចោទ​ប្រកាន់»។

សវនាការ​​លើ​បណ្តឹង​សាទុក្ខ​​រយៈ​ពេល​បួន​ថ្ងៃ គឺ​ពី​ថ្ងៃទី១៦ ដល់់​១៩ សីហានេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម លោក ខៀវ សំផន បាន​ស្នើ​សុំ​ឱ្យ​អង្គ​ជំនុំ​​ជម្រះ​តុលាការ​មោឃ​ភាព​សាល​ក្រម​សាលាដំបូង ដែល​ប្រកាស​កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ២០១៨  ​សម្រេច​​ផ្តន្ទា​ទោស​​លោក​ ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​​ក្នុង​​របប​​ខ្មែរ​ក្រហម ដាក់​​ពន្ធនា​គារ​​អស់​មួយ​​ជីវិត។

ចំណែក​មេ​ធាវី​ជាតិ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​វិញ​បាន​ស្នើ​ឱ្យ​តុលការ​បដិសេធសេចក្ដី​ស្នើ​របស់​លោក​ខៀវ សំផន  ហើយ​តម្តល់​ពិរុទ្ធ​ភាព និង​តម្តល់​ការ​ផ្ដន្ទាទោស​អស់​មួយ​​ជីវិត​នោះ។

មេធាវី​ជាតិ​ដើម​បណ្ដឹង​រដ្ឋប្ប​វេណីលោក ពេជ្រ អង្គ សង្កេត​ឃើញ​ថា សវនាការ​បញ្ចប់​លើ​បណ្តឹង​សាទុក្ខ​នេះ​មាន​រយៈ​ពេល​ខ្លី ប៉ុន្តែ​គោរព​សិទ្ធិ​គ្នា ហើយលោក​រំពឹង​ថា​សាដីកា​ខាង​មុខ​នេះ​នឹង​ផ្តល់​យុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ និងជន​ជាប់​ចោទ៖ «យើង​ចង់​ឱ្យ​មាន​​ការ​ទទួល​ស្គាល់​ព័ត៌​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី ហើយ​ដើម​បណ្តឹង​​រដ្ឋប្ប​វេណី​ត្រូវ​បាន​ហើយ​គេ​បាន​និយាយ​បាន​ឮបាន​ស្តាប់​ហើយ​កូន​ចៅ​បាន​ដឹង​ជាក់​ស្តែង ហើយ​ពេល​គាត់​និយាយ​ខ្លួន​គាត់ផ្ទាល់​ជា​ពិសេស​គាត់​មក​តុលា​ការ​នេះ ធ្វើ​ឱ្យ​ព័ត៌​មាន​របស់​គាត់​ត្រូវ​បាន​គេ​ស្តាប់ ហើយ​គេ​យក​ចិត្ត​ទុក​ដាក់ នេះ​ហើយ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឱ្យ​សង្គម​ទទួលស្គាល់​ដឹង​ថា ​មនុស្ស​ដែល​រង​គ្រោះ​ជាក់​ស្តែង​គាត់​បាន​មក​និយាយ ដូច្នេះ​គេ​ជឿ​នៅ​ក្នុង​សម័យ​នោះ​មាន​អំពើ​ឧក្រិដ្ឋ​កម្ម​ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​មាន​ការ​ឈឺចាប់​ខ្លាំង​ដល់​ថ្នាក់​នេះ​ពិត​ប្រាកដ​មែន»»។

សាលាក្តី​​ខ្មែរ​ក្រហម​​សម្រេច​​ផ្ដន្ទា​ទោស ​ប្រមុខ​​រដ្ឋ​នៃ​​របប​​កម្ពុជា​​ប្រជា​ធិបតេយ្យលោក ខៀវ សំផន និង​អនុ​លេខា​បក្ស​​កុម្មុយ​និស្ត​​កម្ពុជាលោក នួន ជា ឱ្យ​​ជាប់​​ពន្ធនា​គារ​​អស់​​មួយ​​ជីវិត ក្នុង​​សំណុំ​​រឿង​ ០០២ វគ្គ ២ កាល​ពី​ឆ្នាំ២០១៦។  ប៉ុន្តែ​លោក ខៀវ សំផន មិន​ទទួល​យក​ការ​សម្រេច​របស់​សាលដំបូង​ទេ។ សំណុំ​រឿង​០០២​វគ្គ២​នេះ តុលា​ការ​ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់លោក ខៀវ សំផន ពី​បទ​បំពាន​ច្បាប់​ព្រហ្ម​ទណ្ឌ​អន្តរជាតិ រួមមាន អំពើអមនុស្ស​ធម៌​ប្រឆាំង​មនុស្ស​ជាតិ អំពើ​ប្រល័យ​ពួជ​សាសន៍​ប្រឆាំង​ជន​ជាតិចាម និង​វៀត​ណាម និង​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

kosal
Aug 20, 2021 10:34 AM

ខាតលុយជាតិអត់ប្រយោជន៍ទេ កាត់ពន្យាៗ យកប្រាក់ខែរាប់ពាន់ដុល្លារ១ខែៗរៀងៗខ្លួន ទម្រាំមេដឹកនាំស្លាប់ កាត់ប្រហែល២០ឆ្នាំបានចប់មើលទៅ