ជីវប្រវត្តិ​លោក ខៀវ សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ​សម័យ​ខ្មែរក្រហម

ដោយ មួង ណារ៉េត
2020-12-09
Share
ជីវប្រវត្តិ​លោក ខៀវ សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ​សម័យ​ខ្មែរក្រហម លោក ខៀវ សំផន នៅ​ក្នុង​សវនាការ​របស់​សាលាក្ដី​ខ្មែរក្រហម កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ២០១៣។
រូប៖ សាលាក្ដី​ខ្មែរក្រហម (ECCC)

លោក ខៀវ សំផន ជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប បាន​​រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​ប្រទេស​បារាំង។ លោក​ធ្លាប់​​ជាប់​ជា​សមាជិក​សភា​តំណាង​រាស្ត្រ ពីរ​អាណត្តិ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ ក្រោយ​មក លោក​ក្លាយ​ជា​កម្មាភិបាល​ជាន់​ខ្ពស់ ក្នុង​របប​ខ្មែរ​ក្រហម។ ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ លោក​នៅ​បន្ត​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​នេះ រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន ដោយ​សាលាក្ដី​ខ្មែរក្រហម។ ប៉ុន្តែ លោក​អះអាង​ថា ការទទួលខុសត្រូវ​របស់​លោក មិន​ស្មើ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​ទេ។

តើ​លោក ខៀវ សំផន មាន​ប្រវត្តិ​យ៉ាង​ណា?

លោក ខៀវ សំផន ហៅ ហែម ឬ ណន មាន​អាយុ ៨៩ឆ្នាំ កើត​នៅ​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅ​ឃុំ​ចេក ឬ​រំចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ ឪពុក​ឈ្មោះ ខៀវ ឡុង ជា​ចៅក្រម។ ម្ដាយ​ឈ្មោះ ប៉ោ គង់ ជា​អ្នក​ស្រុក​ជីហែ ខេត្ត​កំពង់ចាម។ លោក​មាន​ប្រពន្ធ​ឈ្មោះ សូ សុជាតិ ដែល​ជា​ចុងភៅ​នៅ​មន្ទីរ ស-៧១ ដែល​ជា​មន្ទីរ​រដ្ឋបាល និង​ភស្តុភារ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ លោក​មាន​កូន​បួន​នាក់។ លោក ខៀវ សំផន មាន​បង​ប្អូន​ប្រុស​ស្រី​ប្រាំ​នាក់។

កាល​នៅ​កុមារ លោក​រៀន​នៅ​សាលា​បឋម​សិក្សា ក្នុង​ខេត្ត​កំពង់​ចាម រួច​បន្ត​ទៅ​រៀន​នៅ​អនុវិទ្យាល័យ​ព្រះសីហនុ នៅ​ខេត្ត​នេះ​ដដែល។ នៅ​ទីនោះ​លោក​ជួប ប៉ុល ពត ជា​លើក​ដំបូង។ កាល​ណោះ​មាន​ឈ្មោះ​ថា សាឡុត ស។

ក្រោយ​ពី​បញ្ជាប់​ការ​សិក្សា​នៅ​អនុវិទ្យាល័យ​ព្រះសីហនុ លោក​បាន​ទៅ​រៀន​បន្ត​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ។ រៀន​ចប់​នៅ​វិទ្យាល័យ​នេះ នៅ​ឆ្នាំ១៩៥១។ ក្រោយ​ចប់​វិទ្យាល័យ លោក​ចាប់​ផ្ដើម​រៀន​ច្បាប់​នៅ​ភ្នំពេញ។

ពីរ​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ១៩៥៣ លោក​បាន​ទទួល​អាហារូបករណ៍ ពី​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម​ ទៅ​រៀន​នៅ​ប្រទេស​បារាំង ដើម្បី​សិក្សា​ច្បាប់ និង​សេដ្ឋកិច្ច។ នៅ​ឆ្នាំ ១៩៥៦ លោក​បន្ត​ការសិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច។ លោក​រៀន​ចប់​ថ្នាក់​បណ្ឌិត​នេះ និង​ការពារ​និក្ខេបបទ ផ្ដោត​លើ​សេដ្ឋកិច្ច​កម្ពុជា និង​បញ្ហា​ឧស្សាហូបនីយកម្ម។ លោក​ចប់​ថ្នាក់​បណ្ឌិត​នេះ នៅ​ឆ្នាំ ១៩៥៩។

កាល​នៅ​ប្រទេស​បារាំង ដូច​និស្សិត​ខ្មែរ​ជាច្រើន​ទៀត​ដែរ លោក​ត្រូវ​បាន​អូសទាញ​ឲ្យ​ស្រឡាញ់​ចូល​ចិត្ត​ក្រុម​ដែល​ប្រឆាំង​នឹង​សង្គ្រាម​អាណានិគម​បរទេស គឺ​សង្គ្រាម​វៀតណាម នៅ​សមរភូមិ​ឌៀន បៀន ភូ (Dien Bien Phu) ដែល​បារាំង​ឈាន​ទៅ​រក​បរាជ័យ និង​សង្គ្រាម​អាល់ហ្ស៊េរី (Algeria) ដែល​សង្គ្រាម​ពីរ ដែល​កំពុង​លេច​ធ្លោ​ជាង​គេ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បារាំង​ជា​ច្រើន​នាក់​ស្លាប់​បាត់ បង់ ជីវិត។ លោក​ចូល​ក្នុង “ក្រុម​ម៉ាក្ស​និយម” (Marxism) ដែល​បង្កើត​ឡើង និង​មាន​ការ​ចូលរួម​ជា​ទៀងទាត់ ដោយ​និស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង ក្នុង​នោះ​មាន​លោក អៀង សារី សាឡុត ស​ អ្នកស្រី ធៀង ធីរិទ្ធ និង​លោក សុន សេន។

លោក ខៀវ សំផន អះអាង​ប្រាប់​អាស៊ី​សេរី នៅ​មុន​ពេល​ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម​ចាប់​ខ្លួន​ថា មិន​ថា​តែ​និស្សិត​ខ្មែរ​ទេ និស្សិត​បារាំង​ទូទៅ ក៏​នាំ​គ្នា​ប្រឆាំង​សង្គ្រាម​នោះ​ដែរ៖ «និស្សិត​បារាំង​ធម្មតា ដែល​មិន​មែន​កុម្មុយនិស្ត ដែល​ប្រឆាំង​កុម្មុយនិស្ត ដែល​ស្អីៗ ហ្នឹង ក៏​តស៊ូ​រួម​មក​ធ្វើ​បាតុកម្ម​ជា​មួយ​ទាំង​អស់​គ្នា។ វា​ទៅ​ជា​មាន​បរិយាកាស​មួយ​ដែល​ថា ជា​ភាតរភាព​រវាង​យុវជន​ទូទៅ​ទាំងអស់​ប្រឆាំង​សង្គ្រាម​អាណានិគម»

ក្រោយ​ពី​មក​ដល់​កម្ពុជា​វិញ​នៅ​ឆ្នាំ១៩៥៩ លោក​បាន​ធ្វើ​ជា​ចាងហ្វាង​កាសែត​ជា​ភាសា​បារាំង​ឈ្មោះ ឡុបស៊ែវាក់ទ័រ “L’Observateur” ។ លោក ខៀវ សំផន ថា កាសែត​ហ្នឹង មិន​មែន​គាំទ្រ​កុម្មុយនិស្ត​ទេ។ ប៉ុន្តែ ជា​ច្រើន​លើក​ច្រើន​សា កាសែត​របស់​លោក​រិះគន់​រដ្ឋាភិបាល​សម្ដេច នរោត្តម សីហនុ។ ចំណែក​អ្នកគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​ចំនួន រួម​ទាំង​អ្នកស្រី អៀង ធីរិទ្ធ ផង បាន​ចង​សម្ពន្ធភាព​ជាមួយ​ក្រុម​ចលនា​កុម្មុយនិស្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជា​លទ្ធផល​លោក ខៀវ សំផន ត្រូវ​បាន​អាជ្ញាធរ​តាម​ឃ្លាំមើល និង​ធ្វើ​ទុក្ខ​បុក​ម្នេញ។ មាន​ករណី​មួយ​នោះ​លោក ខៀវ សំផន ត្រូវ​បាន​គេ​ធ្វើ​បាប​នៅ​កណ្ដាល​ផ្លូវ ខាង​ក្រៅ​ការិយាល័យ​របស់​លោក ពីសំណាក់​មនុស្ស​មួយ​ក្រុម ដែល​ប្រហែល​ជា​ភ្នាក់ងារ​ប៉ូលិស​សម្ងាត់។

លោក ខៀវ សំផន ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន កាល​ពី​ឆ្នាំ១៩៦០ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់ អស់​ជាង​មួយ​ខែ ឯ​កាសែត​ក៏​ត្រូវ​បិទ។ ក្រោយ​បិទ​កាសែត លោក​ចូលរួម​ជាមួយ​គណបក្ស​សង្គម​រាស្ត្រនិយម​ ដែល​បង្កើត​ដោយ​សម្ដេច នរោត្តម សីហនុ។ ឆ្នាំ១៩៦២ លោក​ធ្វើ​ការ​ក្នុង​រដ្ឋសភា​ជា​តំណាង​រាស្ត្រ​ និង​ទទួល​បាន​ការ​តែងតាំង​ពី​សម្ដេច នរោត្តម សីហនុ ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម។ លោក ខៀវ សំផន ថា ការ​តែងតាំង​នេះ គឺ​ដោយសារ​សម្ដេច​សីហនុ ចង់​បញ្ចុះបញ្ចូល​លោក​ឲ្យ​ចូល​ខាង​រដ្ឋាភិបាល។

ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន លោក ខៀវ សំផន បាន​ជាប់​ក្នុង​បញ្ជី​ខ្មៅ។ នៅ​ខែមីនា ឆ្នាំ១៩៦៣ ក្រោយ​បាតុកម្ម​និស្សិត​នៅ​ខេត្ត​សៀមរាប សម្ដេច នរោត្តម សីហនុ ដាក់​មនុស្ស ៣៤នាក់​ក្នុង​បញ្ជី​ខ្មៅ​ថា ជា​អ្នក​រៀបចំ​កុប្បកម្ម ឬ​ពួក​ឆ្វេង​និយម។ អ្នក​ទាំង​នេះ ត្រូវ​បាន​ចោទ​ថា ជា​ជន​ក្បត់​ជាតិ ដែល​ត្រូវ​ថ្កោលទោស។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ឆ្នាំ១៩៦៦ លោក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ម្ដង​ទៀត។ ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ខែ មេសា ឆ្នាំ១៩៦៧ សម្ដេច នរោត្តម សីហនុ ចោទ​ប្រកាន់​លោក​ ខៀវ សំផន និង​សហការី​ឆ្វេង​និយម​ពីរ​នាក់​ទៀត គឺ​លោក ហ៊ូ នឹម និង ហ៊ូ យន់ ដែល​សុទ្ធតែ​ជា​បញ្ញាជន​ល្បី​ក្នុង​ចលនា​តស៊ូ​ប្រឆាំង ថា​ញុះញង់​កសិករ​ឱ្យ​បះបោរ​នៅ​សំឡូត ខេត្ត​បាត់ដំបង និង​គំរាម​យក​ទៅ​កាត់​ទោស​នៅ​តុលាការ​យោធា។ ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​លោក ខៀវ សំផន និង​អ្នក​ទាំងនោះ ត្រូវ​រត់​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​អញ្ជើញ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ផង «ពេល​ហ្នុង​មាន​ការ​គំរាម ចាប់​ខ្លួន​ខ្ញុំ​ឡើង​ទៅ​តុលាការ​សឹក​ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍ បះបោរ​កសិករ​នៅ​សំឡូត​អ៊‌ីចឹង។ ការ​គំរាម​នេះ​ ការពិត​ទៅ​ មិន​មែន​ទើប​តែ​មាន​លើក​នេះ​ទេ»

ពេល​រត់​គេច​ខ្លួន​នោះ លោក ខៀវ សំផន ហ៊ូ នឹម និង​ ហ៊ូ យន់ បាន​ទៅ​ជ្រកកោន​នៅ​ទី​ជនបទ ជិត​អង្គតាសោម ក្នុង​ខេត្ត​តាកែវ ក្រោម​កិច្ចការពារ​របស់​តា​ម៉ុក។

បើ​តាម​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៧ និង​ឆ្នាំ១៩៧០ លោក ខៀវ សំផន បាន​ផ្លាស់​ប្ដូរ​ទីកន្លែង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ជុំវិញ​ខេត្ត​កំពង់​ស្ពឺ តាកែវ និង​កំពង់​ឆ្នាំង ដោយ​មានការ​ជួយ​គាំទ្រ​ពី​សំណាក់​ខ្សែ​រយៈ​បង្កប់ ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា។ លោក ខៀវ សំផន មាន​ទំនាក់ទំនង​ក្រៅ​ផ្លូវការ​ជាមួយ​សមាជិក​ជាន់ខ្ពស់​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា តាំង​ពី​យូរ​មក​ហើយ ជាពិសេស​លោក​​នៅ​កៀក​ជាមួយ​គណៈកម្មាធិការ​បក្ស​ក្រុង​ភ្នំពេញ ដែល​ជា​អង្គការ​មួយ ដែល​ក្រោយ​មក​វិវត្ត​ទៅ​ជា​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា​។

នៅ​ខែមីនា ឆ្នាំ១៩៧០ ក្រោយ​របប​រាជា​និយម​របស់​សម្ដេច នរោត្តម សីហុន ត្រូវ​បាន​លោក​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​សម្ដេច នរោត្តម សីហនុ បាន​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា។ ប៉ុល ពត បាន​ផ្ញើ​សារ​ទៅ​កាន់​សម្ដេច ជំនួស​មុខ​ឲ្យ​លោក ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់។ ក្នុង​ឆ្នាំ១៩៧០ នោះ លោក ខៀវ​ សំផន មាន​តួនាទី​ជា​អនុប្រធាន​រណសិរ្ស​រួប​រួម​ជាតិ​កម្ពុជា និង​ជា​អគ្គ​មេបញ្ជាការ​កងទ័ព​រំដោះ​ប្រជាជន​កម្ពុជា។

លោក ខៀវ សំផន បាន​ក្លាយ​ជា​សមាជិក​ត្រៀម​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា ក្នុង​ឆ្នាំ១៩៧១ និង​ជា​សមាជិក​ពេញ​សិទ្ធិ​ក្នុង​ឆ្នាំ១៩៧៦។ លោក​បាន​កាន់​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​នៃ​រដ្ឋាភិបាល​រួប​រួម​ជាតិ។

សាលក្រម​សាលាក្ដី​ខ្មែរ​ក្រហម​យល់​ឃើញ​ថា លោក ខៀវ សំផន ជា​បុគ្គល​ម្នាក់​មានការ​គោរព​ខ្ពស់ ព្រោះ​ដើរ​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​ទាញ​ការ​គាំទ្រ​ដល់​ចលនា​ប្រឆាំង ពី​ឆ្នាំ១៩៧០ ដល់​ឆ្នាំ១៩៧៥។

ក្នុង​រយៈ​កាល​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ យោង​តាម​ដីកា​ដំណោះស្រាយ របស់​សាលាក្ដី​ខ្មែរ​ក្រហម លោក ខៀវ សំផន មាន​តួនាទី​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ។ ក្នុង​នាម​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ លោក ខៀវ សំផន បន្ត​បំពេញ​មុខងារ​ការទូត និង​ពិធី​ផ្សេងៗ ដូច​ជា​ទទួល​សារ​តាំង​ពី​អ្នក​ការ​ទូត ស្វាគមន៍​គណៈប្រតិភូ​បរទេស ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​ចូលរួម​លៀង​សាយភោជន៍​ថ្នាក់​រដ្ឋ ផ្ញើ និង​ទទួល​កំណត់​ទូត ក្នុង​នាម​ជា​តំណាង​របប​កម្ពុជា​ប្រជាធិបតេយ្យ ព្រម​ទាំង​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស។

លោក ខៀវ សំផន ក៏​ជា​សមាជិក​ថ្នាក់ដឹកនាំ​ម្នាក់​នៃ​មន្ទីរ ៨៧០ មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ពាណិជ្ជកម្ម និង​នៅ​ក្នុង​រយៈ​កាល​រាជរដ្ឋាភិបាលរួបរួមជាតិ​កម្ពុជា មាន​តួនាទី​ជា​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​អគ្គ​មេបញ្ជាការ​កងទ័ព​រំដោះ​ជាតិ​កម្ពុជា។

តែ​យ៉ាង​ណា សាលាក្ដី​ខ្មែរក្រហម មិន​អាច​កំណត់​បាន ​ថា​តើ​លោក ខៀវ សំផន នៅ​រក្សា​តួនាទី​ជា​អគ្គ​មេបញ្ជាការ​ដដែល នៅ​ពេល​ដែល​កងទ័ព​រំដោះ​ប្រជាជន​កម្ពុជា ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កងទ័ព​បដិវត្ត​កម្ពុជា នៅ​ខែ​កក្កដា ឆ្នាំ១៩៧៥ យ៉ាងណា​នោះ​ទេ។ នៅ​ក្នុង​ករណី​ណា​ក៏​ដោយ បើ​តាម​សាលាក្ដី​ខ្មែរ​ក្រហម ទោះ​បី​ជា​មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​យោធា​ក្ដី ក៏​លោក ខៀវ សំផន មិន​ដែល​ទទួល​ខុស​ត្រូវ​ផ្ទាល់​ក្នុង​វិស័យ​នេះ​ទេ។

លោក ខៀវ សំផន នៅ​បន្ត​គ្រង​តួនាទី​ជាន់​ខ្ពស់​ ក្នុង​រចនាសម្ព័ន្ធ​ដឹក​នាំ​របស់​ខ្មែរ​ក្រហម ក្រោយ​ឆ្នាំ១៩៧៩។ ក្នុង​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី លោក ខៀវ សំផន ទទួល​បន្ទុក​កិច្ចការ​បរទេស។ ក្នុង​កិច្ចចរចា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ លោក ខៀវ សំផន គឺ​ជា​តំណាង​ខ្ពស់​បំផុត នៃ​ក្រុម​ខ្មែរ​ក្រហម។ ក្រោយ​មក​លោក​ក្លាយ​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ជាតិ (Supreme National Council (SNC) ជាមួយ​សហជីវិន​របស់​លោក​គឺ លោក សុន សេន ក្នុង​ចំណោម​សមាជិក ១៣រូប​ក្នុង​ភាគី​ទាំង​បួន​ក្នុង​ចម្បាំង រួមមាន​រដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោក​តា សឺន សាន និង​ខ្មែរ​ក្រហម។ សម្ដេច នរោត្តម សីហនុ ជា​ព្រះ​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​ជាតិ​នេះ។

ក្រុម​ខ្មែរ​ក្រហម​របស់​លោក ខៀវ សំផន មិន​បាន​ចូលរួម​បោះ​ឆ្នោត​ក្នុង​ឆ្នាំ១៩៩៣ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន នៃ​អង្គការ​សហប្រជាជាតិ (UNTAC) នោះ​ទេ។ លោក​បាន​បន្ត​ចលនា​តស៊ូ ជា​ឧទ្ទាម​ទ័ព​ព្រៃ​បន្ត​ទៅទៀត រហូត​ដល់​ឆ្នាំ១៩៩៨ ទើបបាន​សុំ​ចុះចាញ់ និង​សុំចុះចូល​ជាមួយ​រដ្ឋាភិបាល ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​ជា​ពលរដ្ឋ​ធម្មតា ដូច​គេ​ឯង​តាំង​ពី​ពេល​នោះ​មក។

តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ខៀវ សំផន ថា លោក​ជា​មេ​ខ្មែរ​ក្រហម​មាន​តែ​ឈ្មោះ គឺ​គ្មាន​អំណាច​អ្វី​ទាំង​អស់។ ម្យ៉ាងទៀត​លោក​ហៅ​ការ​រត់​ភៀស​ខ្លួន កាល​ពី​ឆ្នាំ១៩៦៧ ដែល​លោក​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ជួរ​ខ្មែរ​ក្រហម​នោះ​ថា ជា​ការ​ធ្វើ​ដោយ​បង្ខំ​ចិត្ត​ប៉ុណ្ណោះ៖ «ការណ៍​ដែល​ទៅ​ទាក់ទង​លាយឡំ​ជាមួយ​រឿង​ខ្មែរ​ក្រហម គឺ​ដោយសារ​តែ​ការ​បង្ខំ​ចិត្ត កាល​ពី​ឆ្នាំ១៩៦៧ នោះ​ទេ។ ព្រឹត្តិការណ៍​វា​បង្ខំ​ចិត្ត​ខ្ញុំ​ទៅ​ទេ​តើ»

បន្ទាប់​ពី​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ១៩៩៨ លោក ខៀវ សំផន បាន​ចាក​ចេញ​ពី​ចលនា​ខ្មែរ​ក្រហម និង​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន រហូត​ដល់​ពេល​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ...ក) នៅ​ខែវិច្ឆិកា ឆ្នាំ ២០០៧។

នៅខែសីហា ឆ្នាំ ២០១៤ លោក ខៀវ សំផន ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ នៃ​សាលាក្ដី​ខ្មែរ​ក្រហម ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់មួយជីវិត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ រួម​មាន ការ​សម្លាប់​រង្គាល ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត។

នៅ​ក្នុង​ដំណើរ​ការ​ក្តី​នោះ លោក ខៀវ សំផន អនុវត្ត​សិទ្ធិ​នៅ​ស្ងៀម​មិន​ឆ្លើយ​តប និង​មិន​ឆ្លើយ​ទៅ​នឹង​ការ​ចោទ​សួរ​ទាំងឡាយ។ ប៉ុន្តែ មាន​គ្រា​មួយ​នៅ​ក្នុង​សវនាការ លោក​សម្រេច​ឆ្លើយ​តប​នឹង​សំណួរ​របស់​​ជនរងគ្រោះ ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​សួរ​លោក​អំពី​មូលហេតុ​អ្វី បាន​ជា​មាន​ការ​កាប់​សម្លាប់​មនុស្ស​មិន​រើស​មុខ បង្ខំ​ឲ្យ​មនុស្ស​ធ្វើការ​ដូច​សត្វ​ធាតុ គ្មាន​ពេល​សម្រាក មិន​ឲ្យ​ហូប​ឆ្អែត និង​ហេតុអ្វី​បាន​ជា​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​មាន​ចំណេះ​ដឹង​ខ្ពស់ៗ បែរ​ជា​មិន​បង្កើត​សាលារៀន និង​សម្លាប់​អ្នក​ចេះ​ដឹង​បែប​នេះ​ទៅ​វិញ?

លោក ខៀវ សំផន ថា បើ​ប្រៀបធៀប​អំណាច​លោក ទៅ​នឹង​អំណាច​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​ជួរ​កម្មាភិបាល​ខ្មែរក្រហម លោក​ថា លោក​មាន​ការ​ទទួលខុសត្រូវ​ទាប​ជាង​លោក ហ៊ុន សែន ផង៖ «ខ្មែរ​ក្រហម​គឺ មិន​មែន​ជា​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​អាច​ទទួល​ខុស​ត្រូវ​អំពើ​ដែល​គេ​ចោទ​នោះ​ដែរ។ ខ្ញុំ​យក​ឧទាហរណ៍ ដូចជា​លោក ហ៊ុន សែន ជាដើម។ លោក ហ៊ុន សែន តើ​លោក​ទទួល​ខុសត្រូវ​នឹង​អំពើ​របស់​ខ្មែរ​ក្រហម​ទេ? ហើយ​ខ្ញុំ​វិញ ខ្ញុំ​ក៏​រឹតតែ​មិន​ដូច​លោក​ ហ៊ុន សែន ទៅ​ទៀត។ ខ្ញុំ​អត់​ដឹង​អ្វី​ទាំងអស់ អ្វីៗ ដែល​កើត​មាន​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ១៩៧៥ ទៅ​ដល់​ឆ្នាំ១៩៧៩»

លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​សព្វថ្ងៃ ជា​ច្រើន​រូប​ផ្សេង​ទៀត ធ្លាប់​ជា​កម្មាភិបាល​ខ្មែរ​ក្រហម ដោយ​អ្នក​ខ្លះ​មាន​តួនាទី​ខ្ពស់​ក្នុង​ផ្នែក​បញ្ជាការ​កងទ័ព​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា ខាង​សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម រក​ឃើញ​ថា លោក ខៀវ សំផន ពិត​ជា​បាន​ទទួល​ខុស​ត្រូវ​ក្នុង​ឋានៈ​ជា​កម្មាភិបាល​ជាន់​ខ្ពស់ ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​នោះ។ សហ​ព្រះរាជអាជ្ញា​ជាតិ​អ្នកស្រី ជា លាង ថា ទោស​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​ដាក់​ទណ្ឌកម្ម​លោក ខៀវ សំផន គឺ​ទោស​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ​ឯង៖ «តាម​រយៈ​ឯកសារ​ភស្តុតាង​ដូចជា​តេឡេក្រាម វីដេអូ សក្ខីកម្ម​សាក្សី និង​អ្នក​ជំនាញ​ បាន​បង្ហាញ​ច្បាស់​ថា ខៀវ សំផន ពិត​ជា​បាន​ដឹង​ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​ការ​អនុវត្ត​ផែនការ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ផែនការ​នេះ​បាន​បណ្ដាល​ឲ្យ​ប្រជាជន​រាប់​លាន​នាក់​ ស្លាប់​ក្នុង​របប​បី​ឆ្នាំ​ប្រាំ​បី​ខែ និង​ម្ភៃ​ថ្ងៃ»

លោក ខៀវ សំផន បាន​ប្ដឹង​ជំទាស់​សាលក្រម​សាលា​ដំបូង​នេះ។ សហ​មេធាវី​ជាតិ​ការពារ​ក្តី​លោក ខៀវ សំផន គឺ​លោក គង់ សំអុន ចាត់​ទុក​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​លោក ខៀវ សំផន នោះ ថា​ជា​រឿង​អយុត្តិធម៌។ លោក​អះអាង​ថា លោក ខៀវ សំផន មិន​ដឹង​កិច្ចការ​ធំៗ របស់​របប​ខ្មែរ​ក្រហម ដូច​ជា សេចក្ដី​សម្រេច ឬ​ការ​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស​នោះ​ឡើយ៖ «ការងារ​អ្នក​ណា អ្នក​នោះ​ដឹង! នេះ​ហើយ​ជា​គោល​ការណ៍ ដែល​លោក ខៀវ សំផន មិន​អាច​ទៅ​ជ្រៀត​ជ្រែក ឬ​ទៅ​ដឹង​ដើម្បី​ធ្វើ​អន្តរាគមន៍​ទៅ​លើ​បញ្ហា​កើ​ត​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំងស្រុង​ទេ។ លោក ខៀវ សំផន ជា​ប្រមុខ​រដ្ឋ ក្នុង​សម័យ​នោះ ហើយ​ដែល​គេ​មិន​បាន​ផ្តល់​អំណាច​ពេញលេញ ក្នុង​ការ​ដើរ​តួនាទី​ជា​ប្រមុខ​រដ្ឋ​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល តម្កល់​សាល​ក្រម​សាលាដំបូង ដោយ​ផ្ដន្ទាទោស​លោក ខៀវ សំផន ដាក់​ពន្ធនាគារ​អស់មួយជីវិត​ដដែល។ សេចក្ដី​សម្រេច​នេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

ប៉ុន្តែ លោកស្រី សូ សុជាតិ ដែល​ជា​ភរិយា​លោក ខៀវ សំផន ថា លោក ខៀវ សំផន គ្មាន​អត្តចរិត​ជា​មនុស្ស​អាក្រក់ ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ តាម​ការ​សម្គាល់​របស់​លោកស្រី ក្នុង​ការ​រស់​នៅ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ១៩៧៦ នោះ​មក៖ «ខ្ញុំ​ស្គាល់​ប្ដី​ខ្ញុំ​ ស្គាល់​អត្តចរិត ស្គាល់​ឫកពា គឺ​មិន​មែន​ជា​មនុស្ស ​ស្វែង​រក​លាភសក្ការៈ ស្វែង​រក​មុខ​មាត់​ បុណ្យស័ក្ដិ ស្វែង​រក​អំណាច​អាជ្ញា​នោះ​ទេ។ ក៏​មិនមែន​ជា​មនុស្ស​កាច​សាហាវ​ឃោរឃៅ ដើរ​ចាប់​ចង​កាប់​សម្លាប់​នោះ​ដែរ»

ទោះ​ជា​យ៉ាង​ណា សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល បាន​បិទ​ផ្លូវ​តវ៉ា និង​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ថា លោក ខៀវ សំផន គឺ​ជា​ជន​ឧក្រិដ្ឋ ត្រូវ​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​សាលាក្ដី​ខ្មែរ​ក្រហម រង់ចាំ​ការ​រៀបចំ​រួចរាល់​ស្រប​តាមច្បាប់​ នឹង​ត្រូវ​ផ្ទេរ​ទៅ​ពន្ធនាគារ​របស់​រដ្ឋ ​ដែល​នឹង​ត្រូវ​អនុវត្ត​ទោស​នៅ​ទី​នោះ រហូត​ដល់​ជីវិត​ចុង​ក្រោយ​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល