អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៧ ធ្នូ បញ្ចប់ការស្ដាប់សក្ខីកម្មសាក្សី សៅ សាក់ អំពីរឿងរ៉ាវដែលខ្មែរក្រហមសម្លាប់ម្ដាយលោកស្រីជាជនជាតិវៀតណាម នៅខេត្តព្រៃវែង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អង្គជំនុំជម្រះបានបន្តស្ដាប់សក្ខីកម្មដើមបណ្ដឹងរដ្ឋប្បវេណីជារងគ្រោះផ្ទាល់មួយរូបទៀត ទាក់ទងនឹងហេតុការណ៍សម្លាប់ជនជាតិវៀតណាម មួយកន្លែង នៅខេត្តកំពង់ឆ្នាំង។
ដើមបណ្ដឹងរដ្ឋប្បវេណីថ្មីឈ្មោះ ជឿង យ៉ាំងចើត ជាជនជាតិវៀតណាម ជម្រាបអង្គជំនុំជម្រះ នៅថ្ងៃទី៧ ធ្នូថា លោកជាជនរងគ្រោះតែម្នាក់គត់ដែលរស់ ហើយវារចេញពីរណ្ដៅសម្លាប់ជនជាតិវៀតណាម មួយ នៅខេត្តកំពង់ឆ្នាំង កាលពីក្នុងរបបខ្មែរក្រហម។
លោក ជឿង យ៉ាំងចើត រៀបរាប់ដូច្នេះ៖ «ខ្ញុំចាំម៉ោងប្រហែល ៤ល្ងាច ហើយម៉ោង ៤ល្ងាចហ្នឹងខ្ញុំដើរក៏មិនរួចដែរ។ កខ្ញុំហើមដូចកក្របីបាត់ទៅហើយ ដើរក៏មិនរួចដែរ។ ដើរក្បាលធ្ងន់ទៅមុខ។ បានខ្ញុំត្រដរចូលមកឃុំជើងគ្រោះ មួយយប់ហ្នឹង ដល់ឃុំជើងគ្រោះ ចូលផ្ទះតាលី។ សុំស្នាក់នៅគេជួយខ្ញុំដែរ ជួយធ្វើបុណ្យឱ្យខ្ញុំ។ បានខ្ញុំទៅដល់ក្រុមហ្នឹងខ្ញុំថា ម៉ែឪខ្ញុំងាប់អស់ហើយ នៅសល់តែម្នាក់ខ្ញុំទេ ហើយឥឡូវរបួសលើក្បាលខ្ញុំប៉ុណ្ណឹងទៀត។ គាត់ជួយខ្ញុំ។ គាត់បេះស្លឹកឈើអីដាក់ក្បាលខ្ញុំ»។
លោក ជឿង យ៉ាំងចើត មានប្រសាសន៍បញ្ជាក់ថា លោកបានរស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានរយៈពេលជាងមួយខែ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោក និងជនជាតិវៀតណាម ដទៃទៀត ត្រូវបានពួកខ្មែរក្រហមនៅតំបន់នោះ ដែលមានប្រធានឈ្មោះថា តា ពាង ជម្លៀសឱ្យទៅនៅក្នុងឃុំដារ ក្នុងស្រុកនោះ ហើយបញ្ជាឱ្យជីកគាស់គល់ឈើដើម្បីដាំដំឡូងមី។
លោកបន្តថា ពួកខ្មែរក្រហមបានយកគ្រួសារលោកទៅសម្លាប់ដាក់រណ្ដៅរួមគ្នា ជាមួយសមាជិកគ្រួសារបួននាក់ផ្សេងទៀត ព្រោះតែឈឺមិនអាចជីកគាស់គល់ឈើបាន៖ «រណ្ដៅហ្នឹងពេញតែម្ដង។ ទាំងម៉ែទាំងបងឪខ្ញុំទាំងអស់នៅរណ្ដៅហ្នឹង។ ខ្ញុំឃើញច្បាស់លាស់ ពីព្រោះខ្ញុំចុងក្រោយគេ។ ឱ្យខ្ញុំលត់ជង្គង់ចុះទៅ។ ដល់ខ្ញុំលត់ជង្គង់ចុះហើយ ចាប់ជើងខ្ញុំទាញទៅក្រោយ បានខ្ញុំដួលក្បាលខ្ញុំផ្ងាកទៅមុខ បានគេដៃស្ទាបលើក្បាលខ្ញុំ បានគេយកពូថៅគេវាយលើក្បាលខ្ញុំបីខ្នងពូថៅ។ រួចបានគេស្រាយខ្សែចេញ រុញខ្ញុំចូលរណ្ដៅ»។
លោក ជឿង យ៉ាំងចើត ថ្លែងថា នៅពេលចុងក្រោយដែលលោក និងជនជាតិវៀតណាម មួយចំនួនទៀត បានចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ដោយសារតែរដ្ឋាភិបាលវៀតណាម យកអង្ករ និងអំបិលមកដោះដូរជាមួយពួកខ្មែរក្រហមនៅតំបន់អ្នកលឿង៖ «យៀកណាមគេនិយាយនឹងមុខខ្ញុំអ៊ីចឹងដែរថា ខ្ញុំហ្នឹងរស់ដោយអំបិលអង្ករហ្នឹងឯង។ ខ្ញុំដូរអស់លោកឯងទៅស្រុកយួន។ ឃើញអង្ករអំបិលច្រើនមែន តែខ្ញុំអត់រាប់បេបានទេ ព្រោះខ្ញុំឡើងគោកហើយ។ គេឱ្យខ្ញុំឡើងលើគោកសិនហើយ។ ខ្ញុំឡើងពីសាឡង់លើគោកហ្នឹង គេរាប់មនុស្សមួយមួយសាឡង់ហ្នឹង យកពីខ្មែរដាក់អ្នកលឿងហ្នឹងប៉ុន្មានរយនាក់អ៊ីចឹង បានគេយកអង្ករមកដូរ»។
ដើមបណ្ដឹងរដ្ឋប្បវេណី ជឿង យ៉ាំងចើត អះអាងថា លោកជាជនជាតិវៀតណាម កើតនៅឃុំព្រៃគ្រី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោកថ្លែងថា នៅខែមេសា ឆ្នាំ១៩៧៥ ពេលពួកខ្មែរក្រហមជម្លៀសលោកឱ្យទៅឃុំដារ ស្រុកកំពង់លែង គេឱ្យម្ហូបអាហារ គឺរបបបបរមួយចានព្រឹក មួយចានល្ងាច ហើយមានលាយត្រកួនផង ដែលជាហេតុធ្វើឱ្យពួកលោកឈឺធ្វើការមិនកើត។
អង្គជំនុំជម្រះសាលាដំបូងគ្រោងស្ដាប់សក្ខីកម្មអំពីការឈឺចាប់របស់ដើមបណ្ដឹងរដ្ឋប្បវេណី ជឿង យ៉ាំងចើត បញ្ចប់ នៅព្រឹកថ្ងៃអង្គារ ទី៨ ធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
